អ្នកវិភាគចៅចាក់ស្មុក៖ ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក»ដែលសម្តេចតេជោទទួលបានជាមោទកភាពជាតិខ្មែរ និងភាពត្រឹមត្រូវនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ ស្ថាបនិកសន្តិភាពនិងជារដ្ឋបុរសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទទួលពានរង្វាន់ដ៏វិសេសវិសាលមួយទៀតកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ គឺពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រ សម្រាប់អាស៊ីប៉ាស៊ីហ្វិក (KSI)។

ពានរង្វាន់ប្រកបដោយកិត្តិយសនេះជាពានរង្វាន់ថ្មីបន្ថែមសម្រាប់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានពិភពលោកទទួលស្គាល់ថាជាអ្នកតស៊ូដ៏ស្វិតស្វាញ ជាអ្នកនយោបាយដ៏ឆ្នើម ជាអ្នកការទូតទន់ភ្លន់ប្រកបដោយទេពកោសល្យ ជាមេដឹកនាំប្រកបដោយបញ្ញា ញាណឈ្លាសវៃ និងមានការទទួលខុសត្រូវខ្ពស់រួមសុខរួមទុក្ខ ជាមួយប្រជាជនគ្រប់កាលៈទេសៈ និងជាមេដឹកនាំដ៏សកម្មបំផុតក្នុងការចូលរួមដោះស្រាយបញ្ហាទាំងក្នុងតំបន់និងពិភពលោក និងបានចូលរួមគិតគូរយ៉ាងហ្មត់ចត់ពីអនាគតនៃប្រជាជាតិក្នុងតំបន់និងពិភពលោក ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក។ ប្រជាជាតិខ្មែរទាំងមូលពិតជាមានមោទកភាពបំផុតចំពោះសម្តេចតេជោដែលទទួល បានពានរង្វាន់ប្រកបដោយកិត្តិយសនេះ និងបង្ហាញនូវការគាំទ្រ ជឿជាក់មានទំនុកចិត្តកាន់តែខ្លាំងក្លាថែមទៀតចំពោះស្ថាបនិកសន្តិភាពជាតិខ្មែរក្នុងការដឹកនាំប្រទេស។

ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ដែលសម្តេចតេជោទទួលបានគឺ ពិតជាស័ក្តិសមបំផុតសម្រាប់សម្តេចតេជោ ហ៊ុន សែន ដែលមួយជីវិតរបស់សម្តេច គឺដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។ សម្តេចបានយកជីវិតធ្វើជាដើមទុនតស៊ូជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ ទប់ស្កាត់ការវិលមកវិញនៃរបបសាហាវយង់ឃ្នងខ្មែរក្រហម បញ្ចប់សង្គ្រាមស៊ីវិល នាំយកនូវសុខសន្តិភាពពេញលេញជូនជាតិមាតុភូមិក្រោមការអនុវត្តនយោបាយឈ្នះ-ឈ្នះ ព្រមទាំងស្តារ និងកសាងជាតិពីក្រោមគំនរផេះផង់ ឈាម និង ទឹកភ្នែកឱ្យមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ នាំមកនូវកេរ្តិ៍ឈ្មោះ និងកិត្យានុភាពជាតិដ៏ត្រចះត្រចង់។

ពានរង្វាន់នេះក៏ទទួលស្គាល់នូវការលះបង់សព្វបែបយ៉ាងរបស់សម្តេចតេជោ ចំពោះជាតិ និងប្រជាជនកម្ពុជា ស្មោះស្ម័គ្របម្រើការពារជាតិដោយគ្មានគិតយប់គិតថ្ងៃ គ្មានការគិតពីការនឿយហត់ និងមិនត្អូញត្អែរអ្វីបន្តិចឡើយ កន្លែងណាមានទុក្ខភ័យ គឺមានវត្តមានសម្តេចតេជោ ហ៊ុន សែន ជានិច្ច។

ពិភពលោកបានទទួលស្គាល់ពីសមត្ថភាពដឹកនាំរបស់ សម្តេចតេជោ លើបញ្ហានានាទាំង នយោបាយ ការទូត សេដ្ឋកិច្ច និងសង្គម ដោយគោរពបាននូវសិទ្ធិពលរដ្ឋ និងនយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គមនិងសិទ្ធិជំនឿសាសនា។ ក្នុងពេលដែលកម្ពុជា និងពិភពលោក ជួបប្រទះនឹងការឆ្លងរីករាលដាលដ៏អាក្រក់នៃជំងឺកូវីដ១៩ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានដាក់ចុះនូវនយោបាយវ៉ាក់សាំងដើម្បីកសាងខឿនសុខុមាលភាពជូនប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសកម្ពុជា សង្គ្រោះប្រជាពលរដ្ឋពីជ្រោះមរណៈនៃជំងឺកូវីដ១៩ រហូតដល់ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអាត្រាប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងច្រើនជាងគេលើពិភពលោក និងបានបើកដំណើរការប្រទេស និងសេដ្ឋកិច្ចឡើងវិញ។
សម្តេចតែងតែលើកឡើងថា «សិទ្ធិរស់រៀនមានជីវិត គឺជាអាទិភាពដ៏ចាំបាច់បំផុតសម្រាប់កម្ពុជា បើគ្មានសិទ្ធិរស់រានមានជីវិតនោះទេ ពុំចាំបាច់និយាយអំពីសិទ្ធិអ្វីផ្សេងទៀតឡើយ»។ ដោយឈរលើអភិក្រមនេះហើយ ទើបសម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាន់វិធានការម៉ឺងម៉ាត់ក្នុងការការពារសុខសន្តិភាពដែល កម្ពុជារកបានមកដោយពិបាកនេះ និងមិនអនុញ្ញាតឱ្យក្រុមជនក្បត់ជាតិមួយក្តាប់តូចយកប្រទេសកម្ពុជា និងប្រជាជនកម្ពុជាធ្វើចំណាប់ខ្មាំងឡើយ ហើយក៏មិនអនុញ្ញាតឱ្យបដិវត្តន៍ពណ៌បំផ្លិចបំផ្លាញកម្ពុជាឡើយ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការទទួលបាននូវពានរង្វាន់ដ៏វិសេសវិសាលនេះ គឺជាសក្ខីកម្មនៃភាពជោគជ័យដ៏ត្រចះត្រចង់ នៃការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈការអនុវត្ត «គោលនយោ បាយឈ្នះ-ឈ្នះ» ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ, សន្តិភាព និងស្ថិរភាពនយោបាយ។

ចាប់តាំងពីកម្ពុជាបានក្លាយជាសមាជិកទី១០ របស់អាស៊ានក្នុងឆ្នាំ១៩៩៩, កម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រទេសមួយដែលបានធ្វើសមាហរណកម្មយ៉ាងសកម្មនៅក្នុងតំបន់ និងពិភពលោក, បានកសាងចំណងមិត្តភាព និងសហប្រតិបត្តិការល្អប្រសើរជាមួយបណ្តាប្រទេសនានា និងបានកំពុងចូលរួមបំពេញតួនាទីយ៉ាងសកម្មដោយស្មើរសិទ្ធ និងស្មើរភាពក្នុងគ្រប់កិច្ចការអន្តរជាតិ ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក។

កិច្ចខិតខំក្នុងការដឹកនាំ និងរៀបចំកិច្ចប្រជុំកំពូលអាស៊ានដោយជោគជ័យនៅឆ្នាំ២០០២, ២០១២ និង២០២២ គឺជាមោទនភាពជាតិសម្រាប់កម្ពុជានៅលើឆាកអន្តរជាតិ ដែលបង្ហាញដល់ពិភពលោកអំពីស្មារតីរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសន្តិភាព, ស្ថិរភាព សន្តិសុខ និងការអភិវវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក។

សម្តេចតេជោបានគូសបញ្ជាក់ថា៖ «យើងនឹងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអភិវឌ្ឍកម្ពុជា និងថែរក្សាសមិទ្ធផលទាំងឡាយ ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលជាង ៤០ឆ្នាំនេះ។ អាស៊ាន-ចិន នឹងបន្តពូនជ្រុំលើសមិទ្ធផល ដែលសម្រេចបានក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការនានា សំដៅលើកស្ទួយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោកទាំងមូល»។

ភាពអស្ចារ្យទាំងអស់នេះក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ត្រូវបានពិភពលោកមើលឃើញជាក់ស្តែងហើយតាមរយៈសំឡេងរបស់លោក តាន់ ស្រី ម៉ៃឃើល យី ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ាស៊ីហ្វិក (KSI) ក៏បានកត់សម្គាល់អំពីគុណសម្បត្តិសម្តេចតេជោ ដែលទទួលបានពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ដោយលើកឡើងថា ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនសម្តេចតេជោ ចំពោះសមិទ្ធផលការងារប្រកបដោយការលះបង់ ចំពោះប្រជាជន និងរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាស៊ាន។

ដោយបានក្លាយជានាយករដ្ឋមន្ត្រីកម្ពុជា នៅឆ្នាំ១៩៨៥ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជានាយករដ្ឋមន្ត្រីវែងជាងគេសម្រាប់អាស៊ានទេ ប៉ុន្តែជានាយករដ្ឋមន្ត្រីដែលវែងជាងគេសម្រាប់ពិភពលោកផងដែរ។

ឆ្នាំយើងបានឃើញសម្តេចតេជោ ហ៊ុន សែន បានដឹកនាំអាស៊ានប្រកបដោយជោគជ័យ នៅក្នុងពេលវេលា នៃឆ្នាំប្រកបដោយលំបាក និងប្រឈម។ ក្រោមភាពជាប្រធានអាស៊ាន សម្តេចបានដឹកនាំក្នុងការពង្រឹងមជ្ឈភាពអាស៊ាន និងស្តារសេដ្ឋកិច្ចបន្ទាប់ពីជំងឺកូវីដ១៩ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការតំបន់ សម្រាប់សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងរបស់អាស៊ានផងដែរ។

ការស្នើនូវកិច្ចព្រមព្រៀង Green Deal របស់សម្តេច គឺមានលក្ខណៈសម្លឹងទៅមុខ និងជំរុញសេដ្ឋកិច្ចបៃតង ប្រកបដោយនិរន្តរភាពនៅក្នុងអាស៊ាន ក្នុងពេលដែលពិភពលោក កំពុងឆ្ពោះទៅរកភាពគ្មានបញ្ចេញជាតិកាបូន។

ក្នុងនាមប្រធានអាស៊ាន សម្តេចនាយករដ្ឋមន្ត្រី បានបង្កើត និងពង្រឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងអាស៊ាន និងចិន និងការវិនិយោគបន្ថែមទៀតពីចិនមកកាន់អាស៊ាន និងផ្តល់ផលប្រយោជន៍ដល់តំបន់។ លោកបានបញ្ជាក់បន្ថែមទៀតថា សម្តេចបានដើរតួនាទីគន្លឹះ ដែលមិនត្រឹមតែពង្រឹង និងពង្រីកទំនាក់ទំនងជាមួយចិននោះទេ ប៉ុន្តែជាមួយនឹងដៃគូសន្ទនាគន្លឹះរបស់អាស៊ាន ដែលបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា កន្លងទៅនេះ។

ចំពោះភាពជាអ្នកដឹកនាំឆ្នើម និងភាពជាប្រធានរបស់អាស៊ាន សម្តេចបានក្លាយជាមេដឹកនាំថ្នាក់សកល។ ក្លាយជានាយករដ្ឋមន្ត្រីកម្ពុជា ៣៧ឆ្នាំកន្លងមកនេះ សម្តេចបាននាំមកនូវជោគជ័យក្នុងការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ សម្តេចបាននាំនូវការកែលម្អធំធេងនៅក្នុងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើន និងទំនើប។ នេះបើតាមប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ាស៊ីហ្វិក (KSI)។

នេះគឺជាមោទកភាពរបស់ប្រជាជាតិខ្មែរ និងសំណាងរបស់ ប្រទេសកម្ពុជាដែលមានមេដឹកនាំដូចសម្តេចតេជោ ហ៊ុន សែន ដែលតស៊ូលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុជាតិនិងប្រជាជន។

តាមរយៈភាពគំរូនៃការគ្រប់គ្រងប្រទេស ទឹកចិត្តសន្តោសប្រណីប្រកបដោយព្រហ្មវិហារធម៌ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរអាណិត ស្រឡាញ់ គោរព និងជឿជាក់លើសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជាជានិច្ច ហើយលទ្ធផល បោះឆ្នោតនាពេលកន្លងមកជាសក្ខីកម្មបញ្ជាក់ច្បាស់ថាសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលទទួលបាននូវការគោរពស្រឡាញ់ពីប្រជាពលរដ្ឋ និងបានដើរតួនាទីសំខាន់ក្នុងការស្តារនិងកសាងជាតិពីផេះផង់មកជាការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ សេដ្ឋកិច្ចមានការរីកចម្រើន ជីវភាពប្រជាពលរដ្ឋមានភាពល្អប្រសើរ។

ជាមួយការដឹកនាំប្រកបដោយគតិបណ្ឌិតនេះហើយបានធ្វើឱ្យប្រជាពលរដ្ឋ និងពិភពលោកមើលឃើញថា គ្មានគណបក្សណាមួយអាចជំនួសគណបក្សប្រជាជនកម្ពុជាក្នុងតួនាទីស្នូលការពារថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍបានឡើយ។

នៅក្នុងពេលទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ស្ថាបនិកសន្តិភាពកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា, អ្នកបន្តវេនជំនាន់ក្រោយនឹងបន្តស្មារតីរួបរួមគ្នាដើម្បីថែរក្សាសុខសន្តិភាព និងលើកស្ទួយការអភិវឌ្ឍជាតិ និងតំបន់ ដោយកសាងលើសមិទ្ធផលដែលសម្រេចបានក្នុងពេលបច្ចុប្បន្ន»៕

ដោយ៖ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner