ក្រសួងបរិស្ថាន ជំរុញឲ្យមន្ទីរជំនាញខ្លួន ត្រូវបន្តខិតខំពង្រឹងសក្តានុពល ក្នុងការអនុវត្តនិរន្តរភាពបរិស្ថាន ក្នុងខេត្ត ដើម្បីឲ្យឆ្លើយតបគោលនយោបាយ របស់ រាជរដ្ឋាភិបាល និងក្រសួង

ខេត្តបាត់ដំបង៖ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងឯកឧត្តមរដ្ឋមន្ត្រី សាយសំអាល់ បានថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសន្និបាតការងារបរិស្ថានឆ្នាំ២០២២និងផែនការសកម្មភាពរបស់មន្ទីរបរិស្ថាន ខេត្តបាត់ដំបង ឆ្នាំ២០២៣ និងការចុះបញ្ជីដីរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ នាព្រឹកថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៣ ដោយបានចាត់ទុកខេត្តបាត់ដំបងគឺជាខេត្តដែលសំបូរណ៍ដោយសក្តានុពលអំណោយផលក្នុងការអនុវត្តការគាំពារ ការថែរក្សា ការការពារនិងការជម្រុញនូវនិរន្តរភាពបរិស្ថានក្នុងខេត្តរបសខ្លួន ដើម្បីឲ្យឆ្លើយតបសមស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងបរិស្ថាន។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានលើកឡើងបន្ថែមថា៖ ខេត្តបាត់ដំបង ក៏ជាខេត្តស៊ីវិល័យផងដែរហើយប្រជាជនរស់នៅក្នុងខេត្តនេះ មានភាពវិវឌ្ឍន៍ទៅតាមការអភិវឌ្ឍន៍របស់សង្គម និងការរីកចម្រើននៃសេដ្ឋកិច្ច។ហើយទឹកដីខេត្តបាត់ដំបង ក៏បានផ្សារភ្ជាប់កិច្ចការងារប្រវត្តិសាស្ត្រ វប្បធម៌ អរីយធម៌ ថែមទាំងផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅទៅនិងបុរេប្រវត្តិជាយូរលង់ផងដែរ ទាំងវត្តមានមនុស្ស ទាំងសត្វ និងរុក្ខជាតិ។ ដែលទាំងនេះ គឺជាសក្តានុពលមួយដ៏ធំធេង ណាស់ដែលតម្រូវឲ្យយើងខិតខំថែរក្សា និងការពារឲ្យបាន សម្រាប់ការអភិវឌ្ឍន៍ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរ ឲ្យមកលេងក្នុងខេត្ត។ ក្នុងនោះ ក៏មានតំបន់អភិរក្សការពារព្រៃធម្មជាតិ ជាច្រើន និងតំបន់ជីវៈចម្រុះបឹងទន្លេសាបផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះដែរឯកឧត្តមឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបងជាទំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានលើកឡើងថាភូមិសាស្ត្រខេត្តបាត់ដំបងមានតំបន់ការពារធម្មជាតិជាច្រើន ក្នុងនោះមានដែនជម្រកសត្វព្រៃភ្នំសំកុសតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងតំបន់រ៉ាមសារព្រែកទាល់ ដែលមានតម្លៃមហាសាលវាមិនត្រឹមតែសម្រាប់ការគ្រប់គ្រង និងអភិរក្សធនធនធម្មជាតិ ដែលជាដែនជម្រកសត្វព្រៃសំខាន់ៗប៉ុណ្ណោះទេ។ប៉ុន្តែក៏មានតំលៃសម្រាប់ប្រជាសហគមន៍និងសង្គមជាតិទាំងមូលផងដែរ។

ឯកឧត្តអភិបាលរងខេត្ត ក៏បានគូសបញ្ជាក់បន្ថែមទៀតថា៖ ខេត្តបាត់ដំបង ត្រូវបានទទួលស្គាល់ថាជាខេត្តមួយមានភាពទាក់ទាញសមជាខេត្តល្អ សម្រាប់ការរស់នៅ ការបំពេញការងារនិងទស្សនា និងមានវិសាលភាពទឹកដី ធំទូលាយសម្បូរដោយ ភោគសម្បត្តិពីបុរាណជាច្រើន។

ជាពិសេសក្រុងបាត់ដំបងសម្បូរដោយធនធានវប្បធម៌ និងតំបន់បេតិកភណ្ឌ ជាច្រើនដែលជាសក្តានុពលទេសចរណ៍យ៉ាងសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ឲ្យមកលំហែ កំសាន្ត និងស្នាក់នៅប្រកបដោយផាសុកភាព និងទស្សនា នូវ តំបន់ទេសចរណ៍នានា ក្នុងខេត្តផងដែរ។ឯកឧត្តម ឆាយ ម៉ាទីណាល់ ក៏បានផ្តោតនូវការវាយតម្លៃក្នុងកិច្ចប្រជុំនេះគឺពិតជាមានសារៈសំខាន់បំផុតសម្រាប់ឲ្យមន្ទីរជំនាញ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់និងត្រូវខិតខំរៀបចំផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃភ្នំសំកុស ឱ្យបានត្រឹមត្រូវ និងដំណើរការឱ្យបានឆាប់រហ័ស ជម្រុញការចុះបញ្ជីដីរដ្ឋ ក្នុងតំបន់ការពារធម្មជាតិឲ្យមានប្រសិទ្ធិភាព។

ឯកឧត្តម ជា សំអាង បានផ្តោតនូវការជំរុញ និងបានធ្វើការណែនាំដាស់តឿនក្រើនរំលឹកដល់លោកប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងនិងមន្ត្រីជំនាញពាក់ព័ន្ធនិងអាជ្ញាធរដែនដី និងមូលដ្ឋានពាក់ព័ន្ធ គ្រប់ថ្នាក់។កន្លងមកនេះ ទាំងថ្នាក់ដឹកនាំថ្នាក់ជាតិ ក៏ដូចជាអាជ្ញាធររដ្ឋបាលខេត្តបាត់ដំបង បានខិតខំយកចិត្តទុកដាក់ និងទទួលបាននូវការគាំទ្រខ្ពស់ធ្វើឲ្យខេត្តមានការអភិវឌ្ឍន៍មានភាពរឹងមាំប្រកបដោយស្ថិរភាព លើវិស័យបរិស្ថានខេត្តនិងធ្វើឲ្យមន្ទីរមានភាពរឹងមាំ ក្នុងការបំពេញការងារស្នូល និងជំនាញរបស់ខ្លួន ដើម្បីធ្វើឲ្យវិស័យបរិស្ថាន ឆ្លើយតបទៅនិងការរីកចម្រើនលើគ្រប់វិស័យក្នុងខេត្តដែលជាខេត្តប្រកបដោយសក្តានុពលសេដ្ឋកិច្ច ក៏ជាខេត្តដែលមានសក្តានុពល និង ប្រជាជនមានជីវភាពរស់នៅ មានការរីកចម្រើនខ្ពស់ផងដែរ។

ក្នុងនោះទាំងវិស័យអន្តរជាតិ ខេត្តបាត់ដំបង ក៏ត្រូវបានគេទទួលស្គាល់ជាគោលដៅមានសក្តានុពល ប្រកួតប្រជែង ទីក្រុងស្អាត ទីក្រុងវៃឆ្លាត។ក៏ជាខេត្តមួយ មានសក្តានុពល ក្នុងការចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងបរិស្ថាន។ ជាពិសេសការអនុវត្ត គោលនយោបាយបរិស្ថាន ប្រកបដោយនិរន្តរភាព ហើយក៏ជាខេត្តមានកាលានុវត្តភាព ដែលអាចចូលរួមអនុវត្តបានផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner