មន្ទីរបរិស្ថានខេត្តសៀមរាប សហការជាមួយដៃគូ ដាំដើមឈើចំនួន២០០ដើម នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន

សៀមរាប៖ មន្ទីរបរិស្ថានខេត្តសៀមរាប សហការជាមួយ អង្គការការីតាស បានរៀបចំពិធីដាំដើមឈើ និងដើមផ្កាលម្អចំនួន ២០០ ដើម នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ដើម្បី ចូលរួមចំណែកថែរក្សា ការពារបរិស្ថាន និងធនធានធម្មជាតិ តាមរយៈការដាំដើមឈើឡើងវិញ។

ពិធីដាំដើមឈើនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រោមកិច្ចសហការរវាងមន្ទីរបរិស្ថានខេត្តសៀមរាប អង្គការការីតាស និងក្រុមការងារមជ្ឈមណ្ឌលស្រវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ពោលគឺស្ថិតនៅនឹងជើងភ្នំគូលែន ក្បែរច្រកចូលឡើងទៅលើរមណីយដ្ឋានខ្នងភ្នំគូលែន។

ក្នុងឱកាសនោះ បុគ្គលិកអង្គការការីតាស ក៏បានបន្តទស្សនកិច្ចសមិទ្ធផល នានារបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន និងបានសំដែងនូវការអបអរសាទរចំពោះវឌ្ឍនៈភាពការងារដែលមជ្ឈមណ្ឌលសម្រេចបាន។ ជាមួយគ្នានេះដែរ ក្រុម មការងារមជ្ឈមណ្ឌលស្រវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ក៏ បានប្រគល់ជូនដើមគូលែន ដើមសេមាន់ និងដើមភ្ងៀវ និងពូជផ្កាឈូករ័ត្នមួយចំនួន ដល់បុគ្គលិកអង្គការការីតាស ដើម្បីបន្តដាំនៅតាមទីធ្លាអង្គការ និងផ្ទះរបស់ខ្លួនផងដែរ។

រដ្ឋលេខាធិការក្រសួងបរិស្ថានឯកឧត្តម នេត្រ ភក្រ្តា ដែលបានដឹកនាំក្រុមអ្នកសារព័ត៌ចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២៣ បានថ្លែងថា មជ្ឈមមណ្ឌលនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាពូជឈើកម្រៗជាពិសេសនោះជាកន្លែងថែរក្សានៃការបន្តពូជកេសរកូល (ផ្កាអ័រគីដេ) ឱ្យបានគង់វង្ស។

ឯកឧត្តមបានបញ្ជាក់ថា មជ្ឈមណ្ឌល នេះ នឹងក្លាយជាទីតាំង ប្រមូល ការពារ សង្គ្រោះ និងអភិរក្សប្រភេទកេសរកូលព្រៃដែលទទួលរងការគំរាមកំហែង និងជិតផុតពូជពីព្រៃធម្មជាតិ និងការសិក្សាស្រាវជ្រាវបន្ត។

ឯកឧត្តមបានបន្ថែមថានៅមជ្ឈមណ្ឌលនេះ ក៏មានថ្នាលបណ្តុះកូនឈើដែលបានបង្កើតឡើងដោយក្រសួងបរិស្ថាន ផងដែរ ខណៈបច្ចុប្បន្ននេះ ក្រុមការងារបណ្តុះកូនឈើបានជាង១លានដើមសម្រាប់ចែកចាយដល់ប្រជាសហគមន៍ ក៏ដូចជាការយកទៅដាំតាមតំបន់គម្រោងអភិរក្ស និងទីកន្លែងទេសចរណ៍មួយចំនួនក្នុងប្រទេសកម្ពុជា។

ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់ថា៖« ថ្នាលបណ្តុះកូនឈើនោះ គឺបង្កើតឡើងសម្រាប់ការបណ្តុះកូនឈើគ្រប់ប្រភេទដែលមានទាំងប្រភេទដើមឈើកម្រៗ រហូតដល់ដំណាំហូបផ្លែ ដែលត្រូវបានបណ្តុះឡើងសម្រាប់ថែរក្សាពូជ និងអភិរក្សដើមឈើនៅប្រទេសកម្ពុជា»៕
ដោយ: ឡាយ សាមាន

ads banner