-
រដ្ឋមន្ត្រីក្រសួងព័ត៌មានដឹកនាំកិច្ចពិភាក្សាសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈ» (Video Inside)

រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត ភក្ត្រា បានដឹកនាំកិច្ចពិភាក្សាមួយ ជាមួយបណ្តាសារព័ត៌មាន ក្រោយភាពត្អូញត្អែរដែលចោទថា មានអ្នកសារព័ត៌មានខ្លះ បានប្រើប្រាស់អាជីពរបស់ខ្លួនដើរគំរាមកំហែងប្រាក់ពីពលរដ្ឋប្រកបរបរសុចរិត។ កិច្ចពិភាក្សាថ្ងៃទី២៤កក្កដាបានតម្រែតម្រង់ទិសដៅ ដើម្បីឱ្យអ្នកសារព័ត៌មានទាំងអស់ គោរព «ធម្មនុញ្ញវិជ្ជាជីវៈ» ដែលពេលនេះត្រូវបានតាក់តែងចេញជាសេចក្តីព្រាង ដើម្បីឱ្យអ្នកសារព័ត៌មានទាំងឡាយ ត្រូវទទួលខុសត្រូវលើវិជ្ជាជីវៈសារព័ត៌មាន។ សេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈ» ដែលមាន ៦ជំពូក បានសរសេរថា ទង្វើបំពានរបស់អ្នកសារព័ត៌មានផ្ទុយនឹងច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា «មិនស្ថិតក្នុងក្របខណ្ឌ នៃសេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មានឡើយ»។ ទោះជាយ៉ាងណាក៏ដោយសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ត្រូវគេរំពឹងថា នឹងមានការផ្លាស់ប្តូរ ឬថែមថយចំណុចខ្លះទៀត ខណៈមានតំណាងអង្គការយូណេស្កូ និងសមាគមអ្នកសារព័ត៌មានមួយចំនួន កំពុងតែពិភាក្សាមិនទាន់ឯកភាពគ្នាទាំងស្រុងឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់រដ្ឋមន្ត្រីក្រសួងព័ត៌មានកាលពីថ្ងៃទី១៨កក្កដាថា «ត្រូវយកចិត្តទុកដាក់លើការជួយអប់រំ និងតម្រែតម្រង់អ្នកសារព័ត៌មាន ដែលប្រព្រឹត្តខុសក្រមសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់ភាពស្អាតស្អំរបស់អ្នកសារព័ត៌មានជាច្រើន ដែលប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈ»។
-
បាក់ដើមឈើចំណាស់ក្នុងបរិវេណអង្គរធំ សង្កត់ស្លាប់ម្នាក់ និងរបួសបីនាក់ (Video Inside)

ដើមឈើចំណាស់ នៃសម័យបុរាណមួយដើម ក្នុងបរិវេណអង្គរធំ នៃខេត្តសៀមរាប បានបាក់រលំដោយសារខ្យល់កន្ត្រាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងបីនាក់រងរបួស។ ហេតុការណ៍បាក់ដើមឈើនៅចំណុចក្លោងទ្វារទន្លេអុំ បានកើតឡើងវេលាល្ងាចម៉ោង ៥និង៥០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ខណៈមេឃធ្លាក់ភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់។ ដើមឈើនោះ បានបាក់មកលើមនុស្សបួននាក់ ធ្វើដំណើរតាមរ៉ឺម៉ក ក្នុងនោះអ្នកបើករ៉ឺម៉កបានស្លាប់ និងបីនាក់ទៀតរងរបួស។
-
១៧នាក់ពុលដោយសារទទួលទានផ្សិត (Video Inside)

មនុស្សយ៉ាងហោចចំនួន១៧នាក់ ត្រូវគេរាយការណ៍ថា បានរងនឹងពុលផ្សិត ក្រោយការទទួលទានរួច។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២១កក្កដា នៅភូមិឡុំ, ឃុំប៉ក់ញ, ស្រុកអូរយ៉ាដាវ នៃខេត្តរតនគិរី។ មន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា ពិតជាមានមនុស្សប្រុស ស្រី បានពុលនឹងការទទួលទានផ្សិតនោះមែន និងថាពួកគេកំពុងទទួលបានការព្យាបាល ដោយយកចិត្តទុកដាក់នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យខេត្ត។ មិនមានសេចក្តីរាយការណ៍ថា តើផ្សិតដែលពួកគេបានទទួលទានបណ្តាលឱ្យពុលនេះ គឺជាផ្សិតអ្វីទេ ប៉ុន្តែក្រុមគ្រូពេទ្យនិយាយថា ក្នុងចំណោមផ្សិតរាប់ពាន់ប្រភេទ គឺមានផ្សិតប្រហែល ១០០ប្រភេទប៉ុណ្ណោះ ដែលទទួលទានទៅបណ្ដាលឱ្យពុល ប៉ុន្តែមិនអាចបញ្ជាក់ថា តើត្រូវធ្វើយ៉ាងណា ដើម្បីឱ្យមានការស្គាល់ថា ផ្សិតណាពុល និងផ្សិតណាមិនពុលឡើយ។
-
ការរុកឧទ្ធម្ភាគចក្រឈានចូលថ្ងៃទី១៣ (Video Inside)

ការរុករកឧទ្ធម្ភាគចក្រយោធា Z9 មួយគ្រឿង ផ្ទុកអាកាសយានិក ២នាក់ ដែលបានបាត់នៅតំបន់ជួរភ្នំក្រវាញ បានឈានចូលដល់ថ្ងៃទី១៣ហើយ ប៉ុន្តែនៅតែមិនទាន់មានតម្រុយអ្វីសោះ។ ឧទ្ធម្ភាគចក្រ Z9-MH-912 ផ្ទុកលោក ស៊ុន ផ្លា ដែលជាប្រធានក្រុមហោះហើរ និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក ត្រូវគេរាយការណ៍បានបាត់សញ្ញាទាក់ទង នារសៀលថ្ងៃទី១២ កក្កដា ខណៈពេលកំពុងហ្វឹកហ្វឺនការហោះហើរនៅតំបន់ជួរភ្នំក្រវាញ។ ក្រសួងការពារជាតិបានថ្លែងកាលពីថ្ងៃទី២២កក្កដាកន្លងមកនេះថា គេបានដាក់កម្លាំងមនុស្សសម្រូតចុះតាមខ្សែពួរពីឧទ្ធម្ភាគចក្រ ចុះស្វែងរកក្នុងកន្លែងព្រៃក្រាស់មួយ ក្នុងតំបន់អូរសោម ដែលគេសង្ស័យថា ឧទ្ធម្ភាចក្រអាចបាត់ការទាក់ទងនៅក្នុងតំបន់នោះ ប៉ុន្តែរហូតមកដល់ថ្ងៃទី២៤កក្កដានេះ មិនមានសេចក្តីរាយការណ៍ណាមួយ បង្ហាញអំពីការរកឃើញតម្រុយណាមួយ ដែលជាប់ពាក់ព័ន្ធឡើយ។
-
គណបក្សប្រជាជនកម្ពុជាចេញញ្ញត្តិគាំទ្រសម្តេចតេជោ ហ៊ុន សែន លើការបកស្រាយជុំវិញតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (Video Inside)

គណបក្សប្រជាជនកម្ពុជា បានចេញញ្ញត្តិគាំទ្រចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើការអនុវត្តកម្មវិធី និងគម្រោងក្របខណ្ឌ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម។ តំបន់ត្រីកោណអភិវឌ្ឍន៍ គឺជាគំនិតផ្តួចផ្តួចដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ក្នុងគោលបំណង ជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី ជាតំបន់អភិវឌ្ឍន៍ និងជាតំបន់ព្រំដែនមិត្តភាព និងសហប្រតិបត្តិការ ប៉ុន្តែក្រុមធ្វើនយោបាយប្រឆាំង បែរជាចោទប្រកាន់ថា កម្ពុជាបានកាត់ខេត្តទាំងបួន នៃភាគឥសានឱ្យប្រទេសវៀតណាមនោះទៅវិញ។ ញ្ញត្តិគាំទ្ររបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៤កក្កដា ចុះហត្ថលេខាដោយសម្តេចអនុប្រធានវិបុលសេនាភក្តី សាយ ឈុំ បានសរសេរថា «គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សូមប្រកាសថ្កោលទោសដាច់អហង្កា និងអំពាវនាវស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ចំពោះការញុះញង់ បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និងដំណើរការអភិវឌ្ឍន៍តំបន់ត្រីកោណ»។ ញ្ញត្តិគាំទ្រនេះ បានទន្ទឹមនឹងបណ្តាញ្ញត្តិនានា តាមអង្គភាព ក្រសួង ស្ថាប័ន សមាគមនានា ក្នុងប្រទេសកម្ពុជា បានចេញសេចក្តីប្រកាស និងសេចក្តីថ្លែងការណ៍រៀងៗខ្លួន គាំទ្រប្រសាសន៍ថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បកស្រាយ និងពន្យល់នូវអ្វីដែលជាតំបន់ត្រីកោណអភិវឌ្ឍន៍ និងអ្វីជាផលប្រយោជន៍ និងការថ្កោលទោសបកអាក្រាតនយោបាយពិសពុល របស់ក្រុមធ្វើនយោបាយប្រឆាំងថែមទៀត។…
-
ចាប់គ្រឿងញៀនជាង ២០០គីឡូក្រាម និងជនជាតិចិន ២នាក់នៅរាជធានី (Video Inside)

សមត្ថកិច្ចបានរឹបអូសគ្រឿងញៀនជាង ២០០គីឡូក្រាម និងចាប់ជនសង្ស័យជាតិចិន ២នាក់ ក្នុងការបង្ក្រាបមួយ នៅក្នុងភូមិសាស្ត្ររាជធានី។ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង នៃអគ្គស្នងការដ្ឋាននគរបាលជាតិឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងនៅថ្ងៃនេះថា សមត្ថកិច្ចកំពុងតាមចាប់ជនសង្ស័យជាតិចិន ២នាក់ដទៃទៀត ដែលរត់គេចខ្លួនក្នុងការបង្ក្រាប ២កន្លែងផ្សេងគ្នា នៅម្តុំស្ពានកោះនរា និងជិតស្តុបបូកគោ។ ជនសង្ស័យចិនទាំង ២នាក់ និងគ្រឿងញៀន ត្រូវបានបញ្ជូនទៅតុលាការ នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៤។
-
កម្ពុជាបានរកឃើញទីតាំងចម្ការមីន និងចម្ការគ្រាប់ថ្មី ក្នុងខេត្ដចំនួន៨ (Video Inside)

អនុប្រធានទី១អាជ្ញាធរមីន ទេសរដ្ឋមន្ត្រី លី ធុជ បានណែនាំឱ្យក្រុមការងារបច្ចេកទេស អាជ្ញាធរមីន ចុះពិនិត្យផ្ទៀងផ្ទាត់ នូវលទ្ធផលស្រាវជ្រាវចម្ការមីនថ្មី ដែលបានរកឃើញដោយអង្គភាពស៊ីម៉ាក់។ ការណែនាំនេះ បានធ្វើឡើងនាថ្ងៃទី២៣កក្កដា នៅក្នុងកិច្ចប្រជុំពិភាក្សា ពិនិត្យលទ្ធផលការស្រាវជ្រាវរកឃើញចម្ការមីនថ្មី របស់អង្គភាពស៊ីម៉ាក់។ ការរកឃើញថ្មីថាមានទីតាំងចម្ការមីន និងចម្ការគ្រាប់នោះ គឺតំបន់ដែលស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ព្រះវិហារ ត្បូងឃ្មុំ ស្ទឹងត្រែង សៀមរាប និងកំពង់ធំ។ ទេសរដ្ឋមន្ត្រី លី ធុជ បានណែនាំដល់អង្គភាពដែលពាក់ព័ន្ធ ត្រូវចាត់បញ្ចូលកិច្ចការនេះ ជាការងារអាទិភាព ដោយត្រូវដឹកនាំកម្លាំងជំនាញ ចូលរួមជាមួយកម្លាំងបោសសម្អាតមីន របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ចុះពិនិត្យ និងវាយតម្លៃ មុនសម្រេចដាក់បញ្ចូលទៅក្នុងប្រព័ន្ធ ទិន្នន័យថ្នាក់ជាតិ។ កម្ពុជាបានដាក់ចេញនូវគំរោងបោសសំអាតគ្រាប់មីនឱ្យអស់ចេញពីកម្ពុជាក្នុងឆ្នាំ២០២៥ ប៉ុន្តែសេចក្តីរាយការណ៍មួយដកស្រង់ដោយនាំពាក្យស្ថាប័នរដ្ឋសភា ដែលបានបញ្ជាក់ថ្មីៗនេះថា កម្ពុជាបានសម្រេចពន្យារគំរោងបោសសំអាតមីន រយៈពេល៥ឆ្នាំទៅមុខជាបន្ថែមទៀត រហូតដល់ឆ្នាំ២០៣០។
-
អាជ្ញាធរខេត្តភាគឥសានអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នជំនន់ទឹកភ្លៀង (Video Inside)

ខេត្ដចំនួន៣នាភាគឥសានប្រទេស គឺខេត្ដរតនគិរី ខេត្ដស្ទឹងត្រែង និងខេត្ដព្រះវិហារ បានអំពាវនាវពលរដ្ឋត្រូវប្រុងប្រយ័ត្នករណីជំនន់ទឹកភ្លៀង ខណៈភ្លៀងនៅតែបន្តធ្លាក់។ ក្រសួងធនធានទឹកបានជូនដំណឹងតាំងពីថ្ងៃទី២២កក្កដានោះមក នូវការរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប ដែលវិវត្តន៍ជាព្យុះទីបួន ឈ្មោះព្រះពិរុណ និងហ្គេមី ដែលនឹងបង្កឱ្យមានធ្លាក់ភ្លៀង លើតំបន់វាលទំនាប, តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្ទ។ អប្សរាណិតរាយការណ៍
-
សម្តេចធិបតីប្រគល់កាណូតដឹកជញ្ជូន ៤គ្រឿង ដល់ពលរដ្ឋក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ (Video Inside)

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់កាណូតចំនួន៤គ្រឿង សម្រាប់ចម្លងសិស្សានុសិស្ស និងប្រជាពលរដ្ឋនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ។ កាណួតទាំងបួនគ្រឿងនោះ ត្រូវបានប្រគល់ដល់ប្រជាពលរដ្ឋនៅឃុំដងកាំបិត និងឃុំមានជ័យ ក្នុងស្រុកសណ្ដាន់ កាលពីថ្ងៃទី២២កក្កដា តាមរយៈមេបញ្ជាការរងកងពលតូចលេខ៧០ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ។ មេបញ្ជាការរងកងពលតូចលេខ៧០ បានថ្លែងក្នុង់ពិធីប្រគល់ថា ការផ្តល់ជូនការណូតចំនួន ៤គ្រឿងនេះ គឺដើម្បីសម្រួលដល់ការដឹកជញ្ជូន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋឆ្លងកាត់ដងស្ទឹងសែន ក្នុងរដូវវស្សា នៅក្នុងឃុំដងកាំបិត និងឃុំមានជ័យ ឆ្លងកាត់ទៅកាន់ឃុំខ្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីបម្រើឲ្យនិរន្តរភាពការងារ របស់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសកម្មភាពជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។
-
ចលនាផ្តាច់ខ្លួនក្រុមប្រឆាំងកើតឡើងច្រើនកន្លែង ក្រោយឃើញ សម រង្ស៊ី ប្រឆាំងការជីកព្រែកហ៊្វូណនតេជោ (Video Inside)

នយោបាយប្រឆាំងនឹងការជីកព្រែកហ៊្វូណនតេជោ បាននាំឱ្យសកម្មជនគណបក្សប្រឆាំង បាននាំគ្នាដើរចេញពីគណបក្សភ្លើងទៀន ដែលជាគណបក្សដើរតាមនយោបាយរបស់ទណ្ឌិត សម រង្ស៊ី។ កំហឹងរបស់សកម្មជនគណបក្សភ្លើងទៀន ដោយសារការមើលឃើញនយោបាយ របស់ទណ្ឌិត សម រង្ស៊ី ប្រឆាំងនឹងសេដ្ឋកិច្ចជាតិ មានសន្ទុះខ្លាំងក្លាគួរឱ្យកត់សម្គាល់។ អប្សរាណិតរាយការណ៍