-
សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមបោះឆ្នោតនៅមណ្ឌលបាត់ដំបង
នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ រួចហើយ នៅការិយាល័យបោះឆ្នោត នៅខេត្តបាត់ដំបង ដែលជាមណ្ឌលឈរឈ្មោះរបស់សម្តេច។
-
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ ចូលរួមបោះឆ្នោតនៅមណ្ឌលបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ម៉ៅ ម៉ាល័យ បានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨នេះ រួចហើយ នៅការិយាល័យដែលស្ថិតក្នុងសាលាបឋមសិក្សាគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបោះឆ្នោតនៅមណ្ឌលស្វាយរៀង
នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញមកបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅការិយល័យលេខ ០៧៩៦ ស្ថិតក្នុងបឋមសិក្សាព្រះសីហនុ នៃខេត្តស្វាយរៀង រួចហើយ។
-
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបោះឆ្នោតរួចហើយ
នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ដែលជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី នៃព្រះរាជណាណាចក្រកម្ពុជា។ នៅក្នុងថ្ងៃដ៏វិសេសវិសាលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ នៅការិយល័យលេខ១៦៩៧ ស្ថិតក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រិត្យការ ក្រុងតាខ្មៅ ខេត្តកណ្តាល រួចហើយ។
-
សម្តេចពញាចក្រី ហេង សំរិន និងលោកជំទាវ អញ្ជើញចូលរួមបោះឆ្នោតនៅស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ
នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងបេក្ខជនតំណាងរាស្រ្តខេត្តត្បូងឃ្មុំ និងលោកជំទាវ សៅ ទី បានអញ្ជើញទៅចូលរួម បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ នៅការិយាល័យបោះឆ្នោតលេខ០៧៣២ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យសម្តេចចក្រីហេង សំរិន អន្លង់ជ្រៃ ក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅខេត្តត្បូវឃ្មុំ ដំណើរក្នុងបរិយាកាសយ៉ាងរលូនល្អប្រសើរណាស់៕ម.ន
-
សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមគ្រួសារបានអញ្ជើញទៅបោះឆ្នោតរួចហើយ នៅការិយាល័យវិទ្យាល័យឥន្ទ្រទេវី រាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ សម្តេចពិជ័យសេនា ទា បាញ់ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានចូលរួមបោះឆ្នោត រួចហើយនៅការិយាល័យលេខ០៥៩០ ស្ថិតក្នុងបរិវេណវិទ្យាល័យឥន្ទ្រទេវី រាជធានីភ្នំពេញ។ ជាមួយនឹងគ្នានេះដែរ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋ តាមរយៈការចូលរួមបោះឆ្នោតទាំងអស់គ្នា ប្រកបដោយទឹកមុខសប្បាយរីករាយ។
-
គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ ចំនួនអ្នកចូលរួមបោះឆ្នោតបានជិត៦១ភាគរយហើយ
មន្ត្រី គ.ជ.ប. បានថ្លែងថា សន្ទុះចំនួននៃអ្នកទៅចូលរួមបោះឆ្នោតមានការកើនឡើងយ៉ាងខ្លាំង ដោយពេលនេះ ខេត្តមួយចំនួនបានបង្ហាញតួលេខបណ្តោះអាសន្នគួរឲ្យពេញចិត្ត។ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យ គ.ជ.ប. លោក ឌឹម សុវណ្ណារុំ បានថ្លែងថាតួលេខបណ្តោះអាសន្នគិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ ក្នុងខេត្តចំនួន១៣ រួមមាន៖ ទី១៖ រាជធានីភ្នំពេញ មានចំនួនអ្នកបោះឆ្នោតប្រមាណ៥៩.៦៣ភាគរយទី២៖ ខេត្តកំពង់ធំ មានប្រមាណ៥៣.៤១ភាគរយទី៣៖ ខេត្តកោះកុង មានជាង៥៩ភាគរយទី៤៖ ខេត្តសៀមរាប មានជាង៥៥ភាគរយទី៥៖ ខេត្តស្វាយរៀង មានជាង៦៣.៨៣ភាគរយ ទី៦៖ ខេត្តមណ្ឌលគីរី មានជាង៦៩ភាគរយ ទី៧៖ ខេត្តរតនគិរី មានជាង៥០ភាគរយ ទី៨៖ ខេត្តពោធិ៍សាត់ មាន៦២.១១ភាគរយទី៩៖ ខេត្តកណ្ដាល មាន៦៣.៧០ភាគរយទី១០៖ ខេត្តកែប មាន៧០.៧៣ភាគរយទី១១ ខេត្តបន្ទាយមានជ័យ មាន៦០.៦២ភាគរយទី១២៖ ខេត្តបាត់ដំបង មាន៥៨.៥៩ភាគរយទី១៣៖ ខេត្តកំពង់ឆ្នាំង មាន ៦៣ភាគរយ បើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ចំនួនអ្នកចូលរួម បោះឆ្នោតមាន៦០កណ្តក់សញ្ញា៩៥ភាគរយ។ សូមជម្រាបការបោះឆ្នោតនឹងចប់សព្វគ្រប់នៅម៉ោង៣រសៀល៕ម.ន
-
ចំនួនអ្នកបោះឆ្នោតនៅខេត្តកំពង់ឆ្នាំមានចំនួនជាង៦៣%ហើយ
ក្នុងនោះប្រជាពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតជាង៣១ម៉ឺននាក់។ ខេត្តកំពង់ឆ្នាំ មានប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ប្រមាណ៣១ម៉ឺន៩៥៤នាក់ មានការិយាល័យបោះឆ្នោត៧៩០ការិយាល័យ មាន១៤គណបក្សឈរឈ្មោះ និងមានអាសនៈចំនួន៤ក្នុងសភា។ ដោយ យឹម សុក្ខារិន្ទ
-
ចំនួនអ្នកបានបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ គិតត្រឹមវេលាម៉ោង ១១ៈ០០នាទីព្រឹក
-
ប្រជាពលរដ្ឋរស់នៅសង្កាត់ច្បារអំពៅ១ បានបន្តបំពេញកាតព្វកិច្ចរបស់ខ្លួន ចូលរួមបោះឆ្នោត យ៉ាងច្រើនកុះករ!
រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋនៅសង្កាត់ច្បារអំពៅ១ បានបន្តបំពេញកាតព្វកិច្ចរបស់ខ្លួន បានកំពុងនាំគ្នាទៅចូលរួមបោះឆ្នោត យ៉ាងច្រើនកុះករ នេះបើគិតមកទល់នឹងម៉ោង៧ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅការិយាល័យបោះឆ្នោតបឋមសិក្សា ច្បារអំពៅ១ ក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។