-
ក្រុមហ៊ុនអាកាសចរណ៍ Qantas របស់អូស្រ្តាលី កាត់បន្ថយការងារ២០ភាគរយ ដើម្បីបង្កើនចំណូលប្រមាណ១.៣ពាន់លានដុល្លារទប់ទល់នឹងវិបត្តិ COVID-19
អូស្ដ្រាលី៖ ក្រុមហ៊ុនអាកាសចរណ៍ Qantas Airways របស់អូស្រ្តាលី បានប្រកាសពីការកាត់បន្ថយកម្លាំងពលកម្មជាង២០ភាគរយ ឬស្មើនឹងជាង៦ពាន់កន្លែង ដើម្បីបង្កើនចំណូលប្រមាណ១.៣ពាន់លានដុល្លារទប់ទល់នឹងវិបត្តិCOVID-19 នេះបើតាមសារព័ត៌មានCNA។ ទន្ទឹមគ្នា នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Qantas លោក អាលេន ចយស៍ បានបញ្ជាក់ថា យើងត្រូវកំណត់ស្ថានភាពរបស់យើងសម្រាប់រយៈពេលពីរបីឆ្នាំ ដែលចំណូលអាចនឹងទាប លោកថា នេះមានន័យថា ក្រុមហ៊ុនអាកាសចរណ៍នឹងបង្រួមមាឌតូចជាងមុខក្នុងរយៈពេលខ្លី ។ បើតាមក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសអូស្ត្រាលីនេះ ខ្លួននឹងបញ្ឈរជើងយន្ដហោះប្រហែល១០០គ្រឿងសម្រាប់ពេល១២ខែ និងលែងដាក់ដំណើរការយន្ដហោះប្រភេទ Boeing 747 ៕
-
លោក មូន ចេអ៊ីន អំពាវនាវឱ្យបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ អំឡុងពេលប្រារព្ធខួបទី៧០ នៃការផ្ទុះសង្គ្រាមកូរ៉េ
កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន បានធ្វើការអំពាវនាវឱ្យកូរ៉េខាងជើងចូលរួមចលនាដ៏ក្លាហាន ដើម្បីបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការនៅថ្ងៃ ព្រហស្បត្តិ៍ម្សិលមិញ ដែលជាថ្ងៃខួបលើកទី៧០ នៃការផ្ទុះសង្គ្រាមកូរ៉េ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ អំឡុងពេលថ្លែងសុន្ទរកថានៅឯពិធីរំលឹកខួបនៃសង្គ្រាម ដែលធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាសក្នុងក្រុងសេអ៊ូល លោក មូន ចេអ៊ីន បានទទូចដល់កូរ៉េខាងជើងឱ្យមានការតាំងចិត្តយ៉ាងមុតមាំ ដើម្បីខិតខំបញ្ចប់សង្គ្រាមដ៏សោកសៅបំផុតក្នុងប្រវត្តិសាស្រ្តពិភពលោក ។ សូមរំលឹកថា ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៥០ កងទ័ពកុម្មុយនីស្តកូរ៉េខាងជើងដឹកនាំដោយលោក គីម អ៊ីលស៊ុង បានបើកការវាយចូលកូរ៉េខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាម៉េរិក សំដៅបង្រួបបង្រួមកូរ៉េទាំងពីរ។ សង្គ្រាមដ៏បង្ហូរឈាមនេះ បានធ្វើឱ្យស្លាប់មនុស្សរាប់លាននាក់។ សង្គ្រាមនេះបានបញ្ចប់ទៅនៅឆ្នាំ១៩៥៣ ដោយការចុះយុទ្ធសន្តិភាព មិនមែនសន្ធិសញ្ញាបញ្ចប់សង្គ្រាមឡើយ។ ជាលក្ខណៈបច្ចេកទេស កូរ៉េទាំងពីរស្ថិតក្រោមលក្ខខណ្ឌ ធ្វើសង្គ្រាមនៅឡើយមកទល់សព្វថ្ងៃនេះ៕
-
ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយរបស់សហរដ្ឋអាម៉េរិកនឹងបើកជើងហោះហើរជាមួយចិនឡើងវិញចាប់ពីខែកក្កដាខាងមុខ
សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines របស់សហរដ្ឋអាម៉េរិក គ្រោងបើកជើងហោះហើររវាងទីក្រុងស៊ីអាថល និង ទីក្រុងសៀងហៃរបស់ចិនឡើងវិញ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់សហរដ្ឋអាម៉េរិកមួយនេះ បានបញ្ជាក់ថា ជើងហោះហើរទីទីក្រុងស៊ីអាថល និងទីក្រុងសៀងហៃ នឹងធ្វើប្រតិបត្តិការពីរលើកក្នុងមួយសប្តាហ៍នៅក្នុងខែមិថុនានេះ ហើយចាប់ពីខែកក្កដាទៅ នឹងធ្វើប្រតិបត្តិការមួយលើកក្នុងមួយសប្តាហ៍ ដោយចេញពីទីក្រុងស៊ីអាថល ព្រមទាំងពីទីក្រុង ឌីត្រយ ។ ហើយក្រៅពីក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines នោះ អាកាសចរណ៍អាម៉េរិកធំមួយទៀត គឺ United Airlines ក៏កំពុងពិចារណាបន្តជើងហោះហើរឡើងវិញ ជាមួយប្រទេសចិនផងដែរ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ៕
-
ថៃនឹងអនុញ្ញាតឲ្យប្រភេទអ្នកដំណើរមួយចំនួនអាចចូលមកកាន់ប្រទេសខ្លួនវិញចាប់ពីខែកក្កដាខាងមុខ
ថៃ៖ ថៃអនុញ្ញាតឲ្យប្រភេទអ្នកដំណើរមួយចំនួន អាចចូលមកកាន់ប្រទេសខ្លួនវិញ បានចាប់ពីថ្ងៃទី០១ ខែកក្កដាខាងមុខនេះតទៅ នេះបើតាមទីភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺ COVID-19 របស់ប្រទេសថៃ CCSA និងចុះផ្សាយដោយសារព័ត៌មាន ស៊ីនហួរនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។ ប្រភេទអ្នកដំណើរទាំងនោះមានដូចជា ពាណិជ្ជករ និងវិនិយោគិនមានឈ្មោះក្នុងបញ្ជីរង់ចាំ ដែលបានយល់ព្រមធ្វើចត្តាឡីស័កក្រោមកម្មវិធីហៅថា Alternative State Quarantine របស់រដ្ឋាភិបាលថៃ ពោលគឺពួកអាចស្នាក់នៅតាមសណ្ឋាគារ ដែលត្រូវមានការសហការជាមួយរដ្ឋាភិបាល និងចេញថ្លៃចំណាយផ្ទាល់ខ្លួន សម្រាប់រយៈពេលធ្វើចត្តាឡីស័ក១៤ថ្ងៃ ។ ក្រៅពីនេះ នៅមានពលករជំនាញ អ្នកជំនាញ ជនបរទេសដែលរៀបការជាមួយពលរដ្ឋថៃ ក៏ដូចជាអ្នកមានទីលំនៅអចិន្ត្រៃយ៍ក្នុងប្រទេសថៃ បុគ្គលិកផ្នែកអប់រំ គ្រូបង្រៀន និងសិស្ស-និស្សិត ក៏នឹងត្រូវអនុញ្ញាតឲ្យចូលមកនៅថ្ងៃទី០១ ខែកក្កដាខាងមុខនេះ ។ ដោយឡែកសម្រាប់ក្រុមអ្នកទេសចរ ដែលមានគោលដៅមកពិនិត្យតាមដានសុខភាព ក៏នឹងត្រូវអនុញ្ញាតឲ្យចូលនៅថ្ងៃទី១ ខែកក្កដាដែរ បរាបណាគ្រឹះស្ថានសុខភាព និងមន្ទីរពេទ្យដែលពួកគេមកពិនិត្យមានអាជ្ញាបណ្ណពិសេសហៅថា Amazing Thailand Safety & Health Administration ៕ …
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១០លាននាក់ ក្នុងនោះស្លាប់ជិត៥០ម៉ឺននាក់ និងជាសះស្បើយជាង៥.២លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩លាន៧០ម៉ឺន៩ពាន់១៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៩ម៉ឺន១ពាន់៧៤៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥លាន២៥ម៉ឺន៥ពាន់១៨៨នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៥០ម៉ឺន៤ពាន់៥៨៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១២ម៉ឺន៦ពាន់៧៨០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៥ម៉ឺន២ពាន់២៩៣នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន២៣ម៉ឺន៣ពាន់១៤៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន៥ពាន់៥៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦៤ម៉ឺន៩ពាន់៩០៨នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៦១ម៉ឺន៣ពាន់៩៩៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ពាន់៦០៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៧ម៉ឺន៥ពាន់១៦៤នាក់ ។ ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៤៩ម៉ឺន១ពាន់១៧០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៥ពាន់៣០៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៨ម៉ឺន៥ពាន់៦៧១នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន៧ពាន់៩៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៣ពាន់២៣០នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕
-
ប្រធាន WHO អះអាងថា ពិភពលោកត្រូវការពេលរាប់ខែ ឬអាចរាប់ឆ្នាំ ដើម្បីផលិតវ៉ាក់សាំងមួយឲ្យចេញជាលទ្ធផល
ស្វីស៖ វាអាចនឹងត្រូវចំណាយពេលដល់រាប់ខែរហូតដល់រាប់ឆ្នាំ ដើម្បីផលិតវ៉ាក់សាំងប្រឆាំងជម្ងឺ COVID-19 ឲ្យចេញជាលទ្ធផល នេះបើតាមការបញ្ជាក់របស់អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស និងចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ នៅក្នុងកិច្ចប្រជុំតាមរយៈវីដេអូខុនហ្វ្រិនចេញពីគណៈកម្មាធិការសុខភាព នៃសភាសហភាពអឺរ៉ុប លោក ថេដ្រូស អាដាណម បាននិយាយថា វាជារឿងដ៏លំបាកមួយក្នុងការធានាថា យើងនឹងមានវ៉ាក់សាំង… យើងមិនទាន់មានវ៉ាក់សាំងណាមួយសម្រាប់ប្រឆាំងវីរុសកូរ៉ូណានោះទេ ។ ដូច្នេះប្រសិនបើវាត្រូវបានរកឃើញ នោះ វានឹងក្លាយជាវ៉ាក់សាំងដំបូង ហើយលោកសង្ឃឹមថា វ៉ាក់សាំងនឹងត្រូវរកឃើញ ។ បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោកបានទទួលស្គាល់អំពីការធ្វើតេស្តវ៉ាក់សាំងសរុបជាង១០០មកពីបណ្តាប្រទេស និងក្រុមហ៊ុននានាលើលោក ក្នុងនោះ ប្រទេសចំនួន០៣ដែលកំពុងធ្វើតេស្តវ៉ាក់សាំង ឈានដល់ដំណាក់កាលទី៣ ទៅលើមនុស្ស មានដូចជា សហរដ្ឋអាម៉េរិក ចិន និងអាល្លឺម៉ង់ ៕
-
សុន្ទរកថាទាំងស្រុងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ក្រោមមូលបទ «ភាព ស្អិតរមួត និងការឆ្លើយតប»
-
សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០
-
អូស្ត្រាលី និងណូវែលហ្សេឡង់ ឈ្នះសិទ្ធិជាសហម្ចាស់ផ្ទះ FIFA Women’s World Cup 2023
ប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ បានឈ្នះសិទ្ធិធ្វើជាសហម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ FIFA Women’s World Cup ឆ្នាំ២០២៣ ក្រោយការបោះឆ្នោតនាមុននេះ សមាជិកសហព័ន្ធបាល់ទាត់ពិភពលោក។ ការបោះឆ្នោតបានព្រឹត្តទៅរួចរាល់ ដោយក្នុងនោះមានបេក្ខភាពតែ ២ចូលរួមប្រជែងនោះគឺ កូឡុំប៊ី និងអូស្ត្រាលី ចាប់ដៃគូជាមួយ ណូវែលហ្សេឡង់។ ខណៈការបោះឆ្នោតចេញជាលទ្ធផលផ្លូវការ ប្រទេសដែនកោះទាំងពីរខាងលើបានទទួលសម្លេងភាគច្រើន។ ក្នុងនោះផងដែរ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ទាំង ១១ប្រទេស ក៏បានបោះឆ្នោតព្រមគ្នាដល់ពួកគេរួមផង។ ព្រឹត្តិការណ៍ FIFA Women’s World Cup ឆ្នាំ២០២៣ គឺជាឆ្នាំដំបូងដែលត្រូវបង្កើនក្រុមជម្រើសជាតិនារីឲ្យចូលរួមកើនដល់ ៣២ក្រុម មកពីទ្វីបទាំង ៦ ។ ចំពោះប្រទេសទាំងពីរដែលសហការគ្នាធ្វើសហម្ចាស់ផ្ទះដោយព្រឹត្តិការណ៍នឹងរៀបចំចន្លោះខែកក្កដា ដល់ខែសីហា ។ ក្នុងនោះ អូស្ត្រាលី បានត្រៀមកីឡដ្ឋានសរុប ៨ ចំណែកឯ ណូវែហ្សឡង់ បានត្រៀមកីឡដ្ឋានចំនួន ៥ ៕
-
ជនជាតិចិនម្នាក់បេីករថយន្តហុីយ៉ាន់ដាយ បុកទ្រូងផ្លូវក្នុងបរិវេនកោះពេជ្រ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងរងរបួសធ្ងន់
ភ្នំពេញ ៖ រថយន្តហុីយ៉ាន់ដាយ មួយគ្រឿងប្រភេទទេសចរណ៍ ដែលបេីកបរដោយបុរសម្នាក់ជាជនជាតិចិន បានពន្លះទ្រូងផ្លូវក្នុងបរិវេនកោះពេជ្រ យ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងរងរបួសធ្ងន់ កាលពីវេលាម៉ោង៣ និង៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅបរិវេនកោះពេជ្រ ក្បែរស្ពានឥន្ធូរ ក្នុងសង្កាត់ទន្លេបាសាក ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីសន្តិសុខក្នុងកោះពេជ្រ បានឲ្យដឹងថា មុនកេីតហេតុគេឃេីញរថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ ប្រភេទរថយន្តទេសចរណ៍ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AZ- 3557 បានធ្វេីដំណេីរពីកេីតមកលិច ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកេីតហេតុក្បែរ និងស្ពានឥន្ធូរ បានបុកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កក្រឡាប់ជាច្រេីនត្រឡប់ រងការខូចខាតយ៉ាងដំណំ និងធ្វេីឲ្យតៃកុងជាជនជាតិចិន បេីកបរតែម្នាក់ឯងរងរបួសធ្ងន់ ផងដែរ។ ក្រោយកេីតហេតុភ្លាមៗ សន្តិសុខ ក្នុងកោះពេជ្រ បានទាក់ទងទៅខាងរថយន្តសាមុយឲ្យមកដឹកជនរងគ្រោះទៅសង្គ្រោះអាយុជីវិត រួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យដល់កន្លែងកេីតហេតុ។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន ធ្វេីការវាស់វែងយករថយន្តបង្កខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំដោះស្រាយតាមក្រោយ៕ ដោយ៖ ជីម ភារ៉ា …