មេសស៊ី ថាការចាញ់អារ៉ាប៊ីសាអូឌីត នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកគឺជារឿងធ្ងន់ធ្ងរ

កាតា៖ លីអូនេល មេសស៊ី (Lionel Messi) បាននិយាយថា ការចាញ់របស់អាហ្សង់ទីនក្នុងការប្រកួតជាមួយអារ៉ាប៊ីសាអូឌីត គឺជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលនិងធ្ងន់ធ្ងរ។ ប៉ុន្តែ កំពូលកីឡាករបាល់ទាត់រូបនេះ បានប្តេជ្ញាថាអាហ្សង់ទីនដែលជាម្ចាស់ជើងឯកអាមេរិកខាងត្បូង នឹងយកឈ្នះការប្រកួតវិញនៅលើកក្រោយ។

«វា គឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរមួយ។ ការបរាជ័យដែលឈឺចាប់ ក៏ប៉ុន្តែ យើងត្រូវតែបន្តមានទំនុកចិត្តលើខ្លួនឯង»។ នេះគឺជាការលើកឡើងរបស់ Messi បន្ទាប់ពីក្រុមជម្រើសជាតិអាហ្សង់ទីន រងបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលក្រោមថ្វីជើងរបស់កីឡាករអារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ២-១ ក្នុងពូល C។ មេសស៊ី បានបន្ថែមថា៖ «ក្រុមនេះនឹងមិនចុះចាញ់ឡើយ។ យើងនឹងព្យាយាមយកឈ្នះម៉ិកស៊ិក»។

គួរជ្រាបថា នៅក្នុងការប្រកួតកាលពីថ្ងៃអង្គារម្សិលមិញ Messi បានជួយឱ្យអាហ្សង់ទីន នាំមុខនៅនាទីទី ១០ ដោយការស៊ុតបាល់ប៉េណាល់ទី នៅឯកីឡដ្ឋានលូសេល (Lusail) ក្នុងប្រទេសកាតា។ ប៉ុន្តែ ការស៊ុតបញ្ចូលទីក្នុងតង់ទីពីររបស់កីឡាករ Saleh Al-Shehri និង Salem Al-Dawsari បានជួយឱ្យអារ៉ាប៊ីសាអូឌីត កសាងនូវភាពភ្ញាក់ផ្អើលដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ដោយអាចយកឈ្នះ អាហ្សង់ទីនដែលជាក្រុមបាល់ទាត់ដ៏ជោគជ័យបំផុតមួយក្នុងពិភពលោក។ នៅក្នុងតង់ទី២ ក្រុមកីឡាករអាហ្សង់ទីន បានខំព្យាយាមណាស់ដែរ តែមិនអាចបំបោងសំណាញ់ទីរបស់អាសាប៊ីសាអូឌីតបានឡើយ។

មេសស៊ី បានលើកឡើងថា៖ «យើងដឹងថា អារ៉ាប៊ីសាអូឌីត ជាក្រុមដែលមានកីឡាករល្អ ផ្លាស់ទីបាល់បានល្អ និងលេងប្រយុទ្ធ»។ «យើងបានព្យាយាមដែរ ប៉ុន្តែយើងរៀងប្រញាប់បន្តិច។ គ្មានលេសអ្វីត្រូវបកស្រាយទេ យើងត្រូវតែរួបរួមសាមគ្គីគ្នាឲ្យបានកាន់តែខ្លាំងជាងពេលមុនៗ។ ក្រុមអាហ្សង់ទីនខ្លាំងហើយក៏ធ្លាប់បានបង្ហាញភាពខ្លាំងរបស់ខ្លួនពីមុនមករួចហើយដែរ។

យើង មិនដែលស្ថិតក្នុងស្ថានភាពបែបនេះយូរមកហើយ។ ឥឡូវនេះ យើងត្រូវតែបង្ហាញថា នេះគឺជាក្រុមបាល់ទាល់ដែលមិនអាចមើលងាយបានឡើយ»។
គួរជ្រាបថា ក្រុមបាល់ទាត់អាហ្សង់ទីន នៅសល់ការប្រកួតក្នុងពូល C ចំនួនពីរប្រកួតទៀត ដែលមួយនឹងត្រូវប្រកួតទល់ជាមួយម៉ិកស៊ិកនៅថ្ងៃអាទិត្យ ហើយបន្ទាប់មកទៀត ប៉ះប៉ូឡូញនៅថ្ងៃព្រហស្បតិ៍។ គួរជ្រាបដែរថា នេះគឺជាការចូលរួមប្រកួតបាល់ទាត់ពិភពលោកលើកទីប្រាំ និងទំនងជាចុងក្រោយរបស់ មេសស៊ីហើយប្រជាជនអាហ្សង់ទីន បានដាក់ការរំពឹងខ្ពស់លើកីឡាកររូបនេះ។

ក្នុងនាមជាកីឡាករដ៏អស្ចារ្យបំផុតម្នាក់ក្នុងពិភពបាល់ទាត់ នេះប្រហែលជាឱកាសចុងក្រោយរបស់មេសស៊ី ដែរក្នុងការលើកពានរង្វាន់បាល់ទាត់ដ៏អស្ចារ្យបំផុត ដូចទៅនឹងអតីតតារាបាល់ទាត់អាហ្សង់ទីនលោក ឌីអេហ្កេ ម៉ារ៉ាដូណា (Diego Maradona) បានធ្វើក្នុងឆ្នាំ១៩៨៦៕

ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖
Messi says World Cup defeat to Saudi Arabia a ‘very heavy blow’

ads banner