ការចងក្រង ការដាំដុះជាសហគមន៍ ជំរុញឱ្យ «សហគមន៍កសិកម្មតាសីសាមគ្គី» មានការរីកចម្រើន និងផលិតមិនខ្វះទីផ្សារ

អត្ថបទដោយ៖
CPA

បាត់ដំបង៖ ស្ថិតនៅក្នុង ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលជាទីតាំងមួយដែលមានប្រជាជនប្រមាណ ១៧២គ្រួសារ ពួតដៃគ្នាចងក្រងជាសហគមន៍ដាំដុះ ដោយឱ្យឈ្មោះថា សហគមន៍កសិកម្មតាសី សាមគ្គី។

សហគមន៍កសិកម្មតាសីសាមគ្គី ជាសហគមន៍មួយដែលមានជំនាញក្នុងការដាំដុះបន្លែសុវត្ថិភាព និងផ្តល់សេវាកម្មសាងសង់ផ្ទះសំណាញ់។ បច្ចុប្បន្នសហគមន៍តាសីកំពុងពង្រីកការដាំដុះបន្លែសុវត្ថិភាព ការសាងសង់ផ្ទះសំណាញ់ និងបណ្តុះបណ្តាលកសិករ ដើម្បីផ្គត់ផ្គង់បន្លែសុវត្ថិភាពទៅដល់រាជធានីភ្នំពេញ និងខេត្តធំៗចំនួនបី។

លោក ណុប នុន ជាប្រធានសហគមន៍កសិកម្មតាសីសាមគ្គី បានឱ្យដឹងថាសហគមន៍មួយនេះបង្កើតឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមគោលបំណងធំមួយ គឺចង់រួបរួមកម្លាំងគ្នាផលិតឱ្យបានកាន់តែធំ ពោលគឺធំជាងលក្ខណៈគ្រួសារ។

លោក ណុប នុន បានឱ្យដឹងថា សហគមន៍មួយនេះបានចុះបញ្ជីក្នុងឆ្នាំ២០១៧តែម្តង ដោយមានដើមទុនដំបូងប្រមាណប្រាំបីលានរៀល រហូតដល់បច្ចុប្បន្នសហគមន៍មានទុនប្រមាណជាង ៣០០លានរៀល និងមានសមាជិកកើនដល់ ១៧២គ្រួសារ ក្នុងនោះស្រី៨៩នាក់។

លោក ណុប នុន បន្តថា ៖ «បច្ចុប្បន្នយើងមានមុខរបរសំខាន់ៗដូចជា សាងសង់ផ្ទះសំណាញ់ ដឹកជញ្ជូនបន្លែសុវត្ថិភាព មានក្រុមបច្ចេកទេសបង្រៀនការដាំដុះតាមកសិដ្ឋាន គម្រោងផលិតជីកំប៉ុស្តិ៍ទឹកខ្មេះ ធ្យូងអង្កាមទៅលើការដាំដុះបន្លែ ដែលផ្តោតសំខាន់ទៅលើការជំរុញឱ្យមានស្តង់ដារមួយដែលបងប្អូនយើងទទួលស្គាល់ស្តង់ដារសុវត្ថិភាព»។

ប្រធានសហគមន៍កសិកម្មតាសីសាមគ្គីនិយាយថា សហគមន៍បានដើរតាមគោលនយោបាយដែលជំរុញនូវការដាំដុះបន្លែសុវត្ថិភាព ច្បាស់លាស់សម្រាប់ទីផ្សារធំៗ ទើបសហគមន៍ចាប់ផ្ដើមអនុវត្តតាមបច្ចេកទេសរាប់តាំងពីការជ្រើសរើសពូជរហូតដល់ប្រមូលផលដែលត្រូវទៅតាមមាត្រដ្ឋានស្តង់ដាររបស់ក្រសួងកសិកម្ម។

ទាក់ទិនទៅនឹងកត្តាតម្រូវការ និងទីផ្សារ លោក ណុប នុន ឱ្យដឹងថាបច្ចុប្បន្នទីផ្សារបន្លែសុវត្ថិភាពមានតម្រូវការខ្ពស់លើសពីការផ្គត់ផ្គង់ ខណៈសហគមន៍ផ្គត់ផ្គង់បានត្រឹមដៃគូនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តធំៗដូចជាបាត់ដំបង បន្ទាយមានជ័យ និងសៀមរាបជាដើម។

លោក ណុប នុន បានបញ្ជាក់ថា ៖ «សម្រាប់បន្លែយើងខ្វះខាតច្រើនព្រោះតម្រូវការ ២តោនយើងអាចផលិតឱ្យបានត្រឹម ៣០០-៥០០ គីឡូក្រាមប៉ុណ្ណោះ តែយើងសង្ឃឹមថា វានឹងឡើងមកវិញតាមរដូវកាលវិញ ដោយសារឆ្នាំនេះយើងទទួលរងនូវឥទ្ធិពលកម្ដៅខ្ពស់ធ្វើឱ្យទិន្នផលធ្លាក់ចុះ»។

ដោយឡែក សម្រាប់ចំណូលដែលបានមកពីទិន្ឋផលបន្លែ លោកប្រធានសហគមន៍បានជម្រាបឱ្យដឹងថា សហគមន៍អាចទទួលបានចំណូលពីបន្លែជាមធ្យមចន្លោះ ៥ ០០០ទៅ ៧ ០០០ ដុល្លារក្នុងមួយខែ។

ក្រៅពីការដាំដុះបន្លែសុវត្ថិភាព សហគមន៍ក៏មានសេវាកម្មផ្សេងទៀតដូចជា ការកំពុងសាងសង់ផ្ទះសំណាញ់ជូនដល់កសិដ្ឋានផ្សេងៗនៅតាមបណ្តាលខេត្តមួយចំនួនផងដែរ ដោយក្នុងមួយខែសហគមន៍ទទួលបានអតិថិជនសម្រាប់សាងសង់ចន្លោះពី ៨០-១០០ខ្នង។

លោក ណុប នុន បញ្ជាក់ថា ៖ «ការសាងសង់ផ្ទះសំណាញ់ យើងប្រើកម្លាំងពីខាងសហគមន៍ ហើយសម្រាប់ទំហំ ១០ គុណ ២៥ មានតម្លៃពី ២ ៣០០-២ ៥០០ ដុល្លារ វាអាស្រ័យទៅតាមចម្ងាយ ហើយផលដែលទទួលបានយើងបែងចែកជាពីរ គឺសម្រាប់ប្រតិបត្តិការ ហើយនៅសល់យើងចែកទៅតាមគោលការណ៍និងលក្ខខណ្ឌរបស់សហគមន៍។

បើក្រឡេកទៅកាន់ជីវភាព ប្រជាសហគមន៍ទាំង ១៧២ គ្រួសារឃើញថាមានភាពល្អប្រសើរ។ លោក ណុប នុន បានឱ្យដឹងដែរថា ៖ «សម្រាប់សមាជិករបស់យើងមានទាំងក្រុមសន្សំប្រាក់ អ្នកប្រមូលផលបន្លែ អ្នកដាំលក្ខណៈគ្រួសារ ហើយយើងជាផ្នែកមួយដែលជួយសម្របសម្រួល ដឹកនាំ និងបង្ហាញផលិតផលដល់ទីផ្សារ ក្រៅពីនេះគ្រួសារនីមួយៗគឺពូកគាត់មានរបរ មានដីស្រែបន្ទាប់បន្សំផ្សេងទៀតផងដែរ»។

សម្រាប់គម្រោងទៅថ្ងៃខាងមុខ លោក ណុប នុន ក៏បានបង្ហើបឱ្យដឹងដែរថា លោកចង់ពង្រីកផលិតកម្មឱ្យកាន់តែធំ ពិសេសតាមបណ្ដាខេត្តផ្សេងទៀត ពោលគឺដាំឱ្យត្រូវតាមសណ្ឋានដីតាមតំបន់នីមួយៗ តែក្នុងនោះលោកថា យើងក៏ត្រូវគោរពតាមកសិករដែលជាម្ចាស់ដីផ្ទាល់ផងដែរ៕ ដោយ៖ ស្រ៊ុន សិរីវឌ្ឍនៈ

ads banner