សម្តេចតេជោ ហ៊ុន សែន ត្រូវបានគាំទ្រ ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត

ភ្នំពេញ៖ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹង សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ។

នេះបើតាមសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបាននៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ក្រោយបញ្ចប់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស ដែលបានដំណើរការនៅថ្ងៃទី២៨ និង ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេច ក្រឡាហោម ស ខេង, សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចពិជ័យសេនា ទៀ បាញ់, លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល។

តំណាងដែលបានអញ្ជើញចូលរួមមហាសន្និបាត រួមមាន សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល, មន្ត្រីគណបក្សជាសមាជិក សមាជិកាន រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល, មន្ត្រីជាន់ខ្ពស់ និងតំណាងនៃគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងបណ្តាអង្គការមហាជនរបស់គណបក្ស ដែលមានចំនួនសរុប ៣ ៥៥៨ រូប។

មហាសន្និបាត បានដំណើរការតាមរបៀបវារៈ និងបានសម្រេចលទ្ធផលដូចខាងក្រោម ៖

ក- ពិភាក្សា និងអនុម័ត “របាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ និងទិសដៅ ភារកិច្ច ឆ្នាំ ២០២៣- ២០២៨។

ខ- ពិភាក្សា និងអនុម័ត “កម្មវិធីនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និង ការពារមាតុភូមិ ឆ្នាំ ២០២៣-២០២៨។

គ- វាយតម្លៃអំពីការអនុវត្តភារកិច្ចឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ។

ឃ- គាំទ្រពេញទំហឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner