រដ្ឋប្រហាររយៈពេល ២០ខែដំបូងនៅមីយ៉ាន់ម៉ា សម្លាប់ជនស៊ីវិលជាង ៦,០០០ និងរបួសជាង ២,០០០នាក់

អូស្លូ៖ ក្នុងរយៈពេល ២០ខែដំបូង ក្រោយរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំ២០២១ មានជនស៊ីវិលជាង ៦,០០០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

របាយការណ៍ចេញផ្សាយនៅថ្ងៃអង្គារនេះ ដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពនៃទីក្រុងអូស្លូ បានឱ្យដឹងថា ជនស៊ីវិលជាង ៦,៣០០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល ២០ខែដំបូង បន្ទាប់ពីរដ្ឋប្រហារយោធាក្នុងខែកុម្ភៈ ឆ្នាំ២០២១។

បើតាមរបាយការណ៍ដដែល នៅចន្លោះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ជនស៊ីវិលចំនួន ៦,៣៣៧នាក់ត្រូវបានសម្លាប់ និង ២,៦១៤នាក់បានរងរបួស ក្រោមហេតុផលនយោបាយ។ តួលេខនេះគឺខ្ពស់ជាងតួលេខផ្សេងទៀតដែលបានផ្សព្វផ្សាយ រួមទាំងតួលេខមកពីអង្គការអន្តរជាតិផងដែរ។ របាយការណ៍ខាងលើបន្ថែមថា ស្ទើរតែពាក់កណ្តាលនៃការស្លាប់ ឬចំនួន ៣,០០៣នាក់ត្រូវបានសន្មត់ថា ជាស្នាដៃរបស់របបយោធាមីយ៉ាន់ម៉ា ចំណែកឯ ២,១៥២នាក់ត្រូវបានគេសន្មត់ថា ជាស្នាដៃរបស់ក្រុមប្រឆាំងប្រដាប់អាវុធ។

តួលេខនេះច្រើនជាងការលើកឡើងរបស់ប្រព័ន្ធផ្សព្វផ្សាយដទៃទៀត ហើយវាជាការប៉ាន់ស្មានមួយ ដែលផ្អែកលើរបាយការណ៍ពីការកាប់សម្លាប់ ដែលប្រមូលបានពីប្រព័ន្ធផ្សព្វផ្សាយ ដែលអាចទុកចិត្តបានប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា តួលេខពិតប្រាកដអាចខ្ពស់ជាងនេះទៅទៀត ដោយសារការសម្លាប់ជាច្រើនទំនងជាមិនមានរបាយការណ៍៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner