តំណាង គ.ជ.ប ជួបជាមួយតំណាងក្រុមហ៊ុនហ្គូហ្គលដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយនិងព័ត៌មានខុសច្បាប់

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ជួបពិភាក្សាការងារជាមួយតំណាង ក្រុមហ៊ុនហ្គូហ្គល (Google) ប្រចាំនៅអាស៊ីអាគ្នេយ៍ ដែលមានការិយាល័យនៅប្រទេសសិង្ហបុរីដើម្បីពិភាក្សាអំពី កិច្ចសហការជាមួយគ្នាលើការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានខុសច្បាប់ក្នុងបណ្តាញសង្គមនិងជាពិសេស ទប់ស្កាត់ការលួចទិន្នន័យព័ត៌មានដោយខុសច្បាប់។ ជំនួបពិភាក្សានេះបានធ្វើឡើងកកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។

ប្រភពគ.ជ.ប បានឱ្យដឹងថា ក្នុងជំនួបនេះ លោក អ៊ីវ ហ្គោនស្ស៊ាឡេស តំណាងក្រុមហ៊ុនហ្គូហ្គលប្រចាំនៅអាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា បន្ទាប់ពីលោកបានជួបជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រួចមក លោកមានបំណងជួប គ.ជ.ប ដើម្បីឱ្យមានកិច្ចសហការល្អជាមួយគ្នា ក្នុងការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយនិងព័ត៌មានខុសច្បាប់ក្នុង បណ្តាញសង្គម។ ដើម្បីធ្វើការងារនេះបានសុំបង្កើតក្រុមការងារទំនាក់ទំនងគ្នារវាងគ.ជ.បជាមួយនិងតំណាងក្រុមហ៊ុន ហ្គូហ្គល (Google) ដែលមានទីស្នាក់ការប្រចាំនៅរាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាបានទាន់ពេល។

បន្ទាប់ពីបានពិភាក្សាគ្នាលើបញ្ហាបច្ចេកទេសជាច្រើនលើផ្នែកព័ត៌មានវិទ្យារួចមក ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានស្នើឱ្យក្រុមហ៊ុនហ្គូហ្គលសហការជាមួយ គ.ជ.ប លើការងារមួយចំនួនក្នុងនោះ

  • បង្កលក្ខណៈងាយស្រួលក្នុងការស្វែងរកទីតាំងការិយាល័យបោះឆ្នោតនៅលើហ្គូហ្គល (Google) ឱ្យមានប្រសិទ្ធភាព
  • ទប់ស្កាត់ការលួចទិន្នន័យព័ត៌មានដោយខុសច្បាប់
  • ដកចេញខ្លឹមសារព័ត៌មានលើបណ្តាញសង្គមយូធូប (YouTube) ក្នុងករណី គ.ជ.ប ពិនិត្យឃើញថា មានការរំលោភបំពាន ធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតនៅកម្ពុជា។ល។

ជាការឆ្លើយតប លោក អ៊ីវ ហ្គោនស្ស៊ាឡេស បានទទួលយករាល់ការលើកឡើងទាំងអស់របស់តំណាង គ.ជ.ប ហើយបញ្ជាក់ថា កិច្ចសហការទាំងនេះមិនតម្រូវឱ្យបង់ថ្លៃសេវាទេ។
ឯកឧត្តម ហង្ស ពុទ្ធា មានប្រសាសន៍ថា ឯកឧត្តមនឹងរាយការណ៍ជូន គ.ជ.ប អំពីជំនួបនេះហើយការសុំបង្កើត ក្រុមការងារទំនាក់ទំនង គឺទុកជូន គ.ជ.ប សម្រេច៕

ដោយ៖ ពលជ័យ

ads banner