មណ្ឌលថែទាំមនុស្សចាស់នៅចិន កំពុងតែព្យាយាមដើម្បី រក្សាសុវត្ថិភាពមនុស្សចាស់ពី ជំងឺកូវីដ ១៩

ប៉េកាំង៖ មណ្ឌលថែទាំមនុស្សចាស់ជរារបស់ប្រទេសចិន កំពុង ប្រយុទ្ធនឹងសមរភូមិដ៏កាចសាហាវមួយ ដើម្បីរក្សាសុវត្ថិភាព ដល់មនុស្សចាស់ជរានៅក្នុងមណ្ឌល ខណៈដែលរលកនៃការឆ្លង COVID-19 បានបោកបក់ពេញប្រទេសបន្ទាប់ពីការបន្ធូរបន្ថយ គោលនយោបាយកូវីដសូន្យរបស់រដ្ឋាភិបាល។

មជ្ឈមណ្ឌលទាំងនេះ បានបិទទ្វារមណ្ឌលហាមអ្នកក្រៅចេញចូល ដោយឱ្យបុគ្គលិកខ្លួនឯងគេងក្នុងមជ្ឈមណ្ឌល ស្របពេល ជាមួយគ្នានោះមណ្ឌលទាំងនេះក៏កំពុងតែខិតខំស្វែងរកថ្នាំសង្កូវនានាដែរ។

គណៈកម្មការសុខភាពជាតិបាននិយាយកាលពីថ្ងៃអាទិត្យ ថ្ងៃទី១៨ ខែធ្នូ ថា ប្រទេសចិនបានរកឃើញការឆ្លងជំងឺកូវីដ ១៩ ដែលជា ករណីមានរោគសញ្ញាថ្មីចំនួន២ ០៩៧ មួយថ្ងៃមុននេះ។
ទោះជាយ៉ាងណាក៏ដោយ តួលេខផ្លូវការបានក្លាយទៅជា តួលេខដែលមិនសូវអាចជឿទុកចិត្តបាន ដោយសារតែពុំសូវ មានការធ្វើតេស្តរកមេរោគនៅទូទាំងប្រទេស ហើយករណីដែល គ្មានរោគសញ្ញាក៏មិនត្រូវបានរាយការណ៍ទៀតដែរ។

អាជ្ញាធរបានព្រមានពីករណីកើនឡើងយ៉ាងឆាប់រហ័ស ហើយ មន្ត្រីក្រសួងឧស្សាហកម្មលោក Zhou Jian បាននិយាយ កាល ពីថ្ងៃពុធថា ប្រទេសនេះកំពុង «ខិតខំប្រឹងប្រែងអស់ពីកម្លាំង កាយចិត្ត ដើម្បីជំរុញការផលិតឱសថសំខាន់ៗ»។

អ្នកជំនាញបារម្ភថាប្រទេសនេះមិនមានឧបករណ៍គ្រប់គ្រាន់ក្នុងការគ្រប់គ្រង «រលកឆ្លងថ្មី» ខណៈដែលប្រទេសនេះកំពុងបន្ត បើក ដំណើរការឡើងវិញ ដោយមនុស្សចាស់ដែលងាយរងគ្រោះរាប់ លាននាក់នៅតែមិនទាន់បានចាក់វ៉ាក់សាំងពេញលេញនៅឡើយ។
ចំណែកឯមណ្ឌលថែទាំមនុស្សចាស់ ឥឡូវនេះកំពុងតែត្រូវបាន ទុកចោល ដោយត្រូវតែការពារខ្លួនឯងខណៈដែលសង្គមតែ បើក ឡើងវិញ។នេះជាការលើកឡើងរបស់អ្នកគ្រប់គ្រងមណ្ឌលចាស់ជរាមួយនៅប៉េកាំង។
អ្នកគ្រប់គ្រងដែលសុំមិនបញ្ចេញឈ្មោះ ម្នាក់នេះ និយាយថា៖ «យើងបិទទ្វារទាំងស្រុង»។
ពុំមាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យចេញ ឬចូលនោះទេ ហើយមានតែការផ្គត់ផ្គង់អាហារ និងសម្ភារបរិក្ខារសម្រាប់ ការថែទាំងប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យយកចូល។
លោកបាននិយាយថាមណ្ឌលនេះ បានបញ្ជាទិញសម្ភារ វេជ្ជសាស្រ្ត “ក្នុងតម្លៃខ្ពស់” ប៉ុន្តែពួកគេក៏មិនទាន់បានទទួលនូវសម្ភារ ទាំងនោះដែរ បើទោះបីជាបញ្ជាទិញអស់មួយសប្តាហ៍ទៅហើយ ហើយបណ្តាញដឹកជញ្ជូនក្នុងទីក្រុងក៏ត្រូវបានវាយលុកដោយសារតែមានការឆ្លងក្នុងចំណោមបុគ្គលិកដឹកជញ្ជូន។
គាត់ក៏បានព្រមានផងដែរថា ពួកគាត់អាចនឹងមិនអាចការពារ មេរោគបានជារៀងរហូតនោះទេ។ គាត់បាននិយាយថា៖ «ទាំងអ្នកនាំសំបុត្រ និងបុគ្គលិកដឹកជញ្ជូនស្ទើរតែទាំងអស់ សុទ្ធតែវិជ្ជមាន»។
«ទោះបីជាអ្នកសម្លាប់មេរោគ ឬបោះសម្បកកញ្ចប់វេចខ្ចប់ខាងក្រៅ រួមទាំងបោះសម្បកកញ្ចប់ប្លាស្ទិកក៏ដោយ អ្នកមិនអាចបាញ់ថ្នាំ សម្លាប់មេរោគលើអាហារទាំងអស់ដែលត្រូវនាំចូលមកបាននោះទេ»។
មណ្ឌលថែទាំមនុស្សចាស់របស់ចិនជាច្រើនត្រូវបានបិទទ្វារអស់ជាច្រើនសប្តាហ៍មកហើយ បន្ទាប់ពីការណែនាំរបស់រដ្ឋាភិបាលក្នុង តំបន់ ហើយ Yuecheng Senior Home នៅទីក្រុងប៉េកាំង បាននិយាយកាលពីសប្តាហ៍មុន ថាខ្លួនត្រូវបានបិទជិត៦០ ថ្ងៃ។
នៅទីក្រុងសៀងហៃ មណ្ឌលថែទាំ Xiangfu បាននិយាយ នៅដើមសប្តាហ៍នេះថា ខ្លួននឹងបន្ត «ការគ្រប់គ្រងបែបបិទជិត» ដោយបង្ខំបុគ្គលិកទាំងអស់ឱ្យដេកនៅក្នុងមណ្ឌល និងឱ្យបុគ្គលិក ធ្វើការតេស្តអាស៊ីត nucleic ជារៀងរាល់ថ្ងៃ។

មណ្ឌលនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ «នៅពេលដែលសង្គមបង្កើនប្រសិទ្ធភាពគោលនយោបាយបង្ការ និងគ្រប់គ្រង មណ្ឌលរបស់យើងត្រូវតែរក្សាការប្រុងប្រយ័ត្នខ្ពស់ ជាពិសេស»៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner