ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road នៅខេត្តមណ្ឌលគិរី រួមចំណែកលើកស្ទួយកីឡានិងទេសចរណ៍កម្ពុជា

(មណ្ឌលគិរ)៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road សន្តិភាព មណ្ឌលគិរី ២០២៣ ដែលបានរៀបចំឡើងនៅទីលាន១២ម៉ូទ័រផាកជាលើកដំបូងនោះ ត្រូវបានបិទបញ្ចប់ជាមួយភាពជោគជ័យ និងទទួលបានការវាយតម្លៃថាបានរួមចំណែកយ៉ាងធំធេងក្នុងការលើកស្ទយយវិស័យកីឡាយានយន្ត និងទេសចរណ៍ជាតិ ពីសំណាក់ថ្នាក់ដឹកនាំ កីឡាករជាតិ-អន្តរជាតិ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ក៏ដូចជាអ្នកចូលរួមទាំងអស់គ្នា។

គួរជម្រាបថា ព្រឹត្តិការណ៍ប្រណាំងយានយន្តដ៏លំដាប់អន្តរជាតិនេះដំណើរការទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣ ដោយមានការប្រកួតកីឡាប្រណាំងយានយន្ត៣ប្រភេទដ៏គគ្រឹកគគ្រេងមិនធ្លាប់មានពីមុនមកនៅកម្ពុជា ក្នុងនោះរួមមានការប្រកួតរថយន្តឆ្លងកាត់ឧបសគ្គ Rally ការប្រកួតរថយន្តឆ្លងកាត់ឧបសគ្គ Off Road និងការប្រកួតម៉ូតូហោះ (Motocross) អមជាមួយការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទីលាន១២ម៉ូទ័រផាក ដែលជាទីលានប្រណាំងយានយន្តលំដាប់អន្តរជាតិធំជាងគេនិងដំបូងគេនៅកម្ពុជា ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

នាឱកាសបិទព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road នាល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា ការដឹកនាំរៀបចំឱ្យមានការប្រកួតកីឡាយានយន្តមកដល់ខេត្តមណ្ឌលគិរីនេះ គឺបានផ្ដល់ឱ្យប្រជាជនក្នុងខេត្តមណ្ឌលគិរី ខេត្តជិតខាងជុំវិញ ក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តភាគឦសាន បានទស្សនាដោយផ្ទាល់នូវការប្រកួតរថយន្ត Rally រថយន្ត Off Road និងម៉ូតូហោះ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរនៅខេត្តមណ្ឌលគិរីយ៉ាងច្រើនថែមទៀត។

លោកអភិបាលខេត្តបានបន្តថា តាមរយៈព្រឹត្តិការណ៍នេះគឺបានទាក់ទាញឱ្យភ្ញៀវទេសចរអន្តរជាតិកាន់តែស្គាល់ខេត្តមណ្ឌលគិរី ហើយប្រជាពលរដ្ឋកម្ពុជាដែលរស់នៅខេត្តផ្សេងៗ ក៏បានមកឃើញទិដ្ឋភាពខេត្តមណ្ឌលគិរីដោយផ្ទាល់ផងដែរ។

លោក ថង សាវុន ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ដល់ក្រុមការងាររបស់ទីលាន១២ម៉ូទ័រផាក ដែលបានសហការរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road ជាមួយអាជ្ញាធរខេត្ត ក៏ដូចជាភាគីពាក់ព័ន្ធប្រកបដោយជោគជ័យ។ ពិសេសទៀតនោះ លោកអភិបាលខេត្តក៏ចង់ឱ្យមានព្រឹត្តិការណ៍នេះនៅពេលក្រោយៗទៀតដែរ ដើម្បីទាក់ទាញការចូលរួមរបស់កីឡាករ-កីឡាការនី ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ក៏ដូចជាអ្នកចូលរួមឱ្យកាន់តែច្រើន។

លោកយ៉ាងដូច្នេះថា «យើងនឹងអាចមានពេលវេលាសមស្របណាមួយក្នុងការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាបែបនេះនៅពេលខាងមុខទៀត និងឱ្យបានកាន់តែល្អជាងនេះ និងឱ្យកាន់តែផុលផុសជាងនេះ។ ថ្វីដ្បិតនេះជាបទពិសោធន៍លើកទី១ តែសម្រាប់លើកទី២យើងនឹងរៀបចំទទួលបដិសណ្ឋារកិច្ចឱ្យបានល្អជាងនេះ ហើយសម្រាប់ក្រុមកីឡាករនឹងមកប្រកួតនៅទីលាន១២ម៉ូទ័រផាកនេះឱ្យកាន់តែច្រើនទៀតដែរ»។

ជាមួយគ្នានោះ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ទីលាន១២ម៉ូទ័រផាកជាទីលានថ្មី ហើយបង្កើតព្រឹត្តិការណ៍នេះជាលើកដំបូងហើយធំគគ្រឹកគគ្រេងទៀត ដូច្នេះគឺជាព្រឹត្តិការណ៍ទាក់ទាញភ្ញៀវទេសចរដ៏ធំសម្រាប់កម្ពុជា ពីព្រោះវិស័យកីឡា និងវិស័យទេសចរណ៍នេះតែងតែផ្សារភ្ជាប់គ្នា។

លោករដ្ឋលេខាធិការបានចាត់ទុកទីលាន១២ម៉ូទ័រផាក គឺជាផលិតផលទេសចរណ៍ថ្មីដែលបង្កើតឡើងនៅខេត្តមណ្ឌលគិរី ពិសេសគឺសម្រាប់ផ្ដល់ឱ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋអាចមកទស្សនាកម្សាន្តដោយឥតគិតថ្លៃ ឬអាចនិយាយបានថាជាមេដែកស្រូបទាញចរន្តភ្ញៀវទេសចរមកកាន់ខេត្តមណ្ឌលគិរី។

លោក ហោ សារុន ក៏បានពិភាក្សាជាមួយលោកអភិបាលខេត្ត និងលោកប្រធានក្រុមប្រឹក្សាខេត្ត អំពីការរៀបចំឱ្យមានរៀបចំព្រឹត្តិការណ៍កីឡានិងទេសចរណ៍ផ្សេងៗទៀត សម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យមកស្គាល់ខេត្តមណ្ឌលគិរីឱ្យបានច្រើន និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរអញ្ជើញមកទស្សនាកម្សាន្តនៅខេត្តមណ្ឌលគិរី ពិសេសគឺទីលាន១២ម៉ូទ័រផាក ដែលជាទីលានប្រណាំងយានយន្តលំដាប់អន្តរជាតិដំបូងគេនៅកម្ពុជា ស្វែងយល់ពីវិស័យកីឡាប្រណាំងរថយន្ត ប្រណាំងម៉ូតូដោយផ្ទាល់។

សូមជម្រាបថា ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារដ្ឋបាលខេត្តមណ្ឌលគិរី សុទ្ធតែមានសុទិដ្ឋិនិយមថា ការរៀបចំឱ្យមានព្រឹត្តិការណ៍នេះបាន ក៏ដោយសារប្រទេសកម្ពុជាមានសន្តិភាពដែលបានជំរុញឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ រាប់ទាំងការអភិវឌ្ឍធនធានមនុស្សដែលមានជំនាញបច្ចេកទេសក្នុងការអភិវឌ្ឍយានយន្ត និងធនធានមនុស្សដែលមានសមត្ថភាពក្នុងការរៀបចំទីលានដ៏ធំបែបនេះ និងការរៀបចំឱ្យមានការប្រកួតលំដាប់អន្តរជាតិបែបនេះផងដែរ។ ម្យ៉ាងទៀតសន្តិភាពក៏បានផ្ដល់ឱ្យប្រជាពលរដ្ឋបានធ្វើដំណើរកម្សាន្តទៅគ្រប់ទីកន្លែង តាមរយៈការធ្វើដំណើរលើផ្លូវដ៏ច្រើនខ្វាត់ខ្វែងតភ្ជាប់ទៅមកគ្រប់គោលដៅទេសចរណ៍ តួយ៉ាងដូចជាគោលដៅខេត្តមណ្ឌលគិរីនេះជាដើម។

កីឡាករជាតិនិងអន្តរជាតិដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ក៏សុទ្ធតែបានបញ្ជាក់ពីការចូលរួមប្រកួតប្រកបដោយភាពរីករាយ ដោយសារនៅលើទីលានដ៏ធំមួយនេះ ពួកគេអាចបញ្ចេញសមត្ថភាពយ៉ាងពេញទំហឹង ពិសេសកីឡាករក្នុងប្រទេស ដែលពួកគេពេញចិត្តចំពោះការរៀបចំព្រឹត្តិការណ៍នេះគឺធំធេងមែនទែន។

កីឡាករកម្ពុជា លោក វង្ស គឹមហួត ប្រណាំងរថយន្ត Off Road បានបញ្ជាក់ថា លោកធ្លាប់ចូលរួមប្រកួតនៅបរទេសច្រើនដង ហើយបានមើលឃើញទីលាននៅបរទេសនោះគឺធំៗមែនទែន ប៉ុន្តែចាប់ពីពេលនេះទៅ កម្ពុជាគឺមានទីលាន១២ម៉ូទ័រផាកនេះមួយសម្រាប់ទទួលរៀបចំការប្រកួតដូចនៅប្រទេសគេបាន។ កីឡាករកម្ពុជាចាស់វស្សារូបនេះបានមើលឃើញពីចលនានៃការចូលរួមរបស់កីឡាករថ្មីៗ ដែលនឹងអាចជំរុញដល់វិស័យកីឡាប្រណាំងយានយន្តនៅកម្ពុជាកាន់តែផុសផុល។

កីឡាករ ពន្ធនុទ្ធាគិត បុត្រប្រវត្តិ (Pound Nuttakit Bootprawat) និងកីឡាករ ស្យាម ទានចម្រើនពល (Siam Tiancharoenphol) ដែលជាកីឡាករប្រណាំងម៉ូតូហោះមកពីប្រទេសថៃ ក៏បានបង្ហាញនូវក្ដីសោមនស្សរីករាយដែលបានមកចូលរួមប្រកួតលើកដំបូងនៅកម្ពុជា ដោយពួកគេក៏បានកោតសរសើរទៅលើការរៀបចំនៅទីលាន១២ម៉ូទ័រផាក ក៏ដូចជាការរៀបចំផ្លូវប្រកួតគឺមានគ្រប់សណ្ឋានដែលស័ក្តិសមសម្រាប់ការប្រកួតលំដាប់អន្តរជាតិ។

ជាអ្នករស់នៅខេត្តមណ្ឌលគិរីផ្ទាល់ យុវសិស្ស ពេជ្រ វណ្ណា និងមិត្តភក្តិក៏បាននាំគ្នាមកទស្សនាការប្រកួតកីឡាយានយន្តនេះដែរ។ វណ្ណា បានបញ្ជាក់ថា នេះជាលើកទី១ហើយដែលគេបានទស្សនាដោយផ្ទាល់នូវការប្រណាំងម៉ូតូហោះ ដោយធ្លាប់តែទស្សនាតាមរយៈវីដេអូនៅប្រទេសដទៃ ហើយក៏ចង់ឱ្យមាននៅក្នុងប្រទេសខ្លួនយូរមកហើយដែរ ដូច្នេះការរៀបចំឱ្យមានការប្រកួតនៅខេត្តមណ្ឌលគិរីនេះ គឺពិតជាត្រូវចិត្តមែនទែនសម្រាប់ក្រុមយុវជនទាំងនេះ។

កញ្ញា ឌុក កក្កដា ជាសមាជិកក្រុមការងារ១រូបក្នុងការរៀបចំព្រឹត្តិការណ៍នេះ ក៏បានបង្ហាញនូវអាមរ្មណ៍សប្បាយរីករាយ នៅពេលបានចូលរួមជួយឱ្យព្រឹត្តិការណ៍នេះដំណើរការទៅដោយរលូន។ កក្កដា បានបន្តថា កញ្ញាធ្លាប់តែចូលរួមជាមួយក្រុមការងាររៀបចំការប្រណាំងកង់នៅខេត្តសៀមរាប ខេត្តកោះកុង ខេត្តព្រះសីហនុជាដើម ប៉ុន្តែនៅពេលមកចូលរួមនៅខេត្តមណ្ឌលគិរីនេះវិញ គឺពិតជាប្លែកភ្នែកមែនទែន ដោយកញ្ញាក៏ចង់ឱ្យកម្ពុជាមានទីលានប្រណាំង និងការប្រណាំងបែបនេះដូចនៅបរទេសផងដែរ។

បើតាមលោក ចាន់ វិចិត្រ ប្រធានគណៈកម្មការខ្លឹមសារនិងផ្សព្វផ្សាយព្រឹត្តិការណ៍នេះ បានឱ្យដឹងថា ចំពោះការប្រកួតយានយន្តទាំង៣ផ្នែក គឺរថយន្តឆ្លងកាត់ឧបសគ្គ Rally មានរយៈពេល១ថ្ងៃ នៅថ្ងៃទី១៣ ដែលមានលោក វង្ស គឹមហួត ជាប្រធានគណៈកម្មការរៀបចំការប្រកួត, រថយន្តឆ្លងកាត់ឧបសគ្គ Off Road មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ដែលមានលោក ព្រំ រស្មី ជាប្រធានគណៈកម្មការរៀបចំការប្រកួត និងម៉ូតូហោះ (Motocross) មានរយៈពេល១ថ្ងៃ នៅថ្ងៃទី១៥ ដែលមានលោក ឈឹម នរិន្ទ (ហៅ វ៉ែនអង្គរ) ជាប្រធានគណៈកម្មការរៀបចំការប្រកួត។

លោក ចាន់ វិចិត្រ បានបន្តថា ក្នុងរយៈពេល៣ថ្ងៃនេះ ការរៀបចំទីលាននាពេលដំណើរការព្រឹត្តិការណ៍ ការរៀបចំការប្រកួតគ្រប់ផ្នែកទាំង៣ ការស្នាក់នៅរបស់កីឡាករ និងការចូលរួមទស្សនារបស់ប្រជាពលរដ្ឋ គឺបានប្រព្រឹត្តទៅដោយរលូន មានភាពអធិកអធម ប្រជាពលរដ្ឋមកទស្សនាកុះករក្រៃលែង រីឯសុវត្ថិភាពរបស់កីឡាករក្នុងពេលប្រកួតឆ្លងកាត់ឧបសគ្គលំបាកៗខ្លាំងទៀតសោត ក៏មិនមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់ផងដែរ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner