-
រុស្ស៊ីចាប់ផ្តើមផលិតយន្តហោះបំបាំងកាយ Su-57 ក្នុងទ្រង់ទ្រាយធំ ដើម្បីលើកកម្ពស់ សមត្ថភាពការពារជាតិរបស់កងទ័ពអាកាសខ្លួន

រុស្ស៊ី៖ ក្រុមហ៊ុនផលិតយន្តហោះរុស្ស៊ី ស៊ូខយ បានចាប់ផ្តើមដំណើរការផលិតជាទ្រង់ទ្រាយធំ នៃយន្តហោះចម្បាំងបំបាំងកាយ Su-57 ស្ថិតក្រោមកិច្ចសន្យាមួយត្រូវបានចុះហត្ថលេខាកាលពីខែមុន រវាងក្រសួងការពារជាតិរុស្ស៊ី និងក្រុមហ៊ុននេះ ស្តីពីគម្រោងប្រគល់យន្តហោះចម្បាំង Su-57 ឲ្យទៅកងទ័ពអាកាសរុស្ស៊ី។ បើតាមឯកសារថ្មីៗនេះរបស់ក្រុមហ៊ុន ស៊ូខយ ខ្លួននឹងត្រូវប្រគល់យន្តហោះ Su-57 សរុបចំនួន៧៦គ្រឿងឲ្យយោធារុស្ស៊ី ដែលប៉ុន្មានគ្រឿងដំបូងនឹងទៅដល់ដៃទ័ពអាកាសរុស្ស៊ី នាមុនដំណាច់ឆ្នាំ២០១៩នេះ។ សូមបញ្ជាក់ផងដែរថា យន្តហោះចម្បាំង Su-57 ដែលកន្លងមកធ្លាប់មានឈ្មោះថា T-50 គឺជាយន្តហោះចម្បាំងបំបាំងកាយដ៏មានអនុភាពនោះ បានហោះឡើងលើមេឃជាលើកដំបូងកាលពីខែមករា ឆ្នាំ២០១០ និងបានឆ្លងកាត់ការធ្វើតេស្តហោះហើរលើកទីមួយ ដោយបំពាក់ម៉ាស៊ីនជំនាន់ថ្មី កាលពីខែធ្នូ ឆ្នាំ២០១៧។ យន្តហោះចម្បាំងនេះ ក៏ត្រូវបានសាកល្បងសមត្ថភាពនៅប្រទេសរុស្ស៊ីផងដែរ ៕ធ.ដ
-
គិតត្រឹមរយៈពេល៦ខែឆ្នាំនេះ ជនស៊ីវិលជាង១ពាន់នាក់ស្លាប់ និងជាង២ពាន់នាក់រងរបួស ដោយសារការប្រយុទ្ធគ្នានៅអាហ្វហ្កានីស្ថាន

អាហ្វហ្កានីស្ថាន៖ ជនស៊ីវិលអាហ្វហ្កានីស្ថាននៅតែបន្តទទួលរងការគំរាមកំហែងដល់អាយុជីវិត ដោយសារការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ តួយ៉ាងជនស៊ីវិលប្រមាណ១,៣៦៦នាក់ បានបាត់បង់ជីវិត និង២,៤៤៦នាក់ទៀត រងរបួសពាក់ព័ន្ធនឹងការប្រយុទ្ធគ្នាទាំងនោះ គិតត្រឹមរយៈពេល៦ខែឆ្នាំ២០១៩។ របាយការណ៍ចេញផ្សាយដោយបេសកកម្មផ្ដល់ជំនួយនៃអង្គការសហប្រជាជាតិ ប្រចាំអាហ្វហ្កានីស្ថាន យូណាម៉ា នៅក្នុងថ្ងៃអង្គារនេះ បានបញ្ជាក់ថា ជនស៊ីវិលភាគច្រើនត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់កងទ័ពអាម៉េរិក និងអាហ្វហ្កានីស្ថាន ប្រឆាំងនឹងក្រុមឧទ្ទាមតាលីបង់ចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០១៩។ បើគិតក្នុងរយៈពេល៦ខែដំបូងក្នុងឆ្នាំនេះ ការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាម៉េរិកតែម្នាក់ឯង បានផ្ដាច់ជីវិតជនស៊ីវិល៣៦៣នាក់ ក្នុងនោះមានកុមាររហូតដល់ទៅ៨៩នាក់។ យ៉ាងណាមិញ សហរដ្ឋអាម៉េរិក មិនបានទទួលស្គាល់របាយការណ៍របស់អង្គការសហប្រជាជាតិនោះទេ ដោយអះអាងថា ខ្លួនតែងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយយោធាអាហ្វហ្កានីស្ថាន ដើម្បីបញ្ជៀសហានិភ័យ និងគ្រោះថ្នាក់ដល់ជនស៊ីវិល។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន មិនបានផ្ដល់តួលេខជនស៊ីវិល ដែលបានស្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួនឡើយ៕ធ.ដ
-
លោក ត្រាំ ព្រមានដាក់ទណ្ឌកម្មអឺរ៉ុប និងចិន ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកទំនងជាប្រកាសដាក់ទណ្ឌកម្មជាថ្មីទៀត លើកម្មវិធីរោងចក្រថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន០៥កន្លែង នៅចុងសប្តាហ៍នេះ ដែលចំណាត់ការនេះ ត្រូវគេរំពឹងថា នឹងជួយដល់រុស្ស៊ី ចិន និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន បន្តធ្វើកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរស៊ីវិលជាមួយទីក្រុងតេហេរ៉ង់ នេះបើតាមកាសែត វ៉ាស៊ីនតោន ប៉ុស្តិ៍។ កាសែតដដែលនេះ បានដកស្រង់ប្រភពពីបញ្ជាក់អត្តសញ្ញាណចុះផ្សាយថា បញ្ហាខាងលើនេះ ត្រូវបានលើកយកមកធ្វើកិច្ចពិភាក្សាគ្នា អំឡុងពេលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ជួបជាមួយនឹងរដ្ឋមន្រ្តីរតនាគារជាតិអាម៉េរិកលោក ស្ទេវិន ម្ញូឈីន នៅឯសេតវិមានកាលពីសប្តាហ៍មុន។ នៅថ្ងៃដដែលនោះដែរ ប្រភពមួយទៀតបានបញ្ជាក់ថា ការដាក់ទណ្ឌកម្មទាក់ទិននឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅតែមាននៅលើតុជានិច្ច ហើយថា ក្រសួងរតនាគារជាតិអាម៉េរិក ក៏បាននឹងកំពុងពិចារណាពីផលប៉ះពាល់ នៃការដាក់ទណ្ឌកម្មដែលអាចកើតមានលើក្រុមហ៊ុនរុស្ស៊ី ចិន និងអឺរ៉ុបផងដែរ៕ធ.ដ
-
សហរដ្ឋអាម៉េរិក រំពឹងថា នឹងឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយរុស្ស៊ី សម្រាប់ការគ្រប់គ្រងសព្វាវុធ

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក នឹងចេញផុតជាផ្លូវការពីសន្ធិសញ្ញាកងកម្លំាងនុយក្លេអ៊ែររយៈចម្ងាយមធ្យមឆ្នំា១៩៨៧ ហៅកាត់ថា INF នៅដើមខែសីហាខាងមុខនេះ ហើយថា សន្ធិសញ្ញាស្តីពីសព្វាវុធមួយទៀតឈ្មោះថា ញ៉ូវ ស្តាត (New START) ក៏ទំនងជានឹងចាប់ផ្តើមជាថ្មីផងដែរ នេះបើតាមទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន។ ដោយឡែកនៅថ្ងៃពុធដដែលនេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងអះអាងដែរថា រូបលោកកំពុងរំពឹងថា នឹងអាចឈានដល់កិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងសព្វាវុធថ្មីរវាងសហរដ្ឋអាម៉េរិក និងរុស្ស៊ី។ សូមរំលឹកផងដែរថា សហរដ្ឋអាម៉េរិក បានចោទប្រកាន់រុស្ស៊ីថា បានរំលោភសន្ធិសញ្ញា INF ហើយបន្ទាប់មក ទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមនីតិវិធីដកខ្លួនចេញ កាលពីខែកុម្ភៈកន្លងទៅ ដោយដំណើរការនេះនឹងចប់ជាស្ថាពរនៅថ្ងៃទី០២ ខែសីហាខាងមុខ។ រីឯសន្ធិសញ្ញា ញ៉ូវ ស្តាត នឹងត្រូវផុតសុពលភាពនៅឆ្នាំ២០២១ ដោយវាគឺជាសន្ធិសញ្ញា ស្តីពីការគ្រប់គ្រងសព្វាវុធតែមួយគត់នាពេលបច្ចុប្បន្ន រវាងប្រទេសទាំងពីរ៕ធ.ដ
-
កូរ៉េខាងត្បូង បើកកិច្ចប្រជុំបន្ទាន់មួយ បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បង មីស៊ីលជាថ្មីទៀត

កូរ៉េខាងជើង៖ រដ្ឋាភិបាលក្រុងសេអ៊ូល បានបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរបស់ខ្លួនជាបន្ទាន់ នៅថ្ងៃពុធនេះ ក្រោយរបបដឹកនាំក្រុងព្យុងយ៉ាង បន្តធ្វើតេស្តមីស៊ីលបាលិស្ទីកចំនួន២គ្រាប់ជាថ្មីទៀត ។ បើតាមសេចក្តីរាយការណ៍របស់យោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីកចំនួន០២គ្រាប់ចេញពីតំបន់តែមួយ ដែលទីក្រុងព្យុងយ៉ាងបានធ្វើតេស្តមីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់កាលពីសប្ដាហ៍មុន។ មីស៊ីលទាំងពីរគ្រាប់នេះ ត្រូវបានបាញ់ចេញនៅម៉ោង៥និង០៦នាទីព្រឹក និងម៉ោង៥និង២៧នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ចេញពីទីក្រុង វ៉ុនសាន។ ប្រភពដដែលបានឱ្យដឹងទៀតថា មីស៊ីលបាលិស្ទីកទាំង២គ្រាប់នេះ មានសមត្ថភាពហោះបានចម្ងាយចន្លោះពី២៤០គីឡូម៉ែត និង៣៣០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រជប៉ុន។ ដោយឡែកបើតាមក្រុមអ្នកតាមដាន គ្រាប់មីស៊ីលកូរ៉េខាងជើងទើបបាញ់សាកល្បងចុងក្រោយនេះ គឺជាប្រភេទថ្មីដែលមិនធ្លាប់មាននរណាស្គាល់នោះឡើយ៕ធ.ដ
-
កងទ័ពអាមេ៉រិក២នាក់ត្រូវបានសម្លាប់នៅអាហ្វហ្គានីស្ថាន ចំពេលលោក ដូណាល់ ត្រាំ មានបំណងកាត់បន្ថយចំនួនកងកម្លំាងនៅប្រទេសនេះ

សហរដ្ឋអាមេ៉រិក៖ សមាជិកកងកម្លំាងអាមេ៉រិក២នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃ ចន្ទ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នេះបើតាមសេចក្តីថ្លែងការណ៍របស់បេសកកម្មគំាទ្រការស្វែករកដំណោះស្រាយ ដែលដឹកនំាដោយអង្គការ NATO ។ យ៉ាងណាមិញសេចក្តីថ្លែងការណ៍ខាងលើ មិនបានបញ្ជាក់ព័ត៌មានលំអិតពាក់ព័ន្ធនឹងហេតុការណ៍វាយប្រហារនេះនោះទេ ចំនែកឯអត្តសញ្ញាណសមាជិកកងទ័ពអាមេ៉រិកដែលបានបាត់បង់ជីវិតនោះ ត្រូវបានដកហូតជាបណ្តោះអាសន្ន ខណៈណាសាច់ញាតិជនរងគ្រោះត្រូវបានជូនដំណឹង ។ បើតាមមន្រ្តីអាមេ៉រិកក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មានរ៉យទ័រថា ករណីវាយប្រហារនេះបានកើតឡើងនៅទីក្រុងខាន់ដាហា ដោយក្រុមខ្មាន់កំាភ្លើងបានស្លៀកពាក់ក្លែងបន្លំជាកងទាហានអាហ្វហ្គានីស្ថាន ដើម្បីបើកបាញ់រះលើកងកម្លំាង ចម្រុះដឹកនំាដោយអាមេ៉រិក ។ អ្វីដែលគួរកត់សម្គាល់នោះ ហេតុការណ៍ខាងលើនេះ បានកើតមានឡើងចំពេលដែលប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ តាមរយៈរដ្ឋមន្រ្តីការបរទេសរបស់លោកបានបង្ហើបឱ្យដឹងថា លោក ត្រាំ មានផែនការចង់កាត់បន្ថយចំនួនកងទ័ពអាមេ៉រិកនៅប្រទេសអាហ្វហ្គានីស្ថាន ឲ្យបានមុនការបោះឆ្នោតប្រធានា ធិបតីនៅឆ្នំា២០២០ខាងមុខនេះ ៕ធ.ដ
-
កូរ៉េខាងជើង ធ្វើតេស្តមីស៊ីលបាលិស្ទីក ចំនួន២គ្រាប់ជាថ្មីទៀត

កូរ៉េខាងជើង៖ កូរ៉េខាងជើងនៅព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) បានបន្តបាញ់សាកល្បងមីស៊ីលបាលិស្ទីក ចំនួន២គ្រាប់ជាថ្មីទៀត ក្រោយខ្លួនទើបបានធ្វើតេស្ដមីស៊ីលរយៈចម្ងាយខ្លីចំនួន២គ្រាប់ នេះបើតាមយោធាកូរ៉េខាងត្បូង។ ប្រភពដដែលបានឱ្យដឹងទៀតថា ការបាញ់សាកល្បងជាថ្មីទៀតនេះ ត្រូវបានធ្វើឡើងចេញពីតំបន់តែមួយ ដែលកូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលកាលពីសប្ដាហ៍មុន។ មីស៊ីលទាំងពីរគ្រាប់ខាងលើនេះ ត្រូវបានបាញ់ចេញពីទីក្រុង Wonsan ដោយវាហោះ បានចម្ងាយចន្លោះពី២៤០ និង៣៣០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រជប៉ុន៕ម.ន
-
សហរដ្ឋអាម៉េរិក អំពាវនាវឲ្យប្រទេសសម្ព័ន្ធមិត្តចូលរួមក្នុងបេសកកម្មយោធាប្រឆាំងនឹងអ៊ីរ៉ង់

សហរដ្ឋអាម៉េរិក៖ សារព័ត៌មានអាល្លឺម៉ង់ ផ្អែកលើសំណើរបស់អ្នកនាំពាក្យស្ថានទូតអាម៉េរិកម្នាក់ប្រចាំទីក្រុង ប៊ែរឡាំង បានចុះផ្សាយថា សហរដ្ឋអាម៉េរិក បានស្នើជាផ្លូវការឱ្យអាល្លឺម៉ង់ អង់គ្លេស និងបារាំង ចូលរួមក្នុងបេសកកម្មយោធាមួយរបស់ខ្លួននៅតំបន់ឈូងសមុទ្រពែក្ស សំដៅទប់ទប់នឹងសកម្មភាពឈ្លានពានពីសំណាក់ទីក្រុងតេហេរ៉ង់។ អ្នកនាំពាក្យស្ថានទូតអាម៉េរិកម្នាក់ប្រចាំទីក្រុងប៊ែរឡាំង ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណ នៅថ្ងៃអង្គារនេះ បាននិយាយថា យើងបានស្នើជាផ្លូវការឱ្យអាល្លឺម៉ង់ រួមទាំងអង់គ្លេស និងបារាំងចូលរួមនៅក្នុងបេសកកម្មយោធាប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់អ៊ីរ៉ង់ នៅច្រកសមុទ្រ ហ័រមូស។ ស្របពេលជាមួយគ្នានោះដែរ ប្រទេសមហាអំណាចទាំងបីខាងលើនេះ មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយ ជុំវិញសេចក្ដីរាយការណ៍នេះ ប៉ុន្តែកាលពីសប្ដាហ៍មុន មន្ត្រីអាល្លឺម៉ង់ និងអង់គ្លេស បានអះអាងថា ពួកគេមិនគាំទ្រចំពោះយុទ្ធសាស្ត្រដាក់សម្ពាធជាអតិបរាមារបស់សហរដ្ឋអាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់នោះទេ ៕ម.ន
-
ប្រមុខការទូតសហរដ្ឋអាម៉េរិកចាកចេញទៅកាន់ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានចាកចេញដំណើរពីរដ្ឋធានីវ៉ាស៊ីនតោន ហើយនៅថ្ងៃអង្គារ៍សប្តាហ៍នេះ ទៅកាន់ប្រទេសថៃ ដែលនៅទីនោះ លោកនឹងធ្វើជាសហប្រធាននៃការប្រជុំរដ្ឋមន្ត្រីរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងសប្តាហ៍នេះ។បើតាមការគ្រោងទុកនោះ ប្រមុខការទូតអាម៉េរិករូបនេះ នៅថ្ងៃទី០២ ខែសីហា នឹងចូលរួមក្នុងសន្និសីទកំពូលរដ្ឋមន្ត្រីអាស៊ីខាងកើតហៅកាត់ថា EAS វេទិកាតំបន់នៃរដ្ឋមន្ត្រីសមាគមអាស៊ានហៅកាត់ថា ARF និងមានជំនួបទ្វេភាគីជាមួយសមភាគីថៃ Don Pramudwinai ដើម្បីពិភាក្សាគ្នាអំពីវិធីដើម្បីពង្រឹងសម្ព័ន្ធភាពរវាងសហរដ្ឋអាម៉េរិក និងថៃឲ្យខ្លាំងជាងមុនថែមទៀត។ ដំណើរទស្សនកិច្ចរបស់លោក ម៉ៃ ប៉ុមប៉េអូ ខាងលើ ត្រូវបានធ្វើឡើងខណៈកូរ៉េខាងជើងបន្តបាញ់សាកល្បងមីស៊ីលបាលិស្ទីកចំនួន២គ្រាប់ជាថ្មីទៀតនៅព្រឹកថ្ងៃ ពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)៕ម.ន
-
ឥណ្ឌា កំពុងពិចារណាបញ្ជាទិញយន្តហោះដ្រូនដ៏ទំនើបចំនួន៣០គ្រឿងពីសហរដ្ឋអាម៉េរិក

ឥណ្ឌា៖ បច្ចុប្បន្នឥណ្ឌាកំពុងពិចារណាឡើងវិញ អំពីការទិញយន្តហោះដ្រូន៣០គ្រឿងពីសហរដ្ឋអាម៉េរិក ក្នុងតម្លៃសរុប០៦ពាន់លានដុល្លារ បន្ទាប់ពីយន្តហោះដ្រូនដ៏ទំនើបប្រភេទនេះរបស់សហរដ្ឋអាម៉េរិក ត្រូវបានអ៊ីរ៉ង់បាញ់ទម្លាក់ចោលនៅតំបន់ឈូងសមុទ្រពែក្សកាលពីខែមុន។ បើតាមប្រភពពីយោធាឥណ្ឌា កងទ័ពអាកាសឥណ្ឌាបច្ចុប្បន្នកំពុងមានការព្រួយបារម្ភជាពិសេស អំពីប្រសិទ្ធភាព និងសមត្ថភាពរបស់យន្តហោះដ្រូនអាម៉េរិកថា តើអាចគួរឲ្យទុកចិត្តបានដែរឬទេ? បើប្រើនៅលើដែនអាកាសតាមបណ្តោយព្រំដែនឥណ្ឌាជាប់ប៉ាគីស្ថាន និងចិន ដែលនៅតំបន់នោះឥណ្ឌាបានអះអាងថា អាចមានបំពាក់ប្រព័ន្ធមីស៊ីល SAM ដែលជាប្រព័ន្ធបាញ់ពីផ្ទៃដីឆ្ពោះទៅរកគោលដៅនៅផ្ទៃអាកាសទំនើបៗ។សូមរំលឹកថា យោធាអ៊ីរ៉ង់បានអះអាងកាលពីថ្ងៃទី២០ ខែមិថុនាកន្លងទៅថា ពួកគេបានបាញ់ធ្លាក់យន្តហោះដ្រូនធុន RQ-4 Global Hawk ដែលជាប្រភេទស៊ើបការណ៍របស់យោធាអាម៉េរិក ព្រោះបានហោះចូលដែនអាកាសខេត្ត ហ័រម៊ូហ្គេន របស់អ៊ីរ៉ង់។ ប៉ុន្តែទន្ទឹមគ្នានោះ យោធាអាម៉េរិកបានប្រកែកថា យន្តហោះដ្រូនរបស់ខ្លួន ត្រូវបានអ៊ីរ៉ង់បាញ់ពេលកំពុងធ្វើប្រតិបត្តិការលើដែនអាកាសអន្តរជាតិលើច្រកសមុទ្រ ហ័រមូស៕ម.ន