លោក ប៊ិន រ៉ាត់៖ ខ្ញុំសរសេរសៀវភៅ សម្រាប់ឱ្យអ្នកមិន ចូលចិត្ត អាន ឬមិនធ្លាប់អានសៀវភៅ ឱ្យចូលចិត្តអានសៀវភៅវិញ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ការបំពេញកិច្ចការក្នុងវិស័យតែងនិពន្ធក៏ដូចជាវិស័យ ដទៃទៀត ដែលមនុស្សភាគច្រើនតែងតែមានគោលដៅចង់បាន ភាពល្អប្រសើរក្នុងជីវភាពរស់នៅប្រចាំថ្ងៃពិសេសភាពរីកចម្រើនខាងហិរញ្ញវត្ថុ។ចំណែកមនុស្សមួយចំនួនតូចមិនបានគិតពីកត្តាទាំងពីរ ខាងលើនោះឡើយ គេអាចគិតលើកត្តាផ្សេងៗជាច្រើនដោយមិនបាន គិតពីវត្ថុបំណងទាំងពីរនេះ។

លោក ប៊ិន រ៉ាត់ ជាអ្នកនិពន្ធម្នាក់ដែលមិនបានគិតលើជីវភាព របស់ ខ្លួនឡើយ ទោះបីលោកត្រូវចំណាយពេលវេលា លុយកាក់លើការ និពន្ធនិងចែកចាយចំណេះដឹងនេះឡើង ហើយក្នុងការតែងនិពន្ធ លោកមានគោលបំណងមួយ និងគោលដៅពីរ។ គោលបំណង របស់លោកគឺ ដើម្បីបញ្ជ្រាបការអាននៅកម្ពុជាក៏ដូចជាចូល រួម បណ្ដុះធនធានមនុស្សក្នុងវិស័យអប់រំតាមដែលអាចធ្វើទៅបាន ជាពិសេស នៅតំបន់ដាច់ស្រយាល និងអ្នកខ្វះលទ្ធភាព ខណៈ គោលបំណងសំខាន់មួយទៀត គឺលោកសំដៅទៅលើមនុស្ស សំខាន់ពីរក្រុម។ គឺក្រុមដែលមិនធ្លាប់ឣានសៀវភៅ ឬមិនចូល ចិត្តអានសៀវភៅ និងក្រុមដែលកំពុងមានបំណងបោះបង់ការសិក្សា។

អ្នកនិពន្ធច្រើនណាស់សរសេរសៀវភៅសម្រាប់ឱ្យអ្នកចូលចិត្តអានសៀវភៅអាន ដោយឡែកលោក ប៊ិន រ៉ាត់ បែរជាសរសេរសៀវភៅ សម្រាប់ឱ្យអ្នកមិនចូលចិត្តអាន ឬមិនធ្លាប់អានសៀវភៅទៅវិញ។

លោកបានអះអាងថា ៖ «នេះអាចសន្មតថា ជារឿងខុសគេ មួយរបស់ខ្ញុំ។ ខ្ញុំដឹងថាបេសកកម្មនេះមិនងាយស្រួលពេកនោះទេ ប៉ុន្តែខ្ញុំបានធ្វើវា កំពុងធ្វើ និងបន្តធ្វើដោយក្ដីសង្ឃឹម។ ការណ៍ ដែលចង់ឱ្យអ្នកមិនមានទម្លាប់អានសៀវភៅងាកមកអាន និងអ្នក ដែលមានបំណងបោះបង់ការសិក្សា មកបន្តការសិក្សាវិញ មិនមែន ជារឿងធ្វើត្រឹមមួយថ្ងៃបានលទ្ធផល ឬងាយពេកនោះទេ។ ដូចនេះ ជាយុទ្ធសាស្រ្តដើម្បីឱ្យមនុស្សទាំងពីរក្រុមខាងលើនេះងាកមកចាប់អារម្មណ៍សៀវភៅ ឬអានសៀវភៅ ខ្ញុំព្យាយាមរក្សាសាមញ្ញភាពនៃ សៀវភៅ ទាំងអស់របស់ខ្ញុំ ទាំងអត្ថន័យ ខ្លឹមសារ និងក្របសៀវភៅ ជាពិសេស សៀវភៅទាំងអស់នោះទាក់ទងនឹងដំណើរជីវិតពិត ក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្ស»។

មួយផ្នែកទៀត សៀវភៅទាំងគ្រប់ចំណងជើងរបស់លោកបាន ផ្ដល់ជូនដោយឥតគិតថ្លៃសម្រាប់អ្នកខ្វះលទ្ធភាព លើសពី នេះក៏មានការផ្ដល់ជូនតាមសាលា បណ្ណាល័យភូមិ និងមណ្ឌល នានាផងដែរ។ ជាការរួមចំណែកបន្ថែម ជារៀងរាល់រាត្រី ក្នុង ហ្វេសប៊ុកផេក របស់លោកផ្ទាល់ (chhanrath Phumi-ភូមិ ឆាន់រ៉ាត់) ក៏មានការផ្សាយផ្ទាល់នាទីឆ្លើយសំណួរយក សៀវភៅ ទៀតផង។

គិតមកដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នាទីឆ្លើយសំណួរយក សៀវភៅ ដំណើរការផ្សាយបានចំនួន ២៥២ រាត្រីមកហើយ ជាមួយនឹងការផ្ដល់ជូនសៀវភៅពីគ្រប់គ្រឹះស្ថានបោះពុម្ពផ្សាយចំនួនប្រហែលជាង ៦០០ក្បាល និងសំណួរចំណេះដឹងទូទៅប្រហែល ជាង៤០០ សំណួរ ទៅអ្នកចូលរួមទាំងអស់។

សូមបញ្ជាក់ដែរថា នាទីឆ្លើយសំណួរយកសៀវភៅ មាន មហិច្ឆតានៃកាផ្ដល់ជូនសៀវភៅចំនួន ១ ០០០ក្បាល ដោយឥត គិតថ្លៃទៅសាធារណជនក្នុងរយៈពេល ៣៦៥ថ្ងៃ។ ស្នាដៃ សំខាន់ៗ របស់លោក ប៊ិន រ៉ាត់ មានដូចជា «អតីតកាលដ៏រីករាយ» ជា សៀវភៅទីមួយដែលរៀបរាប់អំពីជីវិតកុមារភាព(បឋមវ័យ) ជាដំណាក់កាលបំបូង និងជាគ្រាដ៏រីករាយបំផុងក្នុងដំណើរជីវិត។ សៀវភៅទីពីរ «រឿងជីវិត(ព្រលឹត)» ជាប្រលោមលោកដែល លើកយកបញ្ហា និងដំណោះស្រាយជីវិតជាក់ស្ដែងក្នុងការ រស់នៅប្រចាំថ្ងៃ (មជ្ឈិមវ័យ) មកបរិយាយ និងបញ្ជាក់ថានេះ ជារឿងជីវិត។ រីឯ សៀភៅទី៣ «ថ្ងៃរសៀល» ជាសៀវភោដែល រៀបរាប់អំពីបញ្ហាជីវិត ក្នុងបច្ឆិមវ័យ គឺវ័យចុងក្រោយជីវិត ឬឣ្នក ដែលមានបញ្ហាសុខភាពជាប់ខ្លួនរ៉ាំរ៉ៃ។

ក្នុងបេសកកម្មដ៏មានតម្លៃរបស់លោក ប៊ិន រ៉ាត់ លោកបានឱ្យដឹងថា ៖ «សម្រាប់ខ្ញុំ ត្រឹមរយៈពេល ៥-១០ ឆ្នាំក្រោយ ប្រសិនបើមានមនុស្ សណាម្នាក់ដើរមកជិតខ្ញុំ ហើយប្រាប់ខ្ញុំថា អរគុណបង ប្រសិន បើខ្ញុំមិន បានអានសៀវភៅរបស់បង ម្ល៉េះខ្ញុំឈប់រៀនបាត់ហើយ…»។ អ្នកនិពន្ធរូបនេះ បានបន្តទៀតថា ៖ «ឬក៏ អរគុណបង ប្រសិន បើខ្ញុំមិនបានអានសៀវភៅបង ម៉្លេះខ្ញុំមិនចាប់ផ្ដើមអាន សៀវភៅ ទេ…។ ប្រយោគទាំងអស់នេះជាក្ដីសុខរបស់ខ្ញុំ»។

លោកបានបន្តដោយស្នាមញញឹមនិងបន្ថែមថា និយាយឱ្យខ្លី បើ សៀវភៅទាំងអស់របស់លោកណាមួយ អាចអូសទាញមនុស្សពីរក្រុម ខាងលើមកកាន់សៀវភៅអានបាន ឬបន្តការសិក្សាបានវិញត្រឹមមួយ នាក់ នោះគឺជាជោគជ័យដ៏ធំមួយសម្រាប់កិច្ចការតែងនិពន្ធ របស់ លោក។

លោក ប៊ិន រ៉ាត់ បានផ្ដល់ទស្សនៈផ្ទាល់ខ្លួនថា ៖ «ការមិននឹកនា និងការព្រងើយកន្ដើយពីការអានសៀវភៅ ជាជម្រើសរបស់យើង។ ប៉ុន្តែការមិនស្វែងរកការអប់រំ ចំណេះដឹង ព័ត៌មាន និងបទពិសោធ ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួន ជារឿងគួរឱ្យស្ដាយក្នុងកំ ណើតជា មនុស្ស»៕
ដោយ៖ហ៊ួន ស៊ីឡូន

ads banner