-
សាវតារលើជញ្ជាំង ភាគទី១: មហាភារតយុទ្ធ
នៅប្រាសាទអង្គរវត្ត ផ្ទាំងខាងលិចចំហៀងខាងត្បូង មានផ្ទាំងចម្លាក់ដែលរៀបរាប់អំពីរឿង មហាភារតយុទ្ធដែលជារឿងចម្បាំងដ៏ធំមួយ ប្រហែលគ្នានឹងរឿងរាមកេរ្ដិ៍ដែរ។ មហាភារតយុទ្ធ ជារឿងបុរាណកើតឡើងក្នុងប្រទេសឥណ្ឌា មុនរឿងរាមកេរ្ដិ៍ទៅទៀត តែរឿងនេះ ត្រូវបានកំបាំងបាត់ទៅជាយូរមកហើយ។ ប៉ុន្តែ ដោយសារនៅសម័យដើម ខ្មែរយើងជាអ្នកដែលចេះដឹងរឿងនេះប្រាកដ ទើបឆ្លាក់រឿងនេះ នៅប្រាសាទអង្គរវត្ត។ ការទស្សនាប្រាសាទអង្គរវត្ត គឺត្រូវចាប់ផ្ដើមពីថែវនេះ (ខាងលិចចំហៀងខាងត្បូង)។ យើងយកថែវមហាភារតៈ ធ្វើជាដើមទី សម្រាប់រៀបទិសដៅទស្សនា ដោយទុកកំពូលប្រាសាទខាងលើនៅខាងបេះដូងយើង។ ចម្លាក់នេះ ជាទីវគ្គ១ នៅក្នុងមហាគម្ពីរមហាភារតៈ។ រូបស្ដេចដែលសុគតដោយសារត្រូវព្រួញគឺ ព្រះបាទភិស្មៈ ជាជីតារបស់ក្រុមគ្រួសារនៃស្ដេចទាំងពីរដែលធ្វើសង្គ្រាម មានឈ្មោះ ទុរយោជន៍ នៃកុលសម្ព័ន្ធបាណ្ឌវ និងអរជុន នៃកុលសម្ព័ន្ធកុលល្វៈ។ ចំណែក ព្រះបាទភិស្មៈ គាត់នៅខាងកុលសម្ពន្ធនៃកុលល្វៈ ដែលកំពុងគ្រប់គ្រងរាជ្យសម្បត្តិ។ ដោយសារសង្គ្រាមមិនចេះចប់មិនចេះហើយ អូសបន្លាយយូររកចាញ់ឈ្មះមិនបញ្ចប់ ដូច្នេះក្រុមគ្រួសារស្តេចដែលធ្វើសង្គ្រាមទាំងពីរ ក៏បានទៅពឹងពាក់ស្ដេចជាសម្ពន្ធភាព រវាងក្រុមគ្រួសាររបស់ព្រះអង្គ គឺ ព្រះបាទក្រឹស្ណ នៃនគរមកធៈ។ ពេលនោះ ទុរយោជន៍បានទៅដល់មុន ហើយក៏អង្គុយទន្ទឹមនឹងក្បាលនឹងដំណេក ពេលដែលក្រឹស្ណកំពុងតែផ្ទុំ។ អរជុន ពេលចូលទៅក្រោយ ក៏អង្គុយនៅចុងជើង។ ទាំងពីរនាក់គ្មាននរណាហ៊ានដាស់ ក្រឹស្ណ ឱ្យភ្ញាក់ឡើយ ដោយអង្គុយរងចាំឱ្យស្តេចភ្ញាក់ដោយខ្លួនឯង។ នៅពេលដែលក្រឹស្ណ ភ្ញាក់ឡើង ព្រះអង្គបើកភ្នែកឃើញអរជូនមុនគេ ក៏បានសួរទៅថា “តើព្រះអង្គយាងមកទីនេះមានធុរៈអី? ប៉ុន្តែ ទុរយោជន៍ គាត់បានស្រែកថា “គាត់មកដល់មុន គាត់មានសិទ្ធិសុំនិយាយមុន”។ ដូច្នេះ ក្រឹស្ណផ្ដល់សិទ្ធិឲ្យទៅទុរយោជន៍…