-
កម្ពុជាបង្កើត CoolApp ជាលើកដំបូងរបស់ខ្លួន (Video Inside)

កម្ពុជាបានបង្កើតប្រព័ន្ធបណ្តាញសង្គមរបស់ខ្លួនជាលើកដំបូង ដែលមានលក្ខណៈដូចជា ប្រព័ន្ធ Chat, Telegram ឬ WhatsApp។ ប្រព័ន្ធបណ្តាញសង្គមបង្កើតដោយកូនខ្មែរលើកដំបូងនេះ មានឈ្មោះហៅថា CoolApp។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងតាមបណ្តាញសង្គមនៅថ្ងៃទី២១មិថុនាបញ្ជាក់ថា «CoolApp គឺជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេស ដូច Telegram និង WhatsApp។ បច្ចុប្បន្នបានដាក់ឱ្យដំណើរការនៅលើ App Store និង Play Store ហើយ»។ សម្ដេចតេជោថ្លែងថា «CoolApp ដែលមានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមជំនួញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង ៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤ ដែលទើបបានចេញជារូបរាងនៅពេលនេះ»។
-
សមាគមឧកញ៉ាកម្ពុជា បរិច្ចាគថវិកាជាងមួយលានដុល្លារដល់កាកបាទក្រហម (Video Inside)

ថវិកាជាង១លាន៥សែនដុល្លារ ត្រូវបានបរិច្ចាកជូនដល់កាកបាទក្រហមកម្ពុជា ដោយក្រុមសមាគមឧកញ៉ាកម្ពុជា។ ថវិកាបរិច្ចាកនេះ បានធ្វើនៅក្នុងឱកាសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា។ ថវិកាដែលសមាគមឧកញ៉ាកម្ពុជាបរិច្ចាគជូនកាកបាទក្រហមកម្ពុជា មានសរុបចំនួន ១លាន ៥សែន ៥ម៉ឺន ៥ពាន់ ៥៥៥ដុល្លារអាមេរិក ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤។
-
សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត មានព្រះជន្មជាង១០០ព្រះវស្សា (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីប្រារព្ធព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត នាព្រឹកថ្ងៃទី២១មិថុនា។ សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត មានព្រះជន្មជាង ១០០ព្រះវស្សាហើយ។ ព្រះអង្គគឺជាព្រះសង្ឃខ្មែរលើកដំបូងបំផុត ដែលមានព្រះជន្មលើសជាង ១០០ព្រះវស្សា។ សម្តេចព្រះមហាសង្ឃរាជស្តីទីនៃព្រះរាជាណាចក្រកម្ពុជានេះ ទ្រង់ប្រសូតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៤ នៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ក្នុងព្រះជន្ម ១១ព្រះវស្សា ព្រះអង្គបានសិក្សាអក្សរសាស្រ្តខ្មែរនៅសាលាវត្តពោធិ៍ ឃុំពោធិ៍អង្រ្គង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងព្រះជន្ម ១៧ព្រះវស្សា ទ្រង់បានទៅស្នាក់នៅសិក្សា រៀនសូត្រធម៌វិន័យ និងព្រះជន្ម ១៩ព្រះវស្សា ទ្រង់បានចូលបួសជាសាមណេរ នៅវត្តពោធិ៍ ឃុំពោធិ៍អង្រ្គង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ព្រះអង្គត្រូវបានពួកខ្មែរក្រហមបង្ខំឱ្យធ្វើការងារ គ្មានថ្ងៃឈប់សម្រាកដូចប្រជាជនទូទៅ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ព្រះអង្គបានយាងសាងព្រះផ្នួសសាឡើងវិញ និងបានគង់នៅវត្តឧណ្ណាលោម ចាប់តាំងពីពេលនោះរហូតមក។
-
ការដាច់ភ្លើងនៅចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

-
សមត្ថកិច្ចកំពុងតាមចាប់ក្មេងទំនើង ៣៥នាក់ ក្នុងរាជធានី (Video Inside)

ក្មេងទំនើង៣៥នាក់កំពុងគេចខ្លួនពីការតាមចាប់របស់កម្លាំងសមត្ថកិច្ច ក្រោយហេតុការណ៍បង្កហេតុនៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ស្នងការនគរបាលរាជធានី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ កាលពីម្សិលមិញ បានប្តេជ្ញាតាមចាប់ក្មេងទំនើងទាំងឡាយនោះ ដើម្បីបញ្ជូនទៅតុលាការដើម្បីកាត់ទោស។ អប្សរាណិតរាយការណ៍
-
ចាប់លាស ៣០តោន ក្រោយការប្រើម៉ាស៊ីនបារពីបាតទន្លេ (Video Inside)

លាសទំងន់ ៣០តោន ដែលបំរុងនាំចេញលក់ក្រៅប្រទេស ត្រូវបានសមត្ថកិច្ចឃាត់ ដោយសារគ្មានលិខិតអនុញ្ញាត។ ការនេសាទលាសដោយប្រើកម្លាំងម៉ាស៊ីនបារយកពីបាតទន្លេនេះ ត្រូវគេចាត់ទុកថា ជាអំពើផ្ទុយពីច្បាប់ជលផល និងបង្កផលប៉ះពាល់ចំពោះប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ ក្នុងបាតទន្លេ និងធ្វើឲ្យប៉ះពាល់ដល់បរិស្ថានផ្ទៃទឹកទន្លេថែមទៀតដែរ ខណៈរដូវនេះ គឺជារដូវបិទនេសាទ ក្នុងដែនទឹកសាប។ អធិការរងនគរបាលស្រុករលាប្អៀរ លោកវរ:សេនីយ៍ទោ យឹម សុផល បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅម៉ោង ១០និង៣៥នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចព្រែកទួលខ្សាច់ ស្ថិតក្នុងភូមិថ្នល់តាសែង ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
-
ក្រសួងធនធានទឹក ពន្យល់ហេតុអ្វីឆ្នាំរោងទឹកតូច (Video Inside)

ក្រសួងធនធានទឹក និងឧតុនិយាម បានបកស្រាយជុំវិញបញ្ហាកម្រិតកម្ពស់ទឹកទាប នៅក្នុងបឹងទន្លេសាប ខណៈពលរដ្ឋជាច្រើន បានសម្តែងក្តីព្រួយបារម្ភ។ ជាធម្មតាពលរដ្ឋខ្មែរតែងនិយាយថា ឆ្នាំរោង គឺជាឆ្នាំដែលតែងមានទឹកធំ ប៉ុន្តែឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ដែលត្រូវនឹងឆ្នាំ២០២៤នេះ កម្រិតទឹកបែរជាទាបដែលធ្វើឱ្យពលរដ្ឋខ្លះ ព្រួយបារម្ភ។ ក្រសួងធនធានទឹក និងឧតុនិយម បានបកស្រាយនៅថ្ងៃទី២០មិថុនានេះថា ភាព «ប្រែប្រួលអាកាសធាតុ, ការប្រែប្រួលគម្របដី, សម្ពាធនៃសកម្មភាពសេដ្ឋកិច្ច ក្នុងតំបន់អាងទន្លេមេគង្គ បានធ្វើឱ្យរបបទឹកភ្លៀង និងរបបទឹកទន្លេមេគង្គ មានការថយចុះ ដែលជាហេតុបណ្តាលឱ្យកម្ពស់ទឹកបឹងទន្លេសាប ថយចុះជាពិសេសនៅរដូវប្រាំងឆ្នាំនេះ»។ មន្ត្រីជំនាញបាននិយាយថា កម្ពស់ទឹកបឹងទន្លេសាប ជាមធ្យមនៅរដូវប្រាំង មានចន្លោះពីកន្លះម៉ែត្រ ទៅ១ម៉ែត្រ និងនៅរដូវវស្សា មានកម្ពស់ពី ៧ម៉ែត្រទៅ ១០ម៉ែត្រ។ ជាធម្មតាកម្ពស់ទឹកបឹងទន្លេសាប ក្នុងខែមិថុនា ត្រូវគេកត់សម្គាល់រយៈពេល ៣០ឆ្នាំចុងក្រោយនេះថា ទឹកតែងមានកម្ពស់ជាមធ្យម ១ម៉ែត្រ៥៨… ប៉ុន្តែនៅក្នុងខែមិថុនា ឆ្នាំ២០២៤នេះ កម្ពស់ទឹកមានមិនដល់មួយម៉ែត្រទេ គឺប្រមាណតែ៧៨សង្ទីម៉ែត្រតែប៉ុណ្ណោះ ដែលកម្រិតនេះបានថយចុះដល់ ៨០សង្ទីម៉ែត្រ។
-
ព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារឧកញ៉ា ពីខ្មាន់កាំភ្លើង ស្រី ស៊ីណា (Video Inside)

ខ្មាន់កាំភ្លើង លោក ស្រី ស៊ីណា ត្រូវបានព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ «ឧកញ៉ា» បន្ទាប់ពីព្រឹត្តិការណ៍បាញ់ប្រហារនៅបុរីប៉េងហួត បឹងស្នោ ដែលបណ្តាលឱ្យមានមនុស្ស ៤នាក់ បានស្លាប់ និងរបួស។ បុរស និងស្ត្រីវ័យក្មេង២រូប អាយុ២៧ឆ្នាំ និង២៥ឆ្នាំ បានបាត់បង់ជីវិត ក្នុងហេតុការណ៍អំពើបាញ់ប្រហារ ដោយសារករណីជម្លោះរឿងស្នួរហាលខោអាវ បំពានលើព្រំដីផ្ទះជួលមួយ ក្នុងបុរីប៉េងហូតបឹងស្នោនោះ។ ព្រះរាជក្រឹត្យថ្ងៃទី២០មិថុនា បានត្រាស់បង្គាប់បញ្ចប់គោរមងារ «ឧកញ៉ា » ស្រី ស៊ីណា។ ឧកញ៉ាដែលជាជនសង្ស័យឃាតករ និងមនុស្សពីរនាក់ជាសហចារី កំពុងស្ថិតក្រោមការឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីរង់ចាំការកាត់ទោសតាមផ្លូវច្បាប់។
-
កម្ពុជារំពឹងកំណើនក្រុមហ៊ុនបណ្តាក់ទុនសឹង្ហបុរី ក្រោយដំណើរទស្សនកិច្ច២ថ្ងៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត (Video Inside)

ក្រុមហ៊ុនសឹង្ហបុរីជាច្រើនត្រូវគេរំពឹងថា នឹងបង្កើនការវិយោគនៅកម្ពុជា ក្រោយដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រយៈពេល២ថ្ងៃរួចមកនេះ។ សម្តេចធិបតីនៅថ្ងៃទី១៩មិថុនា បានចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ដោយមានក្រុមហ៊ុនវិនិយោគចំនួន ៣៤៨ បានចូលរួម។ ក្នុងវេទិកាធុរកិច្ចនោះ តំណាងចូលរួមជាច្រើនបានលើកឡើងនូវវិស័យ ដែលសឹង្ហបុរីអាចធ្វើការបណ្តាក់ទុន ដូចជាវិស័យថាមពលបៃតង, វិស័យសុខភាពសន្តិសុខស្បៀងអាហារជាដើម។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានប្រាប់អ្នកចូលរួមក្នុងវេទិកាធុរកិច្ចនោះថា «វិនិយោគរបស់សឹង្ហបុរី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា, ជំរុញកំណើនក្នុងវិស័យផ្សេងៗ ដូចជាផលិតកម្ម អចលនទ្រព្យ បដិសណ្ឋារកិច្ច និងវិស័យផ្សេងៗទៀត»។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានថ្លែងថា ដើម្បីការស្វែងអូសទាញឱ្យមានការចូលមកបណ្តាក់ទុន ពីសឹង្ហបុរី មកក្នុងប្រទេសកម្ពុជានោះ, កម្ពុជាបានជួបពិភាក្សាជាមួយនឹងមន្ត្រីសឹង្ហបុរី និងបានជជែកជាច្រើន លើបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំង ២។ ទំហំពាណិជ្ជកម្មរវាងសឹង្ហបុរី និងកម្ពុជា បានកើនដល់ ៩១៧លាន និង៤៥ម៉ឺនដុល្លារ ក្នុងឆ្នាំ២០២៣។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាន់តែកើនឡើងជាលំដាប់។ សេចក្តីរាយការណ៍ពីអង្គភាពបណ្តាក់ទុនផ្ទាល់បរទេស FDI សឹង្ហបុរី បានរាយការណ៍ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ បានកើនដល់ជាង ២ពាន់ ៥០០លានដុល្លារ។
-
កម្ពុជាគាំទ្រសេចក្តីថ្លែងការណ៍ឈប់ដាក់ទោសទណ្ឌ ចំពោះមនុស្សស្រលាញ់ភេទដូចគ្នា (Video Inside)

កម្ពុជាបានចូលរួមជាមួយបារាំងគាំទ្រលើសេចក្តីថ្លែងការណ៍រួម ក្នុងការឈប់ដាក់ទោសទណ្ឌ ចំពោះមនុស្សស្រលាញ់ភេទដូចគ្នា។ សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្ងៃទី២០មិថុនា បានសរសេរបញ្ជាក់ថា ការចូលរួមរបស់កម្ពុជាជាមួយបារាំងនេះ «បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស និងសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ទាំងក្នុងប្រទេស ក៏ដូចជានៅលើសកលលោក»។ សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជាមួយប្រទេសបារាំង គាំទ្រលើសេចក្តីថ្លែងការណ៍រួម ស្តីពីការឈប់ដាក់ទោសទណ្ឌជាសកល ចំពោះការអ្នកស្រលាញ់ភេទដូចគ្នានេះ បានធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសសម័យប្រជុំលើកទី៥៦ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស។