រដ្ឋបាលខេត្តកែប រៀបចំព្រឹត្តិការណ៍ប្រណាំងសេះល្បឿន និងតាំង ពិព័រណ៍ពូជគោ ប្រាម៉ាន ដោយសហការជាមួយកសិដ្ឋាន Sv Ranch ខេត្តកែប

កែប ៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត ថ្លែងថា បើមិនមានសន្តិភាពទេ ក៍មិនអាចមានថ្ងៃនេះឡើយហើយសន្តិភាពនេះគឺបានមកដោយសម្តេចតេជោ ហ៊ុនសែន ដែលសម្តេច នាំមកដោយលំបាក ដើម្បីជាតិនិងមាតុភូមិយើង ។ ឯកឧត្តម បានបន្តថា តំបន់ភ្នំវល្លនេះគឺជាតំបន់សង្គ្រាម រវាងខ្មែរ និងខ្មែរ ក្រោយមកក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន បានបង្រួបបង្រួមជាតិ ឱ្យមាន ជាតិតែមួយ ខ្មែតែមួយ តំបន់នេះត្រូវបានធ្វើសមហរណកម្ម មុនគេ សង្គ្រាមត្រូវបានបញ្ចប់ ទទួលបានូវសុខសន្តិភាព យ៉ាងពេញលេញ ប្រែក្លាយតំបន់ភ្នំវល្លនេះ ទៅជាតំបន់ទេសចរណ៍ ដ៍ល្អរប្រណិត និងជាតំបន់អភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ គួរឱ្យមោទន: ។

នេះជាប្រសាសន៍ របស់ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលបានលើកឡើង ក្នុងពេល ដែល ឯកឧត្តម និងលោកជំទាវ ស ម៉ាលីដា បានអញ្ជើញជាអធិបតី ក្នុង ព្រឹត្តិការណ៍ប្រណាំងសេះ និង តាំងពិព័រណ៍ ពូជគោប្រាម៉ាន នៅទីតាំងកសិដ្ឋាន Sv Ranch ខេត្តកែប នារសៀល ថ្ងៃទី ១១ ខែវិច្ឆិការ ឆ្នាំ២០២២។

ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា ដើម្បី អបអរសាទរ ពិធីបុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីបនៅខេត្តកែប យើងនេះមិនមានដងព្រែក ស្ទឹង ដែលអាចបង្កើត ជាព្រឹត្តិការណ៍ អុំទូកប្រណាំងបាន ដូច្នេះ ឯកឧត្តម ក៍សម្រេចបង្កើត ជាព្រឹត្តិការណ៍ប្រណាំងសេះ និងតាំងពិព័រណ៍ពូជគោប្រាម៉ាននេះឡើង ។

ឯកឧត្តមសន្យាថា នឹងបង្កើត ព្រឹត្តិការណ៍នេះយ៉ាងតិចមួយឆ្នាំឱ្យបានម្តង ឬច្រើនដងថែមទៀត។
ក្នុងពិធីប្រណាំងសេះនេះក៍ត្រូវបាន ប្រគល់ ជារង្វាន់ ជ័យលាភី ជូនដល់បេក្ខជនកីឡាករ កីឡាការនីប្រណាំងសេះផងដែរ ដោយសេះ របស់ កសិដ្ឋាន Sv Ranch ខេត្តកែប បានទទួលចំណាត់ថ្នាក់ លេខ ១ ទទួលបានប្រាក់ ១លានម្ភៃមុឺនរៀល សេះ មកពីខេត្តកណ្តាល បានចំណាត់ថ្នាក់លេខ២ ទទួលបាន ប្រាក់ ១លានរៀល សេះមកពី ខេត្តកណ្តាលដែរ ចំណាត់ថ្នាក់លេខ៣ ទទួលបានប្រាក់ ៧០មុឺនរៀល ។ សូមបញ្ជាក់ថា សេះធំៗដែលត្រូវបានចូលរួមប្រណាំងនេះ មានចំនួន ៣៤ក្បាលដែលមកពីខេត្តកណ្តាល ខេត្តកំពត និងខេត្តកែប ៕ Sila Sarin

ads banner