អ្នកវិភាគចៅចាក់ស្មុក៖ ហេតុអ្វីបានជាគណបក្សប្រជាជនកម្ពុជាជាជម្រើសដ៏ត្រឹមត្រូវបំផុតសម្រាប់ពលរដ្ឋខ្មែរផ្តល់សេចក្តីទុកចិត្តដឹកនាំនិងអភិវឌ្ឍប្រទេសជាតិ?

ភ្នំពេញ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃសម្រេចចិត្តរបស់ប្រជាពលរដ្ឋខ្មែរចំនួនជាង ៩លាននាក់ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសតាមរយៈសំឡេងឆ្នោតមួយសន្លឹករបស់ខ្លួនផ្តល់ជូនគណបក្សដែលខ្លួនស្រឡាញ់ ជឿទុកចិត្ត និងអាចពឹងពាក់បានក្នុងការការពារផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា។ គណបក្សចំនួន ១៨ ដែលនឹងត្រូវប្រកួតប្រជែងគ្នាដណ្តើមអាសនៈសរុបចំនួន ១២៥ ក្នុងរដ្ឋសភាហើយគណបក្សដែលទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងគេនឹងដឹកនាំបង្កើតរាជរដ្ឋាភិបាលដឹកនាំប្រទេស។ គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នៅតែជាគណបក្សតែមួយគត់ដែលក្រុមអ្នកវិភាគវាយតម្លៃថានឹងទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋខ្មែរនៅក្នុងការបោះឆ្នោតខាងមុខ។ ហេតុអ្វីបានជាគណបក្សប្រជាជនកម្ពុជាជាជម្រើសដ៏ត្រឹមត្រូវបំផុតសម្រាប់ពលរដ្ឋខ្មែរផ្តល់សេចក្តីទុកចិត្តដឹកនាំនិងអភិវឌ្ឍប្រទេសជាតិ?

កត្តា ៣ សំខាន់ដែលប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោតសម្រេចជ្រើសរើសនិងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានៅរៀងរាល់ការបោះឆ្នោត និងអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបញ្ចប់សង្គ្រាមស៊ីវិល នាំយកសុខសន្តិភាពពេញលេញជូនជាតិនិងប្រជាជនកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅដោយសុខសាន្តក្រោមដំបូលសន្តិភាព សេដ្ឋកិច្ចជាតិមានកំណើន ពលរដ្ឋមានការងារធ្វើ ប្រជាពលរដ្ឋបានទទួលនូវផលប្រយោជន៍ពីការអភិវឌ្ឍ និងការដាក់ចុះវិធានការផ្សេងៗមានប្រសិទ្ធភាព និងឆ្លើយតបនឹងស្ថានភាពជាក់ស្តែង និងតម្រូវការចាំបាច់របស់ជាតិនិងប្រជាជន។ កត្តាទាំង ៣ នោះរួមមាន៖

១-កត្តាគណបក្សប្រជាជនកម្ពុជា៖ ចាប់តាំងពីការចាប់បដិសទ្ធិនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជាដែលត្រូវបានបង្កើតឡើងដោយចលនាប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន បានគោរពឥតងាករេនូវបុព្វហេតុរបស់ខ្លួនគឺផ្សាភ្ជាប់ជានិច្ចជាមួយជោគវាសនារបស់ប្រទេសជាតិនិងប្រជាជននៅគ្រប់កាលៈទេសៈ គ្រប់ហេតុការណ៍ និងគ្រប់ព្រឹត្តិការណ៍ទាំងអស់។ គណបក្សប្រជាជនកម្ពុជាបានចូលរួមវិភាគទានយ៉ាងធំធេងចំពោះជោគជ័យនៃចលនាក្រោកឈររបស់ប្រជាជនទូទាំងប្រទេសដណ្តើមបានឯករាជ្យនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋ សម្តេចឪ នរោត្តម សីហនុ។ ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០, គណបក្សប្រជាជនកម្ពុជាបានធ្វើការតស៊ូរំដោះជាតិយ៉ាងប្តូរផ្តាច់នៅក្នុងរណសិរ្សរួបរួមជាតិកម្ពុជាដឹកនាំដោយសម្តេចឪ រហូតបានទទួលជ័យជម្នះ ប៉ុន្តេក្រុមខ្មែរក្រហម ប៉ុល ពត បានប្លន់ជ័យជម្នះនេះនិងនាំកម្ពុជាចូលក្នុងរបបវាលពិឃាត។

គណបក្សប្រជាជនកម្ពុជាជាកម្លាំងនយោបាយតែមួយគត់ដែលបានដឹកនាំការប្រយុទ្ធផ្តួលរំលំរបបខ្មែរវាលពិឃាតខ្មែរក្រហមនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សង្គ្រោះជាតិនិងប្រជាជនឱ្យរស់រានមានជីវិតឡើងវិញ និងបានចាប់ផ្តើមស្តារនិងកសាងជាតិឡើងវិញពីគំនរផេះផង់ ឈាមនិងទឹកភ្នែក រហូតមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។ ក្រោយថ្ងៃទី៧ មករា, គណបក្សប្រជាជនកម្ពុជាបានការពារការរស់ឡើងវិញរបស់ប្រជាជន, ទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញបាន, ពុះពារជម្នះរាល់ផលលំបាកដ៏ធ្ងន់ធ្ងរនានាដែលរបបចាស់បានបន្សល់ទុក, ខិតខំស្តារនិងកសាងសេដ្ឋកិច្ចសង្គមឡើងវិញពីលេខសូន្យ។ គណបក្សប្រជាជនកម្ពុជាជ្រោងខ្ពស់ទង់សាមគ្គីជាតិ ដឹកនាំប្រទេសតស៊ូពុះពារអនុវត្តនូវភារកិច្ចទាំងនេះដោយជោគជ័យ ធ្វើឱ្យប្រទេសជាតិមានស្ថិរភាព និងបានចេញពីដំណាក់កាលដ៏លំបាកលំបិនបំផុត ឈានដល់ដំណាក់កាលពង្រឹងខ្លួនជាបន្តបន្ទាប់និងឈានទៅមុខដោយជោគជ័យលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍជាតិមកដល់បច្ចុប្បន្ននេះ។

២-កត្តាថ្នាក់ដឹកនាំគណបក្ស៖ ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតាំងពីលើដល់ក្រោមជាមនុស្សមហាជនដែលបានយល់ច្បាស់ពីសុខទុក្ខរបស់ប្រជាជន និងបានខិតខំប្រឹងប្រែងបម្រើប្រជាជនដោយស្មោះត្រង់។ ចេញពីការយកជីវិតធ្វើដើមទុនដើម្បីសង្គ្រោះជាតិនិងប្រជាជនកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧, រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដោយមានការចូលរួមពីកម្លាំងតស៊ូផ្សេងទៀតរួមមានសម្តេច ហេង សំរិន, សម្តេច ជា ស៊ីម, សម្តេច ស ខេង, សម្តេច សាយ ឈុំ, ឯកឧត្តម សាយ ភូថង, សម្តេច ទៀ បាញ់ រួមនឹងឥស្សរជនផ្សេងទៀត។ ថ្នាក់ដឹកនាំគណបក្សជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាតួអង្គដ៏សំខាន់ក្នុងដំណើរការប្រវត្តិសាស្ត្រកម្ពុជាក្នុងការដឹកនាំការចរចាស្វែងរកសន្តិភាពជាមួយចលនាត្រីភាគីរហូតឈានដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា និងពិសេសជាងនេះ សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកសន្តិភាពនៅកម្ពុជាតាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជានាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោយពីអ៊ុនតាក់ប្រើប្រាស់ថវិកាជាង ២ពាន់លានដុល្លារនិងកងកម្លាំងស៊ីវិលនិងយោធាជាច្រើនម៉ឺននាក់ តែមិនអាចនាំយកសន្តិភាពជូនកម្ពុជាបាន។

ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់បានរួមសុខរួមទុក្ខជាមួយប្រជាជន និងមិនរត់ចោលប្រជាជនឡើយ។ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណបក្សនិងដឹកនាំប្រទេសជាតិឆ្លងកាត់ដំណាក់កាលនានាដ៏លំបាកស្មុគស្មាញ និងតស៊ូប្តូរផ្តាច់ប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ ប៉ិនប្រសប់ និងប្រកបដោយភាពអង់អាចក្លាហានបំផុត។ សម្តេចតេជោ ហ៊ុន សែន គឺជាស្នូលដឹកនាំ ជាសសរទ្រូងដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៏ដ៏ឆ្នើមនៃប្រជាជនកម្ពុជា។ ឈរលើតថភាពនេះ និងក្នុងស្មារតីធានាការបន្តវេនប្រកបដោយនិរន្តរភាពនូវបុព្វហេតុដ៏ធំធេង និងយូរលង់របស់គណបក្សប្រជាជនកម្ពុជា ដែលមានឧត្តមគតិផ្សារភ្ជាប់ជានិច្ចជាមួយជោគវាសនារបស់ប្រទេសជាតិ និងប្រជាជន គណបក្សគាំទ្រពេញទំហឹងសម្តេចសម្តេចជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។ ដោយសារតែថ្នាក់ដឹកនាំគណបក្សប្រជាជនជាបុគ្គលប្រកបដោយគតិបណ្ឌិត មានគុណធម៌ និងពោរពេញដោយសមត្ថភាពរួមរស់ជានិច្ចជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋជាបានធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តខ្លាំងលើគណបក្សប្រជាជនកម្ពុជានិងថ្នាក់ដឹកនាំបក្សនេះ។

៣-កត្តាកម្មវិធីនយោបាយគណបក្ស៖ គណបក្សប្រជាជនកម្ពុជាជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ និងមានបទពិសោធយ៉ាងក្រាសក្រែលក្នុងការដឹកនាំប្រទេស។ ចាប់តាំងពីឆ្នាំ ១៩៧៩ មក គណបក្សប្រជាជនកម្ពុជាបានសម្រេចបាននូវសមិទ្ធផលចម្បងៗជាច្រើនជូនជាតិនិងប្រជាជនកម្ពុជា។ កម្មវិធីនយោបាយដែលគណបក្សប្រជាជនកម្ពុជាបានដាក់ចុះជាកម្មវិធីនយោបាយជាក់ស្តែងនិងឆ្លើយតបនឹងសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋ ព្រមទាំងបានគិតគូរខ្ពស់ចំពោះផលប្រយោជន៍ប្រជាជន។ ចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិលនាឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានដាក់ចុះគោលនយោបាយ យុទ្ធសាស្ត្រជាបន្តបន្ទាប់ដើម្បីកសាងនិងអភិវឌ្ឍជាតិ។

យុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណដែលបានដាក់ចុះនាពេលកន្លងទៅគឺជាមូលដ្ឋានយ៉ាងរឹងមាំធ្វើឱ្យកម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនខ្លាំង មានកំណើនសេដ្ឋកិច្ចជាង ៧%ក្នុងមួយឆ្នាំរយៈពេល ២០ ឆ្នាំជាប់គ្នា, ប្រែក្លាយពីប្រទេសក្រីក្រតោកយ៉ាកមកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០, អភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ និងកសាងសំណង់ជាច្រើន, សេវាសាធារណៈកាន់តែមានភាពល្អប្រសើរ, ខឿនសេដ្ឋកិច្ច សង្គម, ខឿនការពារជាតិ និងខឿនសុខុមាលភាពពលរដ្ឋកាន់តែមានភាពរឹងមាំ។ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបាននាំមកវិញនូវមោទកភាពជាតិ និងកិត្យានុភាពជាតិល្បីរន្ទឺជាប់ឈ្មោះជាប្រទេសតូច បេះដូងទូលាយ និងចុងក្រោយទទួលបាននូវការកោតសរសើរពីភាពជោគជ័យនៃម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកាន់តែអស្ចារ្យគឺភាពជោគជ័យនៃការរៀបចំការប្រកួតកីឡាស៊ីហ្គេមនិងប៉ារ៉ាហ្គេម។ ទាំងនេះបង្ហាញពីសមត្ថភាពដឹកនាំប្រទេស និងការដាក់ចុះនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំនិងអភិវឌ្ឍប្រទេសដែលធ្វើឱ្យប្រជាពលរដ្ឋពេញចិត្តនិងគាំទ្រ។

កត្តាទាំង ៣ ខាងលើនេះជាមូលដ្ឋានយ៉ាងសំខាន់ដែលធ្វើឱ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតសម្រេចចិត្តដោយជំនឿទុកចិត្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីដឹកនាំនិងអភិវឌ្ឍប្រទេស។ ក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង ៤០ ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សបានតបស្នងទៅប្រជាពលរដ្ឋដែលមានជំនឿលើគណបក្សប្រជាជនកម្ពុជាដោយការធ្វើឱ្យកម្ពុជាមានការរីកចម្រើនលើផ្នែកសេដ្ឋកិច្ច សង្គម និងបានកសាងកេរ្តិ៍ឈ្មោះកម្ពុជាឡើងវិញនៅលើឆាកអន្តរជាតិ ជាប្រទេសដែលមានស្មើសិទ្ធិនិងស្មើភាពជាមួយបណ្តាប្រទេសនានា និងជាកម្ពុជាប្រកបដោយមោទកភាព។ សច្ចធម៌ក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលគ្មានជនណាម្នាក់ឬអនុភាពណាមួយអាចបំផ្លាញឬមួលបង្កាច់បានឡើយគឺ«ការសប្បាយរីករាយរបស់ប្រជាជនកម្ពុជានៅថ្ងៃនេះ គឺពិតជាផ្តើមចេញពីជ័យជម្នះ ៧ មករា, បើគ្មានជ័យជម្នះ ៧ មករា គឺពិតជាមិនអាចមានអ្វីៗដូចសព្វថ្ងៃនេះឡើយ»។ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ គឺជាពេលវេលាដែលប្រជាពលរដ្ឋម្ចាស់ឆ្នោតនឹងសម្រេចចិត្តផ្តល់សេចក្តីទុកចិត្តដល់គណបក្សប្រជាជនកម្ពុជាដើម្បីដឹកនាំអភិវឌ្ឍប្រទេសបន្តទៀត!

ដោយ៖ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner