-
រាជរដ្ឋាភិបាលទទួលបានថវិកាពីសប្បុរសជនសរុប ជាង ៥៥លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ ដំណាក់កាលដំបូង

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានទទួលថវិកាពីសប្បុរសជននានា ដើម្បីទុកសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ សរុបទាំងអស់ ជាង៥៥លានដុល្លារអាមេរិកហើយ ក្នុងនោះមានជាលុយដុល្លារ ៥៣.១៥៦.៦១៩ដុល្លារ និងលុយខ្មែរ ៩.៦៣៦.២២២.២០០រៀល បើគិតត្រឹមម៉ោង ៤៖០០ល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។ ថវិកានេះ បានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែមានការចូលរួមបរិច្ចាគ យ៉ាងផុលផុសពីសាធារណជនគ្រប់ទិសទី ទាំងវិនិយោគិន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ និងប្រជាពលរដ្ឋទូទៅ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ បន្ទាប់ពីមានការប្រកាសនេះ មានសប្បុរសជននានា បានចូលរួមបរិច្ចាគថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចូលរួមបរិច្ចាគនេះជាស្មារតីសាមគ្គីភាព ជាវប្បធម៌នៃការចែករំលែក ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជាមានធំធេងមហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ៕
-
ថៃបន្តរកឃើញអ្នកឆ្លង COVID-19 ក្នុងសហគមន៍ចំនួន៧២នាក់ទៀត ក្នុងចំណោមអ្នកឆ្លងថ្មីៗសរុប៨១ករណី

ថៃ៖ ក្រសួងសុខាភិបាលថៃបញ្ជាក់ថា អាជ្ញាធរថៃនៅថ្ងៃសុក្រនេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ក្នុងសហគមន៍ចំនួន៧២ករណីទៀត និង០៩នាក់ជាករណីនាំចូលពីក្រៅប្រទេស ស្ថិតនៅក្នុងចំណោមអ្នកឆ្លងថ្មីៗសរុបចំនួន៨១ករណី នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ។ ប្រភពខាងលើនេះបានអោយដឹងថា ក្នុងចំណោមករណីឆ្លងសហគមន៍ទាំង៧២នាក់នេះ ពាក់កណ្តាលមានជាប់ពាក់ព័ន្ធទៅនឹងករណីផ្ទុះការឆ្លង COVID-19 ក្នុងទីផ្សារលក់អាហារសមុទ្រក្នុងខេត្ត សាមុត សាខន ភាគនិរតីប្រទេសថៃ ។ ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរថៃពុំបានបញ្ជាក់ព័ត៌មានលម្អិតបន្ថែម ជុំវិញអត្តសញ្ញាណ ឬខេត្ត-ក្រុងដែលអ្នកឆ្លងជំងឺថ្មីៗនេះរស់នៅនោះឡើយ ។ សូមជម្រាបថា គិតត្រឹមថ្ងៃសុក្រនេះ នៅទូទាំងប្រទេសអាស៊ីមួយនេះ មានករណីឆ្លង COVID-19 សរុប៥ពាន់៩១០ករណី ក្នុងនោះស្លាប់៦០នាក់ និងជាសះស្បើយវិញ៤ពាន់១៣០នាក់ ៕
-
នាយករដ្ឋមន្រ្តីអង់គ្លេសសាទរចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្រ្តជាមួយសហភាពអឺរ៉ុប

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានសាទរចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្ត្រជាមួយសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ ដោយចាត់ទុកថា ជាការចាប់ផ្តើមថ្មីសម្រាប់ចក្រភពអង់គ្លេស នេះបើតាមសារព័ត៌មាន CNN នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ។ ថ្លែងក្នុងសន្និសីទកាសែតមួយនៅវិមានរដ្ឋាភិបាល លោក ចនសុន បានបញ្ជាក់ថា អង់គ្លេសបាននាំមកនូវអ្វីដែលបានសន្យានៅក្នុងការធ្វើប្រជាមតិ អំពីការចាកចេញពីសហភាពអឺរ៉ុប (Brexit) ឆ្នាំ ២០១៦ ។ លោកបន្ថែមថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំក្រោយ យើងនឹងស្ថិតនៅក្រៅសហភាពគយ និងនៅក្រៅទីផ្សារតែមួយ ហើយថា ច្បាប់អង់គ្លេសនឹងត្រូវតាក់តែងឡើងដោយសភាអង់គ្លេស ដែលបកស្រាយដោយចៅក្រមអង់គ្លេស ដែលអង្គុយនៅតុលាការអង់គ្លេស ហើយយុត្តាធិការរបស់តុលាការយុត្តិធម៌អឺរ៉ុបនឹងត្រូវបញ្ចប់ ។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី យូស៊ូឡា វ៉ុនដឺ ឡេយ៉ែន ថ្លែងថា យើងបានរកឃើញកិច្ចព្រមព្រៀងហើយ… វាយុត្តិធម៌ វាជាកិច្ចព្រមព្រៀងមួយដែលមានតុល្យភាព ហើយវាជារឿងត្រឹមត្រូវ និង មានទំនួលខុសត្រូវដើម្បីធ្វើសម្រាប់ភាគីទាំងសងខាង ។ សូមជម្រាបថា បន្ទាប់ពីការចរចាអស់ពេលជាច្រើនខែមក កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងនៅមួយថ្ងៃមុនបុណ្យណូអែលរវាងភាគីទាំងពីរ (អង់គ្លេស-អឺរ៉ុប) ដោយនាយករដ្ឋមន្ត្រីអង់គ្លេសប្រកាសនៅពេលបន្ទាប់ថា ចក្រភពអង់គ្លេសបានដណ្តើមការគ្រប់គ្រងលើអនាគតរបស់ខ្លួនត្រឡប់មកវិញហើយ ៕
-
លទ្ធផលធ្វើតេស្តចុងក្រោយនៅតួកគីបង្ហាញថា វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនឱសថចិន Sinovac មានប្រសិទ្ធភាពរហូតដល់ ៩១.២៥%

តួកគី៖ វ៉ាក់សាំងប្រឆាំង Covid-19 ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនឱសថចិន Sinovac Biotech មានប្រសិទ្ធភាពរហូតដល់៩១.២៥ភាគរយ នេះបើតាមទិន្នន័យបណ្តោះអាសន្ន នៃការធ្វើតេស្តដំណាក់កាលចុងក្រោយនៅក្នុងប្រទេសតួកគី ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ។ តួកគីស្ថិតនៅក្នុងចំណោមប្រទេសធំៗមួយចំនួន ដែលបានចូលខ្លួនធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac នៅក្នុងដំណាក់កាលចុងក្រោយ ដោយមានអ្នកស្ម័គ្រចិត្តចូលរួមចំនួន៧.០០០នាក់ ។ ហើយលទ្ធផលនៃការធ្វើតេស្ត នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ត្រូវបានបង្ហាញដោយផ្អែកលើទន្និន័យពីមនុស្សប្រមាណ១ពាន់៣២២នាក់ ។ បើតាមក្រុមស្រាវជ្រាវវេជ្ជសាស្ត្រជាតិរបស់តួកគីនោះ គ្មានបញ្ហាគួរឲ្យកត់សម្គាល់ណាមួយបានកើតឡើង អំឡុងការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac នោះឡើយ ក្នុងនោះមានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលបានជួបប្រទះបញ្ហាប្រតិកម្មអាលែកហ្ស៊ីតិចតួច ប៉ុន្តែរូបគេបានធូរស្រាលវិញហើយ ៕
-
កញ្ចប់ថវិកាសង្គ្រោះពីវិបត្តិ Covid-19 កំពុងជាប់គាំង ខណៈសភាអាមេរិកច្រានចោលសំណើបង្កើនថវិការបស់លោក ដូណាល់ ត្រាំ

អាមេរិក៖ សមាជិកសភាតំណាងរាស្ត្រអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានទាត់ចោលសំណើបង្កើនកញ្ចប់ថវិកាដោះស្រាយវិបត្តិ COVID-19 និងកញ្ចប់ថវិកាសម្រាប់ការចំណាយ នៃរដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ដែលប្រការនេះកំពុងធ្វើឱ្យអត្ថប្រយោជន៍សម្រាប់ប្រជាជនអាមេរិករាប់លាននាក់ ប្រឈមនឹងហានិភ័យ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ។ ការច្រានចោលសំណើបង្កើនថវិការបស់លោក ត្រាំ ខាងលើនេះ បានកើតមានឡើងក្រោយសភាទាំងពីររបស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបញ្ជូនជាផ្លូវការនូវសេចក្ដីព្រាងច្បាប់ ស្ដីពីកញ្ចប់ថវិកាដោះស្រាយ COVID-19 និងកញ្ចប់ថវិកាសម្រាប់ការចំណាយរបស់រដ្ឋាភិបាលអោយលោក ដូណាល់ ត្រាំ ចុះហត្ថលេខា ។ លោក ត្រាំ ក្នុងថ្ងៃដដែលនោះដែរ មិនបាននិយាយថា លោកនឹងចុះ ឬមិនចុះហត្ថលេខាឡើយ តែលោកធ្លាប់បានព្រមានថា លោកនឹងប្រើសិទ្ធិវេតូជំទាស់នឹងសេចក្ដីព្រាងច្បាប់កញ្ចប់ថវិកាខាងលើ បើសិនជាសភាអាមេរិកមិនព្រមបង្កើនកញ្ចប់ថវិការតាមសំណើរបស់លោក ។ សូមជម្រាបថា ប្រសិនបើប្រធានាធិបតីអាមេរិកជិតផុតអាណតិ្តរូបនេះ មិនព្រមចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់កញ្ចប់ថវិការនេះទេ នោះអត្ថប្រយោជន៍ ឬកញ្ចប់ថវិកាសម្រាប់ប្រជាជនអាមេរិក ដែលគ្មានការងារធ្វើជាង១៤លាននាក់ នឹងត្រូវអស់សុពលភាពដោយចាប់ផ្ដើមនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ហើយរដ្ឋាភិបាលអាមេរិកវិញ នឹងត្រូវបិទដំណើរការផ្នែកខ្លះរបស់ខ្លួននៅថ្ងៃអង្គារសប្ដាហ៍ក្រោយ ៕
-
យុវជនត្រឡប់មកពីថៃ លួចរត់មកស្រុកកំណើត នៅខេត្តកណ្តាល ត្រូវបានអាជ្ញាធរជំនាញ ដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯង

កណ្តាល៖ តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានស្រុកមុខកំពូល បានឱ្យដឹងថា យុវជនម្នាក់ ឈ្មោះ គង់ ម៉េងហ៊ង អាយុ២៦ឆ្នាំ ទើបត្រឡប់មកពីប្រទេសថៃ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅប៉ោយប៉ែត បានរយៈពេលតែ២ថ្ងៃ បែរជាលួចរត់មកស្រុកកំណើតនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។ អាជ្ញាធរមូលដ្ឋាន បានប្រាប់បន្តថា យុវជនរូបនេះ បានលួចរត់មកស្រុកកំណើត កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ តែឥឡូវនេះ ត្រូវបានអាជ្ញាធរជំនាញ ដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯង និងណែនាំឱ្យអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕ ដោយធីវាន់លុក
-
លោក ប្រាយុទ្ធ ចាន់អូចា ថ្លែងថា រដ្ឋាភិបាលថៃនឹងធ្វើអោយបានល្អបំផុត ដើម្បីគ្រប់គ្រងស្ថានការណ៍ Covid-19 នាពេលបច្ចុប្បន្ននេះ

ថៃ៖ រដ្ឋាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា ខ្លួនជឿជាក់ខ្ពស់ថា នឹងអាចគ្រប់គ្រងស្ថានការណ៍ COVID-19 នាពេលបច្ចុប្បន្ននេះបាន ដោយមិនចាំបាច់ចាត់វិធានការចាក់សោរប្រទេសឡើយ នេះបើតាមសារព័ត៌មាន AP នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ខ្ញុំអាចធានាបានថា រដ្ឋាភិបាលនឹងធ្វើឲ្យបានល្អបំផុត… ក្រសួងសុខាភិបាលបញ្ជាក់ប្រាប់ខ្ញុំថា ស្ថានការណ៍បច្ចុប្បន្ន វានឹងអាចគ្រប់គ្រងបាន ប្រសិនបើមនុស្សគ្រប់គ្នាព្រមចូលរួមសហការ ។ សូមជម្រាបថា បើគិតចាប់តាំងពីសប្តាហ៍មុនមក ករណីឆ្លង COVID-19 ថ្មីៗត្រូវបានរកឃើញនៅខេត្ត-ក្រុងចំនួន ២៧ នៅទូទាំងប្រទេសថៃ ដែលមកទល់ពេលនេះ មានសរុបច្រើនជាង១.៣០០ករណីទាក់ទងនឹងការរាតត្បាតនៅទីតាំងផ្សារលក់គ្រឿងសមុទ្រនៅខេត្តសាមុត សាខន ដែលភាគច្រើនជាពលករចំណាក ស្រុកមកពីមីយ៉ាន់ម៉ា ៕
-
ប្រធានាធិបតីបារាំងជាសះស្បើយឡើងវិញពីជំងឺ Covid-19 នេះបើតាមវិមានអេលីហ្សេ

បារាំង៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជាសះស្បើយឡើងវិញហើយពីជំងឺ COVID-19 ដោយនៅពេលនេះ លោកមិនមានរោគសញ្ញានៃជំងឺរាតត្បាតសកលនេះទៀតឡើយ នេះបើតាមការិយាល័យប្រធានាធិបតីបារាំង ដកស្រង់ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ។ វិមានអេលីហ្សេបានលើកឡើងថា លោក Macron ដែលកំពុងដាក់ខ្លួនឲ្យនៅដាច់ឆ្ងាយពីគេ នៅឯគេហដ្ឋានមួយនៅជិតទីក្រុងប៉ារីស មិនចាំបាច់ធ្វើចត្តាឡីស័កទៀតទេ ។ នៅដំណាក់កាលនេះ លោក Macron មិនមានរោគសញ្ញាអ្វីមួយទាក់ទងនឹងជំងឺ COVID-19 ឡើយ ដូច្នេះការដាក់ខ្លួនឲ្យនៅដាច់ដោយឡែករបស់លោកអាចបញ្ចប់ក្រោយមួយសប្តាហ៍ ។ សូមរំលឹកឡើងវិញថា ប្រធានាធិបតីបារាំងមានវ័យ៤២ឆ្នាំរូបនេះ ត្រូវបានវិមានអេលីហ្សេ ប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ត្រូវបានធ្វើតេស្តវិជ្ជមាន COVID-19 ដោយលោកត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ដើម្បីទទួលការព្យាបាលរយៈពេលមួយសប្តាហ៍ ៕
-
ការសិក្សាស្រាវជ្រាវថ្មីមួយបញ្ជាក់ថា ការចម្លងរបស់វីរុស Covid-19 ទម្រង់ថ្មី នឹងធ្វើអោយមានមនុស្សស្លាប់កាន់តែច្រើន

បរទេស៖ ការសិក្សាថ្មីមួយបានបង្ហាញថា វីរុសកូរ៉ូណាក្លាយពូជដែលកំពុងរីករាលដាលនៅក្នុងចក្រភពអង់គ្លេសហាក់ដូចជាមានការឆ្លងកាន់តែច្រើនហើយទំនងជានឹងនាំឲ្យអត្រានៃការព្យាបាលក្នុងមន្ទីរពេទ្យនិងការស្លាប់កាន់តែខ្ពស់ នេះបើតាមសារព័ត៌មាន Bloomberg នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ។ វីរុសទម្រង់ថ្មីនេះ អាចចម្លងច្រើនជាងវីរុសប្រភេទដទៃទៀតរហូតដល់ទៅ៥៦ភាគរយឯណោះ ។ បើទោះជាយ៉ាងនេះក្តី មិនមានភស្តុតាងច្បាស់លាស់បញ្ជាក់ថា វាបណ្តាលអោយមានជំងឺធ្ងន់ធ្ងរ ឬស្រាលនោះទេ នេះបើតាមការសិក្សាដោយមជ្ឈ មណ្ឌលគំរូគណិតវិទ្យា នៃជំងឺឆ្លងនៅសាលាអនាម័យ និងវេជ្ជសាស្ត្រត្រូពិកទីក្រុងឡុងដ៍ ។ បញ្ហាខាងលើនេះបានបង្កឲ្យមានការព្រួយបារម្ភថា ការធ្វើតេស្ត ការព្យាបាលនិងវ៉ាក់សាំងដែលទើបតែចាប់ផ្តើមដំណើរការ ប្រហែលជាមិនមានប្រសិទ្ធិភាពនោះទេ ថ្វីបើអ្នកត្រួតពិនិត្យសុខភាពអឺរ៉ុបនិយាយថា វីរុសនេះប្រហែលជាមិនមានភាពខុសប្លែកពីវីរុសដែលអាចចាក់ដោយវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech ក៏ដោយ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៨០លាននាក់ ក្នុងនោះស្លាប់ជាង១លាន៧៤ម៉ឺននាក់ និងជាសះស្បើយជាង៥៦លាន១២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧៩លាន៧២ម៉ឺន៩ពាន់១២១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៧៤ម៉ឺន៩ពាន់៣៤០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥៦លាន១២ម៉ឺន៥ពាន់៧៥៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៩លាន១១ម៉ឺន១ពាន់៣២៦នាក់ ស្លាប់ចំនួន៣៣ម៉ឺន៧ពាន់៦៦នាក់ និងជាសះស្បើយចំនួន១១លាន២១ម៉ឺន៩ពាន់១២៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន១៤ម៉ឺន៧ពាន់៤៦៨នាក់ ស្លាប់ចំនួន១៤ម៉ឺន៧ពាន់១២៨នាក់ និងជាសះស្បើយ៩លាន៧១ម៉ឺន៧ពាន់១៩៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៧លាន៤២ម៉ឺន៥ពាន់៥៩៣នាក់ ស្លាប់១៩ម៉ឺន៣២នាក់ និងជាសះស្បើយ៦លាន៤៤ម៉ឺន៨ពាន់៧៤០នាក់ ៕