Category: ព័ត៌មានអន្តរជាតិ

  • ទីបំផុតលោក ដូណាល់ ត្រាំ សម្រេចចុះហត្ថលេខាលើច្បាប់ផ្តល់មូលនិធិដល់ជនរងគ្រោះ នៃការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១

    ទីបំផុតលោក ដូណាល់ ត្រាំ សម្រេចចុះហត្ថលេខាលើច្បាប់ផ្តល់មូលនិធិដល់ជនរងគ្រោះ នៃការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្តាហ៍នេះ បានសម្រេចចុះហត្ថលេខាជាផ្លូវការហើយ លើច្បាប់ដើម្បីធានាផ្តល់មូលនិធិដល់ជនរងគ្រោះនៃការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ខណៈការសម្រេចចិត្តនេះ ធ្វើឡើងក្រោយព្រឹទ្ធសភាអាមេរិកបានអនុម័តនាពេលកន្លងទៅ។សូមរំលឹកថា នៅក្នុងការបោះឆ្នោតគាំទ្រ៩៧សំឡេងទល់នឹង២សំឡេង ព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់នោះ ដែលនឹងផ្តល់ជំនួយហិរញ្ញវត្ថុរហូតដល់ឆ្នាំ២០៩០ សម្រាប់ការចំណាយលើការព្យាបាលដល់ក្រុមជនរងគ្រោះនៃអំពើភេរវកម្ម កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបានធ្វើការនៅក្រោមលក្ខខណ្ឌដ៏គ្រោះថ្នាក់ ដើម្បីជួយសង្គ្រោះប្រជាជន និង បានរងការឈឺចាប់ពីបញ្ហាសុខភាពប្រភេទខុសៗគ្នា ។ដោយឡែកសេតវិមានកាលពីថ្ងៃទី១២ ខែកក្កដាកន្លងមកនេះ ក៏បានអនុម័តច្បាប់ខាងលើ ដើម្បីបន្តផ្តល់ជំនួយសម្រាប់ការសងជំងឺចិត្តដល់ជនរងគ្រោះ នៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា រហូតដល់ឆ្នាំ២០៩០ ប៉ុន្មានសប្តាហ៍ក្រោយពីសន្ទរកថាប្រកបដោយឥទ្ធិពល និងមនោសញ្ចេតនាដែលត្រូវបានធ្វើឡើងដោយអ្នកកំប្លែងឈ្មោះ Jon Stewart ដើម្បីឲ្យប្រជាជនទូទាំងប្រទេសយកចិត្តដាក់ដល់បញ្ហានេះ ៕      

  • លោក ត្រាំ ប្រកាសថ្កោលទោសករណីបាញ់ប្រហារសម្លាប់មនុស្ស៤នាក់ និង១៥នាក់ ទៀតរបួសនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា

    លោក ត្រាំ ប្រកាសថ្កោលទោសករណីបាញ់ប្រហារសម្លាប់មនុស្ស៤នាក់ និង១៥នាក់ ទៀតរបួសនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្តាហ៍នេះ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះជនដៃដល់ដែលបានបង្កការបាញ់ប្រហារសម្លាប់០៤នាក់ និង១៥នាក់ទៀតរងរបួស នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា។ ហេតុការណ៍បាញ់ប្រហារដ៏រន្ធត់នេះ បានកើតឡើងនៅអំឡុងថ្ងៃចុងក្រោយនៃកម្មវិធីពិព័រណ៍ចំណីអាហារក្នុងទីក្រុង ជីឡរី រដ្ឋកាលីហ្វរញ៉ា ដោយខ្មាន់កាំភ្លើងម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារយ៉ាងកម្រោល ទៅលើមនុស្សម្នាដែលបានទៅចូលរួមកម្មវិធី។ ជាលទ្ធផល មនុស្ស០៣នាក់បានស្លាប់ និង១៥នាក់ទៀតបានទទួលរងរបួស ហើយភ្លាមៗនោះ ខ្មាន់កាំភ្លើងក៏ត្រូវបានកម្លាំងប៉ូលិសបាញ់សម្លាប់នៅកន្លែងកើតហេតុផងដែរ។ រហូតមកទល់ពេលនេះ អាជ្ញាធរអាម៉េរិកមិនបានបញ្ជាក់អត្តសញ្ញាណរបស់ជនដៃដល់ឡើយ ហើយចេតនានៅពីក្រោយការបាញ់សម្លាប់មនុស្សនេះ ក៏មិនទាន់ដឹងច្បាស់លាស់ដែរ៕                    

  • មេដឹកនាំអ៊ីរ៉ង់ ស្នើឱ្យបណ្តាប្រទេសជាមិត្ត និងចិន បន្តទិញប្រេងរបស់ខ្លួន

    មេដឹកនាំអ៊ីរ៉ង់ ស្នើឱ្យបណ្តាប្រទេសជាមិត្ត និងចិន បន្តទិញប្រេងរបស់ខ្លួន

    អ៊ីរ៉ង់៖ គេហទំព័រព័ត៌មានរបស់ក្រសួងប្រេងអ៊ីរ៉ង់ SHANA បានរាយការណ៍ថា អនុប្រធានាធិបតីអ៊ីរ៉ង់ លោក Eshaq Jahangiri នៅថ្ងៃចន្ទនេះ បានស្នើឱ្យបណ្តាប្រទេសជាមិត្ត ព្រមទាំងចិនផងនោះ ជួយទិញប្រេងឱ្យកាន់តែច្រើនពីអ៊ីរ៉ង់។ ការកត់សម្គាល់យ៉ាងដូច្នេះរបស់អនុប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ត្រូវបានធ្វើឡើងមន្ត្រីទូតជាន់ខ្ពស់ចិន លោក Song Tao ដែលកំពុងទស្សនកិច្ចនៅរដ្ឋធានីតេហេរ៉ង់ និងចំពេលដែលសហរដ្ឋអាម៉េរិកព្រមានដាក់ទណ្ឌកម្មលើប្រទេសណា ដែលបន្តរកស៊ីជាមួយនឹងប្រទេសអ៊ីរ៉ង់។ សូមបញ្ជាក់ផងដែរថា ការនាំចូលប្រេងឆៅរបស់ចិនពីអ៊ីរ៉ង់ បានធ្លាក់ចុះអស់ជាង៦០ភាគរយកាលពីដើមឆ្នាំ២០១៩នេះ រហូតដល់ខែមិថុនាកន្លងទៅ ដោយសារតែទណ្ឌកម្មសហរដ្ឋអាម៉េរិក ដែលកំពុងអនុវត្តន៍លើប្រទេសអ៊ីរ៉ង់៕      

  • ហេតុការណ៍វាយប្រហារនៅការិយាល័យគណបក្សនយោបាយនៅអាហ្វហ្កានីស្ថាន ផ្តាច់ជីវិតមនុស្ស២០នាក់

    ហេតុការណ៍វាយប្រហារនៅការិយាល័យគណបក្សនយោបាយនៅអាហ្វហ្កានីស្ថាន ផ្តាច់ជីវិតមនុស្ស២០នាក់

    អាហ្វហ្កានីស្ថាន៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារការវាយប្រហារលើការិយាល័យនយោបាយមួយ របស់អ្នកឈរឈ្មោះបោះឆ្នោតប្រធានាធិបតី និងជាអតីតមេដឹកនាំក្រុមអ្នកស៊ើបអង្កេតនៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាននោះ បានបន្តកើនឡើងដល់២០នាក់គិតត្រឹមថ្ងៃចន្ទ សប្តាហ៍នេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Nasrat Rahimi បាននិយាយថា មនុស្សជិត៥០នាក់បានរងរបួស នៅក្នុងការវាយប្រហារកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ទៅលើទីស្នាក់កណ្តាលនៃគណបក្ស Green Trend។ ការវាយប្រហារដែលមានការប្រយុទ្ធគ្នាជាមួយកងកម្លាំងសន្តិសុខ និងក្រុមអ្នកវាយប្រហារនេះ មានរយៈពេលច្រើនម៉ោង ដោយក្រុមអ្នកវាយប្រហារបានចូលដល់ខាងក្នុងអាគារការិយាល័យនេះ។ បើតាមអ្នកនាំពាក្យដដែលនេះ លោក Amrullah Saleh ដែលជាអ្នកឈរឈ្មោះបោះឆ្នោតប្រធានាធិបតី និងជាអតីតមេដឹកនាំក្រុមអ្នកស៊ើបអង្កេតនេះ ត្រូវបានជម្លៀសចេញពីអគារនោះ និងត្រូវបាននាំទៅកាន់កន្លែងមានសុវត្ថិភាព ហើយជនស៊ីលវិល៨៥នាក់ផ្សេងទៀត ត្រូវបានសង្គ្រោះចេញពីខាងក្នុងអគារនោះ។ រហូតមកទល់ពេលនេះ មិនមាននរណា ឬក្រុមណាមួយចេញមុខប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ប៉ុន្តែទាំងក្រុមតាលីបង់ និងក្រុមរដ្ឋអ៊ិស្លាមធ្វើសកម្មខ្លាំងនៅទីក្រុងកាប៊ុល និងបានធ្វើការវាយប្រហារទ្រង់ទ្រាយធំនៅទីក្រុងនេះ កាលពីពេលកន្លងទៅ៕ធ.ដ

  • ប្រទេសហត្ថលេខីទាំងអស់ អះអាងជាថ្មីអំពីការប្តេជ្ញាចិត្តដើម្បីស្រោចស្រង់កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់

    ប្រទេសហត្ថលេខីទាំងអស់ អះអាងជាថ្មីអំពីការប្តេជ្ញាចិត្តដើម្បីស្រោចស្រង់កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់

    បរទេស៖ បណ្តាប្រទេសហត្ថលេខីនៃកិច្ចប្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ (JCPOA) បានអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការស្រោចស្រង់កិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥នេះ និងបានរិះគន់ចំៗលើសហរដ្ឋអាម៉េរិក ជុំវិញការដាក់ទណ្ឌកម្មឯកតោភាគីរបស់ខ្លួន កាលពីអំឡុងកិច្ចប្រជុំមួយនៅថ្ងៃ អាទិត្យ ម្សិលមិញ នេះបើតាមគណៈប្រតិភូចិន។ អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងសព្វាវុធនៃក្រសួងការបរទេសចិន លោក ហ៊្វូ កុង បានថ្លែងថា ក្នុងអំឡុងកិច្ចប្រជុំរួមគ្នាខាងលើនេះ ចំណុចដំបូង ភាគីហត្ថលេខីទំាងអស់បានសម្តែងពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការថែរក្សាការពារកិច្ចព្រមព្រៀង JCPOA ហើយនឹងបន្តអនុវត្តន៍តាមកិច្ចព្រមព្រៀងនេះ ក្នុងលក្ខណៈគោលបំណង និងមានតុល្យភាព។ លោកបានបន្ថែមទៀតថា ចំណុចទី២ ភាគីពាក់ព័ន្ធទាំងអស់បានបង្ហាញការប្រឆាំងរបស់ពួកគេ ទាក់ទិននឹងការដាក់ទណ្ឌកម្មជាលក្ខណៈឯកតោភាគីរបស់សហរដ្ឋអាម៉េរិកលើប្រទេសអ៊ីរ៉ង់ ហើយពួកគេក៏បានសម្តែងនូវការគំាទ្រ និងកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ចិន ក្នុងការអនុវត្តកិច្ចព្រមព្រៀង JCPOA ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ចិន ដើម្បីរក្សាទំនាក់ទំនងពាណិជ្ជកម្ម និងប្រេងជាធម្មតាជាមួយអ៊ីរ៉ង់៕ធ.ដ

  • សន្តិភាព សន្តិសុខ និងពាណិជ្ជកម្ម គឺជារបៀបវារៈកំពូលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស អាស៊ានឆ្នាំ២០១៩នេះ

    សន្តិភាព សន្តិសុខ និងពាណិជ្ជកម្ម គឺជារបៀបវារៈកំពូលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស អាស៊ានឆ្នាំ២០១៩នេះ

    ថៃ៖ “សេរីនិយមលើការការពារនិយម” ទំនងជាប្រធានបទនៃការជជែកដេញដោលផ្នែកសេដ្ឋកិច្ចដ៏សំខាន់ នៅពេលដែលតំណាងជាន់ខ្ពស់របស់ប្រទេសដែលមានឥទ្ធិពលរបស់ពិភពលោក បានមកជួបជុំគ្នានៅក្នុងប្រទេសថៃ។ ដោយឡែកបញ្ហាសន្តិភាព សន្តិសុខ និងពាណិជ្ជកម្ម ក៏អាចជារបៀបវារៈកំពូលនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននៅក្នុងរដ្ឋធានីបាងកក ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៣ ខែសីហាខាងមុខ។ ជាមួយគ្នានេះ ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ និងរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក ស៊ឺហ្គៃ ឡាវរូវ នឹងក្លាយជាដៃគូពិភាក្សាដ៏សំខាន់នាអំឡុងកិច្ចប្រជុំនោះ។ គួរបញ្ជាក់ផងដែរថា មនុស្សជាច្រើនកំពុងទន្ទឹងរង់ចាំវឌ្ឍនភាពឆ្ពោះទៅរកការបញ្ចប់សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន បន្ទាប់ពីផលប៉ះពាល់នៃជម្លោះនេះត្រូវបានពិភាក្សាយ៉ាងទូលំទូលាយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងបាងកក កាលពីខែមិថុនា និងកិច្ចប្រជុំកំពូល G20 នៅជប៉ុន កាលពីពេលថ្មីៗកន្លងទៅនេះ៕ធ.ដ

  • លោក វ៉្លាឌីមៀរ ពូទីន ដឹកនាំក្បួនដង្ហែកងទ័ពជើងទឹកដ៏ធំបំផុតលើកដំបូងរបស់រុស្ស៊ី

    លោក វ៉្លាឌីមៀរ ពូទីន ដឹកនាំក្បួនដង្ហែកងទ័ពជើងទឹកដ៏ធំបំផុតលើកដំបូងរបស់រុស្ស៊ី

    រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានដឹកនាំក្បួនដង្ហែកងទ័ពជើងទឹកដ៏ធំបំផុតលើកដំបូងរបស់រុស្ស៊ី ក្នុងរយៈពេលច្រើនឆ្នាំមកនេះ។ ក្បួនដង្ហែធំជាងគេបំផុតក្នុងរយៈពេលច្រើនឆ្នាំមកនេះ រួមមាននាវាចម្បាំង និងនាវាមុជទឹកចំនួន៤៣គ្រឿង និងកងទ័ពប្រមាណ៤,០០០នាក់។ ក្បួនដង្ហែនោះ ក៏រួមមានការបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍នៃនាវាចម្បាំង និងយន្តហោះរុស្ស៊ី ក៏ដូចជាអ្នកលោតឆ័ត្រយោង និងការបាញ់មីស៊ីលផងដែរ។ វាជាការបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍នៃកម្លាំងយោធារបស់រុស្ស៊ី ខណៈក្បួនដង្ហែកងទ័ពជើងទឹកផ្សេងទៀត ក៏ត្រូវបានធ្វើឡើងនៅតាមបណ្តាទីក្រុងដទៃទៀតនៅទូទាំងប្រទេសរុស្ស៊ីផងដែរ៕ធ.ដ

  • រដ្ឋាភិបាលហុងកុង ថ្កោលទោសក្រុមបាតុករដែលព្យាយាមសម្រុកចូលក្នុងការិយាល័យ តំណាងរដ្ឋាភិបាលចិន ខណៈមនុស្ស៤៩នាក់ត្រូវចាប់ខ្លួន

    រដ្ឋាភិបាលហុងកុង ថ្កោលទោសក្រុមបាតុករដែលព្យាយាមសម្រុកចូលក្នុងការិយាល័យ តំណាងរដ្ឋាភិបាលចិន ខណៈមនុស្ស៤៩នាក់ត្រូវចាប់ខ្លួន

    ហុងកុង៖ អ្នកនាំពាក្យរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះ ដោយបានថ្កោលទោសការប្រើហិង្សា អំឡុងហ្វូងបាតុករព្យាយាមសម្រុកចូលក្នុងការិយាល័យតំណាងរបស់រដ្ឋាភិបាលចិន ក្នុងទីក្រុងហុងកុង កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលគំរាមកំហែងដល់សុខសុវត្ថិភាពប៉ូលិស និងប្រជាជនក្នុងតំបន់។ បាតុកម្មតវ៉ានេះ មុនដំបូងឡើយធ្វើឡើងដោយសន្តិវិធី ប៉ុន្តែវាបានផ្ទុះទៅជាអំពើហិង្សា បន្ទាប់ពីបាតុករមួយចំនួនព្យាយាមសម្រុកចូលក្នុងការិយាល័យតំណាងរបស់រដ្ឋាភិបាលចិន ក្នុងទីក្រុងហុងកុង ជាហេតុបង្ខំឱ្យប៉ូលិសសម្រេចចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់គ្រាប់កាំភ្លើងជ័រលើក្រុមបាតុករ ខណៈមនុស្ស៤៩នាក់ត្រូវចាប់ខ្លួន។ សូមបញ្ជាក់បន្ថែមថា បាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង បានឈានចូលដល់សប្ដាហ៍ទី៨ជាប់គ្នាហើយ គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ។ បាតុកម្មតវ៉ានេះ ដឹកនាំដោយក្រុមបាតុករប្រឆាំងរដ្ឋាភិបាលទីក្រុងហុងកុង និងគាំទ្រលិទ្ធិប្រជាធិបតេយ្យ ដែលប្រឆាំងជំទាស់នឹងច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក ក៏ដូចជាទាមទារឱ្យនាយកប្រតិបត្តិក្រុងហុងកុង លោកស្រី ខារី ឡាម ចុះចេញពីតំណែង៕ធ.ដ

  • SpaceX ដឹកសម្ភារផ្គត់ផ្គង់សម្រាប់ការពិសោធន៍ទៅកាន់ស្ថានីយអវកាសអន្តរជាតិ

    SpaceX ដឹកសម្ភារផ្គត់ផ្គង់សម្រាប់ការពិសោធន៍ទៅកាន់ស្ថានីយអវកាសអន្តរជាតិ

    សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនអវកាស ស្ពេសអ៊ិច (SpaceX) របស់សហរដ្ឋអាម៉េរិក បានបាញ់រ៉ុក្កែតដឹកយានអវកាសដឹកម៉ាស៊ីនព្រីនកម្រិត 3D បង្កើតជាលិកាមនុស្ស និងសម្ភារពិសោធន៍ និងផ្គត់ផ្គង់ទម្ងន់៥ពាន់ផោន ឬជិត១,៨៩៥គីឡូក្រាម ផ្សេងទៀតទៅកាន់ទីអវកាស។ បច្ចុប្បន្ន យានមួយនេះ  កំពុងធ្វើដំណើរតាមផ្លូវឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ ក្រោយការបាញ់បញ្ជូនក្នុងពេលមានផ្គររន្ទះកាលពីសប្តាហ៍មុន។ រ៉ុក្កែត ហ្វលខុន៩ របស់ក្រុមហ៊ុនឯកជនមួយនេះ បានហោះគេចដុំពពកដ៏គ្រោះថ្នាក់ ពេលដែលរ៉ុក្កែតហោះឡើងកាលពីសប្តាហ៍មុន ដោយបញ្ជូនយាន ត្រាហ្គិន ក្នុងដំណើរលើកទី៣ របស់ខ្លួនទៅកាន់ប៉ុស្តិ៍មុខនៃគន្លងតារាវិថី។ ការដឹកជញ្ជូនលើកនេះដែរ នឹងចូលចតក្នុងស្ថានីយ៍អវកាសអន្តរជាតិកាលពីព្រឹកថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់)។ យានអវកាស ត្រាហ្គិន មានផ្ទុកសម្ភារពិសោធន៍វិទ្យាសាស្រ្ត ដែលភាគច្រើននៃសម្ភារទាំងអស់នេះ ផ្តោតសំខាន់លើវិទ្យាសាស្រ្តកោសិកា ក៏ដូចជាសម្ភារផ្គត់ផ្គង់ធម្មតាជាច្រើនទៀត៕ធ.ដ

  • យន្តហោះ C919 ទី៣របស់ចិន ធ្វើតេស្តហោះហើយផ្លូវឆ្ងាយដោយជោគជ័យ

    យន្តហោះ C919 ទី៣របស់ចិន ធ្វើតេស្តហោះហើយផ្លូវឆ្ងាយដោយជោគជ័យ

    ចិន៖ យន្ដហោះដឹកអ្នកដំណើរ C919 ទី៣ ជាផលិតផលនៅក្នុងស្រុករបស់ចិន បានទទួលជោគជ័យ ក្រោយបញ្ចប់ការធ្វើតេស្ដហោះហើររយៈចំងាយឆ្ងាយរបស់ខ្លួន ដោយហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុងសៀងហៃ ទៅកាន់ទីក្រុងឆាងអាន ។ ហើយបន្ទាប់ពីការធ្វើតេស្ដហោះហើរខាងលើនេះ យន្តហោះចិន C919 នឹងបន្តធ្វើការសាកល្បងហោះហើរនៅទីក្រុង ឆាងអាន ម្តងទៀតនៅពេលអនាគត ដែលមានចម្ងាយផ្លូវហោះហើរ១,២០០គីឡូម៉ែត្រ ។ យន្ដហោះចិន C919 នេះ អាចហោះបានក្នុងចំងាយ៤,០៧៥គីឡូម៉ែត្រ ព្រមទាំងមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងយន្ដហោះ អ៊ែរបាស់ ៣២០ និង ប៊ូអ៊ីង ៧៣៧ ខណៈបច្ចុប្បន្ន យន្តហោះនេះ ក៏ទទួលបានការកក់ទុកមុនរាប់រយគ្រឿងរួចមកហើយ ពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍នានាក្នុងស្រុករបស់ចិន ៕ធ.ដ