-
ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាម៉េរិកបញ្ជាក់ថា កូនប្រុសរបស់អតីតមេដឹកនាំក្រុមអាល់កៃដា Osama Bin Laden បានបាត់បង់ជីវិតហើយ

សហរដ្ឋអាម៉េរិក៖ ទូរទស្សន៍ NBC News និងកាសែត New York Times ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់អាម៉េរិក ដែលខ្លួនទទួលបាន បានចុះផ្សាយថា កូនប្រុសរបស់អតីតមេដឹកនាំក្រុមអាល់កៃដា អូសាម៉ា ប៊ីន ឡាឌេន គឺ ហេមហ្សា ប៊ីនឡាឌេន ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការយោធារបស់សហរដ្ឋអាម៉េរិក។ យ៉ាងណាមិញ ទីន្លែង និងពេលវេលាស្លាប់ពិតប្រាកដរបស់ ហេមហ្សា មិនទាន់ត្រូវបានបញ្ជាក់នោះទេ ហើយបើតាមប្រភពខាងលើនេះ មេដឹកនាំក្រុមអាល់កៃដាបន្តពីឪពុករូបនេះ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធារបស់សហរដ្ឋអាម៉េរិក ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ សូមរំលឹកថា ហេមហ្សា ប៊ីន ឡាឌេន ធ្លាប់បានចេញផ្សាយឃ្លីបសំឡេង និងវីដេអូជាបន្តបន្ទាប់កាលពីប៉ុន្មានឆ្នាំមុន ដោយជំរុញឱ្យក្រុមសកម្មប្រយុទ្ធរបស់ខ្លួនបើកការវាយប្រហារលើសហរដ្ឋអាម៉េរិក ដើម្បីសងសឹកឱ្យឪពុករបស់ខ្លួន។ ជាការឆ្លើយតបវិញ ទីក្រុងវ៉ាស៊ីនតោនកាលពីខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសផ្ដល់ប្រាក់រង្វាន់១លានដុល្លារសម្រាប់ព័ត៌មានទាំងឡាយណា ដែលនាំទៅរកការចាប់ខ្លួន ឬសម្លាប់ ហេមហ្សា៕ធ.ដ
-
រដ្ឋមន្រ្តីការបរទេសចិន ជួបជាមួយសមភាគីសហរដ្ឋអាម៉េរិកនៅក្រៅកិច្ចប្រជុំអាស៊ាន ដើម្បីពិភាក្សាគ្នាស្តីពីបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ថៃ៖ ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានជួបជាមួយសមភាគីអាម៉េរិករបស់លោក គឺលោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃព្រហស្បតិ៍តនេះ នៅក្រៅកិច្ចប្រជុំអាស៊ាន ក្នុងរដ្ឋធានីបាងកក ប្រទេសថៃ។ លោក វ៉ាង យី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ជំនួបរបស់លោកជាមួយនឹងលោក ប៉ុមប៉េអូ គឺតំណាងឱ្យឱកាសដ៏សំខាន់មួយសម្រាប់ពួកយើងទាំងអស់គ្នា ក្នុងការប្រាស្រ័យទាក់ទងគ្នា។ លោកបន្ថែមទៀតថា ការបន្តកិច្ចចរចាពាណិជ្ជកម្មនេះបង្ហាញថា មិនថាមានបញ្ហាអ្វីក៏ដោយដែលប្រទេសទាំងពីរអាចប្រឈមនោះ គឺភាគីទាំងពីរចំាបាច់ត្រូវប្រាស្រ័យទាក់ទងទល់មុខគ្នា ដើម្បីស្វែងរកដំណោះស្រាយ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺជំនួបទល់មុខគ្នារវាងរដ្ឋមន្រ្តីការបរទេសទាំងពីរ បានកើតមានឡើងមួយថ្ងៃ បន្ទាប់ពីក្រុមមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចចរចាពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក ត្រៀមជួបគ្នាជាថ្មីទៀតនៅអំឡុងខែកញ្ញា ឆ្នាំ២០១៩ ដើម្បីរៀបចំកិច្ចពិភាក្សា ដែលត្រូវបានភាគីទាំងពីរជឿជាក់ថា នឹងប្រកបដោយភាពស្មោះត្រង់ ប្រសិទ្ធភាព និងលក្ខណៈស្ថាបនា៕ធ.ដ
-
ក្នុងត្រីមាសទី៣ឆ្នាំនេះ Apple ទទួលបានប្រាក់ចំណូល៥៣,៨ពាន់លានដុល្លារ កើនឡើង១%

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន Apple បានបញ្ចេញលទ្ធផលផ្នែកហិរញ្ញវត្ថុរបស់ខ្លួន សម្រាប់ត្រីមាសទីបីនៃឆ្នាំសារពើពន្ធ២០១៩ ពោលគឺចាប់ផ្តើមពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ និងចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិកមួយនេះ ទទួលបានប្រាក់ចំណូលប្រមាណ៥៣,៨ពាន់លានដុល្លារ បើប្រៀបធៀបនឹងត្រីមាសទីបីនៃឆ្នាំសារពើពន្ធ២០១៨ គឺជាកំណើន១ភាគរយ។ ស្របពេលជាមួយគ្នានេះដែរ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple លោក ធីម ឃុក បាននិយាយថា វាគឺជាប្រាក់ចំណូលប្រចាំត្រីមាសទីបី ដែលមានទំហំធំជាងគេបង្អស់ក្នុងចំណោមបណ្តាឆ្នាំកន្លងមក ហើយថា ចំណូលបានមកពីផ្នែកសេវាកម្មជាច្រើនរបស់ខ្លួន គឺបានចូលរួមចំណែកគួរឲ្យកត់សម្គាល់ សម្រាប់ទំហំទឹកប្រាក់ដ៏ធំ ដែល Apple រកបានក្នុងត្រីមាសទី៣នេះ៕ធ.ដ
-
Huawei រកប្រាក់ចំណូលបានប្រមាណ៥៨,៣ពាន់លានដុល្លារអាម៉េរិក កើនឡើងដល់២៣,២% ក្នុងរយៈពេល៦ខែឆ្នាំ២០១៩នេះ

ចិន៖ ប្រធានក្រុមហ៊ុនហូវៃ លោក លៀង ហ្វ័រ បានឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ ប្រាក់ចំណូលទទួលបានពីការលក់របស់ហូវៃ មានចំនួន៤០១,៣ពាន់លានយ័ន ឬស្មើនឹង៥៨,៣ពាន់លានដុល្លារអាម៉េរិក ខណៈតួលេខនេះមានការកើនឡើង២៣,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅក្នុងឆមាសទី១ ឆ្នាំនេះ ហូវៃ ទទួលបានប្រាក់ចំណូលពីការលក់ទូរសព្ទស្មានហ្វូនមាន ចំនួន២២០,៨ពាន់លានយ័ន ឬជាង៣២ពាន់លានដុល្លារ បានកើនឡើងរហូតដល់១១៨លានគ្រឿងស្មើនឹង២៤ភាគរយលើសពីឆ្នាំមុន។ បន្ថែមលើនេះ បច្ចុប្បន្នក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍យក្សរបស់ចិនមួយនេះ ក៏បានទទួលកិច្ចព្រមព្រៀងពាណិជ្ជកម្ម5Gចំនួន៥០ នៅទូទាំងពិភពលោកផងដែរ។ គួរបញ្ជាក់ថា ក្នុងនាមជាសហគ្រាសអាជីវកម្ម ក្រុមហ៊ុនហូវៃរបស់ចិន នៅតែជាអ្នកផ្គត់ផ្គង់ដែលគួរឲ្យជឿទុកចិត្ត ទាំងសម្រាប់រដ្ឋាភិបាល និងអតិថិជន នៅក្នុងវិស័យហិរញ្ញវត្ថុ ដឹកជញ្ជូន ថាមពល និងរថយន្ត ជាមួយនឹងប្រាក់ចំណូល៣១,៦ពាន់លានយ័ន ឬជិត៤,៦ពាន់លានដុល្លារនៅក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ៕ធ.ដ
-
ថៃ-រុស្ស៊ី ឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងតំបន់

សារព័ត៌មានហ្ស៊ីនហួរបានចេញផ្សាយកាលពីថ្ងៃម្សិលមិញថា លោករដ្ឋមន្រ្តីក្រសួងការបរទេសថៃ Don Pramudwinai បានជួបពិភាក្សាការងារជាមួយ លោក Sergey Lavrov រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី នៅទីក្រុងបាងកក ហើយភាគីទាំងពីរបានឯកភាពគ្នា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទៅកាន់តំបន់ដែលមានសក្តានុពលបន្ថែមទៀត។ ជំនួបរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែល លោក Sergey Lavrov បានមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នៅថ្ងៃអង្គារទី៣០កក្កដា ពោលមុនពេលលោកត្រូវចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរវាងប្រទេសរុស្ស៊ី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃពុធនេះ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃបានគូសបញ្ជាក់ថា រដ្ឋមន្ត្រីទាំងពីរបានធ្វើការកត់សម្គាល់ដោយក្តីពេញចិត្ត ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលកាន់តែមានភាពរស់រវើកក្នុងរយៈពេល ០៤ឆ្នាំចុងក្រោយនេះ។ លើសពីនោះទៀត រដ្ឋមន្រ្តីទាំងពីរក៏បានឯកភាពគ្នា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យដែលមានសក្តានុពលផ្សេងទៀតដូចជា វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាសន្តិសុខ និងការអប់រំបន្ថែមទៀតផងដែរ៕ធ.ដ
-
ក្រុមហ៊ុនរថយន្តដ៏ធំរបស់ចិនគ្រោងសង់រោងចក្រផលិតរថយន្ត នៅវៀតណាម

ក្រុមហ៊ុនរថយន្តធំជាងគេរបស់ចិន និងក្រុមហ៊ុនរថយន្តរបស់ម៉ាឡេស៊ី បានចុះកិច្ចព្រមព្រៀងអនុសារណៈយោគយល់ដើម្បីពង្រីកជំនួញរបស់ខ្លួនក្នុងប្រទេសវៀតណាម។ ភាគីទាំងពីរចង់សហការគ្នាចែកចាយ ជួញដូរ និងនាំចូលរថយន្ត រួមទាំងមានបំណងសង់រោងចក្រផលិតរថយន្តនៅវៀតណាម នាពេលខាងមុខ។ អ្នកតំណាងក្រុមហ៊ុន Tan Chong នៅម៉ាឡេស៊ីនិយាយថា ផែនការបានចាប់ផ្ដើមក្លាយជាការពិតហើយ។ មានឱកាសពង្រីកមុខជំនួញរបស់ខ្លួន នៅក្នុងសហគ្រាសយានយន្តវៀតណាម។មិនទាន់មានដំណឹងថារថយន្តរបស់ក្រុមហ៊ុនចិន SAIC ម៉ូដែលណាមួយ ទំនងជាត្រូវលក់ និងចែកចាយនៅឡើយទេ ប៉ុន្តែ SAIC មានម៉ាករថយន្តជាច្រើនដូចជា Maxus, MG និង Roewe ជាដើម។ SAIC អាចរករថយន្តបានចំនួន ៧,០៥ លានគ្រឿងនៅឆ្នាំ ២០១៨ ដែលអាចគ្រងតំណែងជាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកធំជាងគេនៅចិន។ រថយន្តដែលលក់បាននៅចិនក្នុងឆ្នាំ ២០១៨ មានប្រមាណ២៨លានគ្រឿង៕ធ.ដ
-
ប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមបញ្ជូនសំរាមទៅប្រទេសដើមវិញហើយ

សារព័ត៌មាន Coconut បានចេញផ្សាយថា រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី បានសម្រេចបញ្ជូនសំរាមចំនួន៧កុងតឺន័រទៅកាន់ហុងកុង និងបារាំងវិញ កាលពីថ្ងៃទី៣០ ខែកក្កដា ២០១៩ ពោលគឺបន្ទាប់ពីគេដឹកមកឥណ្ឌូនេស៊ី ប៉ុន្មានខែមកនេះ។ ជាមួយគ្នាដែរ អាជ្ញាធរកំពុងរង់ចាំបញ្ជូនសំរាមចំនួន៤២កុងតឺន័រផ្សេងទៀតទៅកាន់ប្រទេសអូស្ត្រាលី សហរដ្ឋអាម៉េរិក និងអាល្លឺម៉ង់។ យោងតាមមន្ត្រីគយប្រទេសឥណ្ឌូនេស៊ីឲ្យដឹងថា កុងតឺន័រទាំងអស់ មានផ្ទុកទៅដោយកាកសំណល់ផ្សេងៗរួមទាំងប្លាស្ទីក និងវត្ថុធាតុគ្រោះថ្នាក់ផ្សេងទៀតដែលបំពានទៅលើច្បាប់នៃការនាំចូលក្នុងប្រទេស៕ធ.ដ
-
សហរដ្ឋអាម៉េរិក ប្រកាសដាក់ទណ្ឌកម្មលើប្រមុខការទូតកំពូលរបស់អ៊ីរ៉ង់

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក នៅថ្ងៃពុធសប្តាហ៍នេះ បានដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ម៉ូហំាម៉េដ ចាវ៉ាដ ហ្សារីហ្វ ពោលគឺបិទទ្វារការទូតទាំងស្រុងលើអ្នកការទូតកំពូលរបស់ប្រទេសមួយនេះ។ ជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ការដាក់ទណ្ឌកម្មនេះ គឺបង្កករាល់ទ្រព្យសម្បត្តិរបស់លោក ហ្សារីហ្វ នៅក្នុងសហរដ្ឋអាម៉េរិក ឬគ្រប់គ្រងដោយអង្គភាពនានារបស់អាម៉េរិក ហើយថា ខ្លួនក៏នឹងព្យាយាមកាត់បន្ថយការធ្វើដំណើរជាអន្តរជាតិរបស់អ្នកការទូតរូបនេះផងដែរ។ ដោយឡែករដ្ឋមន្ត្រីរតនាគារជាតិអាម៉េរិក លោក ស្ទេវិន ម៉ានូជីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ហ្សារីហ្វ បានអនុវត្តរបៀបវារៈមិនចេះពិចារណារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ និងជាអ្នកនាំពាក្យចម្បងរបស់របបនេះនៅជុំវិញពិភពលោក។ សហរដ្ឋអាម៉េរិក កំពុងបញ្ជូនសារច្បាស់លាស់ទៅកាន់របបអ៊ីរ៉ង់ថា ឥរិយាបថថ្មីៗនេះរបស់ខ្លួន គឺមិនអាចទទួលយកបាននោះឡើយ៕ធ.ដ
-
សហរដ្ឋអាម៉េរិក និងចិន ព្រមព្រៀងចាប់ផ្តើមកិច្ចចរចាជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មឡើងវិញ នៅក្នុងខែកញ្ញាខាងមុខ

សហរដ្ឋអាម៉េរិក៖ ក្រុមមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចចរចាពាណិជ្ជកម្មរវាង ចិន-អាម៉េរិក គ្រោងជួបគ្នាជាថ្មីទៀតនៅអំឡុងខែកញ្ញា ឆ្នាំ២០១៩ ដើម្បីរៀបចំកិច្ចពិភាក្សា ដែលត្រូវបានភាគីទាំងពីរជឿជាក់ថា នឹងប្រកបដោយភាពស្មោះត្រង់ ប្រសិទ្ធភាព និងលក្ខណៈស្ថាបនា។ កិច្ចប្រជុំនៅក្នុងខែកញ្ញាខាងមុខនេះ នឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីរតនាគារជាតិអាម៉េរិកលោក ស្ទេវិន ម៉ានូជីន រួមជាមួយអ្នកតំណាងពិសេសរដ្ឋអាម៉េរិកលោក រ៉ូប៊ឺត ឡៃធីសឺ ខណៈភាគីចិនវិញ នឹងត្រូវដឹកនាំដោយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលចិនលោក លីវ ហ៊ី។ ដោយឡែកថ្ងៃកំណត់ជាក់លាក់ និង ទីកន្លែងដែលត្រូវជួបប្រជុំ អាចនឹងត្រូវប្រកាសនៅអំឡុងខែសីហា ឆ្នាំ២០១៩នេះ៕ធ.ដ
-
កូរ៉េខាងត្បូង ប្តេជ្ញាចាត់វិធានការគ្រប់ជម្រើស ដើម្បីទប់ទល់នឹងការរឹតបន្តឹងផ្នែក ពាណិជ្ជកម្មរបស់ជប៉ុន

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង នឹងចាត់រាល់វិធានការឆ្លើយតបគ្រប់ជម្រើសទាំងអស់ ប្រសិនបើជប៉ុននៅបន្តធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកាន់តែអាក្រក់ឡើង តាមរយៈការដាក់កំហិតបន្ថែមលើការនាំចេញ។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងអំឡុងប្រជុំសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង ដែលដឹកនាំដោយនាយកទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូង គឺលោក ឆុង អ៊ីវ យ៉ុង នៅក្នុងថ្ងៃពុធនេះ។ ទាក់ទិននឹងភាពតានតឹងនេះដែរ រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង លោកស្រី កាង ក្យុងវ៉ា ក៏គ្រោងនឹងជួបចរចាមួយទល់មួយជាមួយសមភាគីជប៉ុន លោក តារ៉ូ កូណូ នាឱកាសចូលរួមវេទិកាតំបន់អាស៊ាន (ARF) នៅទីក្រុងបាងកកប្រទេសថៃ នៅចុងសប្តាហ៍នេះផងដែរ៕ធ.ដ