កូរ៉េខាងជើងប្រកាសយកខែមិថុនា បាញ់បង្ហោះផ្កាយរណបចារកម្មយោធា

ព្យុងយ៉ាង៖ កូរ៉េខាងជើងបាននិយាយថា ខ្លួននឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍នៅក្នុងខែមិថុនា ហើយអះអាងថា វាជារឿងចាំបាច់ដើម្បីតាមដានចលនាយោធារបស់សហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួនក្នុងពេលវេលាជាក់ស្តែង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋដកស្រង់សម្តីមន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់ ចុះផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

សារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានដកស្រង់សម្តីលោក រី ព្យុងឆុល ដែលជាអនុប្រធានគណៈកម្មការយោធាកណ្តាលរបស់គណបក្សកាន់អំណាចថា ផ្កាយរណបឈ្លបយកការណ៍យោធាលេខ ១ នឹងត្រូវបាញ់បង្ហោះនៅក្នុងខែមិថុនា។ បើតាមសេចក្តីថ្លែងការណ៍ ផ្កាយរណបនោះ រួមជាមួយនឹង មធ្យោបាយឈ្លបយកការណ៍ផ្សេងៗ ដែលជាការសាកល្បងថ្មីៗ គឺជារឿងចាំបាច់មិនអាចខ្វះបាន ក្នុងការតាមដាន ត្រួតពិនិត្យ និងដោះស្រាយជាមុន នូវរាល់សកម្មភាពយោធាដ៏គ្រោះថ្នាក់របស់អាមេរិក និងកងកម្លាំងរបស់ពួកគេ។

ដោយលើកឡើងពីទង្វើ “មិនប្រុងប្រយ័ត្ន” របស់អាមេរិក និងកូរ៉េខាងត្បូង លោក រី បាននិយាយថា កូរ៉េខាងជើងមានអារម្មណ៍ថា តម្រូវការដើម្បីពង្រីកការឈ្លបយកការណ៍ និងព័ត៌មានគឺជារឿងសំខាន់ ដែលវានឹងជួយកែលម្អអាវុធការពារ និងការវាយលុកផ្សេងៗ នៅក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញការត្រៀមខ្លួនខាងយោធា។ មន្ត្រីរូបនេះក៏បានចោទប្រកាន់អាមេរិកដែរថា បានធ្វើសកម្មភាពចារកម្មតាមអាកាសជាអរិភាពនៅលើឧបទ្វីបកូរ៉េ និងក្នុងតំបន់ជុំវិញខ្លួន។

បើតាមអ្នកនាំពាក្យឆ្មាំសមុទ្រជប៉ុន កូរ៉េខាងជើងបានជូនដំណឹងដល់ប្រទេសជប៉ុនថា ខ្លួននឹងបាញ់បង្ហោះរ៉ុក្កែតនៅចន្លោះថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី១១ ខែមិថុនា ដោយកំណត់ដែនទឹកនៅជិតសមុទ្រលឿង, សមុទ្រចិនខាងកើត និងនៅភាគខាងកើតនៃកោះលូហ្សូន ក្នុងប្រទេសហ្វីលីពីន ជាតំបន់មានការព្រមាន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner