អ្នកវិភាគចៅចាក់ស្មុក៖ តើ សម រង្ស៊ី និង រ៉ុង ឈុន ដែលម្នាក់ធ្វើជាប្រធានស្រមោល និងម្នាក់ទៀតលាក់មុខយូរហើយប្រកាសធ្វើនយោបាយជាចំហជាពរជ័យ ឬជាបណ្តាសាសម្រាប់គណបក្សភ្លើងទៀន?

ភ្នំពេញ៖ តាមលិខិតអញ្ជើញដែលបានបែកធ្លាយ និងបើគ្មានអ្វីប្រែប្រួលទេ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ថ្នាក់ដឹកនាំនៃគណបក្សភ្លើងទៀនបាននិងកំពុងជួបប្រជុំគ្នានៅសណ្ឋាគារឈ្មោះ Smilling ក្នុងក្រុងសៀមរាបដែលជាទីតាំងប្រើប្រាស់ដើម្បីពិភាក្សាកំណត់យុទ្ធសាស្ត្រនិងគោលនយោបាយគណបក្សសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ខាងមុខ ក្នុងនោះក៏មានលោក រ៉ុង ឈុន និងប្រធានស្រមោលនៃបក្សភ្លើងទៀន គឺទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី និងបក្ខពួកដែលកំពុងគេចខ្លួននៅក្រៅប្រទេសក៏នឹងចូលរួមកិច្ចប្រជុំនេះតាមប្រព័ន្ធហ្សូមផងដែរ។ នេះបើតាមសារដែលបានបង្ហោះតាមហ្វេសប៊ុកឈ្មោះ «ខ្ញុំជា សម រង្ស៊ី»។

លទ្ធផលនៃកិច្ចប្រជុំថ្ងៃទី៩ និងទី១០ នឹងកំណត់សេណារីយ៉ូសម្រាប់សមាជគណបក្សដែលគ្រោងធ្វើនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។ តើ ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី និង រ៉ុង ឈុន ដែលទើបប្រកាសចូលរួមជាចំហជាមួយគណបក្សភ្លើងទៀន ខណៈបុគ្គលម្នាក់នេះបានធ្វើសកម្មភាពជ្រកក្រោមដំបូលសង្គមស៊ីវិល «សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ»ធ្វើសកម្មភាពបម្រើនយោបាយបក្សប្រឆាំងតាំងពីយូរយារណាស់មកហើយ គឺជាពរជ័យ ឬក៏ជាបណ្តាសាសម្រាប់គណបក្សភ្លើងទៀន ដែល ធ្លាប់ទទួលការព្រមានរួចមកហើយថានឹងត្រូវប្រឈមមុខនឹងការរំលាយដោយសារតែមានភស្តុតាងច្រើនធ្វើសកម្មភាពជាប់ទាក់ទងនឹងទណ្ឌិត សម រង្ស៊ី និងអ្នកទោសផ្សេងទៀតដូចជា អេង ឆៃអ៊ាង និងឡុង រីជាដើម?

ចំពោះទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី គឺច្បាស់ណាស់បានខិតខំធ្វើសកម្មភាពជាប្រធានបក្សស្រមោល ហើយ សេង ធារី ដែលកំពុងជាប់ពន្ធនាគារពីអំពើក្បត់ជាតិ និងឧបឃាតក៏ធ្លាប់បានបញ្ជាក់តាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយរួចហើយថាសម រង្ស៊ី បានបញ្ជាគណបក្សភ្លើងទៀនពីក្រោយ។ អ្នកដែលអនុវត្តបទបញ្ជាដោយផ្ទាល់ត្រូវគេដឹងថាគឺឈ្មោះ លី សុខារ៉ាយុត្តិ ជាអគ្គលេខាធិការគណបក្សភ្លើងទៀន និងជាអនុប្រធានអង្គការ NDI ប្រចាំនៅកម្ពុជា។ ករណីដែលនៅកិច្ចប្រជុំ និងសមាជនៅថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ មានការចូលរួមដឹកនាំពីទណ្ឌិត សម រង្ស៊ី នោះប្រាកដណាស់ បក្សភ្លើងទៀន នឹងទទួលបានបណ្តាសាពីច្បាប់ស្តីពីគណបក្សនយោបាយដែល ហាមឃាត់មិនឱ្យគណបក្សនយោបាយមានទំនាក់ទំនងធ្វើសកម្មភាពជាមួយអ្នកទោស ដែលប្រឈមមុខនឹងការរំលាយបក្ស ស្របតាមច្បាប់។ ម្យ៉ាងទៀត ចាប់តាំងពីការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់មក មានភស្តុតាងជាច្រើន បង្ហាញពីទំនាក់ទំនងរវាងទណ្ឌិត សម រង្ស៊ី និងគណបក្សភ្លើងទៀន និងបានយកទីតាំងវត្តភ្នំសេរីរបស់សង្ឃទ្រុស្តសីល ប៊ុត ប៊ុនតិញ នៅសហរដ្ឋអាម៉េរិកជាកន្លែងជួបជុំនិងរៀបចំយុទ្ធសាស្ត្រ និងជាកន្លែងរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋដើម្បីជួយ គាំទ្រហិរញ្ញវត្ថុដល់គណបក្សភ្លើងទៀន។

ចំណែក រ៉ុង ឈុន ទើបនឹងប្រកាសចូលរួមជាមួយគណបក្ស ភ្លើងទៀនមិនទាន់បានប៉ុន្មានផងក៏ត្រូវបានមនុស្សស្និទ្ធនឹងខ្លួនលួចបង្ហើបប្រាប់គេឯងឱ្យដឹង និងបានបង្ហោះលើហ្វេសប៊ុកថាមានមហិច្ឆិតាខ្ពស់ត្រៀម យកតំណែងកំពូលនៅក្នុងគណបក្សភ្លើងទៀនពោលគឺតំណែងប្រធានបក្ស និងបេក្ខភាពជានាយករដ្ឋមន្ត្រីថែមទៀតផង។ មហិច្ឆតានយោបាយក្តាប់យកតំណែងទាំងនេះបានធ្វើឲ្យផ្ទៃក្នុងគណបក្សភ្លើងទៀនកំពុង តែរំជើបរំជួល និងរង្គោះរង្គើផ្ទៃក្នុង ថ្នាក់ដឹកនាំក្នុងគណៈកម្មាធិការកណ្តាលមួយចំនួនមិនពេញចិត្តការផ្តល់តំណែងកំពូលដល់លោករ៉ុង ឈុន នោះទេ ព្រោះគឹបានវាយតម្លៃថា រ៉ុង ឈុន ទោះជាមានគេស្គាល់ច្រើន តែគ្មានសមត្ថភាពគ្រប់គ្រាន់ធ្វើ ជាបេក្ខភាពនាយករដ្ឋមន្ត្រីឡើយ។ ក្រុមមន្ត្រីនៃគណបក្សភ្លើង ទៀនក៏បានបង្ហើបឱ្យដឹងពីការមិនសប្បាយចិត្តចំពោះ រ៉ុង ឈុន ដែលចូលមកច្រែយកតំណែងក្នុងបក្ស ក្នុងពេលដែលគណបក្សកំពុងជួបអាសន្នលើវិបត្តិមេដឹកនាំ។ វិបត្តិមេដឹកនាំក្រោយ ថាច់ សេដ្ឋា អនុប្រធានគណបក្សកំពុងជាប់រឿងក្តីក្តាំចេញសែកស្អុយ, គង់ គាំ ទីប្រឹក្សាជាន់ខ្ពស់បានលាលែងពីតំណែង ដោយសារតែរពឹសមាត់និយាយគ្មានគិត, សុន ឆ័យ និង ទាវ វណ្ណុល មានសញ្ជាតិ ២ ដែលមិនអាចឈរជាបេក្ខភាពនាយករដ្ឋមន្ត្រីបាន។ តែពួកគេថា តាមពិតបក្សភ្លើងទៀនមានមនុស្សមានសមត្ថភាពផ្សេងទៀត ហេតុអ្វីក៏យកមនុស្សមិនច្បាស់លាស់មកកាន់តំណែងកំពូលបក្សនិងធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីថែមទៀត។

សរុបមកវិញ ជម្រើសរបស់គណបក្សភ្លើងទៀនដែលធ្វើសកម្មភាពផ្សារភ្ជាប់នឹងទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ និងការដឹកនាំស្រមោលពីក្រោយរបស់ទណ្ឌិតរូបនេះ ហើយនិងការហក់ចូលរបស់សម រង្ស៊ីក្នុងបក្សភ្លើងទៀនដែលត្រៀមនឹងកាន់តំណែង កំពូលរបស់បក្សហើយឈរជាបេក្ខភាពនាយករដ្ឋមន្ត្រីផងនោះ ទំនងវាមិនមែនជាពរជ័យទេ តែវាជាបណ្តាសាចំពោះបក្សនេះវិញទេ។ បណ្តាសាដោយសារតែ សម រង្ស៊ី គឺជាផ្កាយគ្រោះនៃក្រុមបក្សប្រឆាំង និងជាជនចង្រៃជាតិដែលហ៊ានប្រមាថព្រះចេស្តាព្រះមហាក្សត្រ តើឱ្យប្រជាពលរដ្ឋណាទៅបោះឆ្នោតគាំទ្របក្សនេះ? ម្យ៉ាងទៀត ប្រសិនបើគណបក្សភ្លើងទៀនបន្តបំពានច្បាប់ វាសនាអាចនឹងប្រឈមនឹងការរំលាយដោយច្បាប់ជាក់ជាមិនខាន។ ចំណែក រ៉ុង ឈុន ប្រកាសចូលរួមជាមួយគណបក្សភ្លើងទៀនមិនទាន់បានប៉ុន្មានផង ក៏បានធ្វើឱ្យមន្ត្រីបក្សចាស់ៗដែលខាំស្មៅមានការមិនពេញចិត្ត ហើយបើ រ៉ុង ឈុន ឈរជាបេក្ខភាពនាយករដ្ឋមន្ត្រីទៀត គឺគ្មាននរណាមានជំនឿថានឹងយកឈ្នះការបោះឆ្នោតបានឡើយ។ ដូច្នេះ សម រង្ស៊ី និង រ៉ុង ឈុន គឺជាបណ្តាសាសម្រាប់បក្សភ្លើងទៀន មិនមែនជាពរជ័យដូចគេបានគិតឡើយ៕

ដោយ៖ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner