អ្នកនិពន្ធ ថុន ថាវរី៖ កុំឱ្យសម្ដីរិះគន់ជាន់ពន្លិចរបស់អ្នកដទៃធ្វើឱ្យយើងបាត់បង់កម្លាំងចិត្តលើគោលដៅជីវិត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អ្នកនិពន្ធ ថុន ថាវរី បានទទួលបរិញ្ញាបត្រមកពីសាកលវិទ្យាល័យ Hradec Kralove សាធារណរដ្ឋឆែកជំនាញគ្រប់គ្រងព័ត៌មានវិទ្យា។ ថាវរី មានបងប្អូនបីនាក់ កើតក្នុងត្រកូលកសិករនៅឃុំកោះខ្សាច់ទន្លារស្រុកស្អាងខេត្តកណ្ដាល។ គ្រួសាររបស់អ្នកនិពន្ធរូបនេះតែងតែគាំទ្រនិងឱ្យតម្លៃទៅលើការអប់រំជាខ្លាំង។ គាត់បានលើកទឹកចិត្តនាងបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់ និងផ្ដល់ឱ្យនាងមានសេរីភាពក្នុងការធ្វើអ្វីដែលខ្ញុំស្រឡាញ់។ អ្នកនាងបានប្រាប់ឱ្យដឹងថា៖ «ឪពុកម្តាយរបស់ខ្ញុំតែងតែបានប្រាប់ខ្ញុំថា “ការអប់រំ” គឺជាគន្លឹះក្នុងការទទួលបាននូវភាពជោគជ័យហើយនឹងអាចកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា»។

បច្ចុប្បន្ននេះ ក្រៅពីជាអ្នកនិពន្ធ ថាវរីជាអ្នកផ្សព្វផ្សាយ និងគ្រប់គ្រងផ្នែកផលិតនៅគ្រឹះស្ថានបោះពុម្ពផ្សាយ «សៀវភៅជីវិត»។ កញ្ញាបានប្រាប់ថា ចាប់តាំងពីកុមារភាពនាងសុបិនចង់ក្លាយជាអ្នកនិពន្ធនិងធ្វើដំណើរជុំវិញពិភពលោក។ កញ្ញាបានបោះពុម្ពសៀវភៅកុមារចំនួនពីរចំណងជើងក្នុងឆ្នាំ ២០១០ និងឆ្នាំ ២០១១ ដោយអង្គការ «Room to Read» និងសៀវភៅនៃការបំផុសគំនិតជាមួយនឹងក្រុមហ៊ុនតៃវ៉ាន់ក្នុងឆ្នាំ ២០១៣។

ក្នុងឆ្នាំ២០១៧ កញ្ញាបានបោះពុម្ពផ្សាយសៀវភៅ «A Proper Woman» ជាភាសាអង់គ្លេស ហើយក្រោយមកបានបកប្រែជាភាសខ្មែរ ដែលមានចំណងជើងថា «នារីប្រពៃ»។ សៀវភៅដដែលនេះដែរក៏បានបកប្រែជាភាសាឆែក និងបានចេញផ្សាយនិងចរាចរក្នុងប្រទេសឆែកចាប់ពីខែតុលាឆ្នាំ២០១៩។ នៅឆ្នាំ២០១៨ នាងបានបោះពុម្ពសៀវភៅមួយចំណងទៀត មានចំណងជើងថា «កាពីទែនជីវិត ភាគ១» ចំណែកឯ «កាពីទែនជីវិត​ ភាគ២» ចេញផ្សាយក្នុងខែតុលា ឆ្នាំ២០១៩ សៀវភៅ «ដំណើរ»(សហនិពន្ធ) សៀវភៅ «បាត់បង់តែមិនបោះបង់» និងសៀវភៅ «និស្ស័យ»។ ហើយសៀវភៅដែលគ្រោងនឹងចេញក្នុងខែធ្នូ ឆ្នាំ២០២២នេះ មានចំណងជើងថា «ថ្ងៃថ្មីនៅតែមាន»។

ទាក់ទិននឹងការតែងនិពន្ធសៀវភៅទាំងនេះ អ្នកនិពន្ធបានប្រាប់ឱ្យដឹងថា៖ «សៀវភៅដែលខ្ញុំសរសេរកន្លងមកផ្ដោតសំខាន់ទៅលើការលើកទឹកចិត្ត និងការដើរតាមក្ដីស្រមៃ។ មិនថាជួបឧបសគ្គជីវិតប៉ុណ្ណាមិនគួរបោះបង់ចោលដោយងាយៗពេក»។

សូមបញ្ជាក់ថា «នារីប្រពៃ» ជារឿងពិតរបស់ស្ត្រីវ័យក្មេងកម្ពុជាម្នាក់ដែលបានជម្នះតតាំងជាមួយនឹងបរិបទសង្គម ជាលទ្ធផលបានក្លាយជាជនគំរូ និងជាអ្នកលើកទឹកចិត្តដល់ស្ត្រីវ័យក្មេងជាច្រើននាក់។ ភាពធំធាត់លើកោះមួយតាមដងទន្លេបាសាក់ជីវភាពសាមញ្ញខុសឆ្ងាយពីជីវិតស៊ីវិល័យ និងរស់នៅក្រោមគំនាបប្រពៃណីទំនៀមទម្លាប់ និងគំនិតដ៏ចាស់គំរឹលរបស់សង្គម រឿងរ៉ាវរបស់ «ថាវរី» គឺជាផ្នែកមួយដែលបានបណ្តុះស្មារតី និងលើកទឹកចិត្តដល់ស្ត្រីនៅជុំវិញពិភពលោក។

ខណៈពេលដែលប្រទេសកម្ពុជាទើបតែងើបពីភ្លើងសង្គ្រាម ជីវិតនៅតាមជនបទភាគច្រើនបានវិលត្រឡប់ឱ្យកូនចៅឆាប់រៀបការ មានកូន ការប្រកបមុខរបរធ្វើស្រែចម្ការជាគ្រួសារ និងការគោរពតាមការសម្រេចចិត្តរបស់ចាស់ទុំទាំងដែលយើងជាក្មេងមិនសូវមានសិទ្ធិបញ្ចេញយោបល់អ្វីទាំងអស់។

ប៉ុន្តែដោយមានការគាំទ្រពីឪពុកម្តាយរបស់នាងដែលពួកគាត់ធ្លាប់បានឆ្លងកាត់កុមារភាពដ៏លំបាកនាសម័យសង្គ្រាម គាត់បានបង្រៀនថាវរីឱ្យស្គាល់ពីតម្លៃនៃការអប់រំដែលជាមធ្យោបាយតែមួយគត់នៃការបំបែកខ្លួនចេញពីភាពល្ងង់ខ្លៅ និងបង្កើតភាពជាម្ចាស់ការលើជោគវាសនារបស់ខ្លួននាងផ្ទាល់។ តាមរយៈសាច់រឿងរបស់នាង នាងបានបំផុសនិងលើកទឹកចិត្តដល់ស្ត្រីជាច្រើនឱ្យមានភាពជឿជាក់លើខ្លួនឯង ដឹកនាំជីវិតទៅរកក្តីស្រមៃ ជាពិសេសសេរីភាព ឯករាជ្យ និងអនាគតដ៏ត្រចះត្រចង់ដែលពួកគេចង់បាន។

ចំណែកសៀវភៅ «កាពីទែនជីវិត» ជាដំណើរជីវិតរបស់ក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រីជាច្រើនផ្សេងទៀតដែលចាប់កំណើតឡើងនៅទីជនបទ។ នាងចេះមានក្តីស្រមៃតាំងពីតូច ហើយក្ដីស្រមៃនោះបានជំរុញឱ្យនាងខិតខំតតាំងនឹងភាពលំបាកក្នុងជីវិត។ ពេលវេលានៃកុមារភាពរបស់នាងក្លាយជាពេលវេលាដែលត្រូវតតាំងប្រឹងរស់ដូចមនុស្សធំពេញវ័យ ខុសពីក្មេងដទៃផ្សេងទៀតដែលអាចស្គាល់ពីរសជាតិជីវិតដ៏កក់ក្ដៅក្នុងរង្វង់ដៃថ្នាក់ថ្នមពីឪពុកម្ដាយ។ សភាពជីវិតដែលត្រូវទទួលបានពីមើលងាយមើលថោក ការរើសអើង ភាពភ័យខ្លាច អំពើហិង្សា សម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ភាពជូរចត់ក្នុងជីវិតឯកជន និងបរាជ័យក្នុងរឿងស្នេហា។ នាងធំធាត់ឡើងជាមួយប្រយោគសំណួរមួយឃ្លា «តើខ្ញុំខុសអ្វីដោយគ្រាន់តែកើតមកជាកូនស្រី?»

ប៉ុន្តែដូចដែលមនុស្សជាច្រើនក៏បានដឹង និងទទួលស្គាល់រួចមកហើយ។ គ្រប់រសជាតិនៃជីវិតដែលឆ្លងកាត់កន្លងមកនឹងក្លាយទៅជាសោភ័ណរបស់ជីវិត។ មនុស្សជួបការលំបាកលើរឿងផ្សេងៗពីគ្នា ហើយបទពិសោធជីវិតរបស់មនុស្សម្នាក់ៗក៏ជួយគូសឆ្លាក់ជីវិតគេក្នុងពេលបច្ចុប្បន្នឱ្យមានភាពខុសគ្នាជាច្រើន។ មេឃខ្មៅងងឹតនឹងមានពេលមួយត្រឡប់មកជាភ្លឺឡើងវិញ។ ព្យុះភ្លៀងខ្លាំងយ៉ាងណាក៏គង់តែកន្លងហួសទៅដោយពេលវេលា។ ទីបំផុតគ្មាននរណាដែលធ្វើជាកាពីទែននៃជីវិតឱ្យយើងទេ គឺមានតែយើងខ្លួនឯងហ្នឹង។

ក្នុងនាមជាអ្នកនិពន្ធម្នាក់ ថាវរីយល់ថា៖ «មិនថាយើងជានរណា មកពីណា កើតក្នុងត្រកូលបែបណានោះទេ បើយើងមានក្ដីស្រមៃចូរខិតខំពុះពារឱ្យអស់លទ្ធភាព ហើយដើម្បីសម្រេចក្ដីស្រមៃនោះមានតែយើងទេដែលជាកាពីទែននៃជីវិតខ្លួនឯង។ មួយវិញទៀត កុំឱ្យសម្ដីរិះគន់ជាន់ពន្លិចរបស់អ្នកដទៃធ្វើឱ្យយើងបាត់បង់កម្លាំងចិត្តលើគោលដៅជីវិតរបស់យើងឱ្យសោះ»៕

ដោយ៖CPA

ads banner