-
អ៊ីរ៉ង់ព្រមានអឺរ៉ុប ជុំវិញការបោះបង់ចោលការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការអនុវត្តតាម កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥

អ៊ីរ៉ង់៖ រដ្ឋាភិបាលក្រុងតេហេរ៉ង់នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានព្រមានប្រទេសអឺរ៉ុប ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នំា២០១៥ តាមរយៈការដកខ្លួនចេញពីការប្តេជ្ញាចិត្តរបស់ខ្លួន ស្ថិតក្រោមកិច្ចព្រមព្រៀងនេះ ប្រសិនបើពួកគេបរាជ័យបំពេញតាមតម្រូវការរបស់ទីក្រុងតេហេរ៉ង់។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក អាបាស់ ម៊ូសាវី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចំាសប្តាហ៍របស់លោកថា យើងកំពុងរង់ចំាវិធានការជាក់ស្តែងរបស់អឺរ៉ុប ក្នុងការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយថា ការអត់ធ្មត់របស់អ៊ីរ៉ង់មានដែនកំណត់ ហើយអឺរ៉ង់នឹងចាត់វិធានការដំណាក់កាលទី៣ បើសិនជាអឺរ៉ុបខកខានមិនបានគោរពការប្តេជ្ញាចិត្តរបស់ពួកគេម្តងទៀត។ សូមរំលឹកផងដែរថា ប្រេសិតអ៊ីរ៉ង់ទទួលបន្ទុកកិច្ចចរចានុយក្លេអ៊ែរ លោក អាបាស់ អារ៉ាក់ឈី នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានអះអាងដែរថា ទីក្រុងតេហេរ៉ង់នឹងបន្តចាកចេញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ប្រសិនបើភាគីពាក់ព័ន្ធទាំងអស់នៅតែបរាជ័យ ក្នុងការជួយស្រោចស្រង់សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ ដែលកំពុងទទួលរងសម្ពាធពីទណ្ឌកម្មសហរដ្ឋអាម៉េរិកទេនោះ៕ធ.ដ
-
សហរដ្ឋអាម៉េរិក មានផែនការកាត់បន្ថយចំនួនកងទ័ពនៅអាហ្វហ្កានីស្ថាន មុនការបោះឆ្នោតឆ្នាំ២០២០

សហរដ្ឋអាម៉េរិក៖ លោក ដូណាល់ ត្រាំ មានបំណងកាត់បន្ថយចំនួនកងទ័ពអាម៉េរិកនៅប្រទេសអាហ្វហ្កានីស្ថាន ឱ្យបានមុនការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២០ខាងមុខ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី ស្ព្រូតនីគ។ ការកាត់បន្ថយចំនួនកងទ័ពនេះ គឺជាយុទ្ធសាស្ត្រមួយសម្រាប់តំបន់អាស៊ីខាងត្បូងរបស់លោក ដូណាល់ ត្រាំ ដែលត្រូវបានទម្លាយនៅខែសីហា ឆ្នាំ២០១៧ ជាមួយគោលដៅជំរុញក្រុមតាលីបង់ ឱ្យត្រឡប់មករកតុចរចាជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដើម្បីស្វែងរកកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់ជម្លោះដ៏រុំារ៉ៃអស់រយៈពេលជិត១៨ឆ្នាំមកនេះ។ ផែនការរបស់ប្រធានាធិបតីអាម៉េរិករូបនេះ ត្រូវបានបង្ហើបឱ្យដឹងដោយរដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ នាឱកាសដែលរូបលោកចូលរួមវេទិកាមួយរបស់អង្គការ អេកូណូមិច ក្លិប នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)៕ធ.ដ
-
សភាសហរដ្ឋអាម៉េរិកបរាជ័យ ដើម្បីទប់ស្កាត់ការលក់អាវុធឱ្យអារ៉ាប៊ីសាអូឌីត ក្រោយលោក ដូណាល់ ត្រាំ ធ្វើវ៉េតូ

សហរដ្ឋអាម៉េរិក៖ សភាអាម៉េរិក បានបរាជ័យនៅថ្ងៃចន្ទសប្តាហ៍នេះ ក្នុងការរារាំងគម្រោងលក់អាវុធតម្លៃ៨,១ពាន់លានដុល្លារទៅឲ្យអារ៉ាប៊ីសាអូឌីត ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់សហរដ្ឋអាម៉េរិកនៅតំបន់មជ្ឈិមបូព៌ា។ ដំបូងឡើយ សភាទាំងពីររបស់សហរដ្ឋអាម៉េរិក បានជំទាស់យ៉ាងដាច់អហង្ការគម្រោងលក់អាវុធចំនួន២២មុខនេះ ព្រោះអារ៉ាប៊ីសាអូឌីតកំពុងជាប់ដៃក្នុសង្គ្រាមនៅយ៉េម៉ែន ដែលអូសបន្លាយពេល៧ឆ្នាំទៅហើយនោះ។ ប៉ុន្តែការបែងចែកក្នុងស្ថាប័ននីតិបញ្ញត្តិអាម៉េរិក ធ្វើឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំ អាចបន្តគម្រោងនេះបាន។ ទាំងរដ្ឋសភា និងព្រឹទ្ធសភាអាម៉េរិក សុទ្ធតែបានបោះឆ្នោតប្រឆាំងគម្រោងនេះហើយដែរ ប៉ុន្តែចុងក្រោយនេះ គឺព្រឹទ្ធសភាអាម៉េរិក បានអនុម័តដំណោះស្រាយដល់ទៅបី ដើម្បីរារាំងរដ្ឋាភិបាលលក់អាវុធឲ្យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក។ ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ ក៏បានប្រើអំណាចវ៉េតូរបស់ខ្លួន ដើម្បីបដិសេធការបោះឆ្នោតប្រឆាំងនៅវិមាន ខេបភីថល វិញ។ ចុងក្រោយទៅ សភាអាម៉េរិក បែរជាមិនអាចរកសំឡេងបានពីរភាគបី ដើម្បីជំទាស់អំណាចវ៉េតូនេះ។ ដូច្នេះហើយ សហរដ្ឋអាម៉េរិកអាចលក់អាវុធឲ្យអារ៉ាប៊ីសាអូឌីតបានហើយ៕ធ.ដ
-
ក្រុមវិស្វកររបស់ NASA កំពុងព្យាយាមរក្សាយានអវកាសដ៏ចំណាស់បំផុតចំនួន២គ្រឿង របស់ខ្លួននៅក្រៅប្រព័ន្ធព្រះអាទិត្យ

សហរដ្ឋអាម៉េរិក៖ ទីភ្នាក់ងារអវកាសអាម៉េរិក NASA កំពុងអនុវត្តន៍ផែនការថ្មីមួយ ដែលមានគោលដៅរក្សាឲ្យយានអវកាស វ៉ូយ៉េកជឺ ទី១ (Voyager ទី១) និង វ៉ូយ៉េកជឺ ទី២ (Voyager ទី២) ដែលជាយានអវកាសរបស់ខ្លួនអាចបន្តប្រតិបត្តិការរបស់ពួកវាបានតទៅមុខទៀត។ យានអវកាសទាំងពីរនេះ ត្រូវបានបញ្ជូនចេញពីផែនដីកាលពីឆ្នាំ១៩៧៧ ហើយបច្ចុប្បន្នយានទាំងពីរគ្រឿងកំពុងស្ថិតនៅតំបន់ដែលគេហៅថា តំបន់ចន្លោះប្រព័ន្ធផ្កាយ ក្រោយពីពួកវាបានចេញផុតពីប្រព័ន្ធព្រះអាទិត្យ ខណៈឥឡូវនេះ វ៉ូយ៉េកជឺទី១ ស្ថិតនៅចម្ងាយ២១,៨ពាន់លានគីឡូម៉ែត្រពីផែនដី រីឯ វ៉ូយ៉េកជឺទី២ នៅចម្ងាយប្រមាណ១៨ពាន់លានគីឡូម៉ែត្រពីភពរបស់យើង។ គួរបញ្ជាក់ថា យានអវកាសរបស់អង្គការ NASA ដ៏ចំណាស់ទំាងពីរនេះ បានស្ថិតក្នុងទីអវកាសអស់រយៈពេលជិត៤២ឆ្នាំហើយ ពោលគឺពួកវាដំណើរការបានយូរជាងយានអវកាសណាៗទាំងអស់នៅក្នុងប្រវត្តិសាស្រ្ត៕ធ.ដ
-
រលកកម្តៅដ៏អាក្រក់វាយប្រហារប្រទេសជប៉ុន បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាង៥,០០០នាក់

ជប៉ុន៖ ទីភ្នាក់ងារគ្រោះមហន្តរាយ និងអគ្គិភ័យជប៉ុនបានរាយការណ៍នៅថ្ងៃអង្គារនេះថា ក្នុងរយៈពេលមួយសប្តាហ៍មកនេះ រលកកម្តៅដ៏អាក្រក់បានបង្កការគំរាមកំហែងនៅតាមតំបន់ជុំវិញប្រទេសជប៉ុន ដែលជាលទ្ធផលនោះ មានមនុស្ស១១នាក់ស្លាប់ និងប្រមាណ៥,៦៦៤នាក់ផ្សេងទៀត ត្រូវទទួលការពិនិត្យព្យាបាលនៅមន្ទីរពេទ្យ។ កាលពីខែឧសភាកន្លងទៅ មានមនុស្សមួយចំនួនបានបាត់បង់ជីវិត និងរាប់រយនាក់ទៀតត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសារការវាយប្រហារពីរលកកម្តៅនៅជប៉ុន។ ចំណែកកាលពីឆ្នាំ២០១៨ រលកកម្តៅអំឡុងរដូវក្តៅនៅប្រទេសជប៉ុន បានផ្តាច់ជីវិតមនុស្សរហូតដល់ជាង១ពាន់នាក់។ ដោយឡែកកាលពីចន្លោះថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកក្កដាវិញ តួលេខជនរងគ្រោះដែលត្រូវទទួលការពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យ បានកើនឡើងយ៉ាងគំហុក ក្នុងគ្រាដែលសីតុណ្ហភាពបានឡើងខ្ពស់ដល់៣២ ទៅ៣៥អង្សាសេ។ ការវាយប្រហាររលកកម្តៅនេះ បានកើតមាន ក្រោយអំឡុងខែមិថុនា និងប៉ុន្មានសប្តាហ៍ដំបូងនៃខែកក្កដានេះ ហាក់មានសីតុណ្ហភាពទាប៕ធ.ដ
-
ក្រុមហ៊ុនអាកាសចរណ៍ Korean Air របស់កូរ៉េខាងត្បូង គ្រោងកាត់បន្ថយជើងហោះហើរទៅជប៉ុន ដោយសារតម្រូវការធ្វើដំណើរធ្លាក់ចុះ

កូរ៉េខាងត្បូង៖ ក្រុមហ៊ុនអាកាសចរណ៍ កូរៀនអ៊ែរ ចាប់ពីថ្ងៃទី០៣ ខែកញ្ញាខាងមុខនេះ គ្រោងផ្អាកជើងហោះហើររវាងទីក្រុងប៊ូសាន របស់កូរ៉េខាងត្បូង និងទីក្រុងសាប៉ូរ៉ូ របស់ជប៉ុន ដោយសារតែតម្រូវការធ្វើដំណើរបានធ្លាក់ចុះ ។ បើតាមអ្នកនាំពាក្យរបស់អាកាសចរណ៍ក្រុមហ៊ុន កូរៀនអ៊ែរ ទន្ទឹមគ្នានេះខ្លួនក៏កំពុងពិចារណាកាត់បន្ថយចំនួនជើងហោះហើររវាងប្រទេសទាំងពីរ ឬក៏ផ្ទេរទៅឲ្យយន្តហោះធុនតូចៗ ទទួលបន្ទុកធ្វើប្រតិបត្តិការវិញ ចាប់ពីពាក់កណ្តាលខែសីហាខាងមុខផងដែរ ។ ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ដទៃទៀតរបស់កូរ៉េខាងត្បូង ក៏ទើបតែបានប្រកាសពីគម្រោងកាត់បន្ថយជើងហោះហើរទៅកាន់ទីក្រុងមួយចំនួនរបស់ជប៉ុនផងដែរ ។ យោងតាមទិន្នន័យពីអង្គការទេសចរណ៍ជាតិជប៉ុន បានឱ្យដឹងថា ជនជាតិកូរ៉េគឺជាអ្នកធ្វើដំណើរធំបំផុតទីពីររបស់ប្រទេសជប៉ុន ស្មើនឹង ២៤.២% នៃចំនួនភ្ញៀវទេសចរទាំងអស់កាលពីឆ្នាំ២០១៨ ដែលបានទៅទស្សនាកម្សាន្តនៅជប៉ុន ខណៈចិនឈរនៅលេខ១កំពូល ៕ធ.ដ
-
សារព័ត៌មានអង់គ្លេសចេញផ្សាយថា កំណើនសេដ្ឋកិច្ចប្រទេសចិននៅតែបន្តមានសភាពលេចធ្លោ

ចិន៖ ទោះបីជាកំណើនសេដ្ឋកិច្ចប្រទេសចិនឆ្នាំ២០១៩នេះ មានការធ្លាក់ចុះមកកម្រិតទាបជាងគេចាប់តាំងពីឆ្នាំ១៩៩០មក ក៏ប៉ុន្តែអត្រាកំណើន៦.២% ក្នុងអំឡុងត្រីមាសទី២ នៅតែមានសន្ទុះលឿនជាងសហរដ្ឋអាម៉េរិកច្រើនជាង៤ដង ដើរលើសប្រទេសលោកខាងលិចដូចជា អង់គ្លេស ០.១% និងបារាំង ០.៣% ។ អត្រាកំណើនសេដ្ឋកិច្ច៦.៣%ក្នុងឆមាសទី១បញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិននៅតែជាប្រភពកំណើនធំជាងគេក្នុងពិភពលោក ។ ត្រឹមបរិមាណកំណើននៃផលិតផលក្នុងស្រុកសរុបរបស់ចិនមួយឆ្នាំៗ គឺស្មើទៅនឹងទំហំសេដ្ឋកិច្ចទាំងមូលពេញមួយឆ្នាំរបស់អូស្រ្ដាលីទៅហើយ ដូច្នេះពិភពលោកមិនចាំបាច់មានក្ដីបារម្ភ អំពីការឈានមកដល់នៃវិបត្តិសេដ្ឋកិច្ចនោះទេ ។ ចិនអនុវត្តកំណែទម្រង់បើកចំហរយៈពេល៤០ឆ្នាំ ដោយរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ ៩.៥% ជាមធ្យមក្នុងមួយឆ្នាំៗ ដោយមិនធ្លាប់ជួបបញ្ហាសេដ្ឋកិច្ចអន់ថយនោះទេ ហើយនេះគឺជាអច្ឆរិយៈមួយ ។ ជាពិសេសតាមរយៈការកសាងកិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់ និងផ្លូវ» ខេត្តមួយចំនួននៃភាគខាងលិចរបស់ចិន បាននឹងកំពុងក្លាយជាវេទិកាឈានមុខ នៃគោលនយោបាយបើកចំហ ដែលអាចនឹងមានសង្ឃឹមក្លាយជាកម្លាំងថ្មី ដើម្បីរុញច្រានសេដ្ឋកិច្ចចិនទៅថ្ងៃខាងមុខ ៕ធ.ដ
-
ស្លាប់មនុស្សជិត៦០នាក់ អំឡុងអំពើហិង្សាក្នុងពន្ធនាគារមួយកន្លែងនៅប្រេស៊ីល

ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រយុទ្ធគ្នារវាងក្រុមបងធំ នៅក្នុងពន្ធនាគារមួយកន្លែង នៅប្រទេសប្រេស៊ីល កាលពីថ្ងៃម្សិលមិញ បានកើនដល់៥៧នាក់ហើយក្នុងនោះ មានអ្នកទោស១៦នាក់ ត្រូវបានគេកាត់ក្បាល។ យោងតាមអាជ្ញាធរប្រេស៊ីល អំពើហិង្សាដ៏អាក្រក់ខាងលើកើតឡើងនៅម៉ោងប្រមាណ ៧ព្រឹក កាលពីថ្ងៃចន្ទ ទី២៩ កក្កដា នៅឯពន្ធនាគារមួយក្នុងទីក្រុង Altamira ស្ថិត នៅភាគខាងជើងនៃប្រទេស។ ការវាយប្រយុទ្ធគ្នានេះ បានកើតឡើងដំបូងដោយក្រុមបងធំ ឈ្មោះ Comando Classe A បានគប់ភ្លើងចូលក្នុងគុករបស់ក្រុមបងធំមួយទៀតឈ្មោះ Red Command។ គួរជម្រាបថា អំពើហិង្សា ក្នុងពន្ធនាគារ នៅប្រទេសប្រេស៊ីល មិនមែនជារឿងប្លែកនោះទេ ។ ការប៉ះទង្គិចគ្នារវាងក្រុមទំនើងនៅក្នុងពន្ធនាគារ តែងតែកើតមានឡើងជាញឹកញាប់ ដែលគេហៅថា កុប្បកម្ម។ ប្រទេសនេះ គឺជាប្រទេសធំជាងគេ លំដាប់ទី៣ ក្នុងចំណោមប្រទេស ដែលមានអត្រាអ្នកទោស ច្រើនជាងគេបំផុត នៅលើពិភពលោក ជាមួយនឹងអ្នកទោសប្រមាណ៧០០,០០០នាក់ ហើយការដាក់អ្នកទោស លើសចំណុះនេះ គឺជាបញ្ហាយ៉ាងធំ បណ្តាលឲ្យកើតមានអំពើហិង្សា។ គួររំលឹកថា កាលពីខែឧសភាកន្លងទៅ មនុស្ស៤០នាក់ ត្រូវបានគេសម្លាប់ក្នុងថ្ងៃតែមួយ…
-
វៀតណាមរឹបអូសស្នែងសត្វរមាស តម្លៃ៤លានដុល្លារអាមេ៉រិក

សារព័ត៌មានបាងកកប៉ុស្តិ៍បានចេញផ្សាយ កាលពីម្សិលមិញថា អាជ្ញាធរពន្ធគយរបស់វៀតណាមបានរឹបអូសស្នែងសត្វរមាស ទម្ងន់១២៥គីឡូក្រាម ដែលមានតម្លៃរហូតដល់៤លានដុល្លារអាមេ៉រិក បន្ទាប់ពីប្រទះឃើញ នៅក្នុងការដឹកជញ្ជូនតាមផ្លូវអាកាស។ អាជ្ញាធរថា ស្នែងរមាសចំនួន៥៥បំណែក ត្រូវបានលាក់នៅក្នុងកំបោរពណ៌ស។ ទំនិញខុសច្បាប់ទាំងនេះ ត្រូវបានរកឃើញ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ។ យោងតាមក្រុមអាជ្ញាធរ បានឲ្យដឹងថា ការដឹកជញ្ជូននេះ មិនបានបង់ពន្ធនោះទេ ដើម្បីជៀសវាងមន្ត្រីពន្ធគយត្រូវពិនិត្យ ខណៈវាត្រូវបានគេបញ្ជូន មកដល់អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងហាណូយ។ គួរជម្រាបថា វៀតណាម និងចិន ជារឿយៗជាទីតាំង សម្រាប់ការជួញដូរស្នែងសត្វរមាស។ មានការជឿជាក់ថា ស្នែងអាចប្រើប្រាស់ ដើម្បីព្យាបាលជំងឺ ក្នុងនោះរួមទាំងជំងឺមហារីកផងដែរ។ ប៉ុន្តែមិនមានភស្តុតាងណាមួយ បានបញ្ជាក់ពីអត្ថប្រយោជន៍ សម្រាប់ការផលិតឱសថ ពីស្នែងនោះទេ៕ធ.ដ
-
ចំនួនសត្វខ្លានៅប្រទេសឥណ្ឌាកើនឡើងដល់ជិត៣ពាន់ក្បាល

កាលពីថ្ងៃទី២៩ កក្កដា ២០១៩ នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌាលោក Narendra Modi បានប្រកាសថា ចំនួនសត្វខ្លានៅប្រទេសឥណ្ឌាបានកើនឡើងពី ២,២២៦ ក្បាល នៅឆ្នាំ២០១៤ ឡើងមកដល់ ២,៩៦៧ក្បាលនៅឆ្នាំ២០១៨។ ប្រទេសឥណ្ឌាពេលនេះជាជម្រកនៃសត្វខ្លាដ៏ធំជាងគេ និងសុវត្ថិភាពជាងគេ ខណៈសារឥណ្ឌាជាជម្រកសត្វខ្លា ៧០% នៃចំនួនសត្វខ្លាទាំងអស់លើពិភពលោក នេះបើតាមការប្រកាសរបស់លោក Narendra Modi តាមរយៈបណ្តាញសង្គម។ បើតាមសារព័ត៌មានអង់គ្លេសនេះបានឲ្យដឹងថា ការអភិរក្សមានភាពជោគជ័យ ដោយសារតែមានការអនុវត្តច្បាប់ការពារដែនជម្រកសត្វព្រៃ ឆ្នាំ១៩៧២ ដែលចាត់ទុកថា ការសម្លាប់ ឬ ការចាប់សត្វព្រៃជាអំពើខុសច្បាប់។ លើសពីនេះទៀត ឥណ្ឌាបានវិនិយោគច្រើនលើការជួលឆ្មាំយាមព្រៃ និងការការពារដែនបម្រុង។ គួរបញ្ជាក់ផងដែរថា កំឡុងឆ្នាំ១៨៧៥ និងឆ្នាំ១៩២៥ សត្វខ្លាជាង ៨ម៉ឺនក្បាលត្រូវបានសម្លាប់នៅឥណ្ឌា ដោយការប្រមាញ់តាមរូបភាពផ្សេងៗ។ ចាប់ពីឆ្នាំ២០០៦ មកចំនួនសត្វខ្លានៅឥណ្ឌា ចាប់មានផ្ដើមមានការកើនឡើងរហូតមកដល់បច្ចុប្បន្ន៕ធ.ដ