Cambodia2050 Ep48: កិច្ចប្រជុំអាស៊ានលើកទី ៤០ និង ៤១ នៅកម្ពុជា

វាគ្មិន​៖ លោកស្រី ហ៊ឹម សុធារ័ត្ន សាស្រ្តាចារ្យនៃវិទ្យាស្ថានសិក្សាអន្តរជាតិ និង​គោលនយោបាយសាធារណៈ (IISPP)សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)

សំណួរទី១: កាលពីថ្ងៃទី ១០ និងថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ពេលកន្លងទៅនេះ កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ ប្រកបដោយជោគជ័យនិងកិត្យានុភាព តើលោកស្រីអាចជួយបកស្រាយបានដែរឬទេថាតើក្នុងកិច្ចប្រជុំនេះ មានប្រទេសចំនួនប៉ុន្មានអញ្ជើញចូលរួមផងដែរ?

នៅក្នុងកិច្ចប្រជុំកំពូលនេះ យើងទទួលបានការចូលរួមពីប្រទេសចំនួន ២៩ ដែលក្នុងនោះមាន ៨ ប្រទេសមកពីសមាជិកអាស៊ានរបស់យើងនិងក៏ដូចជាប្រទេសមហាអំណាច អំណាចកណ្តាល ក៏ដូចជាប្រធានឬក៏អនុប្រធាននៃអង្គការឬក៏ស្ថាប័នអន្តរជាតិនានាផងដែរ។ ចំពោះប្រទេសដែលជាសមាជិកអាស៊ានយល់ឃើញថាមានការចូលរួមតែ​ ៨ ប្រទេសប៉ុណ្ណោះ ដោយសារតែពុំមានវត្តមានរបស់តំណាងមិនមែននយោបាយរបស់មីយ៉ាន់ម៉ានោះទេ ដោយកម្ពុជាបានធ្វើលិខិតអញ្ជើញទៅឯកឧត្តមនាយឧត្តមសេនីយ៍  មីន អ៊ុងឡាំង ស្នើសុំឯកឧត្តមចាត់តំណាងមិនមែននយោបាយរបស់មីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំនេះ។

ប៉ុន្តែដោយសារហេតុផល មីយ៉ាន់ម៉ាយល់ឃើញថា នេះមិនមែនជាការស្មើភាពនៅក្នុងក្របខ័ណ្ឌអាស៊ាននោះទេ ដែលនេះផ្ទុយទៅនឹងធម្មនុញ្ញរបស់អាស៊ានផងដែរ។ ដូចនេះ គេមិនអាចចាត់តំណាងមិនមែននយោបាយចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះទេ។ រីឯប្រទេសមហាអំណាច យើងឃើញមានវត្តមានរបស់នាយករដ្ឋមន្ត្រីចិន អូស្ត្រាលី ជប៉ុន នូវែលហ្សេឡង់ កាណាដាក៏ដូចជាប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃដិន និងសហភាពអឺរ៉ុបផងដែរ។ ហើយយើងក៏មាននូវវត្តមានរបស់លោកប្រធានាធិបតីរបស់ប្រទេសឥណ្ឌានិងតំណាងដ៏ខ្ពង់ខ្ពស់របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីននិងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីចូលរួមនៅក្នុងកិច្ចប្រជុំនេះផងដែរ។ ហើយឆ្នាំនេះគឺជាមានកិត្តិយសដោយមានការចូលរួមដោយផ្ទាល់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិគឺលោក Antionio Guterres ក៏ដូចជាអនុប្រធានធនាគារពិភពលោក  ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី( ADB) វេទិកាសេដ្ឋកិច្ចពិភពលោកនិង IMF ផងដែរ។

សំណួរទី២: តើកិច្ចប្រជុំនេះបានដោះស្រាយនូវបញ្ហាប្រឈមអ្វីខ្លះ ក៏ដូចជាបានផ្តើមគំនិតផ្ដួចផ្ដើមអ្វីខ្លះបន្ថែមជាអត្ថប្រយោជន៍ផងដែរ?

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០​ និង ៤១ កម្ពុជាទទួលថ្មក្ដៅជាច្រើនដុំ ក្នុងនោះមានដូចជាបញ្ហាមីយ៉ាន់ម៉ា បញ្ហាសង្គ្រាមនៅអ៊ុយក្រែន បញ្ហាសមុទ្រចិនខាងត្បូងនិងបញ្ហាតូចៗដទៃទៀត។ ប៉ុន្តែយើងបានគ្រប់គ្រងស្ថានការណ៍បានល្អហើយធ្វើឲ្យអ្នកដែលចូលរួមទាំងអស់ទទួលស្គាល់ក៏ដូចជាកោតសរសើរនូវលទ្ធផលនៃកិច្ចប្រជុំទាំងអស់។ ក្នុងនោះ ដូចដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ក៏បានលើកឡើងផងដែរថា កម្ពុជាបានសម្រេចដាក់ឯកសារជាលទ្ធផលចំនួន១០១ ឯកសារ។ ហើយក្នុងនោះ ៧០ ឯកសារត្រូវបានអនុម័តហើយ ៣១ ឯកសារត្រូវបានកត់សម្គាល់ដោយប្រមុខដឹកនាំរបស់អាស៊ាន។ នៅក្នុងនោះ មានឯកសារ ចំនួន ៦ បើយោងតាមសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសម្ដេចបានលើកឡើងថាមានឯកសារគោល ៣ ប៉ុន្តែសម្រាប់នាងខ្ញុំ នាងខ្ញុំយល់ថាមាន ៣ ឯកសារទៀតដែលសំខាន់ដែលអាចឲ្យប្រជាពលរដ្ឋរបស់អាស៊ានក៏ដូចជាថ្នាក់ដឹកនាំអាចយកទៅធ្វើជាឯកសារយោងនៅក្នុងកិច្ចប្រជុំបន្តបន្ទាប់ទៀត ដែលក្នុងនោះគឺ ៣ ឯកសារដំបូង៖
 ១. សេចក្ដីថ្លែងការណ៍ស្ដីពីទស្សនវិស័យរបស់ប្រមុខដឹកនាំអាស៊ានទៅលើមូលបទអាស៊ានរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា

២. សេចក្ដីថ្លែងការណ៍ប្រមុខដឹកនាំអាស៊ានពាក់ព័ន្ធនឹងខួបលើកទី ៥៥ នៃការបង្កើតអាស៊ាន

៣. ទាក់ទងជាមួយនឹងសេចក្ដីថ្លែងការណ៍នៃរបៀបវារៈតភ្ជាប់អាស៊ានក្រោយឆ្នាំ ២០២៥

ហើយសម្រាប់ឯកសារ ៣ ទៀតដែលនាងខ្ញុំយល់ថាសំខាន់នោះគឺមាន៖
១. ឯកសារដែលពាក់ព័ន្ធទៅនឹងការវាយតម្លៃនិងសេចក្ដីសម្រេចរបស់ប្រមុខដឹកនាំអាស៊ានពាក់ព័ន្ធទៅនឹងការអនុវត្ត កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់មីយ៉ាន់ម៉ា

២. ឯកសារមួយទៀតពាក់ព័ន្ធទៅនឹងរបាយការណ៍របស់ប្រេសិតពិសេសនៃប្រធានអាស៊ានគឺដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន ទៅលើបេសកកម្មរបស់ឯកឧត្ដមនៅក្នុងរយៈពេលមួយឆ្នាំនេះក្នុងការជួយដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា

៣. សេចក្ដីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ានស្ដីអំពីសំណើសុំជាសមាជិកភាព ឲ្យចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ។ ​

សំណួរទី៣: នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ថ្មីៗនេះ យើងឃើញថាក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ាបានដោះលែងអ្នកទោសនយោបាយជាង ៥០០០ នាក់ តើការដោះលែងនេះអាចមកពីការរួមចំណែករបស់ប្រទេសកម្ពុជានៅក្នុងសមាសភាពជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលើកទី ៤០ និង ៤១ នេះដែរឬទេ?

ក្នុងនាមជាប្រជាជនកម្ពុជាមួយរូប នាងខ្ញុំយល់ថាការដោះលែងអ្នកទោសនយោបាយជាង ៥០០០ នាក់នេះគឺជាការរួមចំណែកមួយរបស់កម្ពុជាផងដែរ ព្រោះដោយហេតុថានៅតាមសេចក្ដីថ្លែងការណ៍ឬក៏ការរាយការណ៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏ដូចជាឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសនៅក្នុងការធ្វើសន្និសីទកាសែតនានា ជាពិសេសគឺក្រោយលទ្ធផលនៃទស្សនកិច្ចរបស់លោកទាំងពីរគឺទៅប្រទេសមីយ៉ាន់ម៉។ យើងសង្កេតឃើញថាលោកទាំងពីរតែងតែស្នើសុំឲ្យនាយឧត្តមសេនីយ៍ មីន អ៊ុងឡាំងដែលជាប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់មីយ៉ាន់ម៉ា (SAC) ពិចារណាដោះលែងអ្នកទោសនយោបាយ ដែលក្នុងនោះក៏មានអ្នកទោសនយោបាយបរទេសផងដែរ។

ហើយជាក់ស្តែងគឺថ្ងៃទី១៧ ថ្មីៗនេះ គឺ SAC បានសម្រេចដោះលែងអ្នកទោស ប្រាំ ៥៧៧៤ នាក់ដែលក្នុងនោះមានអតីតសមាជិកគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អង់សាន ស៊ូជី ហើយក៏ដូចជាអ្នកទោសនយោបាយ បរទេសមួយចំនួនដែលក្នុងនោះមានលោកសាស្ដ្រាចារ្យ Sean Turnell ដែលជាជនជាតិអូស្ត្រាលី អ្នកកាសែតជនជាតិជប៉ុនលោក Toru Kubota ហើយក៏ដូចជាអតីតអគ្គរាជទូតអង់គ្លេសប្រចាំមីយ៉ាន់ម៉ាគឺលោកស្រី Vicky Bowman​ និងលោក Kyaw Htay Oo ជាជនជាតិមីយ៉ាន់ម៉ាប៉ុន្តែមានសញ្ជាតិអាមេរិកដែលបានជាប់ទោសតាំងពីខែកញ្ញា ២០២១ មកម្ល៉េះ។ ហើយនេះគឺជាមោទនភាពរបស់កម្ពុជាផងដែរដោយយើងតែងតែស្នើសុំ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋជាជារឿយៗឱ្យតែពេលណាដែលថ្នាក់ដឹកនាំធ្វើការសន្ទនាជាមួយនឹងខាងភាគីមីយ៉ាន់ម៉ា មិនថាតាមប្រព័ន្ធវីដេអូឬក៏ជួបដោយផ្ទាល់នៅប្រទេសមីយ៉ាន់ម៉ានោះទេគឺប្រមុខដឹកនាំក៏ដូចជាប្រមុខការទូតរបស់កម្ពុជាតែងតែស្នើ។

ហើយនាងខ្ញុំគិតថានេះក៏ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាផងដែរ ដោយហេតុថាមានតែកម្ពុជាប៉ុណ្ណោះដែលអាចធ្វើការទំនាក់ទំនងទៅនឹងប្រមុខដឹកនាំក៏ដូចជាថ្នាក់ដឹកនាំធំៗរបស់មីយ៉ាន់ម៉ាដោយសារតែប្រមុខដឹកនាំឬក៏ប្រមុខការទូតរបស់ប្រទេសផ្សេងៗទៀត អូស្ត្រាលី ជប៉ុន ចិនឬក៏ប្រទេសធំៗដទៃទៀតមានឧបសគ្គនៅក្នុងការស្នើសុំជួបជាមួយនឹង ឧត្តមសេនីយ៍ មីន អ៊ុងឡាំង គឺមិនបានជួបផ្ទាល់ទេប៉ុន្តែកម្ពុជាអាចមានសិទ្ធិជួបផ្ទាល់ក៏ដូចជាចរចាផ្ទាល់តាមរយៈប្រព័ន្ធវីដេអូជាមួយនឹងក្រុមថ្នាក់ដឹកនាំរបស់មីយ៉ាន់ម៉ា។ នេះជាសារមួយបញ្ជាក់ថាការខិតខំប្រឹងប្រែងរបស់កម្ពុជាគឺអាចចេញជាផ្លែផ្កាចេញផលិតផលតាមរយៈការដោះលែងអ្នកទោសចំនួន៥០០០ នាក់ទាំងនេះហើយយើងក៏បានទទួលការកោតសរសើរក៏ដូចជាការថ្លែងអំណរគុណពីរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី អង់គ្លេសផងដែរពាក់ព័ន្ធនឹងការខិតខំប្រឹងប្រែងរបស់យើងជួយឲ្យជនជាតិរបស់គាត់បានរួចផុតពីការជាប់ឃុំឃាំងនេះ។

សំណួរទី៤: ជាកិច្ចចុងក្រោយ តើលោកស្រីមាននូវអ្វីដើម្បីចង់បន្ថែមជូនទៅកាន់ប្រិយមិត្តទាក់ទងទៅនឹងទិន្នន័យសំខាន់ៗក្នុងកិច្ចប្រជុំអាស៊ាននេះផ្ទាល់ផងដែរ?

ជាចុងក្រោយ នាងខ្ញុំគ្រាន់តែចង់បញ្ជាក់ថាក្រៅពីកិច្ចខិតខំប្រឹងប្រែងក៏ដូចជាលទ្ធផលខាងផ្នែកនយោបាយទាំងនេះ រដ្ឋាភិបាលកម្ពុជាក៏សម្រេចបាននូវការផ្តល់នូវជំនួយអភិវឌ្ឍន៍នានាមកដល់កម្ពុជាតាមរយៈជំនួបទ្វេភាគីជាមួយប្រមុខដឹកនាំនៃប្រទេសមហាអំណាចក៏ដូចជាអំណាចកណ្តាលផ្សេងៗផងដែរ។ ហើយក្នុងនោះយើងឃើញថាមានគម្រោងអភិវឌ្ឍន៍នៅតាមជនបទក៏ដូចជាតាមខេត្ត ក្រុង ផ្សេងៗទៀតដែលនឹងចាប់ផ្តើមធ្វើនាពេល ខាងមុខនេះទៅតាមគម្រោង ទៅតាមការចរចារបស់ប្រមុខដឹកនាំរបស់កម្ពុជាជាមួយនឹងប្រមុខដឹកនាំរបស់ប្រទេសមហាអំណាចផងដែរ។

ហើយយើងក៏សង្កេតឃើញថា កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ បានធ្វើឲ្យមានការដំឡើងកម្រិតភាពជាដៃគូរបស់អាស៊ានជាមួយនឹងប្រទេសអាមេរិក ក៏ដូចជាឥណ្ឌា គឺដំឡើងពីភាពជាដៃគូយុទ្ធសាស្ត្រទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផងដែរ។ ហើយនៅឆ្នាំក្រោយៗទៀតគឺដូចយើងឃើញហើយមានប្រទេសជប៉ុនក៏ដូចជាកាណាដា អង់គ្លេសនិងប្រទេសដៃគូផ្សេងៗទៀតក៏គ្រោងនឹងដំឡើងភាពជាដៃគូជាមួយនឹងអាស៊ានផងដែរ។

ហើយនេះគឺជាមោទនភាពមួយរបស់យើង។ បន្ថែមពីនេះទៀតយើងឃើញថា នៅក្នុងឆ្នាំ ២០២២ នេះគឺយើងបានទទួលរដ្ឋជាសមាជិករបស់ TAC ទៅដល់ ១៧ ប្រទេសដែលក្នុងនោះមានអ៊ុយក្រែនជាកូនពៅទី ៥០ របស់ TAC នៅក្នុងឆ្នាំនេះផងដែរ។ ហើយនេះជាមោទនភាពរបស់កម្ពុជាមួយផងដែរ។ ហើយជាចុងក្រោយគឺនាងខ្ញុំក៏សូមថ្លែងអំណរគុណ ដល់ប្រមុខដឹកនាំកម្ពុជា ក៏ដូចជាប្រមុខការទូតឧត្តមមន្ត្រីកម្ពុជា ក៏ដូចជាក្រុមការងារពាក់ព័ន្ធនានា ដែលជួយធ្វើឲ្យកិច្ចប្រជុំអាស៊ានរួមទាំង កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស កិច្ចប្រជុំកំពូល ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធនានាទៀតគឺធ្វើឡើងដោយទទួលបានលទ្ធផលល្អប្រកបដោយភាពជោគជ័យដែលវាបានផ្តល់នូវកិត្យានុភាពដ៏ឧត្ដុងឧត្ដមជូនដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នា៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner