-
វៀតណាម ទទួលបានទេសចរអន្តរជាតិកើនឡើងដល់ជិត១០លាននាក់ ក្នុងរយៈពេល ៧ខែមកនេះ

វៀតណាម ទទួលបានទេសចរបរទេសជិត១០លាននាក់ ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០១៩កន្លងមកនេះ កើនឡើង៧,៩ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៨ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ដោយផ្អែកតាមរបាយការណ៍របស់រដ្ឋបាលជាតិទេសចរណ៍ប្រទេសវៀតណាម ហៅកាត់ថា VNAT។ ប្រភពបន្តទៀតថា បើទោះបីជាចំនួនទេសចរបរទេសកើនឡើងក្នុងពេល៧ខែមកនេះ ដែលមានដល់ទៅជិត៩លាន៨សែននាក់ក៏ដោយ ទេសចរបរទេសមកពីចិន និងកូរ៉េខាងត្បូងដែលធ្លាប់តែមកច្រើនៗនោះ បែរជាធ្លាក់ចុះទៅវិញ នៅប៉ុន្មានខែថ្មីៗនេះ។ ស្ថាប័នជាតិរបស់វៀតណាមួយនេះបញ្ជាក់ថា ការធ្លាក់ចុះនេះដោយសារតែភាពតានតឹងពាណិជ្ជកម្មពិភពលោក គោលនយោបាយរូបិយវត្ថុដែលរឹតបន្តឹង និងដំណើរយឺតនៃការរីកចម្រើនសេដ្ឋកិច្ច នៅអាស៊ី។ សម្រាប់ឆ្នាំ២០១៩នេះ វៀតណាម បានកំណត់គោលដៅស្វាគមន៍ទេសចរបរទេស១៨លាននាក់ និងទេសចរក្នុងស្រុក៨៥លាននាក់ សម្រេចចំណូលប្រមាណ៧០០លានលានដុង ឬ៣០,១៤ពាន់លានដុល្លារអាម៉េរិក៕ធ.ដ
-
កូរ៉េខាងជើង បន្តបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីជាថ្មីទៀត

កូរ៉េខាងត្បូង៖ របបដឹកនាំក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីជាថ្មីទៀត នៅព្រឹកថ្ងៃសុក្រនេះ និងជាលើកទី៣ហើយ គិតត្រឹមរយៈពេល៨ថ្ងៃ នេះបើតាមយោធាកូរ៉េខាងត្បូង។ ប្រភពដដែលបានឱ្យដឹងទៀតថា មីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់នេះ ត្រូវបានបាញ់ចេញពីតំបន់ឆ្នេរភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង ឆ្ពោះទៅកាន់សមុទ្រជប៉ុន។ សូមរំលឹកថា កូរ៉េខាងជើងកាលពីថ្ងៃពុធនេះ បានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីចំនួន២គ្រាប់ ដោយវាអាចហោះបានចំងាយ២៥០គីឡូម៉ែត្រ និងកាលពីថ្ងៃទី២៥ ខែកក្កដាកន្លងទៅ កូរ៉េខាងជើងក៏បានធ្វើតេស្តមីស៊ីល២គ្រាប់ផងដែរ ដោយហោះបានចំងាយ៦៩០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រជប៉ុន។ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា មីស៊ីលដែលកូរ៉េខាងជើងបាញ់សាកល្បងសុទ្ធតែជាមីស៊ីលប្រភេទថ្មី ហើយការធ្វើតេស្តនេះ ត្រូវបានគេមើលឃើញថា ជាសារព្រមានចំពោះគម្រោងធ្វើសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក នៅក្នុងខែសីហានេះ៕ធ.ដ
-
រុស្ស៊ី ធ្វើសមយុទ្ធយោធាជើងទឹកទ្រង់ទ្រាយធំប្រចាំឆ្នាំនៅដែនសមុទ្របាល់ទិច

