សម្តេចតេជោ ហ៊ុន សែន៖ បញ្ហាសុខភាពជាមូលហេតុចម្បងនៃអវត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលរួមទទួលភរិយាថ្នាក់ដឹកនាំនៃប្រទេសនានា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្តូរវេននៅថ្ងៃទី៩ ខែវិច្ឆិកានេះ បានធ្វើបញ្ជាក់ជាថ្មីម្តងទៀតអំពីអវត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលរួមទទួលភរិយាថ្នាក់ដឹកនាំនៃប្រទេសនានា។ មូលហេតុសំខាន់ គឺដោយសារបញ្ហាសុខភាព។

បញ្ជាក់នៅលើបណ្តាញសង្គមទំព័រហ្វេសប៊ុកផ្លូវការសម្តេចតេជោ ហ៊ុន សែន បានសរសេរថា “សោកស្តាយដោយភរិយាខ្ញុំមិនអាចចូលរួមទទួលភរិយាថ្នាក់ដឹកនាំនៃប្រទេសនានាបានដោយសារបញ្ហាសុខភាព។ តាំងពីចូលរួមអាស៊ាន១៩៩៩មកភរិយា ខ្ញុំមិនដែលខកខានក្នុងការចូលរួមប្រជុំអាស៊ានប្រចាំឆ្នាំជាមួយខ្ញុំឡើយ។ ពេលធ្វើប្រធានអាស៊ានឆ្នាំ២០០២ និងឆ្នាំ២០១២ភរិយា ខ្ញុំបានបំពេញកិច្ចការដ៏ល្អក្នុងនាមភរិយាប្រធានអាស៊ាន”។

ជាមួយនឹងរូបថតជាច្រើនសន្លឹកអមសំណេរផង សម្តេចតេជោបានបន្តថា “មិនត្រឹមតែអាស៊ានទេដែលភរិយាខ្ញុំចូលរួមអមដំណើរខ្ញុំ គឺគ្រប់វេទិកាអន្តរជាតិតែម្តងដែលភរិយានៅជាមួយខ្ញុំរហូតមានអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ ត្បូង ត្បូង អាស៊ី អឺរ៉ុប។ល។ សូម្បីតែការចរចារកសន្តិភាពរវាងភាគីកម្ពុជាក៏មានវត្តមានភរិយាទៅចូលរួមជាប់ឮជានិច្ចដែលគេអាចមើលឃើញក្នុងខ្សែភាពយន្តគេនិងឃើញភរិយាខ្ញុំឈរពី
ក្រោយខ្ញុំពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស តាំងពីក្មេងពាលនៅស្រាតនៅឡើយ”។

សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់នៅឃ្លាចុងដោយសង្កត់ធ្ងន់ថា “នៅមានទៀត ភរិយាខ្ញុំនៅបានធ្វើសកម្មភាពដោយឡែកផ្សេងទៀតនៅតាមទីកន្លែងនិងប្រធានបទខុសៗគ្នារាប់ទាំងទៅថ្លែងការណ៍នៅអង្គការសហប្រជាជាតិតាមការអញ្ជើញពីអគ្គលេខាធិការអង្គការសហប្រជាជាតិទៀតផង។ ផ្តាំទៅក្មេងពាលពីកំណើតឈប់បានឈប់ទៅរឿងបោកប្រាស់”។

គួររំលឹកថា កាលពីថ្ងៃទី៦ ខែវិច្ឆិកាកន្លងទៅ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់រួចម្តងហើយអំពីអវត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សម្តេចតេជោបញ្ជាក់ថា “ពិតជាមានការងឿងឆ្ងល់ច្រើនអំពីការអវត្តមានភរិយាខ្ញុំក្នុងពិធីធំៗរយៈពេលកន្លងមក និងការប្រជុំអាស៊ាននាពេលខាងមុខ។ ភរិយាខ្ញុំមានបញ្ហាសុខភាពទាក់ទងដល់ឆ្អឹងខ្នងដែលគ្រូពេទ្យតម្រូវឱ្យគាត់មិនអាចអង្គុយយូរបាន។ ខ្ញុំសូមការអធ្យាស្រ័យពីលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសនានាដែលនឹងអញ្ជើញមកកម្ពុជានាប៉ុន្មានថ្ងៃខាងមុខដែលភរិយាខ្ញុំមិនអាចចេញទទួលបានដោយសារស្ថិតក្នុងរយៈពេលនៃការព្យាបាល”៕
ដោយ៖ជម្ពូនុទ/រូបភាព៖ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner