ក្រសួងបរិស្ថាន និងអង្គការដៃគូបង្ហាញជំហររួមគ្នាថា នឹងបន្តអនុវត្តយុទ្ធនាការ«អន្ទាក់សូន្យ» ដើម្បីបញ្ចប់វិបត្តិអន្ទាក់នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានថ្លែងថា៖ «យុទ្ធនាការអន្ទាក់សូន្យ» ដែលបានផ្តួចផ្តើមគំនិត និងដឹកនាំដោយក្រសួងបរិស្ថានដោយមានការចូលរួមសហការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិដែលបានប្រារព្ធឡើងនៅខេត្តចំនួន ៦ រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងកំពង់ធំពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២២ បានបិទបញ្ចប់ប្រកបដោយលទ្ធផលជោគជ័យជាទីមោទនៈ»។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការអន្ទាក់សូន្យនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន និងអង្គការដៃគូឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ឱ្យដឹងថា អង្គការដៃគូនិងអ្នកពាក់ព័ន្ធដទៃទៀតដែលបានចូលរួមជាមួយក្រសួងបរិស្ថានរៀបចំយុទ្ធនាការដ៏មានសារៈសំខាន់នេះដើម្បីផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋចំពោះការហូបសាច់សត្វព្រៃ និងការផ្សព្វផ្សាយពីផល លំបាកនៃអន្ទាក់ទៅលើសុវត្ថិភាពសត្វព្រៃនិងមនុស្ស។ជាមួយគ្នា គោលដៅចំបងនៃយុទ្ធនាការនេះដែរគឺ៖ បញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។

បើតាម ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា យោងតាមលទ្ធផលនៃការអនុវត្តការងារក្នុងរយៈពេល ៦ខែ យុទ្ធនាការអន្ទាក់សូន្យដែលបានប្រព្រឹត្តឡើងក្នុងខេត្តទាំង ៦ មានអ្នកចូលរួមដោយផ្ទាល់ជាង ៣ពាន់នាក់ មានអត្ថបទព័ត៌មានជាង ៦០០ចំណងជើងត្រូវបានសរសេរនិងចុះផ្សាយលើបណ្តាញព័ត៌មានជាតិនិងអន្តរជាតិ និងបានផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋជាង ៣ លាននាក់។ ជាមួយគ្នានេះ ភោជនីយដ្ឋានចំនួន ៥២ ក្នុងខេត្តទាំង ៦ នៃខេត្តគោលដៅយុទ្ធនាការអន្ទាក់សូន្យ បានប្រកាសជាកន្លែងមិនលក់មុខម្ហូបដែលធ្វើពីសាច់សត្វព្រៃ ហើយភោជនីយដ្ឋានទាំងនេះបានទទួលនូវប័ណ្ណសរសើរមេត្រីបរិស្ថានពីក្រសួងបរិស្ថានចំពោះការតាំងចិត្តនិងចូលរួមក្នុងការទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់ផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា «យុទ្ធនាការអន្ទាក់សូន្យនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់បរិស្ថាននិងធនធានធម្មជាតិ ជាពិសេសជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងផ្តល់ជម្រកសុវត្ថិភាពដល់សត្វព្រៃ ដោយ«រក្សាព្រៃឈើបាន នឹងសម្បូណ៌សត្វព្រៃ»។ សាធារណជនទូទៅនៅកម្ពុជាបានដឹងពីយុទ្ធនាការ អន្ទាក់សូន្យ និងបានទទួលព័ត៌មានយ៉ាងទូលំទូលាយតាមរយៈការផ្សព្វផ្សាយចេញពីយុទ្ធនាការអន្ទាក់សូន្យ។

ក្រោមឆ័ត្រនៃ «យុទ្ធនាការអន្ទាក់សូន្យ» ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ បានមកធ្វើការរួមគ្នាក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន ដោយមានភាពជាដៃគូជាមួយអង្គការ WWF ទីភ្នាក់ងារជំនួយអាមេរិក USAID សមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការ BirdLife និង អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies) អង្គការ FFI អង្គការ RECOFT អង្គការ ACCB គម្រោង Green Prey Lang, Morodok Baitong, CambodiaGreen Future និងអង្គការដៃគូនៅកម្រិតមូលដ្ឋានផ្សេងទៀត ដោយបានរៀបចំជាសកម្មភាពយុទ្ធនាការ និងការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាមតំបន់នានាក្នុងខេត្តគោលដៅនៃតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា។

អន្ទាក់សម្លាប់ដោយមិនរើសមុខឡើយរាប់ចាប់ពីពពួកសត្វអណ្តើក រហូតដល់សត្វដំរី ពពួកពានរ ក៏ដូចជាសត្វស្លាប គឺសុទ្ធសឹងទទួលរងគ្រោះថ្នាក់ដោយអន្ទាក់ទាំងអស់។ សត្វព្រៃដែលបានជាប់អន្ទាក់ហើយត្រូវចុះថមថយកម្លាំងអស់រយៈពេលជាច្រើនថ្ងៃមុនឈានដល់ការស្លាប់ដោយសារមានរបួស ខ្វះទឹក ឬការអត់អាហារ។ អន្ទាក់គឺជាកត្តារួមចំណែកដ៏ធំមួយដល់ភាពផុតពូជនៃសត្វខ្លាធំនៅក្នុងប្រទេសកម្ពុជា និងជាកត្តារួមចំណែកដ៏ចំបងមួយនៃការធ្លាក់ចុះដ៏គួរឲ្យកត់សម្គាល់នៃចំនួនសត្វខ្លារខិន។ នៅកម្ពុជា សត្វខ្ទីង ទន្សោង ប្រើស និងសត្វក្រចកជើងចំពាមច្រើនប្រភេទទៀតកំពុងរងការគំរាមកំហែង និងប្រឈមនឹងការផុតពូជដោយសារតែវិបត្តិអន្ទាក់នេះ។ រីឯសត្វត្មាត និងសត្វត្រយងយក្សដែលសុទ្ធសឹងជាប្រភេទសត្វស្លាបរងគ្រោះថ្នាក់ជិតផុតពូជបំផុតក៏រងគ្រោះដោយវិបត្តិអន្ទាក់នេះ និងការបំពុលផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងដោយបញ្ជាក់បន្ថែមថា៖ «យុទ្ធនាការអន្ទាក់សូន្យនឹងមិនបញ្ឈប់ត្រឹមនេះទេ ប៉ុន្តែនឹងបន្ត ធ្វើជាលក្ខណៈភ្លៀងរលឹម ហើយនឹងត្រូវពង្រីកទៅកាន់តំបន់ជួរភ្នំក្រវ៉ាញដូចជាខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ជាដើមដែលជាតំបន់មានតំបន់ការពារធម្មជាតិ និងមានការលួចបរបាញ់ និងលក់ដូរសាច់សត្វព្រៃខុសច្បាប់»។

តួអង្គពាក់ព័ន្ធទាំងអស់បានរំពឹងទុកថា យុទ្ធនាការនេះនឹងដឹកនាំឱ្យឈានទៅដល់ការពិនិត្យឡើងវិញ និងវិសោធនកម្មច្បាប់ពាក់ព័ន្ធនានាទាក់ទងទៅនឹងការដាក់ទោសចំពោះការកាន់កាប់អន្ទាក់ និងការប្រើសត្វឆ្កែនៅក្នុងតំបន់ការពារធម្មជាតិ ការបង្កើតឱ្យមានអង្គភាពអនុវត្តច្បាប់ចម្រុះនៅថ្នាក់ខេត្តទទួលបន្ទុកការប្រឆាំងនឹងឧក្រិដ្ឋកម្មសត្វព្រៃ និងការអនុម័តយកវិធានការបង្ការដែលបានណែនាំដោយអង្គការសុខភាពពិភពលោកកាលពីខែមេសា ឆ្នាំ២០២១ ស្តីពីហានិភ័យសុខភាពសាធារណៈពាក់ព័ន្ធនឹងការលក់សត្វព្រៃរស់សម្រាប់ជាអាហារ និងការបរិភោគសាច់សត្វព្រៃ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner