Cambodia2050 Ep49: ភូមិឆ្លាតវៃ (Smart Village)

វាគ្មិន៖ លោកបណ្ឌិត បណ្ឌិត ឆេង គឹមឡុង អនុប្រធាននៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី

Smart Village គឺជាទស្សនទានថ្មីមួយហើយក៏ជាចលនាថ្មីមួយនៅក្នុងពិភពលោកដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើន ដោយសារតែមានការផ្សារភ្ជាប់ទៅនឹងទស្សនវិស័យនៃការអភិវឌ្ឍជនបទឬក៏បណ្ដាសហគមន៍នៅជនបទ។ វាមាននូវការបំពាក់នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តយើងហៅថាជា សេវាផ្សេងៗមួយចំនួនទៀត រួមទាំងប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធតភ្ជាប់នឹងការផ្គត់ផ្គង់បណ្ដាញអគ្គិសនី ការផ្គត់ផ្គង់នូវសេវាទំនាក់ទំនងជាសេវាទូរគមនាគមន៍ និងសេវាប្រព័ន្ធអ៊ីនធឺណិតជាដើម។ ជាទូទៅ ការជំរុញការអនុវត្តទីក្រុងឆ្លាតវៃទាមទារឱ្យមានការចូលរួមក្នុងការពិភាក្សា ការចូលរួមនៃការកំណត់បង្ហាញនូវតម្រូវការនិងស្វែងរកដំណោះស្រាយពីប្រជាជននៅក្នុងថ្នាក់មូលដ្ឋានទៅតាមក្របខ័ណ្ឌនៃការជំរុញភាពជាដៃគូររវាងរដ្ឋាភិបាលនិងវិស័យឯកជន។ ចំពោះប្រទេសកម្ពុជា ភូមិឆ្លាតវៃនឹងអនុញ្ញាតឱ្យប្រជាជនដែលប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យានវានុវត្តន៍និងប្រព័ន្ធឌីជីថលអាចតភ្ជាប់ទំនាក់ទំនងទៅរដ្ឋាភិបាល ទៅវិស័យឯកជន និងទៅប្រជាជនដោយផ្តល់ជាព័ត៌មានទាន់ហេតុការណ៍ទៅវិញទៅមក។ ជារួមមក​ ភូមិឆ្លាតវៃជាបច្ចេកវិទ្យាមួយដ៏មានសារៈសំខាន់សម្រាប់ប្រជាជនគ្រប់ៗរូបដោយវាគឺជាជំហានរបស់ប្រទេសកម្ពុជាក្នុងការឆ្លងកាត់​
ការវិវឌ្ឍន៍នៃឧស្សាហកម្ម ៤.០ ទៅថ្ងៃអនាគត។

សំណួរទី ១៖ តើបណ្ឌិតអាចជួយបកស្រាយបានដែរឬទេថា តើអ្វីទៅជា Smart Village ឬក៏គេហៅថាភូមិឆ្លាតវៃផងដែរ?
Smart Village គឺជាទស្សនទានថ្មីមួយហើយក៏ជាចលនាថ្មីមួយនៅក្នុងពិភពលោកដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើន ដោយសារតែមានការផ្សាភ្ជាប់ទៅនឹងទស្សនវិស័យនៃការអភិវឌ្ឍជនបទឬក៏បណ្ដាសហគមន៍នៅជនបទ ដោយផ្សារភ្ជាប់ទៅនឹងដំណើរការនៃ

  •  ការអភិវឌ្ឍសង្គម
  • ការកាត់បន្ថយភាពក្រីក្រ
  • ការតភ្ជាប់សេវារដ្ឋាភិបាលពីរដ្ឋាភិបាលថ្នាក់កណ្តាលឬក៏ថ្នាក់ជាតិទៅប្រជាជននៅថ្នាក់មូលដ្ឋាន
  • ការផ្សារភ្ជាប់រវាងការសម្រេចចិត្តក្នុងការអភិវឌ្ឍភូមិឃុំទៅតាមអ្វីដែលជាតម្រូវការជាក់ស្ដែងនិងអ្វីដែលជាសក្ដានុពលជាក់ស្តែងនៅក្នុងភូមិឬក៏នៅក្នុងតំបន់មួយ
  • ការឆ្លើយតបទៅនឹងតម្រូវការដើម្បីបង្កើននូវភាពជាម្ចាស់ការរបស់ប្រជាជន ដោយសារតែប្រជាជនគឺជាអ្នកកំណត់ អ្នកចង្អុលបង្ហាញ នូវអ្វីដែលជាតម្រូវការរបស់ពួកគាត់ ដល់អ្នកដែលធ្វើគោលនយោបាយ ជាពិសេសគឺថ្នាក់ដឹកនាំមូលដ្ឋាន ថ្នាក់ដឹកនាំនៅតាមតំបន់ ឬយើងហៅថាជាខេត្ត ឬក៏ទៅដល់រដ្ឋាភិបាលថ្នាក់កណ្តាលនៅកម្រិតថ្នាក់ជាតិដើម្បីធ្វើយ៉ាងណាឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់ភូមិឃុំនិងស្របទៅតាមទស្សនវិស័យនៃការអភិវឌ្ឍជាតិ។

ចំណុចមួយដែលសំខាន់បំផុតនៅក្នុងការអនុវត្តភូមិឆ្លាតវៃនេះគឺ ការបំពាក់នូវហេដ្ឋារចនាសម្ព័ន្ធ
រូបវន្តយើងហៅថាជា សេវាផ្សេងៗមួយចំនួនទៀត រួមទាំងប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធតភ្ជាប់នឹងការផ្គត់ផ្គង់បណ្ដាញអគ្គិសនី ការផ្គត់ផ្គង់នូវសេវាទំនាក់ទំនងជាសេវាទូរគមនាគមន៍ និងសេវាប្រព័ន្ធអ៊ីនធឺណិតដើម្បីធ្វើយ៉ាងណាឱ្យភូមិឆ្លាតវៃនោះ គឺជាភូមិដែលមានភាពប្រទាក់ក្រឡាគ្នា ទាំងពីសន្តិសុខភូមិនិងប្រជាជន សន្តិសុខទាក់ទងទៅនឹងបរិស្ថាននៅតំបន់នោះ ក៏ដូចជាបញ្ហាសន្តិសុខស្បៀងជាដើម។ ក្នុងន័យនេះគឺមានន័យថាភូមិឆ្លាតវៃដាច់ខាតត្រូវតែមានភាពប្រទាក់ក្រឡាគ្នានៃប្រព័ន្ធបច្ចេកវិទ្យាឬក៏នវានុវត្តន៍ដែលសម័យថ្មីនេះឈានទៅដល់បច្ចេកវិទ្យានិងនវានុវត្តន៍ផ្នែកប្រព័ន្ធឌីជីថល។

ំណួរទី ២៖ បើយើងនិយាយពីកម្ពុជាវិញ តើភូមិឆ្លាតវៃនេះមាននៅប្រទេសកម្ពុជាយើងហើយឬនៅហើយបើមាននៅតំបន់ណាដែរ?

