កម្មករដែលធ្វើការតាមផ្ទះ នៅមិនទាន់បានទទួលកិច្ចគាំពារសង្គមនៅឡើយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សមាគមអ្នកធ្វើការតាមផ្ទះបញ្ជាក់ថា កម្មករធ្វើការតាមផ្ទះ មិនមានទទួលប័ណ្ណបសស ឬបណ្ណបេឡាជាតិរបបសន្តិសុខសង្គមឡើយ។ ប្រការទាំងនេះធ្វើឱ្យពួកគេជួបផលលំបាកជាច្រើនរាប់តាំងពីកង្វះថវិកាព្យាបាលជំងឺនិងរងនូវការកេងប្រវ័ញ្ចផ្សេងៗជាដើម។

​អ្នកស្រី យឹម សុធី ប្រធាន​សមាគម​អ្នក​ធ្វើ​ការ​តាម​ផ្ទះ បាន​ប្រាប់​ថា​សមាជិក​នៅ​ក្នុង​សមាគម​អ្នក​ស្រី​មាន​ជាង ៨១៨នាក់ ​ធ្វើ​ការ​តាម​ផ្ទះ។ ក្នុង​ចំណោម​នេះ មាន​តែ១០នាក់​ប៉ុណ្ណោះដែល​ទទួល​បាន​បេឡាជាតិ​របប​សន្តិសុខ​សង្គម(បសស) ដោយ​ថៅកែ​បាន​ទិញ​ឱ្យ និង​មាន​ចំនួន​ពីរនាក់ទៀត គឺ​​ពួក​គាត់​ទទួល​បាន​ប័ណ្ណ​ក្រី​ក្រ។

អ្នកស្រីរំលឹកថា ៖«បើ​និយាយ​ពី​​ច្បាប់​​ការងារ គឺ​មាន​អស់​ហើយ ប៉ុន្តែ​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាក់​ទង​ហ្នឹង​ច្បាប់ មាន​លក្ខណៈ​មិន​ទូលំ​ទូលាយ។ ថៅកែ ឫ​ម្ចាស់​ផ្ទះ ជួន​កាល​បាន​ដឹង​ហើយ ឫ​មិន​បាន​ដឹង ដោយ​ព្យាយាម​ច្រាន​ចោល​មិន​ចង់​ទិញឬ​ចុះ​បញ្ជី​កម្មករ​របស់​ខ្លួន​ដែល​ស្នាក់​នៅ ហើយ​តែង​តែ​គិត​ថា​ពួកគាត់ គឺ​ជា​អ្នក​ធ្វើ​ការ​ដែល​មិន​ស្ថិត​នៅ​ការ​ងារ​ទៀត​ទាត់»។

អ្នកស្រី យឹម សុធី បន្ថែម « ថៅកែ ឫម្ចាស់ផ្ទះ ពួកគាត់ត្រូវឲ្យតម្លៃគាត់ដែរ ដោយធ្វើការត្រូវមានម៉ោងសម្រាកដូចកម្មករដទៃផ្សេងទៀត ច្បាស់ជាគាត់មិនចេញទៅណាទេ តែយ៉ាប់អាត្រង់ច្បាប់ដែលគេមានហើយ ពួកគាត់អត់បានអនុវត្តទេ»។

អ្នកស្រីបន្តថា មានថៅកែ ឫម្ចាស់ផ្ទះខ្លះ គឺពួកគាត់មិនចង់បានអ្នកធ្វើការតាមផ្ទះ ដែលមានអាយុពី២០ឆ្នាំទៅទេ ប៉ុន្តែថៅកែទាំងនោះ គឺត្រូវការតែអ្នកធ្វើការតាមផ្ទះដែលមានវ័យក្មេង អាយុពី១៤ឆ្នាំ ទៅ១៦ឆ្នាំ ដោយសារការយកអ្នកធ្វើការតាមផ្ទះដែលមានវ័យក្មេង គឺកម្រិតនៃការយល់ដឹងមិនបានជ្រៅជ្រះអំពីកិច្ចសន្យាការងារ មួយទៀតកម្មករវ័យក្មេងទាំងនោះ គឺពួកគាត់មកពីខេត្ត។ ដូច្នេះហើយធ្វើឲ្យបាត់បង់ឱកាសក្នុងការសិក្សារៀនសូត្រ និងធ្វើឲ្យការប្រើប្រាស់កម្លាំងពលកម្មកុមារនៅតែមានខ្សែបន្ទាត់ខ្ពស់នៅឡើយ។

ក្រៅពីនេះទៀត ថៅកែទាំងនោះ ក៏មិនចង់បានដែរ អ្នកធ្វើការតាមផ្ទះដែលជាសមាជិកសមាគម ពីព្រោះខាងសមាគមនទាមទារលក្ខខណ្ឌច្រើន ទៅលើប្រាក់ខែខ្ពស់ និងការគោរពតាមច្បាប់ការងារជាដើម។ ប៉ុន្តែថៅកែទាំងនោះ គឺមិនចង់យកទេ ហើយពួកគាត់យកតែកម្មករដែលមកតាមរយៈមេខ្យល់ ឫក្រុមហ៊ុន ដោយសព្វថ្ងៃនេះមានមេខ្យល់ ឫក្រុមហ៊ុនច្រើន ដែលយកមកធ្វើការតាមផ្ទះ។

អ្នកស្រីលើកឡើងថា«យើងក៏ឃើញរដ្ឋាភិបាលមានការដាក់កំហិតចែងក្នុងច្បាប់ដែរ ពីព្រោះអីនៅក្នុងច្បាប់មានហើយ តែការអនុវត្តមិនមានឡើយ ក្នុងការដាក់អ្នកធ្វើតាមផ្ទះទូទៅទាំងអស់នៅក្នុងលក្ខខណ្ឌដែលបានចែង ទោះបីមួយនាក់ឬពីរនាក់ក្ដី គឺត្រូវតែទៅចុះកម្មករនៅក្នុងការិយាល័យបសស»។

អ្នកស្រីបន្ថែមថា ហើយកម្មករតាមផ្ទះ ក៏ចង់បានគោលនយោបាយមួយដែលមានភាពច្បាស់លាស់ផងដែរ ក្នុងការការពារពីការរំលោភបំពានកម្លាំងពលកម្ម និងគេចពីការជួញដូរជាដើម។

ជុំវិញរឿងនេះ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រាប់ថាទោះបីមានច្បាប់ក្នុងការអនុវត្តហើយ ប៉ុន្តែអ្វីដែលខ្វះចន្លោះនោះ គឺអាជ្ញាធររដ្ឋមិនអាចចាប់បង្ខំម្ចាស់ផ្ទះឲ្យបំពេញកាតព្វកិច្ចតាមគោលការណ៍ច្បាប់ទេ ពីព្រោះអាជ្ញាធរមិនបានបង្កើតក្រុមអធិការកិច្ចចុះត្រួតពិនិត្យម្ចាស់ផ្ទះទាំងអស់ហ្នឹងទេ។ទាំងអស់នេះហើយ វាជាបញ្ហាដែលម្ចាស់មិនខ្វល់នឹងអត្ថប្រយោជន៍កម្មករតាមផ្ទះ។

អ្នកសារព័ត៌មានមិនទាន់ស្វែងរកការពន្យល់លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម(បសស) បានទេនៅថ្ងៃទី១០ខែវិច្ឆិឆ្នាំ២០២២ ដោយលោកប្រាប់តាមទូរសព្ទថា លោកជាប់ប្រជុំសំខាន់។

សូមបញ្ជាក់ថាតាម ការសិក្សា របស់ អង្គការអន្តរជាតិខាងការងារ( ILO) ឆ្នាំ ២០១៨  នៅ ប្រទេសកម្ពុជាកម្មករការងារផ្ទះ ត្រូវបានប៉ាន់ប្រមាណ ថាមានចំនួនប្រមាណ ២៤០ ០០០  នាក់ដែលភាគច្រើនគឺជាស្ត្រី ពួកគេធ្វើកិច្ចការ ដូចជា ការបោសសម្អាត ចម្អិនអាហារ បោកគក់ និងអ៊ុតខោអាវ ថែទាំកុមារ ថែទាំមនុស្ស ចាស់ថែទាំសួន ថែទាំទ្រព្យសម្បត្តិ ថែទាំសត្វចិញ្ចឹម និងបើកបររថយន្តសម្រាប់គ្រួសារជាដើម៕

ដោយ៖ជា សុខនី

ads banner