ការបន្តតំណែងពីអ្នកស្រីមឺកែលដ៏តក់ក្រហល់៖របៀបដែលមេដឹកនាំអាល្លឺម៉ង់បរាជ័យក្នុងការរក្សាការកាន់អំណាចគណបក្សខ្លួន
អធិការបតីអាល្លឺម៉ង់អ្នកស្រីអេនជេឡា មឺកែលត្រូវបានគេចាត់ទុក្ខជានយោបាយជោគជ័យជាងគេក្នុងប្រវត្តិសាស្ត្រនៃប្រទេសនេះ ប៉ុន្តែសម្រាប់ក្រុមអភិរក្សនិយមការបរាជ័យរបស់គណបក្សលោកស្រីក្នុងការបោះឆ្នោតកាលពីខែមុនបានក្លាយជាផ្នែកមិនលុបបានក្នុងកំណត់ត្រាកាន់អំណាចរបស់អ្នកស្រី។
ដើមឡើយការបោះឆ្នោតថ្ងៃ ២៦ កញ្ញា ត្រូវបានគេរំពឹងថានឹងអនុញ្ញាតឱ្យគណបក្សសហភាពប្រជាធិបតេយ្យគ្រិស្ត និងសហភាពសង្គមគ្រិស្ត (CDU/CSU) បន្តកាន់អំណាចបន្ទាប់ការចូលនិវត្តរបស់អ្នកស្រីមឺកែល។ ប៉ុន្តែក្រោមការដឹកនាំរបស់អ្នកស្នងដំណែងបន្ទាប់គឺលោកអាមីន ឡាសឆេត គណបក្ស CDU/CSU បានបាត់បង់សំឡេងគាំទ្រមួយចំនួនធំក្នុងការបោះឆ្នោត ធ្វើឱ្យគូប្រជែងទទួលជ័យជម្នះ។ ឥឡូវនេះសមាជិក CDU/CSU ជាច្រើនកំពុងស្ដីបន្ទោសអ្នកស្រីមឺកែលថាបានធ្វេសប្រហែសមិនបានជ្រើសរើសអ្នកស្នងដំណែងដែលអាចឈ្នះឆ្នោតបាន ហើយធ្វើឱ្យបាត់បង់ការគាំទ្រពីក្រុមអ្នកបោះឆ្នោតសំខាន់ៗ។
«CDU កំពុងស្ថិតក្នុងចំណុចទាបមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយប្រាកដជាមានមនុស្សសួរថាតើដល់កម្រិតណាដែលអ្នកស្រីមឺកែល ក្នុងចំណោមហេតុផលផ្សេងទៀត បានរួមចំណែកក្នុងរឿងនេះ» សមាជិកសភាបក្សCDU និងប្រធានសាខាបក្សនៅក្រុងហាំប៊ឺក លោកគ្រីស្តូហ្វ ផ្លូសបាននិយាយបែបនេះហើយបន្តទៀតថា៖ «នៅចុងបញ្ចប់អ្នកស្រីគឺជាប្រធានបក្សយើងអស់រយៈ ១៨ឆ្នាំ»។
សមាជិកដទៃទៀតបានធ្វើការរិះគន់ខ្លាំងជាងនេះទៅទៀត ដោយសមាជិកខ្លះនិយាយថាអ្នកស្រីមឺកែលបានមិនអើពើនឹងបក្សអស់រយៈពេលជាច្រើនឆ្នាំ ហើយបាននិយាយថាស្ថានភាពបក្សនៅពេលបច្ចុប្បន្នគឺជាកំហុសរបស់អ្នកស្រី។
កាលពីឆ្នាំ ២០១៨ អ្នកស្រីមឺកែលបានលាលែងពីតំណែងប្រធាន CDU/CSU ប៉ុន្តែអ្នកស្រីជ្រើសរើសបន្តកាន់អំណាចជាអធិការបតី។ នេះមានន័យថាអ្នកស្នងដំណែងពីអ្នកស្រីជាប្រធានបក្សមិនអាចលេចចេញពីស្រមោលរបស់អ្នកស្រី។ ការសម្រេចចិត្តបែបនេះរបស់អ្នកស្រីមឺកែលបានរងការរិះគន់យ៉ាងខ្លាំងពីសមាជិកជាន់ខ្ពស់ជាច្រើន ដែលមានជំហរថាតំណែងប្រធានបក្ស និងអធិការបតីគឺត្រូវតែកាន់ដោយបុគ្គលមួយរូប។
បន្ថែមពីលើនេះទៅទៀត ការលាលែងរបស់អ្នកស្រីមឺកែល បន្ទាប់ពីការគ្រប់គ្រងជាច្រើនឆ្នាំ បានបង្កឱ្យមានប្រេះឆាផ្ទៃក្នុងរវាងក្រុមប្រកួតប្រជែងគ្នាក្នុងគណបក្ស CDU/CSU។ ជម្លោះរវាងក្រុមទាំងនេះ។
ក្រុមអភិរក្សនិយមនៃ CDU/CSU បានចោទប្រកាន់គោលនយោបាយកណ្ដាលនិយមរបស់លោកស្រីមឺកែលថាបានធ្វើឱ្យបាត់បង់ការគាំទ្រពីអ្នកគាំទ្រដើមរបស់ CDU/CSU។
ក្នុងការបោះឆ្នោតកាលពីខែកញ្ញាគណបក្ស CDU/CSU បានទទួលសំឡេងគាំទ្រ ២៤,១ ភាគរយ ដែលធ្លាក់ ៩ ភាគរយពីលទ្ធផលនៃការបោះឆ្នោតកាលពីឆ្នាំ ២០១៧។ នេះគឺជាគ្រោះមហន្តរាយដ៏ធំសម្រាប់គណបក្ស ដែលបានកាន់អំណាចនៅប្រទេសអាល្លឺម៉ង់ជាង ៥២ ឆ្នាំក្នុងកំឡុងពេល ៧២ឆ្នាំចុងក្រោយនេះ។
ការបោះឆ្នោតត្រូវបានឈ្នះដោយគណបក្សប្រជាធិបតេយ្យសង្គម (SDP) ដឹកនាំដោយអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោកអូឡាហ្វ សូល។ SDP បានចាប់ផ្ដើមធ្វើការចរចាជាមួយគណបក្សបៃតង និងគណបក្សប្រជាធិបតេយ្យសេរី (FDP) ដើម្បីបង្កើតរដ្ឋាភិបាល ដែលអាចនឹងក្លាយជាសម្ព័ន្ធភាពកាន់អំណាចត្រីភាគីដំបូងនៅអាល្លឺម៉ង់ចាប់តាំងទសវត្សឆ្នាំ ១៩៥០។
នៅពេលដែលការចរចាត្រីភាគីបានចាប់ផ្ដើម លោកឡាសឆេតបានចុះចាញ់នឹងសម្ពាធក្នុង CDU/CSU ឱ្យលោកលាលែងពីតំណែងប្រធានបក្ស ដោយប្រកាសថាលោកនឹងស្នើឱ្យរៀបចំសន្និសីទបក្សដើម្បីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មី។ ប្រសិនបើលោកធ្វើបែបនេះ គណបក្ស CDU នឹងប្រឈមនឹងការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំលើកទីបីក្នុងរយៈពេលតិចជាងបីឆ្នាំ៕