ក្រុមការងាររាជរដ្ឋាភិបាល បើកការដ្ឋានជួសជុលផ្លូវគ្រួសក្រហមប្រវែង ១១.៤០០ម ពីផ្លូវជាតិលេខ៥ទៅភូមិច្រប់ ឃុំស្វាយដូនកែវ

ខេត្តពោធិ៍សាត់ ៖ កំណាត់ផ្លូវមួយខ្សែប្រវែង ១១.៤០០ម ពីផ្លូវជាតិលេខ៥ភូមិស្វាយដូនកែវ១ ឆ្ពោះទៅកាន់ភូមិច្រប់ ស្ថិតក្នុងឃុំស្វាយដូនកែវស្រុកបាកានខេត្តពោធិ៍សាត់ ដែលរងការខូចខាតដោយគ្រោះទឹកជំនន់នាពេលថ្មីៗនេះ បានត្រូវឯកឧត្តម ស៊ុយ សែម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់និងក្រុមការងារ បើកការដ្ឋានជួសជុលក្រាលគ្រួសក្រហមឡើងវិញ កាលពីថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២២ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក ឌឹម គឹមហ៊ាត ប្រធានក្រុមប្រឹក្សាឃុំស្វាយដូនកែវបានឲ្យដឹងថា ផ្លូវនេះជាផ្លូវលំដីសតាំងពីមុនមក ប៉ុន្តែពុំដែលបានលើកឲ្យខ្ពស់នោះទេ។ ដោយមានការស្នើសុំពីអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ ឯកឧត្តម ស៊ុយ សែម និងក្រុមការងារ ក៍បានជួយជួសជុលសារជាថ្មីម្ដងទៀត ដែលធ្វើពិធីបើកការដ្ឋាននៅថ្ងៃនេះស្រាប់។

ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍ថា ការបើកការដ្ឋានជួសជុលផ្លូវគ្រួសក្រហមប្រវែង ១១.៤០០មក្នុងឃុំស្វាយដូនកែវថ្ងៃនេះ ដើម្បីបំពេញសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅមកបានងាយស្រួលក្នុងជីវភាពប្រចាំថ្ងៃ។

ឯកឧត្តមរដ្ឋមន្ត្រីសូមឲ្យបងប្អូនប្រជាពលរដ្ឋដែលមានផ្ទះតាមដងផ្លូវ មានការយោគយល់ចំពោះការប៉ះពាល់បន្តិចបន្តួច និងចូលរួមឲ្យបានសកម្មដើម្បីបង្កលក្ខណៈដល់ក្រុមការងារជួសជុលផ្លូវដំណើរការទៅបានដោយរលូន ៕ ដោយ ៖ ចេង ពុំ

ads banner