លោកហ្សេលេនស្គី ៖ អ៊ុយក្រែនត្រូវការជំនួយសព្វាវុធបន្ថែមឱ្យបានលឿនជាងមុន
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃអាទិត្យសប្តាហ៍មុននេះ បាននិយាយថា ប្រទេសរបស់គាត់ត្រូវការគ្រឿងសព្វាវុធថ្មី និងការចែកចាយឱ្យបានលឿនជាងមុន ដើម្បីប្រឈមមុខនឹងស្ថានភាព “តឹងតែង” នៃការវាយប្រហារឥតឈប់ឈររបស់កងកម្លាំងរុស្ស៊ី នៅក្នុងតំបន់ដូណេត ភាគខាងកើត។
លោក ហ្សេលេនស្គី បាននិយាយតាមវីដេអូនៅពេលយប់របស់គាត់ថា ស្ថានការណ៍គឺតឹងតែងណាស់។ តំបន់ Bakhmut, Vuhledar និងវិស័យផ្សេងទៀតនៅក្នុងតំបន់ដូណេត ទទួលរងការវាយប្រហារពីរុស្ស៊ីជាបន្តបន្ទាប់។ មានការព្យាយាមឥតឈប់ឈរ ដើម្បីទម្លុះការការពាររបស់យើង។ លោក ហ្សេលេនស្គី បន្ថែមថា រុស្ស៊ីចង់ឱ្យសង្រ្គាមអូសបន្លាយ និងកម្លាំងរបស់យើងចុះខ្សោយ។
ដូច្នេះយើងត្រូវការសព្វាវុធបន្ថែមទៀត… យើងត្រូវបង្កើនល្បឿនព្រឹត្តិការណ៍ បង្កើនល្បឿនការផ្គត់ផ្គង់ និងបើកជម្រើសអាវុធថ្មីសម្រាប់អ៊ុយក្រែន។
លោក ហ្សេលេនស្គី បានចេញការអំពាវនាវចុងក្រោយរបស់គាត់ ដើម្បីការបង្កើនការដឹកជញ្ជូនអាវុធបន្ថែមទៀត ប៉ុន្មានថ្ងៃបន្ទាប់ពីអាល្លឺម៉ង់ និងសហរដ្ឋអាមេរិកបានដឹកនាំបណ្តាប្រទេសដែលយល់ព្រមផ្គត់ផ្គង់រថក្រោះទំនើប។
លោក ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បាននិយាយថា អ៊ុយក្រែនត្រូវការមីស៊ីល ATACMS ផលិតដោយសហរដ្ឋអាមេរិកដែលមានចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ប៉ុន្តែរហូតមកទល់ពេលនេះ ទីក្រុងវ៉ាស៊ីនតោនបានបដិសេធមិនផ្គត់ផ្គង់៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ទីណា