មានភ្ញៀវ ៤ម៉ឺននាក់ទស្សនា ក្នុងពិធីបុណ្យអុំទូក នៅបន្ទាយមានជ័យនៅបិតថ្ងៃបញ្ចប់ពិធីបុណ្យអុំទូកនៅបន្ទាយមានជ័យ បន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ មានភ្ញៀវ ៤ម៉ឺននាក់ទស្សនានិងកំសាន្តសប្បាយក្នុងពិធីបុណ្យអុំទូក និងតាំងបង្ហាញផលិតផលភូមិមួយផលិតផលមួយ ខេត្តបន្ទាយមានជ័យ ដែលរៀបចំនៅស្ទឹងសិរីសោភ័ណ ក្រោយសាកលវិទ្យាល័យជាតិមានជ័យ នាសង្កាត់ទឹកថ្លានិងសួនមានជ័យសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ នាថ្ងៃបញ្ចប់នារសៀលថ្ងៃទី៥ខែវិច្ឆិកា ឆ្នាំ២០២២ ។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យបានអញ្ជើញជាជាអធិបតីក្នុងពិធីនេះ និងចូលរួមដោយ ឯកឧត្ដម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលខេត្ត/អភិបាលរងខេត្ត បន្ទាយមានជ័យ និងមន្ត្រីដឹកនាំ មន្ត្រី កងកម្លាំងមកពី ខេត្តបាត់ដំបង ឧត្តរមានជ័យ សៀមរាប ។ លោកអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ; អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ព្រមទាំងភ្ញៀវមហាជនជាដើម ។

ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមប្រធានគណ:កម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះ ព្រះខែ និងដាក់តាំងបង្ហាញផលិតផលភូមិមួយផលិតផលមួយខេត្តអោយដឹងថា ក្នុងកម្មវិធីព្រះរាជពិធីបុណ្យអុំទូកនេះ មានទូកចម្រុះចំនួន២៦គ្រឿងមានទូកវែង មធ្យមនិងតូច ។ គឺទូកធំវែងចំនួន៣ទូកដែលមានចំណុះ៦៩-៧៥នាក់ ,ទូកមធ្យម២ទូក ចំណុះ៤៥-៤៧នាក់ ។ ទូកមធ្យម ចំណុះ ២២នាក់ ចំនួន ១៤ទូក ទូកតូចចំណុះ៥នាក់ ចំនួន ៥ទូក និងចំណុះ៣នាក់ ចំនួន ២ទូក ។គឺស្រុកមង្គលបុរីមានទូក១១ទូក ។ស្រុកព្រះនេត្រព្រះមាន៦ ទូក ។ក្រុងសិរីសោភ័ណមាន ៩ទូក ។ ហើយមានកីឡាករចំណុះទូក និងគណ:កម្មការចំនួន ១.០៦០នាក់ ។

ឯកឧត្ដមបានបន្តថា ឆ្លងកាត់ការប្រកួតក្នុងលក្ខណ:វិលជុំនិងចែកជាពូលរយ:ពេល ២ថ្ងៃ (ថ្ងៃទី០៤-០៥ខែវិច្ឆិកាឆ្នាំ២០២២) បានលទ្ធផលនិងរង្វាន់ពីលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន មានដូចតទៅ ក-ទូកចំណុះ៥នាក់ លេខ១បានទៅទូកឈ្មោះកូនសារាយតូច ទទួលពាន១ ថវិកា៥០ម៉ឺនរៀល លេខ២ ទូកឈ្មោះបុប្ផាជាយដែនបានទង់១ ថវិកា៤០ម៉ឺនរៀល លេខ៣ ទូកឈ្មោះមច្ឆាជ្រែទឹកបានទង់១ ថវិកា៣០ម៉ឺនរៀល ។ ទូកទាំង៣មកពីស្រុកមង្គលបូរី ។
ខ-ទូកចំណុះ២២នាក់ លេខ១ បានទៅទូកឈ្មោះសាមគ្គីមានជ័យបារមីសារាយអណ្តែតមកពីក្រុងសិរីសោភ័ណ បានពាន១ ថវិកា៤លានរៀល ។លេខ២ ទូកឈ្មោះមហាលាភម៉ៅ ម៉ាល័យមានជ័យ មកពីស្រុកមង្គលបូរី មកពីក្រុងសិរីសោភ័ណ មានទង់១ ថវិកា៣លានរៀល ។លេខ៣ ទូកឈ្មោះ សន្ទុះនាគរាជសែនជ័យបារមីមានរឹទ្ធិ មកពីក្រុងសិរីសោភ័ណ បានទង់១ ថវិកា២លានរៀល។
គ-ទូកចំណុះ៤៥នាក់ លេខ១ ទូកឈ្មោះតេជោសែនជ័យ បារមីនាគរាជ មកពីស្រុកព្រះនេត្រព្រះ បានពាន១ ថវិកា៦លានរៀល ។លេខ២ ទូកឈ្មោះព្រះពន្លាមានជ័យស្រីក្រឡេកញញឹម មកពីក្រុងសិរីសោភ័ណ បានទង់១ ថវិកា៥លានរៀល ។
ឃ-ទូកចំណុះ៧០នាក់ លេខ១ ទូកឈ្មោះសូវណ្ណរាជសីហ៍បារមីបន្ទាយមហានគរ បានពាន១ ថវិកា៦លានរៀល ។លេខ២ ទូកឈ្មោះមង្គលបូរីមានជ័យបារមីនាយកនសន្តិភាពបានទង់១ ថវិកា៥លានរៀលនិងលេខ៣ ទូកឈ្មោះពិសីមានជ័យបារមីស្រីស្អាត បានទង់១ ថវិកា៤លានរៀល ។ ទូកទាំង៣មកពីស្រុកមង្គលបូរី ។

ក្រៅពីថវិកា ក៏នៅមានរង្វាន់ជាមី ទឹកក្រូច ទឹកបរិសុទ្ធ ស្រាសាច់ដុំ សារុង ពិសេសតាមលំដាប់លេខពីខ្ពស់មកទាប់ ច្រើនមកតិចផងដែរ ។
ចំពោះអង្គភាព ស្ថាប័ន អនុគណ:កម្មការ កងកម្លាំងការពារ ក្រុមគ្រូពេទ្យ ក្រុមកាយរឹទ្ធិ ក៏ទទួលការឧបត្ថម្ភដែរ ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យមានប្រសាសន៍កោតសរសើរនិងថ្លែងអំណរគុណដល់អាជ្ញាធរដែនដី សមត្ថកិច្ចស៊ីវិល កងកម្លាំង អ្នកពាក់ព័ន្ធទាំងឡាយដែលបានទ្រោល អនុវត្តតួនាទីភារកិច្ចគ្រប់កាល:ទេស:ក្នុងខេត្ត ពិសេសសភាពការណ៍លំបាក់ៗមានការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ គ្រោះទឹកជំនន់ ជាដើម ។
ហើយពេលនេះ នៅបានរៀបចំពិធីបុណ្យអុំទូក និងតាំងបង្ហាញផលិតផលភូមិមួយផលិតផលមួយ ។
និងប៉ុន្មានថ្ងៃខាងមុខ នឹងរៀបចំព្រះរាជពិធីបណ្តែតប្រទីប អកអំបុក សំពះព្រះខែផងទៀតដើម្បីអោយប្រជាជនបានកំសាន្តសប្បាយ ។
ដោយថ្ងៃដំបូងមានភ្ញៀវ៣ម៉ឺននាក់និងថ្ងៃបញ្ចប់មានភ្ញៀវ៤ម៉ឺននាក់មកទស្សនា ៕ ដោយ៖ឃិន គន្ធា

ads banner