 ភូមិឆ្លាតវៃ គឺជាទស្សនទានថ្មីមួយដែលប្រទេសមួយចំនួននៅក្នុងតំបន់រួមទាំងប្រទេសកម្ពុជាយើងបានសិក្សារៀបចំបង្កើតឱ្យអនុវត្តនៅកម្រិតមួយដែលជាកម្រិតសាកល្បងនៅឡើយ។ យើងឃើញថា
កម្ពុជាជាសមាជិកដ៏សកម្មរបស់សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយបានចូលរួមជាសមាជិកនៃបណ្តាញទីក្រុងស្អាត។ យើងចាប់ផ្តើមដំបូងគេគឺពីទីក្រុងស្អាតដែលបានជំរុញដោយដាក់នៅក្នុងក្របខ័ណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៥០ របស់កម្ពុជានេះ។ យើងចង់ជំរុញយ៉ាងណាឱ្យមាននូវការចាប់ផ្ដើមអនុវត្តឈានទៅដល់ការបង្កើតនិងចងក្រងឱ្យមានហេដ្ឋារចនា
សម្ព័ន្ធនិងប្រព័ន្ធភូមិឆ្លាតវៃ។ ចំពោះទីក្រុងឆ្លាតវៃ យើងមិនទាន់បានដំណើរការនៅឡើយទេ ក៏ប៉ុន្តែយើងអាចរំលេចនូវគម្រោងមួយដែលវិទ្យាស្ថានចក្ខុវិស័យអាស៊ីបានសិក្សាវិភាគហើយនឹងផ្តល់ជាធាតុចូលទៅដល់រដ្ឋាភិបាលវិញគឺ គម្រោងតេជោភូមិ ១០០។ គម្រោងនេះដែលត្រូវបានប្រទេសជាង ៥០ ប្រទេសនៅលើពិភពលោកបានសម្រេចអនុម័តនៅក្នុងសេចក្ដីសម្រេចមួយដែលកាលនោះ រដ្ឋសភាកម្ពុជាបានដឹកនាំរៀបចំកិច្ចប្រជុំអន្តរសភា រវាងសភាអាស៊ីនិងសភាអឺរ៉ុបកាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។ គម្រោងតេជោភូមិ ១០០ អាចក្លាយទៅជាគំរូនៃការអនុវត្តភូមិឆ្លាតវៃ ដែលសព្វថ្ងៃនេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានចុះសិក្សាអង្កេតទៅលើទីក្រុង និងខេត្តទាំងអស់នៅក្នុងប្រទេសកម្ពុជា។

សួរថា តើទីក្រុងឆ្លាតវៃនេះមានអនុវត្តនៅខេត្តណាខ្លះ? ប្រហែលជាជំហានៗដែលអាចកំណត់ជា ជំហានដំបូងនៃការអនុវត្តគម្រោងសាកល្បង បានកើតឡើងនៅក្នុងតំបន់ទីក្រុងភ្នំពេញនិងតំបន់មួយចំនួនទៀតនៅជាយក្រុងភ្នំពេញ។

សំណួរទី ៣៖ តើដំណើរការនិងវិធីសាស្ត្រនៃការអនុវត្តភូមិសាស្ត្រឆ្លាតវៃនេះមានលក្ខណៈយ៉ាងដូចម្ដេចខ្លះដែរ?

នៅក្នុងការជំរុញការអនុវត្តនេះគឺទាមទារឱ្យមានការចូលរួមក្នុងការពិភាក្សា ការចូលរួមនៃការកំណត់បង្ហាញនូវតម្រូវការនិងស្វែងរកដំណោះស្រាយពីប្រជាជននៅក្នុងថ្នាក់មូលដ្ឋានទៅតាមក្របខ័ណ្ឌនៃការជំរុញភាពជាដៃគូររវាងរដ្ឋាភិបាលនិងវិស័យឯកជន។ ដោយសារតែភូមិឆ្លាតវៃនេះ គឺទាមទារឱ្យមាននូវការវិនិយោគ។ វិនិយោគនេះសំដៅទៅលើការអភិវឌ្ឍនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធមិនរូបវន្តជាប្រព័ន្ធ Telecommunication ការផ្គត់ផ្គង់អគ្គិសនី ដែលមានលក្ខណៈធានាទាំងគុណភាពនិងស្ថិរភាព ហើយនិងការកំណត់នូវផែនការសកម្មភាពមួយចំនួនទៀតដើម្បីឱ្យប្រជាជនប្រើប្រាស់នូវសេវាដែលបានលើកឡើង។ ភូមិឆ្លាតវៃ គឺជាភូមិមួយដែលអាចកំណត់បាននូវ ការគ្រប់គ្រងកាន់តែមានប្រសិទ្ធភាពប្រសិទ្ធជាងមុនទៅលើការព្យាករ។ ឧទាហរណ៍៖ គ្រោះធម្មជាតិ គ្រោះរាំងស្ងួត ជំងឺទៅលើផ្នែកដំណាំកសិកម្មកម្ពុជាជាដើម។ នេះគឺជាទស្សនវិស័យមួយនៅក្នុងការធ្វើយ៉ាងណាឱ្យយើងកាត់បន្ថយបាននូវគ្រោះហានិភ័យដោយប្រើប្រព័ន្ធបច្ចេកវិទ្យា និងកម្មវិធីនវានុវត្តន៍មួយចំនួន ដែលយើងឃើញថាថ្មីៗនេះ ការរីកចម្រើនផ្នែកបច្ចេកវិទ្យានវានុវត្តន៍បានតម្រូវឱ្យបណ្ដាប្រទេសជាច្រើនអនុវត្ត ជំរុញនូវផែនការនៃការកសាងសេដ្ឋកិច្ចរបស់ខ្លួនទៅជាសេដ្ឋកិច្ចឌីជីថល ការកសាងសង្គមទៅជាសង្គមឌីជីថល ហើយមួយទៀតកឺទាក់ទងទៅនឹងទស្សនវិស័យនៃការចាប់យកឱកាស នៅពេលដែលពិភពលោកបានឆ្លងកាត់នូវការវិវឌ្ឍន៍នៃឧស្សាហកម្ម ៤.០ ជាដើម។ ចំណុចចុងក្រោយគឺ ធ្វើយ៉ាងណាឱ្យភូមិឆ្លាតវៃនេះដំណើរការទៅបាន លុះត្រាតែមានការផ្តល់នូវការធានានិងការផ្គត់ផ្គង់សេវាមួយចំនួនពីស្ថាប័នថ្នាក់រដ្ឋឬក៏ថ្នាក់មូលដ្ឋានទៅដល់ប្រជាជន ធ្វើយ៉ាងណាឱ្យមានអន្តរកម្មរវាងគ្នា៖

  • ទំនាក់ទំនងជាការផ្តល់សេវារបស់រដ្ឋទៅប្រជាជន
  • ប្រជាជនអាចតភ្ជាប់ជាមួយនឹងវិស័យឯកជន
  • ភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន
  • ភ្ជាប់ទំនាក់ទំនងប្រជាជនទៅនឹងរដ្ឋាភិបាល

ទាំងអស់នេះនឹងបង្កើតទៅជាទំនាក់ទំនងដែលអាចឱ្យប្រជាជន រដ្ឋាភិបាល វិស័យឯកជន និងដៃគូភាគីពាក់ព័ន្ធផ្សេងៗទៀត ទទួលបាននូវព័ត៌មានទាន់ហេតុការណ៍ក៏ដូចជា ឆ្លើយតបទៅនឹងអ្វីដែលជាការអនុវត្តជាក់ស្ដែងនៅក្នុងជីវភាពប្រចាំថ្ងៃនិងមុខរបរអាជីវកម្មរបស់ប្រជាជន។

សំណួរទី ៤៖ បើយើងងាកមកមើលនៅប្រទេសកម្ពុជាយើងវិញ តើភូមិឆ្លាតវៃនៅកម្ពុជាយើងមានភាពរីកចម្រើនទៅមុខយ៉ាងដូចម្ដេចដែរ? ហើយបើភូមិឆ្លាតវៃនេះអាចជួយដល់ជីវភាពប្រជាជនរបស់កម្ពុជាដូច
ម្តេចខ្លះដែរ?
កម្មវិធីផ្សេងៗនៅភូមិឆ្លាតវៃនេះ គឺអនុញ្ញាតឱ្យប្រជាជនដែលប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យានវានុវត្តន៍និងប្រព័ន្ធឌីជីថលអាចតភ្ជាប់ទំនាក់ទំនងទៅរដ្ឋាភិបាល ទៅវិស័យឯកជន និងទៅប្រជាជនដោយ
ផ្តល់ជាព័ត៌មានទាន់ហេតុការណ៍ទៅវិញទៅមក។ ជាឧទាហរណ៍៖ ប្រជាជនដែលជាកសិករឬក៏ជាធុរកិច្ចជនមួយចំនួនទៀតដែលប្រកបមុខរបរនៅក្នុងវិស័យកសិកម្ម កសិ-ឧស្សាហ៍កម្មជាដើម គាត់ចង់លក់ទំនិញកសិកម្មរបស់គាត់ គាត់អាចបង្កើតទៅជាថ្នាលឬក៏ប្រើប្រាស់ថ្នាលរបស់រដ្ឋ ឬក៏វិស័យឯកជនណាមួយ ឬក៏ប្រើនូវកម្មវិធីជា APP នៅក្នុងប្រព័ន្ធឌីជីថលដើម្បីផ្សព្វផ្សាយទំនិញ ផ្សព្វផ្សាយអំពីតម្លៃរបស់គាត់ ឬក៏គាត់ធ្វើការទំនាក់ទំនងតាមឌីជីថលទៅដល់អ្នកទិញ។ អ្នកទិញអាចជាប្រជាជនម្នាក់ទៀតនៅភូមិផ្សេង ប្រជាជនម្នាក់ទៀតនៅទីក្រុង ផ្សារទំនើប ឬក៏នៅក្នុងកម្មវិធីនៃការផ្សព្វផ្សាយលក់ទំនិញ។ វាគឺជាថ្នាលមួយដែលរដ្ឋាភិបាលឬក៏ក្រសួងជំនាញបានលើកឡើង។ យើងឃើញថា ក្រសួងកសិកម្មធ្លាប់បានបង្កើតឱ្យមានកម្មវិធីនេះដែរ ហើយខ្ញុំគិតថាការអនុវត្តនូវភូមិឆ្លាតវៃយើងនេះ នៅពេលដែលយើងបង្កើតវា
ឱ្យមានច្រើនរហូតក្លាយជាបណ្តុំភូមិឆ្លាតវៃហើយតភ្ជាប់ទៅនឹងកម្មវិធីរបស់រដ្ឋាភិបាល របស់ក្រសួង របស់ភាគីពាក់ព័ន្ធ របស់វិស័យឯកជន ទៅដល់ថ្នាលផ្សេងៗទាំងអស់នោះធ្វើឱ្យមានភាពងាយស្រួលនិងភាពអាចជឿទុកចិត្តបាននៃព័ត៌មាន កាត់បន្ថយព័ត៌មានខុសគ្នាដែលធ្វើឱ្យមានការលួច កេងបន្លំឬក៏ការបោកបន្លំនៃតម្លៃទំនិញ និងកាត់បន្ថយបាននូវឈ្មួញកណ្តាលមួយចំនួនដែលបំន្លំតម្លៃថ្លៃ។ កម្មវិធីរបស់ជាតិឬក៏កម្មវិធីរបស់សហគមន៍នៅក្នុងប្រជាជាតិអាស៊ានទាំងមូលមានការជំរុញឱ្យមានវិស័យធុរកិច្ចជនខ្នាតកម្រិតធុនតូចនិងមធ្យមតភ្ជាប់គ្នារវាងបណ្ដាប្រទេសមួយនៅក្នុងសមាជិកអាស៊ាន។ ហើយនៅពេលដែលកម្ពុជាអនុវត្តគម្រោងនេះមានន័យថា ប្រជាជនដែលនៅភូមិដែលប្រកបមុខរបរជាលក្ខណៈគ្រួសារក៏ដោយ ជាលក្ខណៈខ្នាតតូច ខ្នាតមធ្យមនៅក្នុងវិស័យផ្សេងៗ ទាំងវិស័យទេសចរណ៍ ទាំងវិស័យកសិកម្ម
ទាំងវស័័យកសិ-ឧស្សាហកម្ម វិស័យសេវាកម្ម សេវាកម្មគាំទ្រផ្សេងៗទៀតឱ្យទៅដល់វិស័យសេដ្ឋកិច្ចទាំង
មូល។ ចំណុចទាំងនេះអាចតភ្ជាប់គ្នាតាមប្រព័ន្ធឌីជីថលបង្កើតបានជាទីផ្សារឌីជីថល។

សំណួរសួរថា តើប្រជាជនកម្ពុជាយើងអាចនឹងបានផលចំណេញយ៉ាងដូចម្តេចខ្លះដល់ផ្នែកជីវភាពរបស់គាត់? ដូចខ្ញុំបានលើកឡើង នៅពេលដែលប្រជាជនយើងអាចតភ្ជាប់គ្នាតាមប្រព័ន្ធឌីជីថលនឹងធ្វើឱ្យគាត់អាចពង្រីកនូវការលក់ដូរ ការផ្សព្វផ្សាយទំនិញ និងបង្កើននូវចំណូល ក៏ដូចជាបង្កើតនូវការងារផ្សេងៗ តាមរូបភាពនៃការចងភ្ជាប់គ្នានៃសហគ្រាសមីក្រូធុនតូចនិងមធ្យម ទាំងក្នុងកម្រិតភូមិ ទាំងនៅក្នុងតំបន់ ទាំងនៅក្នុងប្រទេសមួយ និងបណ្តុំនៃបណ្ដាប្រទេសទាំងអស់នៅក្នុងតំបន់ដូចជាអាស៊ាន តំបន់មេគង្គជាដើម។ ហើយលើសពីនេះទៅទៀត វាអាចធ្វើឱ្យប្រជាជនយើងតភ្ជាប់ជាមួយនឹងបណ្ដាថ្នាលឌីជីថលនៅក្នុងក្របខ័ណ្ឌជាទីក្រុងឆ្លាតវៃឬក៏ភូមិឆ្លាតវៃរបស់បណ្ដាប្រទេសផ្សេងៗនៅក្នុងតំបន់ផ្សេងៗទៀតនៅលើពិភពលោក។

សំណួរទី ៦៖ ជាយោបល់បន្ថែម តើលោកបណ្ឌិតមានមតិយោបល់អ្វីខ្លះទៅលើភូមិឆ្លាតវៃនេះ ដែលជា
បច្ចេកវិទ្យាមួយដ៏មានសារៈសំខាន់សម្រាប់ប្រិយមិត្តផងដែរ?

ចំណុចនេះគឺទាមទារឱ្យមានការអនុវត្តនូវកម្មវិធី ៣ ចំណុច៖

  • ចំណុចទី ១ ៖ រដ្ឋាភិបាលកម្ពុជាយើងគឺបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសង្គម
    ឌីជីថលនិងសេដ្ឋកិច្ចឌីជីថលសម្រាប់កម្ពុជាយើងនេះ ដោយមានរយៈពេលពី ២០២១ ទៅ២០៣៥។ ដើម្បីជំរុញផែនការនេះឱ្យទៅមុខគឺទាមទារឱ្យវិស័យសាធារណៈ ជាពិសេសគឺ
    រដ្ឋាភិបាលយើងជំរុញការផ្សព្វផ្សាយអំពីកម្មវិធីនេះឱ្យប្រជាជនជាទូទៅចូលរួម ទទួលបានការសិក្សាពីចំណេះជំនាញផ្នែកឌីជីថល ក៏ដូចជាលើកទឹកចិត្តដល់វិស័យឯកជន ទាំងនៅក្នុងស្រុកនិងក្រៅស្រុកមកតាមរយៈការផ្តល់ជាការលើកទឹកចិត្តផ្នែកការវិនិយោគក្នុងវិស័យឌីជីថលនេះឬក៏នៅក្នុងវិស័យនៃផ្នែកទាំងឡាយណាពាក់ព័ន្ធទៅនឹងទីក្រុងឆ្លាតវៃ ភូមិឆ្លាតវៃនេះ ឱ្យបានច្រើនជាងមុនទូទាំងប្រទេសកម្ពុជាយើង។
  • ចំណុចទី ២៖ គឺទាមទារឱ្យមានការវិនិយោគចេញពីផ្នែករដ្ឋាភិបាល (ការវិនិយោគរបស់រដ្ឋ)​ បូករួមផ្សំជាមួយនឹងកម្មវិធីដោយមានភាពដៃគូរវាងរដ្ឋនិងឯកជនឬក៏ការជំរុញលើកទឹកចិត្តឱ្យ ផ្នែកឯកជនវិនិយោគនៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធភូមិឆ្លាតវៃ ឬក៏ទីក្រុងឆ្លាតវៃ។​
  • ចំណុចទី ៣៖ គឺទាមទារឱ្យប្រជាជនរបស់យើងក្លាយទៅជាអ្នកដែលមានចំណេះដឹង អ្នកដែលមានលទ្ធភាពក្នុងការចាប់យកនូវបច្ចេកវិទ្យាសំខាន់ៗនៅក្នុងផ្នែកឌីជីថលឬក៏ផ្នែកបរិវត្តកម្ម
    ឌីជីថល។ ការបង្កើននូវចំណេះ ជំនាញ ចំណេះដឹង និងការបង្កើតថ្មីនៅក្នុងវិស័យឌីជីថលនេះនឹងក្លាយទៅជាមូលដ្ឋានគ្រឹះមួយសម្រាប់ទ្រទ្រង់ដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិផង សម្រាប់ពង្រីកនូវខឿនអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាការពង្រឹងនូវប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការគ្រប់គ្រងសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មធុរកិច្ចផ្សេងៗរបស់ប្រជាជន ធ្វើយ៉ាងណាដើម្បីនាំឱ្យ សង្គមជាតិមានផលចំណេញ។ ចំណុចចុងក្រោយនេះ គឺជាចំណុចសំខាន់ជាងគេដើម្បីឱ្យទីក្រុងឆ្លាតវៃ ដើម្បីឱ្យកម្មវិធីភូមិឆ្លាតវៃអាចធ្វើទៅបានគឺទាមទារឱ្យមានមូលដ្ឋាន នៃការផ្គត់ផ្គង
    ផ្តល់សេវា ពាក់ព័ន្ធផ្សេងៗនៅក្នុងកម្មវិធីនោះដោយបានលើកឡើងហើយ តាំងពីប្រព័ន្ធ
    អ៊ីនធឺណិតល្បឿនលឿន ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងនូវប្រព័ន្ធបច្ចេកវិទ្យា ការធានាបាននូវសន្តិសុខព័ត៌មានវិទ្យា ការផ្ដល់នូវសិទ្ធិនិងសេរីភាពគ្រប់គ្រាន់ដល់ប្រជាជននៅក្នុងការទទួលបាននិងប្រើប្រាស់នូវសេវា ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធឌីជីថលពាក់ព័ន្ធដែលបម្រើនៅក្នុងការអភិវឌ្ឍភូមិឆ្លាតវៃ និងការលើកទឹកចិត្តឱ្យទាំងប្រជាជនផង ទាំងវិស័យឯកជនផង និងទាំងវិស័យរដ្ឋផង នាំគ្នាប្រើប្រាស់ប្រព័ន្ធដូចជាហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះតាមរយៈការបង្កើតនូវកម្មវិធី
    ថ្មីៗ មានប្រយោជន៍មកឆ្លើយតបទៅនឹងបញ្ហាសង្គម បញ្ហាបរិស្ថាន បញ្ហាសេដ្ឋកិច្ច និងបញ្ហាតភ្ជាប់វប្បធម៌ផ្សេងៗទៀត។

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner