អភិបាលខេត្តកំពង់ស្ពឺប្រាប់ឱ្យអភិបាលរងក្រុងស្រុកដែលទើបឡើងថ្មីកុំអាងខ្សែឬខ្នង ត្រូវចេះគោរពឋានានុក្រមនិងបម្រើរាស្ត្រ

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺឯកឧត្តម វ៉ី សំណាង បានព្រមានដល់មន្ត្រីឬអភិបាលក្រុង ស្រុករូបណាដែលអាងខ្នងឬខ្សែមិនគោរពតួនាទី ឋានានុក្រម ហើយមិនបម្រើផលប្រយោជន៍រាស្ត្រ ។ ការថ្លែងដូច្នេះធ្វើឡើងក្នុងពិធីប្រកាសចូលតំណែងអភិបាលរងក្រុងស្រុកទាំង ៨នៃខេត្តកំពង់ស្ពឺថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា ក្នុងនាមជាមន្ត្រីសាធារណៈ គឺជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយ នៃរាស្រ្តនោះទេ និយាយជារួមគឺមន្ត្រីកុំតាំងខ្លួនជាមេដោយសំអាងថាខ្លួនបានមកកាន់តួនាទីឬតំណែងនៅទីនេះដោយសារតែមានខ្សែឬខ្នងធំឡើយ។

ឯកឧត្តម វ៉ី សំណាង បានសុំឱ្យមន្ត្រីទាំងអស់ត្រូវចេះរួមសាមគ្គីគ្នា ដោះដូរបទពិសោធរវាងគ្នានិងគ្នា ចេះគោរពតួនាទី ឋានានុក្រម វិជ្ជាជីវៈ ពិសេសករណីខុសទាស់ត្រូវចេះអប់រំពន្យល់ដល់គ្នាដើម្បីរកផ្លូវត្រូវ មួយវិញ ហើយកុំមើលស្រាលអ្នកដែលនៅជុំវិញខ្លួន ព្រោះថាអ្នកនៅជុំវិញខ្លួនអាចជាគ្រូនៃយើងគ្រប់គ្នា។

ឯកឧត្តមថា អ្វីដែលលើកឡើងនេះគឺមានគោលបំណងតែមួយគត់គឺរក្សាបាននូវសុខសន្តិភាព ហើយបម្រើសេវាសាធារណៈជូនពុកម៉ែ មីងមា បងប្អូនទទួលបាននូវសេចក្តីសុខសេចក្តីចម្រើនតែប៉ុណ្ណោះ ៕ ដោយ ៖ ម៉ុន សំអាត

ads banner