មន្រ្តីបរិស្ថាន អំពាវនាវជាថ្មីដល់គ្រប់ភាគី កាត់បន្ថយប្រើប្រាស់ ប្លាស្ទិក ក្នុងខេត្តកែប ដើម្បីរក្សាសោភ័ណភាព

ភ្នំពេញ៖ ក្រសួងបរិស្ថាននិងអភិបាលខេត្តកែប អំពាវនាវជាថ្មី ដល់ សាធារណៈជន និងអាជីវករទាំងអស់ត្រូវរួមគ្នាកាត់ បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបាននូវសោភ័ណភាពស្អាតក្នុងខេត្តជាប់សមុទ្រដែលអាចទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់ជីវភាព មូលដ្ឋាន។

ការអំពាវនាវនេះធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារប្រចាំឆ្នាំ២០២២ និង លើកទិសដៅបន្ត សម្រាប់ ឆ្នាំ២០២៣ របស់មន្ទីរបរិស្ថានខេត្តកែប កាលពីថ្ងៃទី២១ខែធ្នូ ដើម្បីពិនិត្យឡើងវិញនូវសមិទ្ធផលការងារសម្រេចបានបញ្ហាប្រឈម និងដំណោះស្រាយលើភារកិច្ចការងារដែលបាន ធ្វើ ក្នុងពេញមួយឆ្នាំ ដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងក្នុងពិធីនេះថា រាជរដ្ឋាភិបាលកម្ពុជាបាន កំណត់ជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តតំបន់ឆ្នេរដោយក្នុងនោះ ខេត្តកែបត្រូវបានកំណត់ជាគោលដៅ ទីក្រុង ទេសចរណ៍លំដាប់ខ្ពស់ និងប្រណីត។

លោកបានបន្តថា ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្រនេះ ដែលធ្វើឱ្យខេត្តកែបមានសោភណ្ឌភាពស្អាត ទាំងអស់គ្នា ជាមន្ត្រីជំនាញបច្ចេកទេសចាំបាច់ត្រូវបំពេញការងារប្រកបដោយវិជ្ជាជីវៈ បុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ខណៈ លោករំឮកជាថ្មីដល់ពលរដ្ឋ និងអាជីវករទាំងអស់ចូលរួមកាត់ បន្ថយប្លាស្ទិក ធ្វើយ៉ាងឱ្យកម្រិតសំរាមប្លាស្ទិកនៅទាបបំផុត។

ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងថា ៖ «សាធារណៈជន អាជីវករ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយងាកមកចាប់អារម្មណ៍នូវការប្រើប្រាស់ថង់ ឬកំប៉ុងបរិស្ថានជំនួសវិញ ឬឧបករណ៍ប្រើប្រាស់បានច្រើនដង និងបានយូរអង្វែង ដើម្បីជាប្រយោជន៍ដល់សុខភាព និង សុខមាលភាពសង្គម និងកាត់បន្ថយសំណល់ប្លាស្ទិកក្នុង ទឹកដីខេត្តកែប ជាពិសេសនៅតាមបណ្តាកោះនានាឱ្យនៅ សល់កម្រិត មួយទាបបំផុត ដើម្បីរក្សាបាននូវសោភណ្ឌភាព កិត្យានុភាព»។

ជាមួយគ្នានេះដែរឯកឧត្តមបានកោតសរសើរពីសមិទ្ធិផលដែលសម្រេចបានដោយមន្ទីរបរិស្ថានខេត្តកែប ដែលជាការរួម ចំណែកធ្វើឱ្យខេត្តកែបមានសោភណ្ឌភាព ទាក់ទាញភ្ញៀវទេ សចរ កាន់តែច្រើនឡើង និងមានផាសុកភាព និងផ្តល់នូវរបៀប រស់នៅប្រកបដោយគុណភាព និងការប្រកួតប្រជែងក្នុងការផ្តល់ សេវាល្អដល់ភ្ញៀវទេសចរ។

ជាមួយគ្នានេះ អភិបាលខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ បានឱ្យដឹងដែរថា សមិទ្ធិផលក្នុងវិស័យបរិស្ថានសម្រាប់ ខេត្តកែបកើតចេញពីការខិតខំប្រឹងប្រែងរបស់ មន្ត្រី ទាំងអស់ដែលបានប្រមូលផ្តុំកម្លាំងសាមគ្គីភាព ក្នុងបុព្វហេតុ នៃការចូលរួមគាំទ្រ និងលើកកម្ពស់កិច្ចគាំពារ វិស័យបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ក្នុងការធ្វើឱ្យសម្រេចបាន នូវគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថា ថ្វីត្បិតតែខេត្តកែប មិនទាន់មាន បញ្ហាប៉ះពាល់ធំដុំពីការប្រែប្រួលអាកាសធាតុនៅឡើយ ប៉ុន្តែត្រូវចូលរួមគិតគូ និងកែលម្អការអភិវឌ្ឍទៅលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ ការពង្រីកទីក្រុង និងការអភិវឌ្ឍវិស័យ កសិកម្មឱ្យបានទាន់ពេលវេលា។

ឯកឧត្តម សោម ពិសិដ្ឋថា ៖ «កត្តាទាំងនេះបានចូល រួម ចំណែកដ៏សំខាន់សម្រាប់ធ្វើឱ្យខេត្តកែបក្លាយជាទីក្រុងទេសចរណ៍បៃតងបរិស្ថានបៃតង កសិកម្មបៃតង និងឆ្នេរសមុទ្រ ស្រស់ស្អាត ស្របតាមប្រសាសន៍សម្តេចហ៊ុន សែន ដែលបានប្រសិទ្ទនាមខេត្តជាប់មាត់សមុទ្រ ជាតារារះនា ទិសនិរតី និងបានបានដាក់ទិសស្លោកថា ឆ្នេរសមុទ្របៃតង អនាគត គឺបច្ចុប្បន្ន»។

វិស័យទេសចរណ៍ក្នុងខេត្តកែប គឺជាសក្កានុពលសំខាន់ សម្រាប់លើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យមានជីវភាពល្អប្រសើរ តាមរយៈការលក់ដូរផលិតផលក្នុងស្រុកដូចជា បន្លែ ផ្លែឈើ ត្រី សាច់ គ្រឿងសមុទ្រ ម្ហូបអាហារសមុទ្រ វត្ថុអនុស្សាវរីយ៍ និងការបំរើសេវាម្ហូបអាហារតាមសណ្ឋាគារ ផ្ទះសំណាក់ រីស៊ត បឹងហ្គាឡូត៍ និងការស្នាក់នៅរបស់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ជាការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋ គឺស្របតាមគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមអភិបាលខេត្តដដែលរូបនេះ បានឱ្យដឹងទៀតថា កន្លងមកនេះអាជ្ញាធរខេត្តបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងកិច្ចគាំពារបរិស្ថាន បានដឹកនាំសហការជាមួយមន្ទីរ អង្គភាព ជំនាញ ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិនានា ក៏ដូចជា ប្រជាពលរដ្ឋ និងវិស័យឯកជនក្នុងខេត្ត ឬពីចំងាយ និងអង្គការ ដៃគូពាក់ព័ន្ធនានា ចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុ ការពារ គុណភាព បរិស្ថាន និងការអភិរក្សធនធានធម្មជាតិរបស់ ខេត្តយើង ឱ្យប្រើប្រាស់បានយូរអង្វែងដល់អ្នក ជំនាន់ក្រោយ ។

ជាក់ស្តែងកន្លងមក ក្រសួងបរិស្ថាន បានសហការជាមួយ រដ្ឋបាល ខេត្តកែប និងមន្ទីរបរិស្ថានបង្កើតសកម្មភាព ដាំកូន កោងកាង នៅតំបន់ឆ្នេរសហគមន៍នេសាទភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប សរុបចំនួន ១២ ០០០ដើម ដើម្បីជា ប្រយោជន៍ក្នុងការបន្ស៊ាំទប់ស្កាត់នឹងការប្រែប្រួលអាកាសធាតុ ទាក់ទាញភ្ញៀវទេសចរ ការអភិរក្សជីវចម្រុះ ការប្រើប្រាស់ ធនធានធម្មជាតិឳ្យបានសមស្រប និងមាននិរន្តរភាព និងការ រស់នៅប្រកបដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍យូរ អង្វែងរបស់ប្រជាជនគ្រប់រូប និងគ្រប់ជំនាន់៕
ដោយ៖ឡាយ សាមាន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner