-
អ្នកនាំពាក្យ៖ កម្ពុជាប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នៅទីតាំងមួយចំនួនតាមបណ្តោយព្រំដែន

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងដា កម្ពុជាបានតវ៉ាជាផ្លូវការ និងជាថ្មីម្តងទៀតកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៦ ប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នៅទីតាំងមួយចំនួនតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ ជាក់ស្តែង ចន្លោះថ្ងៃទី២៣ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បុគ្គលិកយោធា និងជនស៊ីវិលថៃ បានសាងសង់ និងជីកកកាយខុសច្បាប់នៅលើពយភ្នំប្រាសាទព្រះវិហារ រួមទាំងបានសាងសង់ប៉ុស្តិ៍យាម និងផ្លូវឆ្ពោះទៅកាន់វត្តកែវសិក្ខាគិរីស្វារៈ។ សកម្មភាពទាំងនេះបានប្រព្រឹត្តផ្ទុយពីសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២និងឆ្នាំ ២០១៣ ដែលបានបញ្ជាក់ថា ប្រាសាទព្រះវិហារ និងពយភ្នំប្រាសាទព្រះវិហារទាំងមូល ស្ថិតនៅក្នុងដែនដីអធិបតេយ្យរបស់កម្ពុជា។ កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃថៃ ក៏បានបន្តសាងសង់ព្រះពុទ្ធរូបធំមួយព្រះអង្គ នៅតំបន់បុស្សស្បូវ–ជាំតែ ស្រុកជាំក្សាន្តខេត្តព្រះវិហារ បើទោះជាមានសំណើម្តងហើយម្តងទៀតពីភាគីកម្ពុជាឱ្យបញ្ឈប់ការងារសាងសង់ដែលបានចាប់ផ្តើមនៅថ្ងៃទី៧ខែមីនា ឆ្នាំ២០២៦ ក៏ដោយ។ លើសពីនេះ កងកម្លាំងប្រដាប់អាវុធថៃនៅតែបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅក្នុងតំបន់ប្រាសាទតាក្របី រួមទាំងផ្លូវបេតុង ជណ្តើរដែក និងរូបព្រះពុទ្ធបដិមា ក្នុងបំណងបង្កើតជាតំបន់ទេសចរណ៍និងទីតាំងយោធា។សកម្មភាពខុសច្បាប់ស្រដៀងគ្នានេះ ក៏បានកើតឡើងនៅតំបន់ជប់អង្គញ់និងដើមត្រាង (ខេត្តឧត្តរមានជ័យ) ដែលនៅទីនោះកងកម្លាំងថៃបានតម្លើងទង់ជាតិ និងសាងសង់ផ្លូវបេតុង។ សកម្មភាពដែលរំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាទាំងនេះ គឺផ្ទុយនឹងមាត្រា៥ នៃអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខ័ណ្ឌសីមាព្រំដែនគោកដែលហាមឃាត់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឱ្យមានការប្រែប្រួលរូបរាង ឬបរិស្ថាននៃតំបន់ព្រំដែននិងអាចរារាំងដល់ការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)។ សកម្មភាពទាំងនេះក៏ផ្ទុយនឹងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២៥ ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់ខាងលើ និងគោរពឱ្យបានពេញលេញនូវសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធផ្សេងទៀត។ កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍៖ ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយកម្លាំង ឬដោយស្ថានការណ៍ដែលបង្កើតឡើងជាឯកតោភាគីនោះឡើយ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជូនជនរួមជាតិជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ាប្រឆាំងជំទាស់ជាផ្លូវការនូវរាល់សកម្មភាពទាំងឡាយ ដែលកងកម្លាំងថៃបំពានមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដោយមិនរំលងសូម្បីតែមួយករណីណាឡើយ។ ការតវ៉ានេះ គឺជាភស្តុតាងដែលមានតម្លៃគតិយុត្តិដើម្បីបញ្ជាក់ប្រាប់ភាគីថៃ ថាកម្ពុជាមិនយល់ព្រមជាដាច់ខាតចំពោះសកម្មភាពរំលោភបំពានដោយខុសច្បាប់អន្តរជាតិមកលើបូរណភាពទឹកដីកម្ពុជា។ ការតវ៉ានេះក៏ជាកំណត់ត្រាដ៏សំខាន់សម្រាប់សហគមន៍តំបន់និងអន្តរជាតិដើម្បីដឹងលឺពីការទន្ទ្រានកាន់កាប់ដោយខុសច្បាប់មកលើបូរណភាពទឹកដីកម្ពុជា ដែលមានប្រយោជន៍សម្រាប់ដំណើរឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើយ៉ាងសកម្ម។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់និងដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា–ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន–សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង–សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន–សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំង៕ ដោយ៖ពលជ័យ
-
ក្រសួងការបរទេសកម្ពុជាឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រសួងការបរទេសថៃ

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេសថៃ បានចេញសេចក្តីប្រកាសព័ត៌មានមួយដែលមាន ចំណងជើងថា “ប្រទេសថៃគូសបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការដោយស្មោះត្រង់របស់កម្ពុជា ក្នុងការជំរុញការងារវាស់វែង និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ»។ ដោយយល់ឃើញថាសេចក្តីថ្លែងការណ៍ នេះអាចបង្កឱ្យមានការយល់ច្រឡំមួយចំនួន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សូមផ្តល់នូវការបំភ្លឺដូចខាងក្រោម៖ ១. ទីមួយ របាយការណ៍ដែលចោទប្រកាន់ថា គ្រាប់បែកប្រភេទ៤០មីលីម៉ែត្រ ដែលត្រូវបានបាញ់ដោយ កងកម្លាំងកម្ពុជាកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ គឺមិនត្រឹមត្រូវទេ។ កម្ពុជាបានផ្តល់ការបំភ្លឺជា ផ្លូវការរួចហើយតាមរយៈកំណត់ទូតចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ដោយបានបញ្ជាក់ថា ហេតុការណ៍ ដែលបានរាយការណ៍នោះ ពុំបានកើតឡើងឡើយ។ បញ្ហានេះត្រូវបានផ្ទៀងផ្ទាត់រួមគ្នាភ្លាមៗ ដោយ ក្រុមទំនាក់ទំនងយោធាក្នុងតំបន់របស់ភាគីទាំងពីរ។ ផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ការ រាយការណ៍មិនត្រឹមត្រូវបែបនេះមិនគួរបន្តផ្សព្វផ្សាយទៀតឡើយ។ ២. ទីពីរ ទាក់ទងនឹងរូបសំណាកតាអ៊ុំនៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ រូបសំណាកនេះស្ថិតនៅក្នុងទឹកដី កម្ពុជាទាំងស្រុង ដូចដែលបានកំណត់ដោយផែនទីខ្នាត ១:២០០,០០០ ដែលផលិតដោយគណៈកម្មការ ចម្រុះបារាំង-សៀម ស្របតាមអនុសញ្ញាឆ្នាំ១៩០៤…
-
មេសិទ្ធិមនុស្សកម្ពុជាជម្រាបជូនអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាអំពីស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានជម្រាបជូនលោកជំទាវVladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN Resident Coordinator) អំពីស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន កម្ពុជា–ថៃ ដែលបានបង្កផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរយោងច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន៖ ការរើសអើង និងការប្រើប្រាស់អំពើហិង្សាលើពលករទេសន្តប្រវេសន៍កម្ពុជា ការប្រព្រឹត្តអំពើហិង្សាផ្លូវភេទលើស្ត្រីពលករកម្ពុជាពីសំណាក់កងទ័ពថៃ ការប្រើប្រាស់សំឡេងមានកម្រិតដេស៊ីបែលខ្ពស់ និងសំឡេងរំខានផ្សេងៗ ដែលបង្កការ ប៉ះពាល់ផ្លូវចិត្តដល់ប្រជាជននៅតាមតំបន់ព្រំដែន ការវាយប្រហារដោយមិនរើសគោលដៅ ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុលនិងយន្តហោះចម្បាំងប្រភេទ F-16, Gripen និង T-50 បណ្តាលឱ្យខូចខាត ទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិ បេតិកភណ្ឌពិភពលោក ការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃ ការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង តាមរយៈការដាក់ពង្រាយលួសបន្លា ដាក់ទូកុងតឺន័រ ឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ក្នុងតំបន់ឈ្លានពាន ដែលធ្វើឱ្យប្រជាពលរដ្ឋប្រមាណ ៤០ ០០០ នាក់ មិនអាចត្រឡប់ ទៅលំនៅឋានរបស់ពួកគេវិញបានដោយសុវត្ថិភាព។ ការជម្រាបជូននេះ ក្នុងជំនួបរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រ និងសហប្រតិបត្តិការយ៉ាង ពេញលេញជាមួយតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ទោះបីស្ថិតក្នុងស្ថានភាពសណ្តាប់ធ្នាប់ ពិភពលោកកំពុងធ្លាក់ចុះ ព្រមទាំងនៅតែបន្តប្រកាន់យកជំហរនៃការអត់ធ្មត់ និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងយន្តការច្បាប់ដែលមានស្រាប់ ព្រមទាំងបន្តខិតខំការពារសិទ្ធិ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ក្នុងឱកាសនេះ លោកជំទាវ Vladanka Andreeva បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការជាមួយយន្តការ អង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស និងយកចិត្តទុកដាក់ខ្ពស់ចំពោះ សហគមន៍ LGBTQIA+។ លោកជំទាវក៏បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពជម្លោះ ដែលបានកើត ឡើងនៅតាមតំបន់ព្រំដែនកម្ពុជា–ថៃ ក្នុងឆ្នាំ២០២៥ ដែលបានបង្កផលប៉ះពាល់ដល់ពលករទេសន្តប្រវេសន៍ និងប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។ លោកជំទាវបានគូសបញ្ជាក់ថា ជម្លោះតែងតែបង្កផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ជីវិតប្រជាជន និងការអភិវឌ្ឍសង្គម ហើយបានសង្កត់ធ្ងន់ថា សន្តិភាពត្រូវតែថែរក្សា និង ច្បាប់អន្តរជាតិត្រូវតែគោរព។ លោកជំទាវក៏បានលើកឡើងពីសារៈសំខាន់នៃលំហរស៊ីវិល និងតួនាទី របស់អង្គការសង្គមស៊ីវិល ក្នុងការចូលរួមលើកកម្ពស់សិទ្ធិមនុស្ស និងការអភិវឌ្ឍសង្គម ជាពិសេសអំឡុង ពេលជនភៀសសឹកកំពុងត្រូវការការគាំពារយ៉ាងខ្លាំង។ ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្ត ទុកដាក់ និងជឿជាក់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការប្រកបដោយភាពស្មោះត្រង់ជាមួយអង្គការ សង្គមស៊ីវិល និងបានបើកចំហ លំហរស៊ីវិល ឱ្យមានការចូលរួមយ៉ាងទូលំទូលាយក្នុងការលើកកម្ពស់សិទ្ធិ មនុស្ស៕ ដោយ៖ពលជ័យ
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់អំពីការងារការទូតសកម្មរបស់រាជរដ្ឋាភិបាល ដើម្បីរឹតចំណងការទូតជាមួយបណ្តាប្រទេសជាមិត្តក្នុងបរិបទដែល «ការការពារបូរណភាពទឹកដី និងប្រជាជន» គឺជាអាទិភាពខ្ពស់បំផុត

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អំពីការងារការទូតសកម្មរបស់រាជរដ្ឋាភិបាល ដើម្បីរឹតចំណងការទូតជាមួយបណ្តាប្រទេសជាមិត្ត ក្នុងបរិបទដែល «ការការពារបូរណភាពទឹកដី និងប្រជាជន» គឺជាអាទិភាពខ្ពស់បំផុត។ អ្នកនាំពាក្យបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងបន្តបេសកកម្មការទូតសកម្មរបស់ខ្លួនឥតឈប់ឈរ ដែលឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងស្វះស្វែង «ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី» នៅលើឆាកតំបន់ និងអន្តរជាតិ ជាពិសេសក្នុងបរិបទនៃ «ការការពារបូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល»។ ជាក់ស្តែង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី។ អំឡុងពេលនៃការបំពេញទស្សនកិច្ចផ្លូវការនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។ ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពទ្វេភាគីដ៏យូរអង្វែង ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ជំនួបខាងលើត្រូវបានបញ្ចប់ដោយការផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ក៏ដូចជាពិភាក្សាយ៉ាងស៊ីជម្រៅអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា–ថៃ ជាពិសេសស្ថានភាពជនភៀសសឹកដែលមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី និងក៏បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា–ថៃ ផងដែរ។ ក្រោយជំនួបនោះ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានបង្ហោះសារនៅលើហ្វេសប៊ុក ដោយបង្ហាញពីភាពស្និទ្ធស្នាលនិងបានហៅឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថាជាមិត្តជិតស្និទ្ធ។ ក្រៅពីបង្ហាញពីសន្ទុះដ៏រឹងមាំនៅក្នុងទំនាក់ទំនងរវាងសិង្ហបុរី–កម្ពុជា និងបានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខស្បៀង ថាមពលកកើតឡើងវិញ និងសេដ្ឋកិច្ចឌីជីថល ប្រមុខការទូតសិង្ហបុរី ក៏បានប្រាប់ឱ្យដឹងដែរអំពីការផ្លាស់ប្តូរទស្សនៈលើការអភិវឌ្ឍក្នុងតំបន់ រួមទាំងស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា–ថៃ ហើយឯកឧត្តមសង្ឃឹមថា សមាជិកអាស៊ានទាំងពីរ (កម្ពុជានិងថៃ) អាចពង្រឹងបទឈប់បាញ់ដែលកំពុងស្ថិតនៅជាធរមាន និងដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈការសន្ទនានិងការចរចា។ វត្តមានជាបន្តបន្ទាប់នៃមន្ត្រីជាន់ខ្ពស់កម្ពុជានៅក្រៅប្រទេស បន្ទាប់ពីដំណើរបេសកកម្មការទូតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប កាលពីចុងខែកុម្ភៈ បានឆ្លុះបញ្ចាំងពីការទូតសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តក្រោមនយោបាយ «ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី» របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមិនភ្លេចអាទិភាពខ្ពស់បំផុតរបស់ខ្លួនគឺ «ការការពារបូរណភាពទឹកដីនិងប្រជាជន» ក្នុងបរិបទជម្លោះព្រំដែនកម្ពុជា–ថៃ។ ឯកឧត្តម ប៉ែន បូណា បានបន្តទៀតថា កាលពីចុងខែកុម្ភៈកន្លងទៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានអញ្ជើញថ្លែងបទអន្តរាគមន៍ ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ដោយបានសង្កត់ធ្ងន់ថា សិទ្ធិមនុស្សមិនអាចរីកចម្រើនប្រកបដោយចីរភាពបានឡើយបើគ្មានសន្តិភាព ចំណែកឯការអភិវឌ្ឍក៏មិនអាចប្រព្រឹត្តទៅបានដែរបើគ្មានសន្តិសុខ។ ដូចគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ក្នុងទំនាក់ទំនងរដ្ឋនិងរដ្ឋ ការការពារសិទ្ធិមនុស្សនិងសេចក្តីថ្លៃថ្នូរ ត្រូវផ្អែកលើការគោរពយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព បូរណភាពទឹកដី និងច្បាប់អន្តរជាតិ។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកឡើងពីផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកសិទ្ធិមនុស្សដោយសារជម្លោះប្រដាប់អាវុធកម្ពុជា–ថៃ ជាពិសេសវត្តមានកម្លាំងយោធាថៃកាន់កាប់ភូមិស្រុកកម្ពុជា ដែលនៅតែជាឧបសគ្គចម្បងដល់ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅកាន់ផ្ទះសម្បែងរបស់គេវិញ ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ និងបានបញ្ជាក់ជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមយន្តការដែលបានឯកភាពគ្នា ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ច្បាប់អន្តរជាតិ៕ ដោយ៖ពលជ័យ
-
សម្តេចតេជោ ហ៊ុន សែន ៖ អ្វីដែលក្មួយស្រី កន្និដ្ឋា លើកឡើងវាមានចរិតជាការគំរាមកំហែងមកលើពលរដ្ឋ នៃរដ្ឋអធិបតេយ្យមួយ ដែលសូម្បីរដ្ឋាភិបាលអាមេរិកក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមផ្លូវការ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះថា ៖ ប៉ុន្មានថ្ងៃនេះ មានការជជែកលើរឿងក្មួយស្រី កន្និដ្ឋា ដែលចេញមកបញ្ចេញមតិលើរឿងដែលថា អាមេរិកអាចមកចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៊ីរ៉ង់នៅកម្ពុជា។ ខ្ញុំមិនគួរចូលពាក់ព័ន្ធជាមួយរឿងនេះទេ ប៉ុន្តែបើខ្ញុំមិនទប់ស្កាត់ទេរឿងនេះ វារីកកាន់តែធំ ព្រោះអ្វីដែល កន្និដ្ឋា លើកឡើងវាមានចរិតជាការគំរាមកំហែងមកលើពលរដ្ឋ នៃរដ្ឋអធិបតេយ្យមួយ ដែលសូម្បីរដ្ឋាភិបាលអាមេរិកក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា អ្វីដែលគ្រោះថ្នាក់ជាងនេះទៀត គឺបង្កគ្រោះថ្នាក់ នៃការបែងចែកនិកាយសាសនាក្នុងសាសនាឥស្លាមផង និងការបែងចែកសាសនាផ្សេងគ្នានៅកម្ពុជាផង។ អ្វីដែលគួរឱ្យខ្លាច គឺសង្គ្រាមអាវុធ តែអ្វីដែលគួរឱ្យខ្លាចជាងទៀត គឺសង្គ្រាមសាសនានេះឯង។ សម្តេចតេជោបានលើកឡើងថា ជាង៤៧ឆ្នាំ នៃការចូលរួមកាន់អំណាចនៅកម្ពុជា ខ្ញុំខិតខំធ្វើសុខដុមនីយកម្មជាតិសាសន៍និងសាសនា ដែលធ្វើឲ្យគ្មានជម្លោះជាតិសាសន៍ និងសាសនានៅកម្ពុជានោះឡើយ៕ ដោយ៖ពលជ័យ
-
អ្នកនាំពាក្យ៖ សម្តេចធិបតីពុំដែលបានបង្ហោះសារតាមបណ្តាញសង្គមណាមួយអំពីការចរចាតាមរយៈយន្តការ JBC នឹងត្រូវធ្វើនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីនោះទេ

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះ ប្រព័ន្ធផ្សាយព័ត៌មានថៃបានស្រង់សម្តីរបស់លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃមកផ្សាយថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារតាមបណ្តាញសង្គមថា កិច្ចចរចាដើម្បីទាមទារទឹកដីមកវិញអាចត្រូវធ្វើឡើងនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី ឬក្រោយកម្មវិធី «នគរសង្ក្រាន»។ ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនថា៖ទី១៖ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ពុំដែលបានមានប្រសាសន៍ឬបង្ហោះសារតាមបណ្តាញសង្គមណាមួយអំពីការចរចាតាមរយៈយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងត្រូវធ្វើនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីដូចដែលបានលើកឡើងខាងលើនោះឡើយ។ទី២៖ ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាមានភាពច្បាស់លាស់ គឺគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់ ដោយអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ធ្វើការងារឱ្យបានឆាប់រហ័សបំផុតដើម្បីដោះស្រាយបញ្ហាព្រំដែននិងធានាសន្តិភាពយូរអង្វែងតាមព្រំដែនរវាងប្រទេសទាំងពីរ ដោយមិនរង់ចាំដល់ក្រោយពិធីចូលឆ្នាំនោះឡើយ។ ជាក់ស្តែង គិតចាប់ពីបទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីវេលាម៉ោង ១២:០០ នាទី ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដែលតំណាងឱ្យ JBC កម្ពុជាបានដាក់សំណើទៅកាន់គាគីថៃចំនួន៥លើកមកហើយ ដើម្បីស្នើសុំឱ្យភាគីថៃចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះដើម្បីចុះធ្វើការងារនៅលើដីជាក់ស្តែង៕ដោយ៖ពលជ័យ
-
ថ្នាក់ដឹកនាំកម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈិមបូព៌ា ជាពិសេសការគ្រប់គ្រងតម្លៃប្រេងឥន្ទនៈ

រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈិមបូព៌ា ជាពិសេសការគ្រប់គ្រងតម្លៃប្រេងឥន្ទនៈ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា ដើម្បីធានាបាននូវតម្លាភាពនៃការផ្គត់ផ្គង់ និងការទិញ-លក់ប្រេងឥន្ធនៈនៅតាមស្ថានីយនិងដេប៉ូនានា រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យក្រុមហ៊ុនចែកចាយនិងផ្គត់ផ្គង់ប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ នៅតាមបណ្តារាជធានី-ខេត្ត ត្រូវធានាការអនុវត្តកាតព្វកិច្ចដូចខាងក្រោម៖ អ្នកនាំពាក្យបន្តទៀតថា ចំពោះស្ថានីយ និងដេប៉ូដែលមានបំណងផ្អាកដំណើរការជាបណ្តោះអាសន្ន៖ ត្រូវផ្តល់អាទិភាពក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់៖ មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្ម មន្ទីររ៉ែនិងថាមពល និងអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត នឹងបន្តចុះតាមដាននិងត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បីធានាបានអនុលោមភាពនៃការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈតាមស្ថានីយនិងដេប៉ូ រួមទាំងអនុវត្តច្បាប់ចំពោះបុគ្គលខិលខូចណាដែលកេងប្រវ័ញ្ចនិងឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈ៕ដោយ៖ពលជ័យ
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីសកម្មភាពឥតឈប់ឈររបស់រាជរដ្ឋាភិបាល ដើម្បីការពារបូណភាពទឹកដីនិងប្រជាពលរដ្ឋ

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់អំពីសកម្មភាពឥតឈប់ឈររបស់រាជរដ្ឋាភិបាលទាំងក្នុង និងក្រៅប្រទេស ដើម្បីការពារបូណភាពទឹកដី និងប្រជាពលរដ្ឋ តាមមធ្យោបាយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា ដូចប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា «ការការពារបូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល»។ ដោយឈរលើការប្តេជ្ញាចិត្តយ៉ាងមុតមាំនេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្តកិច្ចការងារយ៉ាងសកម្ម ដោយឥតឈប់ឈរ និងដោយប្រទាក់ក្រឡាគ្នាទាំងក្នុងនិងក្រៅប្រទេស តាមរយៈមធ្យោបាយសន្តិវិធី ដើម្បីការពារបូរណភាពទឹកដី និងការពារប្រជាពលរដ្ឋដែលរងការរំលោភបំពានពីសំណាក់កងកម្លាំងថៃ។ អ្នកនាំពាក្យបន្តថា ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាទើបតែបានបញ្ជូនគណៈប្រតិភូមួយក្រុមទៀតដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីទៅចូលរួមសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏ដូចជាបំពេញបេសកកម្មសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។ គណៈប្រតិភូសិទ្ធិមនុស្សកម្ពុជា បានជួបពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធជាច្រើនដូចជា តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិក្នុងវិស័យនានា និងបណ្តាប្រទេសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ជំនួបពិភាក្សាទាំងនោះផ្តោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងចែករម្លែកព័ត៌មានពាក់ព័ន្ធនឹងសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋាន និងសិទ្ធិផ្សេងៗទៀត ដោយក្នុងនោះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានជម្រាបជូនដៃគូសន្ទនា អំពីស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងផលប៉ះពាល់លើសិទ្ធិប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ…
-
មេសិទ្ធិមនុស្សកម្ពុជា ប្រាប់បណ្តាប្រទេសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអំពីការរំលោភបំពានរបស់ថៃមកលើកម្ពុជា

ភ្នំពេញ៖ ក្នុងដំណើរបេសកកម្មសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញការពិតប្រាប់ទៅប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) រួមទាំងបណ្តាប្រទេសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អំពីការរំលោភបំពានរបស់ថៃមកលើបូរណភាព អធិបតេយ្យភាពកម្ពុជាដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងតាមការចាត់តាំងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា បានដឹកនាំគណៈប្រតិភូអន្តរស្ថាប័នកម្ពុជា ទៅបំពេញបេសកកម្មសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី២-៥ ខែមីនា ឆ្នាំ២០២៦ ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្នុងបេសកកម្មនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជួបពិភាក្សាទ្វេភាគីចំនួន ២៩ជំនួប ជាមួយ ភាគីសំខាន់ៗ រួមមាន៖ ថ្នាក់ដឹកនាំនិងតំណាងអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដូចជា ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងហ្សឺណែវ…
-
បណ្ឌិត គិន ភា៖ សូមកុំផ្អើលឈូឆរទិញទំនិញ និងប្រេងឥន្ធនៈស្តុកទុកដោយភាពតក់ស្លុត

ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាពកម្ពុជា បានបញ្ជាក់ថា ក្នុងស្ថានភាពដែលកម្ពុជាកំពុងប្រឈមមុខនឹងសង្រ្គាមឈ្លានពានពីប្រទេសថៃផង និងរងសម្ពាធពីវិបត្តិសង្រ្គាមនៅមជ្ឈិមបូព៌ាផងនោះ ស្មារតីស្ងប់ស្ងាត់របស់ប្រជាពលរដ្ឋម្នាក់ៗ គឺជាខែលការពារសេដ្ឋកិច្ចជាតិដ៏មានឥទ្ធិពលបំផុត។ ការផ្អើលឈូឆរទិញទំនិញនិងប្រេងឥន្ធនៈស្តុកទុកដោយភាពតក់ស្លុត មិនមែនជាដំណោះស្រាយការពារគ្រួសារនោះទេ ផ្ទុយទៅវិញ វាគឺជាការបង្កើតឱកាសឱ្យឈ្មួញទុច្ចរិតឆ្លៀតឱកាសដំឡើងថ្លៃទំនិញតាមអំពើចិត្ត ដែលបង្កឱ្យមានអតិផរណា និងធ្វើឱ្យទំនិញនៅលើទីផ្សារឡើងថ្លៃហួសកម្រិត។ សកម្មភាពនេះនឹងបង្កើតជាបន្ទុកដ៏ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល ជាពិសេសប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនពលរដ្ឋដែលមានចំណូលទាបនិងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចដែលកំពុងផុយស្រួយស្រាប់ កាន់តែធ្លាក់ក្នុងវិបត្តិ។ បណ្ឌិត គិន ភា បានបន្តថា ពាក់ព័ន្ធនឹងសន្តិសុខថាមពល ការផ្អើលទិញប្រេងឥន្ធនៈស្តុកទុកក្នុងនៅតាមផ្ទះសម្បែង ឬទីតាំងមិនសមស្រប គឺជាហានិភ័យដ៏ធំធេងបំផុត។ ការរក្សាទុកប្រេងឥន្ធនៈដោយមិនសមស្របតាមលក្ខណៈស្តង់ដាបច្ចេកទេស និងគ្មានសុវត្ថិភាព មិនត្រឹមតែនាំឱ្យខាតបង់ថវិកា និងបង្កឱ្យមានការខ្វះខាតប្រេងនៅតាមស្ថានីយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កជាគ្រោះអគ្គិភ័យដ៏សាហាវ ដែលបំផ្លាញទាំងទ្រព្យសម្បត្តិ និងអាយុជីវិតក្រុមគ្រួសារនិងអ្នកជិតខាងទៀតផង។ ក្នុងគ្រាមានអាសន្ន យើងមិនត្រូវបន្ថែមគ្រោះមហន្តរាយដោយសារការតក់ស្លុតរបស់ខ្លួនឯងមកលើគ្រោះសង្រ្គាមដែលកំពុងប្រឈមនោះឡើយ។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបន្តទៀតថា ការចេះគ្រប់គ្រងចំណាយក្នុងគ្រួសារឱ្យបានល្អ និងការមិនផ្អើលតាមការឃោសនាបំភ័យ គឺជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សាលំនឹងថ្លៃទំនិញនៅលើទីផ្សារ និងទប់ស្កាត់អតិផរណា។ នៅពេលដែលតម្រូវការទីផ្សារមានសភាពធម្មតា រាជរដ្ឋាភិបាលនឹងមានលទ្ធភាពកាន់តែខ្ពស់ក្នុងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងចែកចាយស្បៀងបម្រុងឱ្យបានគ្រប់គ្រាន់ដល់គ្រប់មជ្ឈដ្ឋាន។ ការរក្សាភាពនឹងនរមិនត្រឹមតែជួយសន្សំសំចៃថវិកាគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយកាត់បន្ថយសម្ពាធសេដ្ឋកិច្ចលើរដ្ឋាភិបាល ដើម្បីទុកលទ្ធភាពនិងធនធានទាំងនោះទៅផ្តោតលើការងារអាទិភាពក្នុងវិស័យការពារជាតិ និងការដោះស្រាយបញ្ហាចំពោះមុខនៅសមរភូមិជួរមុខឱ្យបានជោគជ័យ។ ជារួម ភាពស្ងប់ស្ងាត់និងការជឿជាក់លើការគ្រប់គ្រងសន្តិសុខថាមពល និងស្បៀងរបស់រដ្ឋ គឺជាអាវុធយុទ្ធសាស្ត្រដែលមិនអាចខ្វះបានក្នុងគ្រាមានអាសន្នឬវិបត្តិ។ ប្រជាពលរដ្ឋគ្រប់រូបត្រូវចងចាំថា ការការពារជាតិមិនមែនមានតែនៅសមរភូមិជួរមុខដោយការកាន់អាវុធឡើយ ប៉ុន្តែការរក្សាសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងសុវត្ថិភាពសហគមន៍នៅសមរភូមិក្រោយ ក៏ជាកាតព្វកិច្ចដ៏ខ្ពង់ខ្ពស់របស់ពលរដ្ឋម្នាក់ៗផងដែរ។ ការមិនផ្អើលឈូឆរទិញទំនិញស្តុកទុកនិងការរស់នៅដោយភាពសន្សំសំចៃក្នុងគ្រាវិបត្តិ គឺជាសកម្មភាពស្នេហាជាតិដ៏ពិតប្រាកដ ដែលជួយឱ្យកម្ពុជាមានភាពធន់មាំ និងអាចឆ្លងផុតរាល់ការសាកល្បងនៃសង្រ្គាមទាំងឡាយប្រកបដោយមោទនភាពនិងជ័យជម្នះជាស្ថាពរ៕ ដោយ៖ពលជ័យ