សមត្ថកិច្ចបញ្ជូនមេតុងទីនអនឡាញ អឿន មូលីកា ទៅតុលាការ ដេីម្បីសួរនាំតាមបណ្ដឹងថ្មីមួយទៀត

ភ្នំពេញ ៖ កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ មេតុងទីនអនឡាញឈ្មោះ អឿន មូលីកា ដែលកំពុងជាប់ពន្ធនាគារ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរតាមពាក្យបណ្ដឹងថ្មីមួយទៀតដែលជាប់ពាក់ព័ន្ធអំពើឆបោក ។ នេះបើយោងតាមដីកាបង្គាប់ឱ្យនាំខ្លួនជនជាប់ចោទ អឿន មូលីកា របស់លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាលាដំបូងបានបញ្ជាក់ថា សំណុំរឿងឆបោកដែលលោកព្រះរាជអាជ្ញារង សេង ម៉េងស្រ៊ុន ចាត់ការនេះមានដើមបណ្ដឹងឈ្មោះ វឿន ដាវីន ភេទស្រី អាយុ ២១ឆ្នាំ ជាអ្នកប្ដឹង ប៉ុន្តែមានទឹកប្រាក់ឆបោកប៉ុន្មាននោះមិនត្រូវបានដឹងទេ ។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនមេតុងទីនអនឡាញ អឿន មូលីកា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ« មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ពោលគឺពាក់ព័ន្ធចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ (សែកស្អុយ) ប្រមាណ ៣៦៥០០០ដុល្លារអាមេរិក។

គួរបញ្ចាក់ថា អឿន ម៉ូលីកា ភេទស្រី អាយុ២៧ឆ្នាំ (១៩៩៥) មុខរបរជាអ្នករកស៊ី មានទីលំនៅផ្ទះលេខ១០ បុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីការស៊ើបសួររយៈពេល២ថ្ងៃមក លោកស្រីចៅក្រមក៏បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២តែម្តងទៅ។

តាមប្រភពព័ត៌មានបង្ហើបឱ្យដឹងថាឈ្មោះ អឿន ម៉ូលីកា បានជាប់ពាក់ព័ន្ធលើពាក្យបណ្តឹង២ ដែលសុទ្ធតែជាបទល្មើសព្រហ្មទណ្ឌចេញសែកស្អុយ ស្មើទឹកប្រាក់ប្រមាណ ៣៦៥ ០០០ដុល្លារអាមេរិក។

ដោយពាក្យបណ្តឹងទី១-នាង អឿន ម៉ូលីកា ចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ចំនួន ៣០ ម៉ឺនដុល្លារអាមេរិកឱ្យទៅឈ្មោះ សម្ផស្ស សូលីដា អ្នកលេងតុងទីនជាមួយគ្នា និងពាក្យបណ្តឹងទី២- នាង អឿន ម៉ូលីកា បានចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ឱ្យទៅឈ្មោះ ទី ចាន់នូ ចំនួន ៦៥ ០០០ដុល្លារអាមេរិក ក៏ជាអ្នកលេងតុងទីនដែរ ដើម្បីយកទៅទិញរថយន្ត ដោយជនសង្ស័យបានអះអាងថា ខ្ចីមិនដល់មួយខែទេនឹងប្រគល់ប្រាក់សងវិញគ្រប់ចំនួន ទីបំផុតចេញសែកស្អុយមួយសន្លឹក ហើយឥឡូវនេះមានបណ្ដឹងថ្មីមួយទៀតដែលប្ដឹងដោយស្ត្រីឈ្មោះ វឿន ដាវីន ពាក់ព័ន្ធនឹងបទឆបោកដដែល៕

ដោយ ៖ ប៊ុនធី និងភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner