-
ខេត្តសៀមរាប គ្រោងដំឡើងអំពូលភ្លើងសូឡា៦ពាន់ដើមនៅតាមបណ្តាយផ្លូវជាតិលេខ៦

រាជរដ្ឋាភិបាលគ្រោងដំឡើងអំពូលសូឡាចំនួន ៦ពាន់ដើម តាមបណ្តោយផ្លូវជាតិលេខ៦ ដើម្បីបំភ្លឺផ្លូវ និងលើកកម្ពស់សោភ័ណភាពផ្លូវ និងសុវត្ថិភាពចរាចរណ៍នៅពេលយប់។ នេះបើតាមឱ្យដឹងពីលោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS។ លោក លី វណ្ណៈ បានបញ្ជាក់ថា ខេត្តសៀមរាបគ្រោងដំឡើងអំពូលសូឡាប្រវែងប្រវែង ១៣២គីឡូម៉ែត្រ រវាងព្រំប្រទល់ជាមួយខេត្តកំពង់ធំ រហូតដល់ស្រុកក្រឡាញ់ព្រំប្រទល់ជាមួយខេត្តបន្ទាយមានជ័យ។ គម្រោងនេះនឹងអនុវត្តនៅដើមឆ្នាំ២០២៧ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងបង្កើនសុវត្ថិភាពចរាចរណ៍នៅពេលយប់សម្រាប់ពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ។ រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកា ៦លានដុល្លារ សម្រាប់ដំឡើងអំពូលសូឡាបំភ្លឺនៅតាមផ្លូវប្រវែងចំនួន១ ២០០គីឡូម៉ែត្រនៅរាជធានីភ្នំពេញ និងខេត្តចំនួន ១២ផ្សេងទៀត រួមមាន ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម តាកែវ ព្រះសីហនុ កោះកុង កំពត និងខេត្តកែប។ បច្ចុប្បន្ន ខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង កោះកុង កំពង់ធំ ព្រៃវែង និងតំបន់មួយចំនួនផ្សេងទៀត បាននិងកំពុងដំឡើងអំពូលសូឡានេះហើយ៕ សៅ សុខអេង
-
មានអ្នកចុះឈ្មោះជិត ១ ៥០០នាក់ក្នុងព្រឹត្តិការណ៍«រត់ដើម្បីកុមារ»របស់យូនីសេហ្វ គិតត្រឹមថ្ងៃទី១៦តុលា

គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ មនុស្សជិត ១ ៥០០នាក់បានចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍សប្បុរសធម៌ «រត់ដើម្បីកុមារ» ដែលរៀបចំឡើងដោយអង្គការយូនីសេហ្វប្រចាំកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់ យូនីសេហ្វផ្ដល់ជូនបណ្ដាញព័ត៌មាន AMS។ ព្រឹត្តិការណ៍ «រត់ដើម្បីកុមារ» អមដោយពិព័រណ៍«ភូមិយូនីសេហ្វ» ដើម្បីអបអរទិវាកុមារពិភពលោក និងខួប ៨០ឆ្នាំនៃបេសកកម្មរបស់យូនីសេហ្វទូទាំងពិភពលោក នឹងប្រារព្ធធ្វើឡើងនៅបរិវេណប្រាសាទបាគង ក្នុងខេត្តសៀមរាប នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។ សំបុត្រចូលរួមមានតម្លៃ ១៥ដុល្លារសម្រាប់ចម្ងាយរត់ ១០គីឡូម៉ែត្រ និង ១២ដុល្លារសម្រាប់ចម្ងាយរត់ ៣គីឡូម៉ែត្រ។ ការចុះឈ្មោះ និងទិញសំបុត្រនឹងផុតកំណត់នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ ក្នុងកម្មវិធីនេះ អង្គការយូនីសេហ្វក៏ត្រៀមផ្ដល់ជូនសំបុត្រឥតគិតថ្លៃចំនួន ១ពាន់សំបុត្រសម្រាប់កុមារ និងយុវជនអាយុក្រោម ១៨ឆ្នាំផងដែរ។ ព្រឹត្តិកាណ៍នេះនឹងមានការចូលរួមរួមពីរដ្ឋបាលខេត្តសៀមរាប អាជ្ញារធរជាតិអប្សារា មន្ទីរពាក់ព័ន្ធ តំណាងអង្គទូត/អង្គការសហប្រជាជាតិ សិល្បករ សិល្បការនី អ្នកបង្កើតមាតិកា អ្នកមានឥទ្ធិពលលើបណ្តាញសង្គម រួមទាំងអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសាធារណជន។ បើតាមយូនីសេហ្វ ការរៀបចំព្រឹត្តិការណ៍ «រត់ដើម្បីកុមារ» នេះ ជាចលនារួមគ្នាដើម្បីលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារគ្រប់រូបនៅកម្ពុជា។ សម្រាប់ថវិការៃអង្គាសបានទាំងអស់ពីការលក់សំបុត្រនឹងត្រូវយកទៅប្រើប្រាស់ដើម្បីគាំទ្រដល់មូលនិធិយូនីសេហ្វនៅកម្ពុជា ដើម្បីជួយដល់កុមារ ជាពិសេសនៅតាមសហគមន៍ដាច់ស្រយាល៕ សេង…
-
ឥណ្ឌូនេស៊ី ស្វែងរកជំនួយបរទេស ទប់ទល់នឹងភ្លើងឆេះព្រៃ ដ៏អាក្រក់បំផុត

ហ្សាកាតា ៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី អះអាងនៅថ្ងៃសុក្រនេះថា លោកប្រធានាធិបតី Prabowo Subianto ត្រៀមទទួលយកជំនួយពីបរទេស ដើម្បីទប់ទល់នឹងអគ្គិភ័យឆាបឆេះព្រៃឈើដ៏អាក្រក់បំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។ យោងតាមការថតសំឡេង ដែលបានចែករំលែក ដោយក្រសួងការបរទេសឥណ្ឌូនេស៊ី, រដ្ឋមន្ត្រីការបរទេស លោក Arrmanatha Nasir បានមានប្រសាសន៍ថា «លោកប្រធានាធិបតីបានយល់ព្រមរួចហើយ ហើយបញ្ហានេះកំពុងត្រូវបានពិភាក្សានៅកម្រិតបច្ចេកទេស នៅក្នុងទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ ហៅកាត់ BNPB»។ បើតាម reuters, ប្រទេសឥណ្ឌូនេស៊ីបានរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីមានហេតុការណ៍ឆេះព្រៃយ៉ាងសន្ធោសន្ធៅ អស់រយៈពេលជាច្រើនខែ ដែលបានបង្កឱ្យមានបញ្ហាផ្លូវដង្ហើមដល់ប្រជាជនរាប់សែននាក់ ព្រមទាំង បានបណ្តាលឱ្យផ្សែងហុយយ៉ាងក្រាស់រីករាលដាល ទៅដល់ប្រទេសជិតខាង ដែលជាហេតុនាំឱ្យមានការបិទសាលារៀន នៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសទីម័រខាងកើត។ ក្រសួងព្រៃឈើឥណ្ឌូនេស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រថា អគ្គិភ័យក៏បានរាលដាលទៅដល់ឧទ្យានជាតិភ្នំប្រូម៉ូ (Mount Bromo) ក្នុងខេត្តជ្វាខាងកើត (East Java) ផងដែរ ដែលហេតុការណ៍នេះបានបណ្តាលឱ្យមនុស្ស ៤ នាក់ ដែលចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់អគ្គិភ័យបានស្លាប់បាត់បង់ជីវិត។ មនុស្ស ២ នាក់ផ្សេងទៀតកំពុងទទួលការព្យាបាល ដោយសាររងរបួសរលាកយ៉ាងធ្ងន់ធ្ងរ៕ ប្រភព reuters…
-
តាមការប៉ាន់ស្មាន ប្រជាពលរដ្ឋចំណាយប្រហែល ១៣០លានដុល្លារក្នុងរដូវបុណ្យភ្ជុំ ដែលបង្កើតជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន

អ្នកជំនាញសេដ្ឋកិច្ចបានប៉ាន់ប្រមាណថា ប្រជាពលរដ្ឋកម្ពុជាបានចំណាយថវិកាប្រមាណពី ១០០លាន ទៅ ១៣០លានដុល្លារក្នុងរយៈពេល ៣ថ្ងៃ នៃការធ្វើដំណើរកម្សាន្តអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិដ៏សំខាន់មួយរបស់កម្ពុជា។ យោងតាមស្ថិតិក្រសួងទេសចរណ៍ ក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋដើរលេងកម្សាន្តជាង ២លាននាក់ កើនឡើងជិត ១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ បណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ កត់សម្គាល់ឃើញថា ទោះបីកម្ពុជា មានកត្តាប្រឈមសេដ្ឋកិច្ចខ្លះក៏ដោយ ប៉ុន្តែចំនួនទេសចរជាង ២លាននាក់ ដែលបានដើរលេងកម្សាន្តក្នុងពេលបុណ្យភ្ជុំនេះ បានបញ្ជាក់ពីភាពខ្លាំងនៃការចំណាយរបស់ពលរដ្ឋកម្ពុជា។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះពន្យល់ថា ការចំណាយរបស់ពលរដ្ឋត្រូវបានចែកចាយសាច់ប្រាក់ទៅតាមមូលដ្ឋាន និងបានជួយសង្គ្រោះកម្លាំងទិញក្នុងស្រុក ពិសេសទាញសាច់ប្រាក់ពីទីក្រុងទៅចាក់បញ្ចូលក្នុងសសរស្ដម្ភសេដ្ឋកិច្ចមូលដ្ឋាន ឬវិស័យ SME ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ជាដើម។ បណ្ឌិត ញិល រដ្ឋា បានប៉ាន់ប្រមាណថា ជាមធ្យមពលរដ្ឋបានចំណាយចន្លោះពី ៥០ ទៅ ៦០ដុល្លារ ក្នុងមួយជើងសម្រាប់ការធ្វើដំណើរ ម្ហូបអាហារ ការស្នាក់នៅ និងការទិញទំនិញ។…
-
ក្រសួងសុខាភិបាលណែនាំពលរដ្ឋឲ្យប្រុងប្រយ័ត្ន ក្រោយការរីករាលដាលជំងឺផ្ដាសាយ

ក្រសួងសុខាភិបាលបានណែនាំឲ្យប្រជាពលរដ្ឋការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ ពីការឆ្លងជំងឺផ្ដាសាយ ក្រោយរកឃើញថាជំងឺនេះមានអ្នកឆ្លងកើនឡើង ជាពិសេសកុមារតូចៗ មនុស្សចាស់ជរា ស្រ្តីមានផ្ទៃពោះ និងអ្នកមានភាពសុំាចុះខ្សោយងាយឆ្លងជាងគេ។ ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលបានក្រើនរំលឹកឲ្យប្រជាពលរដ្ឋអនុវត្តតាមវិធានការបង្ការសំខាន់ៗមួយចំនួនដូចជា ប្រកាន់ខ្ជាប់អនាម័យដៃ ដោយលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត ឬអាល់កុល ជាពិសេសមុនពេលបរិភោគអាហារ និងក្រោយពេលប៉ះពាល់សម្ភារៈសាធារណៈ។ ជាងនេះទៅទៀត ប្រជាពលរដ្ឋត្រូវរក្សាអនាម័យផ្លូវដង្ហើម ដោយខ្ទប់មាត់និងច្រមុះ ពាក់ម៉ាស់ ប្រើកន្សែងដៃ ប្រើផ្នត់កែងដៃ ឬក្រដាសអនាម័យនៅពេលក្អក ឬកណ្តាស់ រួចបោះចោលក្រដាសក្នុងធុងសំរាមបិទជិតឱ្យបានត្រឹមត្រូវ និងមិនត្រូវខាកស្តោះពាសវាលពាសកាលឡើយ។ ម្យ៉ាងទៀត ត្រូវពាក់ម៉ាស់ការពារនៅពេលស្ថិតក្នុងទីប្រជុំជន កន្លែងបិទជិត ឬនៅពេលមានរោគសញ្ញាផ្លូវដង្ហើមដូចជា ក្អក ហូរសំបោរ ឬកណ្តាស់ជាដើម ដើម្បីចៀសវាងការចម្លងដល់អ្នកដទៃ។ ក្រសួងក៏បានណែនាំឲ្យរក្សាគម្លាតសុវត្ថិភាព ដោយចៀសវាងការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានរោគសញ្ញាផ្តាសាយ។ ប្រសិនបើមានអាការៈមិនស្រួលខ្លួន គួរសម្រាកនៅផ្ទះ និងទទួលទានទឹកស្អាតឱ្យបានច្រើន ទទួលទានចំណី អាហារចម្អិនឆ្អិនល្អ និងមានជីវជាតិគ្រប់គ្រាន់ ព្រមទាំងហាត់ប្រាណជាប្រចាំ ដើម្បីឱ្យជំងឺឆាប់ជាសះស្បើយ។ ក្រៅពីនេះ ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋចៀសវាងការជួបជុំ ឬការធ្វើដំណើរប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ហើយត្រូវទៅពិគ្រោះយោបល់ ឬពិនិត្យព្យាបាលជំងឺ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ឬទូរសព្ទមកកាន់លេខ ១១៥ ដើម្បីទទួលបានការណែនាំ។ សម្រាប់ក្រុមមនុស្សងាយរងគ្រោះឆ្លងជំងឺផ្ដាសាយវិញ ក្រសួងណែនាំឲ្យពិចារណាទទួលការចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយតាមការណែនាំរបស់គ្រូពេទ្យជំនាញ៕…
-
តាមរយៈសេវារថយន្តក្រុងសារធារណៈឥតគិថ្លៃ ប្រជាពលរដ្ឋម្នាក់អាចកាត់បន្ថយការចំណាយរហូតដល់៨ម៉ឺនរៀលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ប្រជាពលរដ្ឋសុរបចំនួនជាង ១១ម៉ឺន ៣ពាន់នាក់ បានប្រើប្រាស់សេវារថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញដោយឥតគិតថ្លៃ ដើម្បីទៅលេងស្រុកកំណើតក្នុងរយៈពេល៥ថ្ងៃនៃឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦នេះ ដោយគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា។ តួលេខនេះមានការកើនឡើង ២៣% បើប្រៀបធៀបនឹងបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។ លោកស្រីបន្ថែមទៀតថា ពលរដ្ឋម្នាក់អាចសន្សំថ្លៃធ្វើដំណើរជាមធ្យមពី ៦ ទៅ ៨ម៉ឺនរៀល។ ដូច្នេះ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ រាជរដ្ឋាភិបាលបានជួយសន្សំថវិកាជូនប្រជាពលរដ្ឋបានចន្លោះពី ១,៧លានដុល្លារ ទៅ ២,២លានដុល្លាអាមេរិច។ សូមបញ្ជាក់ថា អនុវត្តតាមប្រសាសន៍ដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ០៥ថ្ងៃ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ក្នុងនោះ សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងសេវារថយន្តក្រុងអាកាសយានដ្ឋានអន្តរជាតិតេជោ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង។ ចំណែកសេវាដឹកជញ្ជូនប្រជាពលរដ្ឋធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់ចូលមករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តក្រុងចំនួន ៥០០គ្រឿង ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៦គោលដៅ៕
-
ក្រសួងមហាផ្ទៃ៖ទីតាំងដែល Al Jazeera ចុះផ្សាយត្រូវសមត្ថកិច្ចបង្ក្រាបបោសសម្អាតរួចរាល់និងគ្មានសកម្មភាពទៀតឡើយ

ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា របាយការណ៍ស៊ើបអង្កេតរបស់ Al Jazeera អំពីបទល្មើសនៅក្នុងតំបន់តារាសាគរ គ្រាន់តែជាការបូកសរុបព្រឹត្តិការណ៍ចាស់ៗដែលសមត្ថកិច្ចកម្ពុជាបានបង្ក្រាបរួចរាល់ប៉ុណ្ណោះ ហើយបច្ចុប្បន្នទីតាំងនោះពុំមានសកម្មភាពល្មើសច្បាប់កើតឡើងទៀតឡើយ។ តែទោះជាយ៉ាងណា សមត្ថកិច្ចជំនាញនៅបន្តស្រាវជ្រាវមេខ្លោងដឹកនាំបញ្ជាបទល្មើសដែលរត់គេចខ្លួននិងអ្នកពាក់ព័ន្ធ។ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ទីតាំងនៅក្នុងតំបន់តារាសាគរដែលបណ្តាញព័ត៌មាន Al Jazeera បានធ្វើការស៊ើបអង្កេតនោះ ត្រូវបានកងកម្លាំងសមត្ថកិច្ចកម្ពុជាបើកប្រតិបត្តិការបង្ក្រាប និងបោសសម្អាតរួចរាល់អស់ហើយក្នុងយុទ្ធការកន្លងទៅ ហើយបច្ចុប្បន្នពុំមានសកម្មភាពល្មើសច្បាប់ទៀតនោះឡើយ។ លោក ទូច សុខៈ បានឱ្យដឹងថា វីដេអូស៊ើបអង្កេតរបស់ Al Jazeera គ្រាន់តែជាការបូកសរុបបេសកកម្មរបស់ខ្លួន ដោយភ្ជាប់ជាមួយនឹងលទ្ធផលនៃការបង្ក្រាបរបស់សមត្ថកិច្ចកម្ពុជានាពេលកន្លងមកប៉ុណ្ណោះ។ បណ្តាញព័ត៌មាន Al Jazeera កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ បានចេញផ្សាយវីដេអូស៊ើបអង្កេត មានរយៈពេលជាង ២៤នាទី ដោយបានរំលេចពីការលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា។ វីដេអូនោះលើកឡើងពីសកម្មភាពរបស់ពាណិជ្ជករចិន ឈ្មោះ តឹង ភីពីង ដែលជាម្ចាស់គម្រោងអភិវឌ្ឍន៍ Long Bay ក្នុងតំបន់តារាសាគរ ខេត្តកោះកុង ដោយ Al Jazeera អះអាងថា លោកគឺជាមេខ្លោងក្នុងប្រតិបត្តិការឆបោកអនឡាញ។ វីដេអូស៊ើបអង្កេតដដែលនេះ ក៏បានបង្ហាញរូបភាពបុគ្គលមួយចំនួន ការប្រើប្រាស់រថយន្តទំនើបដែលមានបិទ Logo…
-
អភិបាលខេត្តកំពតបញ្ជាឲ្យបិទទីតាំងអាជីវករមួយចំនួននៅឆ្នេរកោះស្មៅ ដែលបានវាតទីតំបន់ឆ្នេរ

រដ្ឋបាលខេត្តកំពតលែងព្រមានហើយ គឺសម្រេចបិទចោលតែម្តងទីតាំងរបស់អាជីវករនៅតំបន់ឆ្នេរកោះស្មៅ ដែលបានវាតទីតំបន់ឆ្នេររហូតបង្កការថ្នាំងថ្នាក់ដល់ភ្ញៀវទេសចរ ហើយទទួលរងការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋទូទៅនៅលើបណ្តាញសង្គម។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចេញបញ្ជាភ្លាមៗ ក្រោយទទួលបានសេចក្តីរាយការណ៍ និងប្រតិកម្មអវិជ្ជមានទាំងនេះ។ បើតាមរដ្ឋបាលខេត្តកំពត ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីមានការលើកឡើងរបស់ប្រជាពលរដ្ឋតាមបណ្តាញសង្គមថា ពួកគាត់បានធ្វើដំណើរមកលេងកម្សាន្តនៅតំបន់ឆ្នេរកោះស្មៅ ខេត្តកំពត ប៉ុន្តែបែរជាជួបប្រទះការខកចិត្ត ក្រោយអាជីវករលក់ដូរនៅទីនោះមិនអនុញ្ញាតឱ្យឈប់រថយន្តនៅទីសាធារណៈ ដើម្បីចុះលេងទឹកសមុទ្រ ដោយសារតែក្រុមអាជីវករឱកាសនិយមទាំងនោះចង់ទុកទីតាំងចតរថយន្តសម្រាប់តែភ្ញៀវរបស់ពួកគេតែប៉ុណ្ណោះ។ ករណីនេះបានធ្វើឱ្យប្រជាពលរដ្ឋកើតមានចម្ងល់ និងទាមទារការបកស្រាយថា តើឆ្នេរ និងទីតាំងរៀបចំសួនសាធារណៈនេះ ត្រូវបានលក់ ឬបែងចែកឱ្យអាជីវករ មិនឱ្យមហាជនទូទៅប្រើប្រាស់ឬយ៉ាងណា។ ជាមួយគ្នានេះ ពលរដ្ឋក៏បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យមើលករណីនេះផងដែរ។ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងនៅថ្ងៃទី១៣ ខែតុលានេះថា ក្រោយទទួលបានព័ត៌មាន លោកបានរាយការណ៍ជូនអភិបាលខេត្តភ្លាមៗ បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកឈូ បានសហការជាមួយអាជ្ញាធរឃុំជុំគ្រៀល ចុះអន្តរាគមន៍ និងអនុវត្តវិធានការបិទទីតាំងនោះតែម្តង។ លោកស្នងការបានបញ្ជាក់ថា ឆ្នេរកោះស្មៅគឺជាឆ្នេរសាធារណៈ ដែលរៀបចំឡើងដោយឯកឧត្តម ម៉ៅ ធនិន សម្រាប់ឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្តដោយសេរី។ ជាមួយគ្នានេះ អាជ្ញាធរក៏បានសូមការសុំអភ័យទោសចំពោះផលប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋនាពេលកន្លងមកផងដែរ៕ ទួន សុផល
-
កុមារកម្ពុជា១,៣លាននាក់អាចប្រឈមនឹងហានិភ័យអាកាសធាតុក្តៅ ដោយសារបាតុភូតអែលនីញ៉ូ

អង្គការយូនីសេហ្វប្រចាំនៅកម្ពុជាបានព្រមានថា កុមារកម្ពុជាប្រមាណ ១,៣លាននាក់ អាចប្រឈមនឹងផលប៉ះពាល់ពីបាតុភូតអែលនីញ៉ូ ដែលត្រូវបានព្យាករណ៍ថា អាចបង្កឱ្យមានការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរ នៅរដូវប្រាំងខាងមុខនេះ។ បាតុភូតអែលនីញ៉ូ គឺជាបាតុភូតអាកាសធាតុធម្មជាតិ ដែលកើតឡើងនៅពេលសីតុណ្ហភាពផ្ទៃទឹកសមុទ្រប៉ាស៊ីហ្វិកកើនឡើងខ្ពស់ជាងធម្មតា។ បាតុភូតនេះអាចធ្វើឱ្យរបបទឹកភ្លៀង និងសីតុណ្ហភាពប្រែប្រួល ដោយតំបន់ខ្លះប្រឈមនឹងគ្រោះរាំងស្ងួត និងកម្ដៅខ្លាំង ខណៈតំបន់ផ្សេងទៀតអាចជួបប្រទះភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់។ ការប្រែប្រួលអាកាសធាតុទាំងនេះ អាចបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើកសិកម្ម ព្រមទាំងប៉ះពាល់ដល់សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស កុមារអាចជួបការលំបាកក្នុងការទទួលបានសេវាសុខាភិបាល ការអប់រំ និងសេវាចាំបាច់ផ្សេងៗ។ យោងតាមការប៉ាន់ប្រមាណ កុមារជាង ៣៤៧លាននាក់ នៅក្នុងប្រទេសជិត ១០០ជុំវិញពិភពលោក អាចប្រឈមនឹងស្ថានភាពអាកាសធាតុស្ងួត ឬសើមខុសពីធម្មតា ក្នុងនោះ កុមារកម្ពុជាប្រមាណ ១,៣លាននាក់ ក៏ស្ថិតក្នុងចំណោមកុមារដែលអាចរងផលប៉ះពាល់ផងដែរ។ ក្រៅពីនេះ សាលារៀនចំនួន ៣ ៨៧២ខ្នង និងមណ្ឌលសុខភាពចំនួន ៤០១កន្លែង នៅកម្ពុជា ក៏កំពុងស្ថិតក្នុងហានិភ័យពីគ្រោះធម្មជាតិ រួមមាន គ្រោះរាំងស្ងួតធ្ងន់ធ្ងរ ទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗទៀត។ ចំនួននេះស្មើនឹងប្រមាណមួយភាគបីនៃសាលារៀន និងមណ្ឌលសុខភាពទាំងអស់នៅទូទាំងប្រទេស។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់បណ្តាញព័ត៌មាន AMS ថា ក្នុងរដូវប្រាំងដែលខិតមកដល់នៅខែវិច្ឆិកាខាងមុខនេះ ក្រសួងធនធានទឹកបានអំពាវនាវឱ្យអាជ្ញាធរ…
-
កម្ពុជា ស្នើឲ្យអាស៊ែបៃហ្សង់បើកស្ថានទូតនៅភ្នំពេញ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

សភាពាណិជ្ជកម្មកម្ពុជា បានអំពាវនាវឲ្យរដ្ឋាភិបាលអាស៊ែបៃហ្សង់ បើកស្ថានទូតនៅរាជធានីភ្នំពេញ និងបង្កើតជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដើម្បីផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក សំដៅជំរុញទំហំពាណិជ្ជកម្ម លំហូរវិនិយោគ ការបើកច្រកទីផ្សារ ការធ្វើធុរកិច្ច និងប្រែក្លាយរាល់កាលានុវត្តភាពឱ្យទៅជាផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងវិស័យឯកជននៃប្រទេសទាំងពីរ។ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអំពាវនាវដូច្នេះ នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ដែលជាវេទិកាធុរកិច្ច សម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងយូរអង្វែង នៃប្រទេសទាំងពីរ។ នៅក្នុងវេទិកានេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានកត់សម្គាល់ពីសក្ដានុពល និងឱកាសវិនិយោគរវាងកម្ពុជា និងអាស៊ែបៃហ្សង់ ដែលអាចបំពេញគ្នាទៅវិញទៅមក ជាពិសេសប្រទេសទាំងពីរមានភាពស៊ីចង្វាក់គ្នាផ្នែកពាណិជ្ជកម្មស្ថិតក្នុងកម្រិតខ្ពស់បំផុត។ ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ឃើញថា អាស៊ែបៃហ្សង់ មានភាពលេចធ្លោជាមហាអំណាចផ្នែកថាមពល និងមជ្ឈមណ្ឌលឧស្សាហកម្ម ហើយកម្ពុជាវិញមានការរីកចម្រើនផ្នែកផលិតកសិផល និងច្រករបៀងឧស្សាហកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍។ បើតាមអ្នកឧកញ៉ា គិត ម៉េង បច្ចុប្បន្នទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាស៊ែបៃហ្សង់ នៅមានកម្រិតនៅឡើយ។ ដូច្នេះ អ្នកឧកញ៉ាក៏បានជំរុញឲ្យវិនិយោគិនអាស៊ែបៃហ្សង់ មកបណ្ដាក់ទុនវិនិយោគនៅក្នុងកម្ពុជា ក្នុងវិស័យសំខាន់ៗ ដូចជា ការកែច្នៃកសិផល និងសន្តិសុខស្បៀង, ហេដ្ឋារចនាសម្ព័ន្ធថាមពល, វិស្វកម្មស្តុកឥន្ធនៈ និងការពង្រាយហេដ្ឋារចនាសម្ព័ន្ធទំនើបជាដើម។ សូមបញ្ជាក់ថា វេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់ គឺជាការសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា…