​ថវិកា​ជាង ១៣ លានដុល្លារ កាកបាទក្រហមកម្ពុជាទទួលបាន​ក្នុង​ឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ថវិ​កា​សរុបជាង ១៣ លានដុល្លារអាមេរិក ត្រូវ​បាន​សប្បុរសជន​រួម​ទាំងព្រះករុណា​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រនិង​ព្រះ​មហាក្សត្រី​ព្រះ​វររាជមាតាជាតិខ្មែរ​ បានចូលរួម​បរិច្ចាគថវិកាដល់​កាកបាទក្រហមកម្ពុជា នា​ឱកាសខួបលើកទី១៦០ ទិ​វាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ​២០២៣។

យោងតាម​លិខិត​ថ្លែង​អំណរគុណ​របស់​​​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចុះ​ថ្ងៃទី​២៩ ខែឧសភា បាន​ឱ្យដឹងថា ឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣នេះ បានធ្វើឡើង​ក្រោមប្រធានបទ​ «រួមគ្នាជាមួយកាកបាទក្រហមកម្ពជា ដើម្បី​បរិយាបន្នសង្គម»។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបាន​លើកឡើងថា ៖ «ក្នុងនាមខ្ញុំ​ផ្ទាល់ ​សូមក្រាបបង្គំថ្វាយអំណរ ព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ​និងសម្តេចព្រះមហាក្សត្រី ​ព្រះវររាជមាតាជាតិខ្មែរ រួមនឹងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានឧបត្ថម្ភថវិកា និងសម្ភារៈដល់កាកបាទក្រហមកម្ពុជា ​​ក្នុង​ឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣​»។​

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបាន​បន្តថា ៖ «គិតមកថ្ងៃនេះ​ ​មានសប្បុរសជនសរុបចំនួន ៩៩៧អង្គ/នាក់ បាន​ធ្វើការបរិច្ចាគ​ ថវិកា​សរុប​ចំនួន ១៣,៨១៨,៥៩២ ដុល្លារអាមេរិកមកកាកបាទក្រហមកម្ពុជា​»។

ក្នុង​នោះដែរ​ កាកបាទក្រហមកម្ពុជា ក៏ទទួលបាននូវ​​​​រថយន្ត Pick Up ម៉ាក Ford Ranger XLS ឆ្នាំ២​០២២ ពណ៌ស ១គ្រឿង, រថយន្តម៉ាក HYUNDAI VIP ៧កៅអី ឆ្នាំ២០២៣ ចំ​នួន ១គ្រឿង, រថយន្តដឹកជញ្ជូនចំណុះ ២,៥តោន ម៉ាក ISUZU ឆ្នាំ២០២៣ ១គ្រឿង, ម៉ូតូអគ្គិសនី ១០គ្រឿង និងមួកសុវត្ថិភាពចំនួន ៥០០ ថែមទៀត។​​

ជាមួយនឹងថវិកាទាំងនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ​បាន​បញ្ជាក់ថា កាកបាទក្រហមកម្ពុជា​នឹងចាត់ចែងប្រើប្រា​ស់មូលនិធិ និងសម្ភារៈដែលទទួលបានពីសប្បុរសជន​​ ជួយប្រជាពលរដ្ឋរងគ្រោះបំផុត ប្រកបដោយតម្លាភាព។​​កាកបាទក្រហមកម្ពុជា នឹងចាត់ចែងប្រើប្រាស់មូលនិធិ និងសម្ភារៈដែលទទួលបានពីសប្បុរសជន ដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ប្រកបដោយតម្លាភាព និងគណនេយ្យភាព។

កាកបាទក្រហមកម្ពុជា ក៏បានប្តេជ្ញាចិត្តយ៉ាងមុះមុតក្នុងការរួមចំណែក លើកកម្ពស់បរិយាបន្នសង្គមដែលម​នុស្សគ្រប់ៗរូប ត្រូវបានទទួលការគោរព ការទទួលស្គាល់ពីសង្គម ការផ្តល់អំណាច និងផ្តល់ឱកាសចូលរួមកា​រងារសង្គម និងទទួលផលពីការអភិវឌ្ឍដោយគ្មានអ្នកណាម្នាក់ត្រូវទុកចោលទ្បើយ។

ជុំវិញរឿងនេះ លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ បានប្រាប់​ឱ្យដឹងថា ​ទីណាដែលមានការលំ​បាក មានទុក្ខ គឺកាកបាទក្រហមកម្ពុជាតែងតែចុះទៅជួយ ដោយមិនមាននរណាម្នាក់ត្រូវបានទុកចោល ឬក៏រើ​សអើងនោះឡើយ។

​លោក​បាន​ថ្លែងឱ្យដឹងថា កាកបាទក្រហម ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយសារតែបានជួយទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិ រងគ្រោះដោយភ្លើងឆេះផ្ទះជាដើម។គឺជាចំណែ​ក​មួយក្នុងការ​ចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរនៅក្នុងមូលដ្ឋាន ក្នុងជួយសម្រាកបន្ទុករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់»។

ជាមួយគ្នានោះ លោក ឌី រ៉ាដូ ក៏​បាន​អំពាវនាវឱ្យសប្បុរសជន​ដែលមានលទ្ធផលគួរ​ចូលរួមបរិច្ចាគទៅដល់កាកបាទក្រហមកម្ពុជា ជាបន្តទៅទៀត ដើម្បីឱ្យក្រុម​ការងារ ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះកាន់តែទូ​លាយ និងមានប្រសិទ្ធភាពជាងមុនផងដែរ។

ចំណែក លោក យង់ គិមអេង ប្រធាន​មជ្ឍមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និងសន្តិភាព បានឱ្យដឹងដែរ​ថា​ នៅគ្រប់ប្រទេសទាំងអស់ មិនថាប្រទេសណានោះទេ កាកបាទក្រហម បានដើរតួនាទីសំខាន់ខ្លាំងណា​​ស់ក្នុងការជួយទៅដល់ប្រជាពលរដ្ឋ ដោយគ្មានការរើសអើង ​គ្មានការប្រកាន់ទិន្នាការនយោបាយឡើយ

​លោកបន្ត​ថា​ សម្រាប់​ប្រទេសកម្ពុជា កាកបាទក្រហម បានចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋបានច្រើនផ​ងដែរ ជាពិសេសក៏បានរួមចំណែកជួយផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងពីសុវត្ថិភាពចរាចរណ៍ និងការជួយសង្គ្រោះប្រជាពលរដ្ឋពេលមានទឹកជំនន់ និង​បញ្ហាគ្រោះធម្មជាតិផ្សេងៗទៀតផងដែរ ៕ ដោយ៖ជា សុខនី

ads banner