អ្នកវិភាគចៅចាក់ស្មុក៖ មហាបាតុកម្មតឹកឡឹករបស់ក្រុមប្រឆាំងនៅព្រុចសែល បង្ហាញពីការអស់ជំនឿលើអ្នកប្រជោបាយនិយមដូចជនក្បត់ជាតិសម រង្ស៊ី

ភ្នំពេញ៖ ទីបំផុតមហាបាតុកម្មដែលក្រុមជនក្បត់ជាតិ សម រង្ស៊ី បានប្រកូកប្រកាសដើម្បីប្រឆាំងនឹងវត្តមានសម្តេចតេជោ ហ៊ុន សែន នៅទ្វីបអឺរ៉ុប គឺជាមហាបាតុកម្មតឹកឡឹកមានមនុស្សមិនដល់២០នាក់ផងចូលរួម ហើយអ្នកផ្តួចផ្តើមមហាបាតុកម្មបានរត់ទៅសហរដ្ឋអាម៉េរិកបាត់ ចំណែកមេដឹកនាំបាតុកម្មជាក់ស្តែងនៅប្រទេសបែលហ្ស៊ិក មិនហ៊ានចេញមុខដោយសារតែខ្មាសអស់មនុស្សលោកដែលមិនអាចកៀរគរមនុស្សមកធ្វើបាតុកម្មដូចសម្តីរបស់ក្រុមខ្លួនអួតអាង។ នេះគឺភាពអាម៉ាស់មួយយ៉ាងធំ ខណៈទ្វីបអឺរ៉ុបជាទីតាំងឈរជើងរបស់ក្រុមជនក្បត់ជាតិ សម រង្ស៊ី តែមិនមានមនុស្សម្នាជឿនិងគាំទ្រខ្លួនឡើយ។ មហាបាតុកម្មតឹកឡឹកនេះក៏បង្កការអាម៉ាស់ដល់ជ្រូកពុលទឹកមាត់ ជុន ច័ន្ទបុត្រ នៃវិទ្យុអាស៊ីសេរី ដែលខំជិះយន្តហោះស្កាត់ពីសហរដ្ឋអាម៉េរិកទាំងខ្លួនមានជំងឺមហារីកផងនោះមកកាន់ប្រទេសបែលហ្ស៊ិក គិតថានឹងបានជួបបាតុករច្រើនរយពាន់នាក់ដូចការឃោសនារបស់ក្រុមទណ្ឌិត សម រង្ស៊ី តែពិតជាគួរឱ្យខកចិត្តយ៉ាងខ្លាំង ហើយការចំណាយធនធាន ពេលវេលារបស់ខ្លួនពិតជាឥតប្រយោជន៍ព្រោះបានត្រឹមតែមនុស្សមិនដល់ ២០នាក់ផងមកធ្វើបាតុកម្ម។ បាតុកម្មដែលក្រុមអាជ្ញាធរប្រទេសបែលហ្ស៊ិក បានហ៊ុមព័ទ្ធរបងខ្សែលួសមិនឱ្យចេញពីបរិវេណដែលគេបានវាស់ដីឱ្យឈរ ដើម្បីកុំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងរំខានដល់កិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប។

មហាបាតុកម្មរបស់ក្រុមប្រឆាំងផ្កាប់មុខដែលមានមនុស្សចូលរួមមិនដល់ ២០នាក់នេះមិនមែនជាលើកទី១ ឡើយ ហើយក៏មិនមែនជារឿងចំលែកដែរ។ បន្ថែមជាងនេះក៏មិនមែនជារឿងដែលគួរឱ្យឆ្ងល់ឡើយ កាលដែលគ្មានមនុស្សចូលរួមគឺដោយសារតែគេបានដឹងច្បាស់ពីអំពើទុច្ចរិត និងការបំផ្លាញជាតិ ការប្រមាថព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជាជនកម្ពុជា និងការក្បត់ជាតិរបស់ក្រុមទណ្ឌិត សម រង្ស៊ី។ បើប្រៀបធៀបនឹងបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញទៅជួបដោយផ្ទាល់និងចូលរួមពិធីសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន គឺមិនស្មើនឹងកន្ទុយនៃចំនួនអ្នកមកចូលរួមគាំទ្រនិងស្វាគមន៍សម្តេចតេជោ ហ៊ុន សែនផង។ បងប្អូនខ្មែរដែលអញ្ជើញមកពីបណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុបជាង ២០០០នាក់ស្កាត់មកជួបស្ថាបនិកសន្តិភាពនៅកម្ពុជា។ នេះមិនទាន់គិតពីប្អូនដែលមិនបានអញ្ជើញមកដោយផ្ទាល់និងបានចេញសារតាមវីដេអូជាបន្តបន្ទាប់ស្វាគមន៍និងគាំទ្រសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ។ វត្តមានបាតុករដ៏តិចតួច នៃមហាបាតុកម្មតឹកឡឹករបស់ សម រង្ស៊ី គឺបញ្ជាក់យ៉ាងច្បាស់ថាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសបានដឹងពីល្បិចកល និងការធ្វើនយោបាយប្រជានិយម ញុះញង់ និងប្រកាន់ពូជសាសន៍របស់ទណ្ឌិត សម រង្ស៊ី។ ប៉ុន្តែនិយាយមួយបែបទៀត វត្តមានសម្តេចតេជោ ហ៊ុន សែន នៅបារាំងនិងនៅបែលហ្ស៊ិកជាការតាមវៃដល់ផ្ទះ និងការតទល់ដោយគ្មានការញញើតចំពោះមុខក្រុមជនក្បត់ជាតិ។

ទាំងសម រង្ស៊ី និងមេក្លោងបាតុកម្មនៅបារាំងនិងបែលហ្សិកពិតជាបានដឹងច្បាស់ថាខ្លួននឹងបរាជ័យចំពោះមុខនៃអំនួតរបស់ខ្លួន ហេតុដូច្នេះហើយបានជា សម រង្ស៊ី រត់ទៅសហរដ្ឋអាម៉េរិកដើម្បីសម្ងំប្រមូលស្រោមសំបុត្រ ហើយពេលបាតុកម្ម អ្នកចូលរួមប៉ុន្មាននាក់នេះង៉េមង៉ាម រកមេកើយមិនឃើញ។ ចំណែកជុន ច័ន្ទបុត្រ នៃវិទ្យុអាស៊ីសេរីវិញមិនហ៊ានថតឱ្យចំក្រុមបាតុករទេព្រោះខ្លាចអត់ឃើញមនុស្ស គឺថតតែខ្លួនឯង និយាយតែប៉ុណ្ណោះ និងប្រមូលមនុស្សបាន ៤ឬ៥នាក់មកឈរអមម្នាក់កាន់បដា ២ ឬ ៣ ដើម្បីបង្ហាញរូបឱ្យឃើញច្រើន។ ពលរដ្ឋខ្មែរឈប់ចាញបោកក្រុមក្បត់ជាតិ សម រង្ស៊ី ទៀតហើយ ហើយឆ្នាំងបាយនយោបាយរបស់ សម រង្ស៊ី ក៏ត្រូវបានបែកបណ្តើរៗដែរ។ គ្មាននរណាគេជឿការធ្វើនយោ បាយភូតកុហក់របស់ក្រុមនេះទៀតទេ។ សូម្បីតែនៅប្រទេស បារាំងដែលជាស្រុកកំណើតទី២ របស់ សម រង្ស៊ី ពលរដ្ឋខ្មែរ នៅទីនោះមិនបាននឹកនាពីឈ្មោះ សម រង្ស៊ីឡើយ និងមិនចង់និយាយពីឈ្មោះនេះផងព្រោះសម រង្ស៊ីជាជនក្បត់ជាតិពីជីតា ឪពុក និងបន្តរហូតដល់ខ្លួនឯង។ ការធ្វើនយោបាយរបស់សម រង្ស៊ី និងបក្ខពួក បានត្រឹមដើររៃអង្គាសស្រោមសំបុត្រពីសកម្មជនរបស់ខ្លួន ដើរលក់កៅអីសម្រាប់ឈរឈ្មោះជាតំណាងរាស្ត្ររបស់បក្សភ្លើងទៀន និងតំណែងខ្យល់ផ្សេងទៀត គិតតែពីបោកប្រាស់តែជាតិខ្មែរខ្លួនឯង ហើយបើនិយាយពី អេង ឆៃអ៊ាង ដៃស្តាំ សម រង្ស៊ី ជាមនុស្សញៀនល្បែងពីស្រុកខ្មែរដល់ស្រុកអាម៉េរិក។ តើឱ្យពលរដ្ឋផ្តល់ សេចក្តីទុកចិត្តម្តេចនឹងកើត បើសុទ្ធតែមនុស្សធុនៗនេះ!?

ដូច្នេះអ្វីដែលគេអាចមើលឃើញក្នុងព្រឹត្តិការណ៍នៅប្រទេសបែលហ្សិក គឺកម្លាំងក្រុមប្រឆាំងបានរលាយស្ទើរតែអស់ទៅ ហើយ ការគាំទ្ររបស់សមាជិករបស់ខ្លួនបានបាត់បង់ ស្ទើរតែទាំងស្រុង។ នេះក៏ដោយសារតែការធ្វើនយោបាយគ្មាន សីលធម៌ សច្ចៈធម៌ និងការគោរពចំពោះជាតិនិងប្រជាជនខ្លួនឯង។ លើសពីនេះ ពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសបានឃើញយ៉ាងច្បាស់ពីការធ្វើនយោបាយបំផ្លាញជាតិ និងប្រមាថព្រះមហាក្សត្ររបស់ក្រុមប្រឆាំង។ ពលរដ្ឋខ្មែរបានយល់ដឹងច្បាស់ថានរណាជាអ្នកស្នេហាជាតិពិតប្រាកដ ជាអ្នកកសាងជាតិ និងការពារថែរក្សាសន្តិភាពជាតិពិតប្រាកដ។ ហេតុដូច្នេះហើយបានជាពលរដ្ឋខ្មែរបានគោរព ស្រឡាញ់ គាំទ្រ ជឿទុកចិត្តលើសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដឹកនាំសង្គ្រោះជាតិនិងប្រជាជនចេញពីរបបខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កសាងកិត្តិយសជាតិ កេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ។ កម្ពុជាពិតជាមានមោទកភាពដែលមានមេដឹកនាំដូចសម្តេចតេជោ ហ៊ុន សែន៕
ដោយ៖ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner