-
រដ្ឋបាលខេត្តបាត់ដំបង តុបតែងមុខមាត់រមណីយដ្ឋានភ្នំសំពៅបន្ថែមដើម្បីទាក់ទាញទេសចរជិតឆ្ងាយ

បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបង សម្រេចបើកការដ្ឋានសាងសង់សួនច្បារ និងកែលម្អហេដ្ឋារចនាសម័្ពន្ធផ្លូវនៅក្នុងតំបន់រមណីយដ្ឋានភ្នំសំពៅ នៃស្រុកបាណន់ ។សកម្មភាពមួយនេះគឺជាការខិតខំបន្ថែមទៀតរបស់រដ្ឋបាលខេត្ត ដើម្បីកែលំអសោភណភាព បរិស្ថាន និងគោលដៅសំខាន់បម្រើឱ្យវិស័យទេសចរណ៍។ ពិធីបើកការដ្ឋានសាងសង់សួនច្បារ និងពង្រីកផ្លូវចូលរមណីយដ្ឋានភ្នំសំពៅដែលមានទីតាំងនៅភូមិសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។ មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តម សុខ លូ បានលើកឡើងការដ្ឋានអនុវត្តការងារចម្រុះគ្នាក្នុងពេលនេះ គឺដោយមានការចង្អុលបង្ហាញពីសម្តេចក្រឡាហោម សខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ឯកឧត្តមអភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឯកឧត្តម កើតរិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត។ សូមជម្រាបថា ការដ្ឋានដែលត្រូវធ្វើមានការ សាងសង់ខ្លោងទ្វារ ,សួនច្បារជើងភ្នំសំពៅ ផ្លូវថ្នល់ ដាំដើមឈើ ដើមផ្កានិងរៀបចំឱមានផ្លូវថ្មើរជើងក្នុងតំបន់តំបន់រមណីយដ្ឋានភ្នំសំពៅ ។ឯកឧត្តមអភិបាលខេត្តបាត់ដំបងបង្ហាញនូវក្តីរំពឹងថា ការកែលម្អតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តមួយនេះឱ្យប្រែក្លាយជាតំបន់ទេសចរណ៍ឱ្យកាន់តែល្បីល្បាញ ។កាន់តែបង្កើននូវការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនាម្តងហើយនិងចង់មកម្ដងទៀត។ គួររំលឹកថា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចក្រឡាហោម សខេង និងលោកជំទាវ ញ៉ែម…
-
រាជរដ្ឋាភិបាលផ្តល់ផ្លូវកៅស៊ូមួយខ្សែប្រវែងបីគីឡូម៉ែត្រ ជូនពលរដ្ឋឃុំបន្ទាយមាសខាងកើត

កំពត៖នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ រួមជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងមានការសម្របសម្រួលពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតបានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់(DBST)មួយខែ្សប្រវែងបីគីឡូម៉ែត្រ។ ផ្លូវនេះស្ថិតនៅភូមិព្រៃបន្ទាំ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ។ ក្នុងឱកាសនោះអញ្ជើញចូលរួមបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការអភិវឌ្ឍន៍ជនបទ ក្នុងនាមថ្នាក់ដឹកនាំក្រសួង ជាពិសេស ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សូមចូលរួមអបអរសាទរ និងសប្បាយរីករាយជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរចំពោះការទទួលបានសមិទ្ធផលថ្មី បន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ។ សូមជម្រាបថា ផ្លូវក្រាលកៅស៊ូពីរជាន់មួយខ្សែដែលត្រូវសាងសង់នេះ មានប្រវែង បីគីឡូម៉ែត្រ,ទទឹង៧ម៉ែត្រ ។មានចិញ្ចើមផ្លូវក្រាលដីល្បាយក្រួសសងខាងផ្លូវ ៕ដោយ៖ សិលា សារិន
-
អភិបាលរាជធានីភ្នំពេញប្រាប់មន្ទីរសុខាភិបាលឱ្យបន្តការបាញ់ថ្នាំមូស

ភ្នំពេញ៖ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដែលប្រព្រឹត្តទៅនៅសាលារាជធានីភ្នំពេញនារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងចំណោមប្រធានបទជាច្រើនដែលលើកឡើងក្នុងកិច្ចប្រជុំ ការជំរុញយុទ្ធនាការបន្តបាញ់ថ្នាំមូសក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក៏ត្រូវបានដាស់តឿនដល់មន្ទីរសុខាភិបាលដែលជាមន្ទីរជំនាញឱ្យបន្តសកម្មភាពបន្ថែមទៀត ។ បញ្ជាក់ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព និងជាអភិបាលរាជធានីជំរុញឱ្យប្រធានមន្ទីរសុខាភិបាលរាជធានីឱ្យសហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ បន្តបាញ់ថ្នាំមូសដើម្បីសុខុមាលភាពប្រជាជន ។ឯកឧត្តមបញ្ជាក់ថា បើទោះបីរដ្ឋបាលរាជធានីភ្នំពេញបានបើកយុទ្ធនាការមួយលើករួចហើយ កាលពីដើមខែមករាកន្លងទៅ តែដោយសារឆ្នាំនេះ មូសច្រើនខុសពីធម្មតា ដូចនេះយើងបន្តការបាញ់ថ្នាំសម្លាប់មូសបន្ថែមទៀត។ ឯកឧត្តមប្រធានគណៈបញ្ជាការ បានណែនាំបន្ថែមថា ទន្ទឹមនឹងសកម្មភាពបាញ់ថ្នាំមូសជាក់ស្តែង ក៏ត្រូវជំរុញឱ្យមានការផ្សព្វផ្សាយនិងអប់រំឱ្យបានទូលំទូលាយ និងគ្រប់មធ្យោបាយពិសេសតាមបណ្ដាញទំនាក់ទំនងសង្គមគ្រប់ប្រភេទ ។ ដោយឡែកទាក់ទងនឹងនៅថ្ងៃនៃក្តីស្រលាញ់ ១៤កុម្ភៈ ឯកឧត្តមណែនាំថា ក្នុងនាមអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ជូនប្រជាពលរដ្ឋ ពិសេសនៅគ្រប់កន្លែងសប្បាយភាពទាំងអស់នៅក្នុងរាជធានីភ្នំពេញ ៕ដោយ ៖ហេង សម្បត្តិ+ថេត វិចិត្រ
-
អភិបាលរាជធានីណែនាំជាថ្មីដល់អាជ្ញាធរខណ្ឌទាំង១៤ឱ្យអនុវត្តម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពនិងជាអភិបាលរាជធានីភ្នំពេញបានណែនាំជាថ្មីដល់អាជ្ញាធរខណ្ឌទាំង១៤ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់និងបង្ក្រាបក្រុមក្មេងទំនើង និងគ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អដើម្បីធានាថា ជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញគឺសុទ្ធតែជា ជនដែលស្នាក់នៅដោយស្របច្បាប់។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ទៀតថា អាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ត្រូវម៉ឹងម៉ាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន ហើយត្រូវណែនាំរហូតដល់ភូមិ ។សម្រាប់អាជ្ញាធរខណ្ឌនៅជាយក្រុងឯកឧត្តមអភិបាលបានណែនាំ ឱ្យសហការជាមួយអាជ្ញាធរស្រុកនៃខេត្តជាប់ព្រំប្រទល់ ជាមួយរាជធានីភ្នំពេញ ដើម្បីធ្វើសកម្មភាពដោយប្រទាក់ក្រឡាគ្នា។ ចំណែកការពង្រឹងលើការគ្រប់គ្រងវត្តមានជនបរទេសឯកឧត្តមប្រធានគណៈបញ្ជាការឯកភាព បានចង្អុលសំដៅទៅលើជនបរទេសដែលស្នាក់នៅខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ត្រូវតែច្បាស់ថា ជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ គឺជាជនស្នាក់នៅដោយស្របច្បាប់ មិនមានបទល្មើស ៕ដោយ៖ ហេង សម្បត្តិ+ថេត វិចិត្រ
-
សហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» នៅតែធានាបាននូវប្រាក់ចំណេញ

ភ្នំពេញ៖ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២៥ បង្ហាញជាឧទាហរណ៍ជាក់ស្តែង រវាងចំណូលរបស់សមាជិកសហគមន៍កសិកម្មទំនើប និងកសិករនៅក្រៅសហគមន៍ ។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ ឯកឧត្តមអ្នកនាំពាក្យក្រសួងកសិកម្មបានសំដៅលើសហគមន៍កសិកម្មទំនើបនៅស្រុកត្រាំកក់ ខេត្តតាកែវ ។លោកសរសេរថា សហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» បន្តបែងចែកប្រាក់ចំណេញភាគលាភប្រចាំខែជូនដល់សមាជិករបស់ខ្លួនជាលើកទី៤។គិតជាមធ្យម ក្នុងខែនេះសមាជិកម្នាក់ៗមានផ្ទះសំណាញ់២ខ្នង និងទទួលបានប្រាក់ចំណេញក្នុងរង្វង់ ៧៥ម៉ឺនរៀល ដែលក្នុងនោះ ៧០ភាគរយបានមកពីប្រាក់រង្វាន់លើការថែទាំបន្លែ និង៣០ភាគរយទៀតទទួលបានបន្ថែមពីសហគមន៍ក្រោយការទូទាត់ចំណាយប្រចាំខែរួចរាល់។ ឯកឧត្តម ឃឹម ហ្វីណង់ បានបន្តដោយការលើកទឹកចិត្តថា “ទោះបីជាប្រាក់ភាគលាភក្នុងខែនេះទាបជាងកាលពីខែមុនបន្តិច ដោយសារទទួលរងសម្ពាធពីការធ្លាក់ចុះនៃថ្លៃបន្លែលើទីផ្សារ តែសហគមន៍កសិកម្មទំនើបនៅតែបន្តធានាបាននូវប្រាក់ចំណេញសមរម្យជាប្រចាំដែលមានស្ថេរភាព និងអាចលក់ចេញបន្លែក្នុងរង្វង់១៥០០ រៀលក្នុងមួយគីឡូក្រាម ក្នុងខណៈពេលដែលកសិករនៅក្រៅសហគមន៍ភាគច្រើនកំពុងរងការខាតបង់ពីការទទួលបានថ្លៃត្រឹមតែ៥០០រៀលប៉ុណ្ណោះ”។រយៈពេលចុងក្រោយនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងពន្យល់ដល់កសិករដែលកំពុងផលិតដំណាំកសិកម្មដំណាំកសិ-ឧស្សាហកម្ម អំពីសារៈសំខាន់នៃការចងក្រង “សហគមន៍កសិកម្មទំនើប” ប្រយោជន៍បម្រើដល់ភាពជឿនលឿនក្នុងវិស័យកសិកម្ម និងការធានានូវចំណូលដល់អ្នកផលិត៕ដោយ៖មុនី
-
កម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ឈីងហ្គេ នៅ សិង្ហបុរី បានបញ្ចប់ទៅប្រកបដោយជោគជ័យ

(សិង្ហបុរី)៖ ទម្រង់សិល្បៈបូរាណដ៏ល្អផូរផង់ដែលជាកេរមរតកដ៏មានតម្លៃរបស់ដូនតាត្រូវបានយកទៅបង្ហាញឱ្យពិភពលោកបានស្គាល់ និងស្វែងយល់។ ផ្ទាំងទស្សនីយភាពដ៏រស់រវើក អមដោយស្នាមញញឹមស្រស់បំព្រងនៃសិល្បករ សិល្បការិនីកម្ពុជាបានផ្តល់នូវការកោតស្ញប់ស្ញែង និងអារម្មណ៍រំភើបពីសំណាក់អ្នកទស្សនាទាំងអស់គ្នា។ យើងពិតជាមានសំណាង និងមោទនភាពដែលបានកើតជាកូនខ្មែរ ក្នុងសម័យសន្តិភាព។ ក្រោមម្លប់នៃសន្តិភាព យើងមានឱកាសក្នុងការអភិរក្ស និងអភិវឌ្ឍសម្បត្តិវប្បធម៌ដ៏យូរលង់ឱ្យបានឋិតឋេរគង់វង្ស និងកាន់តែមានឈ្មោះល្បឺសុះសាយទូទាំងសកលលោក។ សម្បត្តិវប្បធម៌ទាំងរូបី និងអរូបីដ៏មានតម្លៃកាត់ថ្លៃពុំបានត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតកភណ្ឌពិភពលោកជាបន្តបន្ទាប់។ ទូលព្រះបង្គំយើងខ្ញុំជាកូនចៅនៅចងចាំជានិច្ចនូវព្រះមហាករុណាទិគុណដ៏ធំធេង នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គដែលបានកសាងខឿនអរិយធម៌ដ៏រុងរឿងបន្សល់ទុករហូតដល់បច្ចុប្បន្ន។ ទូលព្រះបង្គំជាខ្ញុំក៏សូមសម្តែងនូវកត្តញ្ញូកតវេទីដ៏ជ្រាលជ្រៅថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណចក្រកម្ពុជា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលទ្រង់យកព្រះរាជកាយពល ព្រះរាជហឫទ័យទុកដាក់លើការងារអភិរក្ស និងលើកតម្កើងតម្លៃនៃវប្បធម៌មរតកដូនតាឱ្យកាន់តែខ្ពស់ត្រដឹមត្រដែត សក្តិសមឋានៈជាប្រទសដែលមានវប្បធម៌ចំណាស់ជាងគេមួយក្នុងតំបន់ និងពិភពលោក។ ព្រះរាជគំរូដ៏ថ្លៃថ្លា និងព្រះហឫទ័យដ៏ប្រពៃនៃអង្គព្រះមហាក្សត្របានជំរុញទឹកចិត្តទូលព្រះបង្គំយើងខ្ញុំជាកូនចៅឱ្យចូលរួមក្នុងកិច្ចការលើកស្ទួយកិត្យានុភាពនៃសម្បត្តិវប្បធម៌ខ្មែរគ្រប់ទម្រង់។ ទូលព្រះបង្គំយើងខ្ញុំប្តេជ្ញាដង្ហែតាមព្រះរាជតម្រិះដ៏ឧត្តុង្គឧត្តមនៃអង្គព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងបុព្វហេតុអភិរក្ស អភិវឌ្ឍមរតកវប្បធម៌ដូនតាដ៏ល្អផូរផង់នៃយើង៕ ដោយ ៖ យុវជន
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ គ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាបញ្ចប់បញ្ហាវិវាទដីធ្លីនៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល ជំរុញលើកស្ទួយខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ

(កំពង់ឆ្នាំង)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើរឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវរកដំណោះស្រាយអោយបានសមស្របលើបញ្ហាវិវាទដីធ្លីនីមួយៗ និងចុះបញ្ជីដីអោយបានចប់សព្វគ្រប់ ដើម្បីបញ្ចប់ភាពចម្រូងចម្រាស់ ក្នុងខេត្តកំពង់ឆ្នាំងទាំងមូល និងក្នុងសង្គមជាតិ ជំរុញលើកស្ទួយខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីធ្លី ក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថានេះគឺជាឱកាសរបស់យើងទាំងអស់គ្នាក្នុងការរួមគ្នាបញ្ចប់នូវបញ្ហាវិវាទដីធ្លីនៅក្នុងខេត្តកំពង់ឆ្នាំង ដោយក្នុងក្របខណ្ឌនៃការចុះវាស់វែងដីធ្លីនៅទូទាំងប្រទេសមកដល់ពេលនេះ យើងវាស់វែងបានប្រមាណបួនលានក្បាលដីហើយ ហើយការចុះវាស់វែងដីធ្លីនេះ សម្រាប់មន្ត្រីសុរិយោដីគឺជាការចុះប្រមូលទិន្នន័យព័ត៌មានដើម្បីវិនិច្ឆ័យលើក្បាលដីនីមួយៗ តាមបច្ចេកទេសសុរិយោដី ដែលការវាស់វែងក្បាលដីនេះនឹងអាចបញ្ចប់រួចរាល់នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះចូលមកដល់ ។ ការដោះស្រាយវិវាទដីធ្លីនៅទូទាំងប្រទេសបានដោះស្រាយជោគជ័យអស់ជាច្រើនករណីនិងនៅសល់ត្រឹមប្រមាណក្រោម ១០០០ ករណីប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ ។ រីឯនៅខេត្តសៀមរាបគឺបានដោះស្រាយបញ្ចប់ទាំងស្រុងនូវបញ្ហាវិវាទដីធ្លីរវាងប្រជាជននិងអាជ្ញាធរជាតិអប្សរា ។ ដោយឡែកចំពោះបឹងទន្លេសាបដែលត្រូវបានបែងចែកជាបីតំបន់គឺតំបន់ ៣ ជាតំបន់ព្រៃលិចទឹក, តំបន់២ ជាតំបន់អាស្រ័យផល និងតំបន់១ ជាតំបន់លំនៅឋានដោយក្នុងនោះក្រុមការងារនិងអាជ្ញាធរបានប្រកាន់យកគោលជំហរជាក់លាក់ ដើម្បីរក្សានូវអាយុជីវិតបឹងទន្លេសាបពីព្រោះបឹងទន្លេសាបនិងទន្លេមេគង្គឱ្យផលដល់ប្រទេសជាតិនិងប្រជាជនក្នុងរង្វង់ប្រមាណ ២ពាន់លានដុល្លារក្នុងមួយឆ្នាំ, ចំពោះបញ្ហាបុរីគឺបានដោះស្រាយសម្របសម្រួលវិវាទរវាងអតិថិជន និងម្ចាស់បុរីបានជាច្រើនករណី និងនៅសល់តិចតួចប៉ុណ្ណោះ ដែលរងចាំការដោះស្រាយបញ្ចប់ស្របតាមគោលការណ៍សម្រុះសម្រួលគ្នា ។ ជាមួយនេះ…
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ឯកអគ្គរាជទូតកម្ពុជាត្រូវការពារផលប្រយោជន៍ប្រទេសជាតិ លើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ឯកអគ្គរាជទូតព្រះរាជាណាចក្រម្ពុជាដែលត្រូវបំពេញបេសកកម្មការទូតនៅតាមបណ្តាប្រទេសនានា មិនត្រឹមតែតំណាងឱ្យក្រសួងការបរទេសប៉ុណ្ណោះទេ តែជាតំណាងឱ្យប្រទេសជាតិ តំណាងឱ្យព្រះមហាក្សត្រ និងតំណាងឱ្យប្រជាជនកម្ពុជាទាំងមូល ។ បេសកកម្មការទូតជាការងារដ៏ឧត្តុងឧត្តម ត្រូវការពារឱ្យបាននូវផលប្រយោជន៍ប្រទេសជាតិ និងការលើកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងដូច្នេះនៅព្រឹកថ្ងៃចន្ទទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសអនុញ្ញាតជូន ឯកអគ្គរាជទូតចំនួនបួនរូបដែលទើបទទួលបានការតែងតាំងក្នុងការបំពេញបេសកកម្មការទូតនៅបណ្តាប្រទេសនានា បានចូលជួបសម្តែងការគូរសម ជម្រាបលានិងទទួលអនុសាសន៍ពីសម្តេច នៅមុនពេលចាកចេញពីមាតុប្រទេសទៅបំពេញបេសកកម្ម ។ ឯកអគ្គរាជទូត ដែលទើបតាំងទាំងបួនរូប ដែលបានចូលជួបសម្តែងការគួរនិងជម្រាបលា សម្តេចប្រធានរដ្ឋសភា នាឱកាសនេះ មាន ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី និងប្រទេសមួយចំនួនទៀតនៅតំបន់អឺរ៉ុប ឯកឧត្តម ជ័យ រដ្ឋា ឯកអគ្គរាជទូត ប្រចាំប្រទេសប្រ៊ុយណេដារូស្សាឡាម លោកជំទាវ គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូត ប្រចាំប្រទេសបែលហ្ស៊ិក អូទ្រីស ហូឡង់ លុចសំបួរ និង ឯកឧត្តម ស៊ិន សារៀម ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន…
-
ប្រធានក្រុមការងារចុះមូលដ្ឋានឃុំជម្ពូព្រឹក្ស ណែនាំឱ្យក្រុមការងារគណបក្ស ត្រូវប្រព្រឹត្តអំពើល្អ និងផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋអស់ពីចិត្តពីថ្លើម

(កំពង់ស្ពឺ)៖ ឯកឧត្តម ណូន រ៉ន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំជម្ពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៥ នៅវិមាន ៧មករា រាជធានីភ្នំពេញ ។ ឯកឧត្តម ណូន រ៉ន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំជម្ពូព្រឹក្ស បានគូសបញ្ជាក់ថា ៖ តាមរយៈអង្គសន្និបាតរបស់គណបក្សប្រជាជនកម្ពុជារយៈពេល២ ថ្ងៃកន្លងទៅនេះ បានបង្ហាញនូវសមិទ្ធិផលធំៗជាច្រើនដែលថ្នាក់ដឹកគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកា បក្សនៅទូទាំងប្រទេស សម្រចបានកន្លងមក ព្រមទាំងដាក់ចេញទិសដៅបន្តទៅមុខ ដោយមានការគិតគូរពីស្ថានភាពបរិយាកាសសង្គម សេដ្ឋកិច្ច នយោបាយ ទាំងក្នុងប្រទេស និងអន្តរជាតិ ព្រមទាំងបានវាយតម្លៃទៅលើចំនុចខ្លាំង និងចំនុចខ្សោយដែលត្រូវខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងក្នុងបេសកកម្មបម្រើប្រទេសជាតិ និងប្រជាជន។ ជាថ្មីម្តងទៀត គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់សារជាថ្មីនូវគោលជំហរ និងបេសកកម្មរបស់ខ្លួន ដែលជាស្មារតីរបស់គណបក្សគឺ «គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដោយសារ ប្រជាជន ដើម្បីប្រជាជន»។ ឯកឧត្តម ណូន…
-
ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកា និងប្រេងឥន្ធនៈប្រគល់ជូនកងកម្លាំងប្រតិបត្តិការសង្គ្រោះគ្រោះអន្តរាយលេខ៧១១ កងពលតូចលេខ ៧០

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលនិងថ្លែងអំណរគុណ ចំពោះកងកម្លាំងប្រតិបត្តិការសង្គ្រោះគ្រោះអន្តរាយលេខ ៧១១ អង្គភាពកងពលតូចលេខ៧០នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានបំពេញភារកិច្ចក្នុងការបាញ់ថ្នាំសម្លាប់សត្វមូសនៅក្នុងក្រុងស្ទឹងសែន រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រកបដោយជោគជ័យ។ សូមជម្រាបថា ក្រុមប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ អង្គភាព៧១១ នៃកងពលតូចលេខ៧០ ដែលបានបំពេញភារកិច្ចក្នុងរយៈពេល ៣យប់ បីថ្ងៃ ក្នុងការបាញ់សម្លាប់សត្វមូសនៅក្នុងភូមិចំនួន៣៩ ភូមិ ស្ថិតនៅក្នុងសង្កាត់ចំនួន ៨សង្កាត់នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានរួចរាល់ជាស្ថាពរ។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ថវិកា២លានរៀល និងប្រេងសាំង៥០០លីត្រ ជូនដល់កម្លាំងប្រតិបត្តិការសង្គ្រោះ គ្រោះអន្តរាយកងពលតូចលេខ៧០ ដើម្បីដោះស្រាយសេចក្តីត្រូវការ និងជាការលើកទឹកចិត្ត។ ឧត្តមសេនីយ៍ត្រី ជឹម សិរីវុឌ្ឍី នាយសេនាធិការរងកងពលតូចលេខ៧០ និងជាមេបញ្ជាការដឹកនាំក្រុមបច្ចេកទេសបាញ់ថ្នាំសម្លាប់សត្វមូស នៅខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត តាមរយៈឧត្តមសេនីយ៍ទោ សោម…