រុស្ស៊ី៖ សមយុទ្ធយោធាប្រចាំឆ្នាំ «Ocean Shield» បានចាប់ផ្តើមប្រព្រឹត្តទៅហើយ នៅសប្តាហ៍នេះ ដោយមានការចូលរួមពីកងទ័ពជាងមួយម៉ឺននាក់ ព្រមទាំងនាវា និងយន្តហោះជាច្រើនគ្រឿង នេះបើតាមក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃ ព្រហស្បតិ៍តម្សិលមិញ។ ប្រភពដដែលបានឱ្យដឹងទៀតថា លំហាត់ហ្វឹកហ្វឺនទ្រង់ទ្រាយធំនេះ នឹងបន្តធ្វើឡើងរហូតដល់ថ្ងៃទី០៩ ខែសីហាខាងមុខ នៅក្នុងដែនសមុទ្របាល់ទិច ហើយថាពលទាហានដែលចូលរួមមានចំនួនសរុប១ម៉ឺន៦៣៤នាក់ ខណៈនាវាមាន៤៩គ្រឿង និងយន្តហោះ៥៨គ្រឿង។ សូមរំលឹកថា សមយុទ្ធ «Ocean Shield» នៅសមុទ្របាល់ទិច ត្រូវបានរុស្ស៊ីរៀបចំឡើងជាលើកដំបូង កាលពីខែកញ្ញា ឆ្នាំ២០១៨ ដោយពេលនោះ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានប្តេជ្ញាថា នឹងបន្តប្រារព្ធសមយុទ្ធយោធាជើងទឹកនេះឲ្យជាប់ជារៀងរាល់ឆ្នាំ៕ធ.ដ
-
ប្រមុខការទូតកូរ៉េខាងត្បូង និងជប៉ុន ជួបគ្នានៅប្រទេសថៃ ដើម្បីពិភាក្សាពីទំនាស់ការទូត និងពាណិជ្ជកម្ម

កូរ៉េខាងត្បូង៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី កាង ឃ្យុងវ៉ា បានជួបជាមួយសមភាគីជប៉ុនលោក តារ៉ូ កូណូ នាថ្ងៃព្រហស្បតិ៍តនេះ នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងដៃគូនៅទីក្រុងបាងកក ដើម្បីដោះស្រាយទំនាស់ការទូត និងពាណិជ្ជកម្ម។ នាឱកាសនោះ លោកស្រី កាង បានស្នើត្រង់ៗឲ្យជប៉ុន រក្សាកូរ៉េខាងត្បូងក្នុងបញ្ជីអនុគ្រោះរបស់ខ្លួនដដែល ព្រោះបើជប៉ុនពិតជាដើរទៅមុខមួយជំហានទៀតនោះ ទំនាក់ទំនងទ្វេភាគីនឹងរងផលប៉ះពាល់ខ្លាំង។ លោកស្រី កាង ក៏បានព្រមាននៅចំពោះមុខលោក កូណូ ផងដែរថា កូរ៉េខាងត្បូងនឹងពិនិត្យឡើងវិញ នូវកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីដូចគ្នាផងដែរ ពោលគឺកិច្ចព្រមព្រៀងចែករំលែកព័ត៌មានចារកម្មរវាងប្រទេសទាំងពីរ។ គួរបញ្ជាក់ថា ជម្លោះពាណិជ្ជកម្មរវាងមហាអំណាចអាស៊ីសេដ្ឋកិច្ចទាំងពីរ ផ្ដើមចេញពីការរឹតត្បិតរបស់ជប៉ុនលើការនាំចេញសារធាតុគីមី ដែលចាំបាច់ក្នុងការផលិតបន្ទះឈីប និងទូរសព្ទឆ្លាតវៃទៅឲ្យកូរ៉េខាងត្បូង។ រីឯមូលហេតុដែលនាំឲ្យជប៉ុនចេញវិធានការបែបនេះ គឺបណ្ដាលមកពីការសម្រេចរបស់តុលាការកូរ៉េខាងត្បូង ដែលបញ្ជាឲ្យក្រុមហ៊ុនជប៉ុនសងថ្លៃជំងឺចិត្តដល់កម្មករកូរ៉េខាងត្បូង ដែលរងការបង្ខំឲ្យធ្វើការធ្ងន់កាលពីសម័យសង្គ្រាម៕ធ.ដ
-
មនុស្ស១១នាក់ស្លាប់ និងប្រមាណ៦,០០០នាក់ទៀត បញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារការវាយប្រហារពីរលកកម្តៅនៅជប៉ុន

ជប៉ុន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ជនជាតិជប៉ុន១១នាក់ បានបាត់បង់ជីវិត ដោយសារកម្តៅកើនឡើងខ្លាំងចាប់តំាងពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅនេះ។ តួលេខបានបង្ហាញថា មានប្រជាជនច្រើនជាង៦ពាន់នាក់ បានស្វែងរកការព្យាបាល ដោយសារការកើនកម្តៅខ្ពស់កាលពីសប្តាហ៍មុននេះ ហើយភាគច្រើននៃពួកគេមានអាយុលើសពី៦៥ឆ្នាំ នេះបើយោងតាមទីភ្នាក់ងារសារពត៌មានជប៉ុន Kyodo។ ដោយឡែកនៅទីក្រុងតូក្យូ សីតុណ្ហភាពបានកើនដល់៣៥,៤អង្សា នៅពេលថ្ងៃ ហើយពេលយប់ចុះមកត្រឹមលើស២៥អង្សា ខណៈនៅភាគកណ្ដាលជប៉ុន សីតុណ្ហភាពឡើងដល់៣៧,១អង្សាឯណោះ។ សូមរំលឹកផងដែរថា កាលពីខែកក្កដាឆ្នាំមុន ភ្នាក់ងារឧតុនិយមបានប្រកាសពីគ្រោះធម្មជាតិនៃរលកកម្តៅ បន្ទាប់ពីមានមនុស្ស៦៥នាក់បានបាត់បង់ជីវិតក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ៕ធ.ដ
-
សភាជាន់ខ្ពស់អាម៉េរិក អនុម័តទទួលស្គាល់ឯកអគ្គរដ្ឋទូតអាម៉េរិកថ្មីប្រចាំនៅ អង្គការសហប្រជាជាតិ

ព្រឹទ្ធសភាអាម៉េរិក កាលពីថ្ងៃពុធ ទី៣១ កក្កដា ម្សិលមិញបានអនុម័តទទួលស្គាល់ លោកស្រី Kelly Craft ជាឯកអគ្គរដ្ឋទូតអាម៉េរិកថ្មីប្រចាំនៅអង្គការសហប្រជាជាតិ បន្ទាប់ពីមុខតំណែងនេះបាននៅទំនេរអស់រយៈពេលខ្ទង់៧ខែមកហើយ។ លោកស្រី Kelly Craft ត្រូវបានព្រឹទ្ធសភាអាម៉េរិកបោះឆ្នោតក្នុងសំឡេងគាំទ្រ៥៦សំឡេង ទល់នឹងសំឡេងប្រឆាំង៣៤សំឡេង។ រីឯកាលពីពេលអនុម័តរបស់លោក Nikki Haley ដែលបានលាលែងពីតំណែងឯកអគ្គរដ្ឋទូតនៅខែធ្នូ ឆ្នាំ២០១៨វិញ ទទួលបានការគាំទ្រពីសមាជិកព្រឹទ្ធសភាអាម៉េរិកដល់ទៅ៩៦នាក់។ នៅក្រោយការលាលែងរបស់លោកស្រី Haley ពីដំបូងឡើយ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោកស្រី Heather Nuaert តាមពិត គឺជាជម្រើសដំបូង ដើម្បីឲ្យឡើងជំនួសលោកស្រី Haley ប៉ុន្តែកាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកស្រីបានប្រកាសដកខ្លួន ក្រោមហេតុផលគ្រួសារ។ គួរជម្រាបថា តួនាទីបច្ចុប្បន្នរបស់លោកស្រី Craft គឺជាឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅកាណាដា៕ធ.ដ
-
ព្រះមហាក្សត្រម៉ាឡេស៊ីថ្មី គ្រងរាជ្យសម្បត្តិជាផ្លូវការហើយ

ព្រះប្រមុខរដ្ឋជាន់ខ្ពស់ថ្មីនៃប្រទេសម៉ាឡេស៊ីឡើងគ្រងរាជសម្បត្តិជាផ្លូវការ ព្រះចៅស៊ុលតង់ព្រះនាម Abdullah SultanAhmadShah បានលើងគ្រងរាជ្យសម្បត្តិជាផ្លូវការ ក្លាយជាព្រះមហាក្សត្រម៉ាឡេស៊ីអង្គទី១៦ និងជាព្រះប្រមុខរដ្ឋជាន់ខ្ពស់ថ្មីនៃប្រទេសម៉ាំឡេស៊ី ដែលពិធីឡើងគ្រងរាជ្យសម្បត្តិនេះ ធ្វើឡើងនៅព្រះបរមរាជវាំងជាតិដែលស្ថិតនៅរាជធានីគូឡាឡាំពួ។ ក្នុងព្រះរាជពិធីឡើងគ្រងរាជសម្បត្តិ កាលពីថ្ងៃទី៣០ កក្កដា ២០១៩ ព្រះអង្គ Abdullah SultanAhmadShah បានប្រកាសថា ការងារអាទិភាព គឺសុខាមាលភាពប្រជាជន និងការបង្រួបបង្រួមជាតិ។ អ្នកនយោបាយសំខាន់ៗមានព្រះចៅស៊ុលតង់ HajiHassanalBolkiah នៃប្រទេសព្រុយណេ ប្រមុខនៃរដ្ឋនានា មន្រ្តីរដ្ឋាភិបាល និងអង្គទូតបរទេសប្រចាំនៅប្រទេសម៉េឡេស៊ី បានចូលរួមពិធីឡើងគ្រងរាជ្យសម្បត្តិផងដែរ។ កាលពីថ្ងៃទី៦ខែមករាឆ្នាំនេះ អតីតប្រមុខរដ្ឋជាន់ខ្ពស់នៃម៉ាឡេស៊ីគឺព្រះមហាក្សត្រម៉ាឡេស៊ី Muhammadទី៥ បានប្រកាសដាក់រាជ្យ និងលាលែងពីតំណែង។ កាលពីថ្ងៃទី២៤ខែមករា កិច្ចប្រជុំពិសេសមួយនៃព្រះចៅស៊ុលតង់ម៉ាឡេស៊ី បានបោះឆ្នោតជ្រើសរើសព្រះចៅស៊ុលតង់ទី៦ នៃរដ្ឋផេណាង (Pahang)ព្រះនាមAbdullah SultanAhmadShah ឲ្យក្លាយជាព្រះមហាក្សត្រម៉ាឡេស៊ីអង្គទី១៦ និងជាព្រះប្រមុខរដ្ឋជាន់ខ្ពស់ថ្មីនៃប្រទេសម៉ាឡេស៊ីដែលអាណត្តិនេះ ចាប់ផ្តើមពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩តទៅ៕ធ.ដ
-
អ៊ីរ៉ង់ នឹងកាត់បន្ថយការប្តេជ្ញាចិត្តគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ខណៈណាអ៊ឺរ៉ុប មិនចាត់វិធានការការពារសេដ្ឋកិច្ចរបស់ប្រទេសខ្លួន

អ៊ីរ៉ង់៖ អ៊ីរ៉ង់ បានកំណត់គោលដៅកាត់បន្ថយការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការអនុវត្តន៍តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិ ដរាបណាដៃគូអឺរ៉ុបរបស់យើងចាត់វិធានការការពារវា ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្មពីសហរដ្ឋអាម៉េរិក។ តាមរយៈការធានាឱ្យអ៊ីរ៉ង់អាចលក់ប្រេង ក៏ដូចជាទទួលទិញប្រេងពីអ៊ីរ៉ង់ នេះបើតាមរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ម៉ូហាំម៉េដ ចាហ្វាដ ហ្សារីហ្វ នៅថ្ងៃពុធម្សិលមិញ។ លោក ហ្សារីហ្វ បានសង្កត់ធ្ងន់ថា ប្រទេសលោកនឹងធ្វើការកាត់បន្ថយការតាំងចិត្តរបស់ខ្លួន ក្នុងការគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាតំណាក់កាលៗ ហើយអាចនឹងឈានដល់ការខ្លួនចេញពីវាតែម្តង ខណៈណាប្រទេសហត្ថលេខីអាចស្វែងរកវិធីសាស្រ្តការពារសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ទប់ទល់នឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក។ ការកត់សម្គាល់បែបនេះរបស់លោក ម៉ូហាំម៉េដ ចាហ្វាដ ហ្សារីហ្វ ធ្វើឡើងស្របពេលដែលប្រមុខការទូតកំពូលអ៊ីរ៉ង់រូបនេះ ត្រូវបានក្រសួងរតនាគារជាតិអាម៉េរិកសម្រេចដាក់ទណ្ឌកម្ម ដោយទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកទណ្ឌកម្មនេះ គឺជាសារព្រមានមួយផ្ញើជូនរបបដឹកនាំអ៊ីរ៉ង់។ ប៉ុន្តែលោក ហ្សារីហ្វ បានអះអាងថា ទណ្ឌកម្មនេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់លោក និងក្រុមគ្រួសាររបស់លោកឡើយ ពីព្រោះលោកគ្មានទ្រព្យសម្បត្តិនៅសហរដ្ឋអាម៉េរិក ឬនៅប្រទេសដទៃទៀតក្រៅពីអ៊ីរ៉ង់នោះទេ៕ធ.ដ
-
ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង ត្រួតពិនិត្យមើលប្រព័ន្ធជើងទម្របាញ់គ្រាប់រ៉ុក្កែតថ្មី

កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃព្រហស្បតិ៍តនេះ បានចុះផ្សាយថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំការបាញ់សាកល្បងជាមួយនឹងប្រព័ន្ធជើងទម្របាញ់គ្រាប់រ៉ុក្កែតចម្រុះ ដែលទើបអភិវឌ្ឍន៍ថ្មីកាលពីថ្ងៃពុធសប្តាហ៍នេះ។ ប្រភពដដែលនេះបានឱ្យដឹងថា លោក គីម ជុងអ៊ុន បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃការបាញ់សាកល្បងនេះ និងបានកោតសរសើរយ៉ាងខ្លាំងចំពោះក្រុមអ្នកវិទ្យាសាស្ត្រយោធា និងក្រុមអ្នកជំនាញផលិតអាវុធ ដែលបានបង្កើតប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតតាមបែបកូរ៉េដ៏អស្ចារ្យមួយផ្សេងទៀតនេះ ។ បើតាមសេចក្តីរាយការណ៍របស់យោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីកចំនួន០២គ្រាប់ចេញពីតំបន់តែមួយ ដែលទីក្រុងព្យុងយ៉ាង បានធ្វើតេស្តមីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់កាលពីសប្ដាហ៍មុន។ មីស៊ីលទាំងពីរគ្រាប់នេះ ត្រូវបានបាញ់ចេញនៅម៉ោង៥និង០៦នាទីព្រឹក និងម៉ោង៥និង២៧នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ចេញពីទីក្រុង វ៉ុនសាន ដោយពួកវាមានសមត្ថភាពហោះបានចម្ងាយចន្លោះពី២៤០គីឡូម៉ែត និង៣៣០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រជប៉ុន៕ធ.ដ
-
មន្រ្តីមន្ទីរបញ្ចកោណ៖ សមយុទ្ធយោធារវាងសហរដ្ឋអាម៉េរិក-កូរ៉េខាងត្បូង នៅតែប្រព្រឹត្តទៅ តាមការគ្រោងទុក

សហរដ្ឋអាម៉េរិក៖ មន្ត្រីមន្ទីរបញ្ចកោណម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណ បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាម៉េរិក-កូរ៉េខាងត្បូង គ្រោងធ្វើតាមការគ្រោងទុកដដែល បើទោះបីជាកូរ៉េខាងជើង អំពាវនាវឱ្យមានការលុបចោលសមយុទ្ធនេះក៏ដោយ ។ ការបញ្ជាក់អំពីសមយុទ្ធរួមប្រចាំឆ្នាំនេះ បានកើតឡើងចំពេលមានការបាញ់មីស៊ីលជាបន្តបន្ទាប់ពីសំណាក់កូរ៉េខាងជើង ដោយទីក្រុងព្យុងយ៉ាង បានហៅការធ្វើតេស្តនេះថា ជាការព្រមានខ្លាំងដល់កូរ៉េខាងត្បូង ចំពោះការបន្តធ្វើសមយុទ្ធយោធាដែលបានគ្រោងទុកនេះ។ ទន្ទឹមគ្នានេះដែរ មន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា ទោះបីជាមានការព្រមានរបស់កូរ៉េខាងជើងថា សមយុទ្ធនេះក៏អាចធ្វើឱ្យរាំងស្ទះដល់កិច្ចពិភាក្សាបន្ថែមទៀតជាមួយសហរដ្ឋអាម៉េរិក នៅក្នុងដំណើរការការទូតដែលមានរយៈពេលជាយូរ អំពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនក៏ដោយ ក៏មិនមានការកែប្រែ ឬផ្លាស់ប្តូរផែនការ ដែលយើងបានដឹង និងបានគ្រោងទុកនោះទេ៕ធ.ដ