ពង្រូល ជាសត្វមានដោយកម្រ និងកំពុងទទួលរងគ្រោះថ្នាក់ឈានដល់ផុតពូជ

ភ្នំពេញ៖ ពង្រូល (ឈ្មោះអង់គ្លេស៖ Sunda Pangolin ឈ្មោះវិទ្យាសាស្រ្ត៖ Manis javanica)។ ពង្រូលជាប្រភេទសត្វធ្វើចលនាដោយវារ មានថ្ងាសផត ស្រការព័ណ៌ស្រអាប់ និងព័ណ៌ដី ដោយសៀតបញ្ចូលគ្នាជាប់នឹងស្បែកដូចដំបូលប្រក់ក្បឿង និងគ្មានធ្មេញ។

បើតាម ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២នេះថា៖ ពង្រូល ជើងរបស់វាមានម្រាមប្រាំ និងមានក្រចកគ្រប់ម្រាមទាំងអស់ ក្រញ៉ាំជើងមុខវែងជាងក្រញ៉ាំជើងក្រោយ។ វាមានជម្រកភាគច្រើននៅក្នុងព្រៃស្រោងដែលមានដើមឈើខ្ពស់ៗ ព្រៃក្រោយការធ្វើអាជីវកម្ម និងដីកសិកម្ម។

ឯកឧត្តម រដ្ឋលេខាធិការ បានពិពណ៌នាទាក់ទិនរឿងសត្វដ៏កម្រប្រភេទនេះដែរថា៖ ពង្រូល ជាសត្វដែលរកស៊ីលើដី ឬក្នុងរន្ធឈើ ពេលថ្ងៃដេកក្នុងរន្ធដីហើយចំណីររបស់វាមាន ស្រមោច សង្អារ អង្ក្រង ដុកឌឿ និងកណ្តៀរ។ ពេលជួយឧបសគ្គ សត្វប្រភេទនេះរមូរខ្លួន ដោយយកកន្ទុយព័ទ្ធជុំវិញរាងទាំងមូលដូចបាល់។ វាអាចបង្កើតកូនបាន ១ក្បាល ជួនកាល ២ក្បាល ក្រោយពរពោះរយៈពេល ២-៣ខែ ហើយកូនរបស់វាតោងកន្ទុយពេលមេវាបម្លាស់ទី។

នៅក្នុងប្រទេសកម្ពុជា ពង្រូល មានដោយកន្លែងក្នុងទីជម្រកសមស្រប ហើយវាជាប្រភេទមានដោយកម្រនៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការIUCN ថាជាប្រភេទកំពុងរងគ្រោះថ្នាក់ឈានទៅរកការវិនាសផុតពូជ (CR)៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner