សត្វខ្ទីងមេ-កូនបានបង្ហាញវត្តមានជាថ្មីទៀតនៅតំបន់ការពារធម្មជាតិក្នុងខេត្តព្រះវិហារ

ភ្នំពេញ៖ ក្រុមមន្រ្តីឧទ្យានុរក្សនៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្ត ខេត្ត ព្រះវិហារ បានបញ្ជាក់ឱ្យដឹងនាល្ងាចថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ថា បានប្រទះឃើញសត្ខខ្ទីងចំនួន ២ក្បាល (មេ១ កូន១) ក្នុងពេលចុះល្បាតគ្រប់គ្រងធនធានធម្មជាតិ។ ពួកវាកំពុងដើររកស៊ីចំណី ជាមួយហ្វូងគោ នៅចំណុចភ្នំក្រៀល ស្ថិតនៅ ភូមិ ភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។

ទាក់ទិនក្នុងរឿងនេះ លោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថាន ខេត្ត ព្រះវិហារ បានឱ្យដឹងដែរថា៖ហ្វូងសត្វខ្ទីងនេះត្រូវបានគេឃើញពួកវាបង្ហាញវត្តមាននៅក្នុងភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។

សូមបញ្ជាក់ថា មន្រ្តីឧទ្យានុរក្ស បានធ្លាប់ប្រះឃើញ សត្វខ្ទីងមេ-កូនបែបនេះ ម្តងរួចមកហើយ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភ្នំ១០០ ស្ថិតនៅភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។

សត្វខ្ទីង គឺជាថនិកសត្វនៃពពួកគោសាទិស ស៊ីស្មៅ និងរុក្ខជាតិជាអាហា។ ខ្ទីងត្រូវការវាលស្មៅទំហំធំសម្រាប់ស៊ីជាចំណី។ វាមានមាឌធំជាងគេនៅក្នុង ចំណោមពពួកគោសាទិសនៅលើពិភពលោក។ ដោយសារតែខ្ទីងមានមាឌធំ ដូច្នេះវាពុំសូវមានសត្រូវច្រើនទេ។ សត្វខ្ទីងត្រូវបានកត់ត្រានៅក្នុងបញ្ជី ក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក។

នៅក្នុងប្រទេសកម្ពុជា គេប្រទះឃើញខ្ទីងមានវត្តមានភាគច្រើននៅតំបន់ការពារទេសភាពខ្ពង់រាបភាគខាង កើត ព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ បច្ចុប្បន្ន ពុំមានតួលេខប៉ាន់ស្មានផ្លូវការអំពីចំនួនសត្វខ្ទីងនៅ ក្នុងប្រទេសកម្ពុជាទេ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner