ឯកឧត្តម លី ធុជ៖ ការធ្លាក់ខ្លួនពិការដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មិនមែនជាជម្រើស របស់ប្រជាពលរដ្ឋ ទេ

អត្ថបទដោយ៖
CPA

ស្វាយរៀង៖ការធ្លាក់ខ្លួនពិការដោយសារគ្រាប់មីន និងសំណល់ ជាតិផ្ទុះពីសង្រ្គាម មិនមែនជាជម្រើសរបស់ប្រជាពលរដ្ឋទេ តែវាបានកើតចេញពីប្រវត្តិសាស្រ្តពិតនៃការបែកបាត់សាមគ្គី និងជម្លោះផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ ដែលនាំឱ្យមានសង្រ្គាមអូស បន្លាយអស់ជាងបីទសវត្សរ៍នៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានលើកឡើងដូចនេះ ក្នុងកំឡុងពេលលោក នាំយកអំណោយ ប្រគល់ជូនជនមានពិការភាពដោយសារគ្រាប់មីន និងសំណល់ ជាតិ ផ្ទុះពីសង្រ្គាមពីសង្កាត់ទាំង ៥ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តមមានប្រសាសន៍ថា ៖ « ការធ្លាក់ខ្លួនពិការដោយសារ គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មិនមែនជាជម្រើស របស់ប្រជាពលរដ្ឋទេ វាកើតចេញពីប្រវត្តិសាស្រ្តពិតនៃ ការបែក បាត់សាមគ្គី និងជម្លោះផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ ដែលនាំឱ្យមាន សង្រ្គាមអូសបន្លាយអស់ជាងបីទសវត្សរ៍នៅកម្ពុជា»។

ឯកឧត្តម លី ធុជ បានបន្តថា ៖ «ការរក្សាឲ្យបាននូវសន្តិភាព គឺជាគុណតម្លៃដែលនាំឲ្យប្រទេសជាតិមានរីកចំរើន ហើយ ជីវភាពរបស់ប្រជាពលរដ្ឋទាំងអស់កាន់តែប្រសើរឡើង តាម រយៈការទទួលបាននូវឱកាសការងារ ប្រាក់ចំណូល និងការអភិវឌ្ឍ នៅមូលដ្ឋាន»។
ក្នុងឱកាសនោះឯកឧត្តមក៏បានលើកឡើងពីតម្លៃនៃសន្លឹកឆ្នោតនាពេលខាងមុខផងដែរ ដែលជាសន្លឹកឆ្នោតគាំទ្រសន្តិភាព និង ការអភិវឌ្ឍ ហើយសន្លឹកឆ្នោតនេះ នឹងនាំមកនូវឱកាសការងារ យ៉ាង ច្រើនសន្ធឹកសន្ធាប់ និងប្រាក់ចំណូលសម្រាប់គ្រួសារ គ្រប់ គ្នាទាំងអស់។

សូមបញ្ជាក់ផងដែរទាក់ទងនឹងគ្រាប់មីន និងសំណល់ជាតិ ផ្ទុះពី សង្រ្គាមនេះ ឯកឧត្តម លី ធុជ បានឱ្យដឹងថា តាមរយៈគម្រោង សម្តេចតេជោសម្រាប់សកម្មភាពមីន មូលនិធិកម្ពុជាគ្មាន មីន ឆ្នាំ២០២៥ និងដៃគូអភិវឌ្ឍន៍ នៅឆ្នាំ២០២៣ ផ្ទៃដីមានមីន ប្រមាណ ៤១១ គីឡូម៉ែត្រក្រឡា មាននៅក្នុងផែន ការធ្វើការ បោសសម្អាត។

ឯកឧត្តមបញ្ជាក់ថា ៖ «កម្ពុជានឹងមានរាជធានី ខេត្ត ចំនួន ១៨ ត្រូវបានប្រកាស រាជធានី ខេត្តអស់មីន ហើយខេត្តចំនួន ប្រាំពីរ ទៀត នឹងត្រូវដាក់ផែនការបោសសម្អាតឱ្យអស់ត្រឹមឆ្នាំ២០២៥ រួមមាន ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ»។

ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេម រ ភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក ធ្លាប់បានលើកឡើងដែរថា នៅពេលដែលកម្ពុជាអស់មីន គឺប្រជាពលរដ្ឋនឹងលែងធ្លាក់ ខ្លួន ពិការ ឬស្លាប់បាត់បង់ជីវិតដោយសារគ្រាប់មីនបន្តទៀតហើយ ហើយដីស្រែចម្ការរាប់ពាន់ហិចតានឹងត្រូវរំដោះចេញពីឃាតករលាក់មុខមួយនេះផងដែរ។

សូមបញ្ជាក់ឱ្យដឹងផងដែរថា ខេត្តកំពង់ចាម នឹងរៀបចំធ្វើពិធី អបអរ សារទរការប្រកាសខេត្តកំពង់ចាមអស់មីន ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី ១៦ ខែកុម្ភ: ខណៈដែលខេត្តស្វាយរៀង ក៏នឹងរៀបចំ ពិធីអបអរសារទរការប្រកាសខេត្តនេះអស់មីន នៅថ្ងៃទី ២០ ខែកុម្ភ: ឆ្នាំ២០២៣ នាពេលខាងមុខ។

ដោយសារឡែក កាលពីព្រឹកថ្ងៃទី២៨ ខែមករា មានករណីផ្ទុះ គ្រាប់ កែឆ្នៃ នៅក្នុងផ្ទះជនរងគ្រោះ ភូមិកន្ទាក ឃុំសាគ្រាម ស្រុក ប្រាសាទ បល្ល័ង្ក ខេត្តកំពង់ធំ ដែលបានបណ្តាលឱ្យបុរសម្នាក់ អាយុ៤២ឆ្នាំ បានស្លាប់បាត់បង់ជីវិតនៅខណៈពេល បញ្ជូន មកកាន់មន្ទីរពេទ្យ។

ក្នុងករណីនេះ អាជ្ញាធរមីន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ កុំប៉ះពាល់ វាយដំ កែច្នៃមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលវាអាចបណ្តាលឱ្យស្លាប់ របួស ពិការគ្រប់ពេល ហើយ ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និង ប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល៕
ដោយ៖នាង សុគន្ធា

ads banner