សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជូនបងប្អូនជនរួមជាតិ ពីការជាសះស្បើយពីជំងឺកូវីដ១៩

ភ្នំពេញ៖ តាមរយៈបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេច បានបញ្ជាក់ថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ មកដល់ពេលនេះមេរោគកូវីដ១៩ ត្រូវបានធ្វើតេស្តអវិជ្ជមានទាំងស្រុងហើយ។ សម្តេចបានបញ្ជាក់ទៀតថា ចាប់ពីថ្ងៃអាទិត្យ និងពេញមួយសប្តាហ៍ ខ្ញុំមានកម្មវិធីពេញទាំងអស់ តែច្បាស់ជាមិនហត់ពេកនោះទេ។

ជាមួយការបញ្ជាក់នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានភ្ជាប់ជាមួយលិខិតក្រសួងសុខាភិបាល នៃក្រុមវេជ្ជបណ្ឌិតថែទាំសុខភាពសម្តេចតេជោ បានរៀបរាប់ថា ដោយស្ថានភាពសុខភាពរបស់សម្ដេចល្អជាធម្មតា បន្ទាប់ពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២២ និងរហូតមកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

ក្នុងលិខិត ក៏បានលើកឡើងថា «ស្ថានភាពសុខភាពរបស់សម្ដេចតេជោ នៅល្អជាប្រក្រតី ពុំមានរោគសញ្ញាណាមួយដែលនាំឱ្យរំខានឡើយ។ បន្ទាប់ពីការដឹកនាំគណៈប្រតិភូវិលត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ សម្តេចតេជោ បានបន្តដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ដើម្បីធ្វើការតាមដាននិងព្យាបាលជំងឺនៅគេហដ្ឋាន ។

យោងតាមការពិនិត្យសុខភាពប្រចាំថ្ងៃដោយក្រុមវេជ្ជបណ្ឌិតបានសង្កេតឃើញថា សុខភាពរបស់សម្តេចតេជោមានភាពមាំមួន និងពុំមានសញ្ញានៃការវិវត្តនៃជំងឺកូវីដ-១៩ឡើយ។

ក្នុងលិខិត ក៏បានលើកឡើងថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ លទ្ធផលនៃការធ្វើតេស្តរហ័ស និងតេស្ត PCR រកវីរុសកូវីដ-១៩ បានទទួលលទ្ធផលអវិជ្ជមានដូចគ្នា។ ស្របតាមលក្ខណបច្ចេកទេសវេជ្ជសាស្ត្រ និងលក្ខខណ្ឌនៃការបញ្ចប់ការព្យាបាលជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទអូមីក្រុងកម្រិតស្រាលធ្វើការព្យាបាលនៅតាមផ្ទះ និងការចាក់វ៉ាក់សាំងបានពេញលេញរបស់ សម្ដេចតេជោ ខ្ញុំបាទក្នុងនាមជាក្រុមវេជ្ជបណ្ឌិតប្រចាំការ ថែទាំសុខភាពជូន សម្ដេចតេជោ សូមគោរពធ្វើការបញ្ចប់ការព្យាបាលជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុងកម្រិតស្រាលដែលកើតមានចំពោះសម្តេច ចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយពុំតម្រូវឱ្យបន្តធ្វើចត្តាឡីស័កក្រោយការបញ្ចប់ការព្យាបាលឡើយ៕ ដោយ ៖ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner