ខេត្តពព្រះសីហនុ បន្តហាមលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល ១៤ថ្ងៃបន្ថែមទៀត

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តព្រះសីហនុនៅមិនទាន់ទប់ស្កាត់បានទាំងស្រុងនៅឡើយ ហើយកំពុងមានការឆ្លងរាលដាលជាបន្តបន្ទាប់ទៀត។ ដើម្បីធានាការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ ក៏ដូចជាសណ្ដាប់ធ្នាប់សង្គម រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបន្តផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ឧសភា ដល់ថ្ងៃទី១០​ មិថុនា ឆ្នាំ២០២១។

រដ្ឋបាលខេត្តបានណែនាំឲ្យគ្រប់ផ្សាររដ្ឋ ផ្សារឯកជន និងផ្សារម៉ាត ព្រមទាំងដេប៉ូចែកចាយគ្រឿងស្រវឹងនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវតែបន្តផ្អាកការលក់ដូរ និងចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ។

គ្រប់ភោជ្ជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មដ្ឋានអាហារ ភេសជ្ជៈ និងអាជីវកម្មលក់ដូរ អ្នកចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទត្រូវបន្តផ្អាករាល់ការបម្រើគ្រឿងស្រវឹងជូនភ្ញៀវជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃទៀត។ រដ្ឋបាលខេត្តព្រះសីហនុបានព្រមានថា ក្នុងកណីប្រជាពលរដ្ឋ អ្នកគ្រប់គ្រងផ្សារ អ្នកគ្រប់គ្រងក្រុមហ៊ុន ឬដេប៉ូចែកចាយ ម្ចាស់ហាង ម្ចាស់តូបលក់ដូរ ក៏ដូចជាម្ចាស់ទីតាំងអាជីវកម្មពាក់ព័ន្ធការលក់ដូរគ្រឿងស្រវឹង មិនអនុវត្តតាមសេចក្ដីណែនាំរបស់ខេត្តទេនោះ នឹងត្រូវទទួលវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner