ក្រសួងមហាផ្ទៃ អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះល្បិចឆបោកប្រាក់ទិញទំនិញលើបណ្តាញទំនាក់ទំនងសង្គម

នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃនៅថ្ងៃទី១៦សីហាឆ្នាំ២០២១ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ ការលក់ផលិតផល និងទិញទំនិញអនឡាញ កំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ជនខិលខូចមួយចំនួនបានឈ្លៀតឱកាសនេះ ធ្វើការឆបោកជនរងគ្រោះជាមួយនឹងល្បិចកលថ្មីៗជាបន្តបន្ទាប់។

ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា បានលើយកនូវល្បិចកលឆបោកប្រាក់ ដោយការលក់ទំនិញអនឡាញ ប្រើប្រាស់បច្ចេកទេសមួយចំនួនដូចជា ទី១- ជនខិលខូចធ្វើការបង្ហោះលក់ផលិតផលក្នុងទំព័រហ្វេសប៊ុកផេក ឬបង្ហោះក្នុងគេហទំព័រទិញលក់, ទី២-ធ្វើការផ្សព្វផ្សាយផលិតផល តួយ៉ាងប្រើប្រាស់ Facebook Ads ជាមួយនឹងអត្ថបទ ឬវីដេអូទាក់ទាញ លើផលិតផលរបស់ខ្លួន (ឧទាហរណ៍៖ គុណភាពខ្ពស់ តម្លៃថោក ពុំមានលក់ក្នុងទីផ្សារ។ល។) ទី៣- ពុំបានផ្តល់នូវលេខទូរស័ព្ទទំនាក់ទំនង ពោលគឺអាចទាក់ទងតាមរយៈសារបណ្តាញសង្គមតែប៉ុណ្ណោះ និង ទី៤- ណែនាំអតិថិជនធ្វើការទូរទាត់ប្រាក់មុននឹងទទួលទំនិញ ដែលធាតុពិតពុំមានការបញ្ជូនទំនិញបន្ទាប់ពីជនខិលខូចទទួលបានប្រាក់ពីជនរងគ្រោះ។

នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ទាក់ទងនឹងការឆបោកខាងលើ អាជ្ញាធរមានសមត្ថកិច្ចបានធ្វើការបង្ក្រាបជាច្រើនករណីនាពេលកន្លងមក ប៉ុន្តែមានជនខិលខូចមួយចំនួនបានបន្តប្រព្រឹត្តិអំពើល្មើសនោះជាបន្តបន្ទាប់។ នាយកដ្ឋានព័ត៌មានវិទ្យា បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ពោលគឺមិនត្រូវធ្វើការទូរទាត់ប្រាក់មុនពេលទទួលបានទំនិញឡើយ ពិសេសការទូរទាត់ប្រាក់ជាមួយការទិញផលិតផលអនឡាញពីអ្នកលក់ដែលអ្នកពុំបានស្គាល់ ឬពុំអាចទុកចិត្តបាន។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner